28.4 C
Phnom Penh

សាលាក្តី​ខ្មែរ​ក្រហម​ស្តាប់​ការ​រៀបរាប់​អំពី​ការ​បាត់​ខ្លួន​ចាម​និង​សព​អណ្តែត​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​បាន​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ស្រី​បាន​ឃើញ​ស្ត្រី​ចាម​២៧០​នាក់​ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​កាន់​កាំភ្លើង​អាកា៤៧​និង​កាំបិត​បណ្តើរ​យក​ទៅ បន្ទាប់ពី​ស្ត្រី​ទាំង​នោះ​បាន​សារភាព​ថា ពួកគាត់​ជា​មូស្លីម។

cam-photo-eccc8អ្នក​ស្រី ណូ សាដៈ អាយុ​៦៧​ឆ្នាំ បាន​និយាយ​ថា អ្នក​ស្ត្រី​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ភូមិ​កំណើត​ស្វាយ​ឃ្លាំង​របស់​អ្នក​ស្រី ដែល​កាល​ណោះ​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម នៅ​ពេល​ដែល​ការ​បះបោរ​ប្រដាប់​អាវុធ​ដោយ​ចាម​មូលដ្ឋាន ត្រូវ​បាន​បង្ក្រាប​ដោយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥ ខណៈ​ដែល​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សាសនា​កាន់តែ​ខ្លាំង​ឡើង។

អ្នក​ស្រី សាដៈ បាន​និយាយ​ថា ក្រោយពី​ការ​បង្ក្រាប គេ​បាន​ឃុំ​ខ្លួន​អ្នក​ស្រី​ក្នុង​ឡ​ថ្នាំ ក្រោយ​មក​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​ខ្សាច់​ប្រឆេះ​លើ​ក្បែរ​នោះ ហើយ​បន្ត​ទៅ​ការដ្ឋាន​ទំនប់ មុន​ពេល​ផ្ទេរ​ទៅ​ភូមិ​ទ្រា​ក្នុង​ឆ្នាំ​១៩៧៧ ក្នុង​ពេល​ដែល​កម្មាភិបាល​តំបន់​និរតី​មក​ដល់​តំបន់​នោះ។

អ្នក​ស្រី សាដៈ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ពួកគេ​មក​ដល់ ស្ត្រី​ចាម​៣០០​នាក់​ត្រូវ​គេ​ចង​បណ្តើរ​និង​សួរ​ប្រវត្តិ​របស់​ពួកគេ។

អ្នក​ស្រី សាដៈ បាន​និយាយ​ថា “ពិត​ណាស់ ការ​សួរ​ចម្លើយ​បាន​ធ្វើ​ឡើង​នៅ​ពេល​យប់។ ពួកគេ​បាន​ច្របាច់​ពិល​មើល​មុខ​ខ្ញុំ និង​បាន​និយាយ​ថា ខ្ញុំ​ជា​ស្ត្រី​វៀតណាម ខ្ញុំ​បាន​និយាយ​តវ៉ា​ថា ខ្ញុំ​ជា​នារី​ខ្មែរ”។

បើ​ទោះជា​បន្ត​ពិនិត្យ​តាម​ដាន ដែល​មាន​ទាំង​ការ​ចុះ​ដល់​ភូមិ​កំណើត​ដោយ​ខ្មែរ​ក្រហម​ដើម្បី​សួរ​អ្នក​មូលដ្ឋាន​អំពី​ប្រវត្តិ​របស់​អ្នក​ស្រី​ក៏ដោយ ក៏​ដើម​បណ្តឹង​រដ្ឋប្បវេណី​រូប​នេះ​បាន​និយាយ​ថា អ្នក​ស្រី​បាន​ខំ​បញ្ចុះ​បញ្ចូល​កម្មាភិបាល​ឲ្យ​ជឿ​ថា អ្នក​ស្រី​ជា​ខ្មែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ស្រី​បាន​និយាយ​ថា ស្ត្រី​ប្រហែល​២៧០​នាក់​ដែល​បាន​សារភាព​ថា ពួកគេ​ជា​ចាម​នោះ មិន​ដែល​បាន​ឃើញ​មក​វិញ​ទេ។

អ្នក​ស្រី​បាន​និយាយ​ថា “ពួកគេ​ត្រូវ​គេ​សួរ​ថា តើ​ពួកគេ​ជា​ចាម ឬ​មិន​មែន​ ហើយ​ប្រសិនបើ​ចម្លើយ​ថា​មែន ពួកគេ​ត្រូវ​គេ​ចាប់​ចេញ​ពី​ផ្ទះ ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ដែល​កាន់​កាំភ្លើង​អាកា​៤៧ និង​ខ្លះ​កាន់​កាំបិត។ មនុស្ស​ប្រដាប់​អាវុធ​ទាំង​នេះ​បាន​ចាប់​ប្រជាជន​ចាម​យក​ទៅ ហើយ​អ្នក​ទាំង​នោះ​បាត់​ខ្លួន​រហូត”។

នៅ​ពេល​រស់​ក្នុង​ភូមិ​ទ្រា អ្នកស្រី សាដៈ បាន​និយាយ​ថា គេ​បាន​បញ្ជា​អ្នកស្រី​ឲ្យ​ធ្វើការ​នៅ​តាម​ច្រាំង​ទន្លេ​មេគង្គ​ កន្លែង​នោះ​ហើយ​ដែល​អ្នកស្រី​បាន​ប្រទះ​ឃើញ​សព​ជាច្រើន មាន​ទាំង​សព​កម្មាភិបាល​តំបន់​បូពា៌ និង​ក្មេងៗ​ផង​នៅ​ក្នុង​ទឹក។

អ្នកស្រី​ សាដៈ បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​សព​ជាច្រើន​អណ្តែត​ក្នុង​ទន្លេ​ ហើយ​ដោយសារ​សព​ហើម បាវ​ក៏​ធ្លាយ ខ្ញុំ​អាច​មើល​ឃើញ​ដៃ​ជើង​និង​សព”។

ដើម​បណ្តឹង​រដ្ឋប្បវេណី​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​ប្រាកដ​ណាស់​បាន​ស្គាល់​បុរស​ម្នាក់​ដែល​ត្រូវ​គេ​អារ​ក​ ហើយ​អណ្តែត​ក្នុង​ទឹក​ទន្លេ។ សព​ជាច្រើន​មិន​បាន​ហូរ​ទៅ​តាម​ចរន្ត​ទឹក​ទេ។ វា​អណ្តែត​វិលវល់​ទៅ​មក។ វា​ហាក់​ដូចជា​ព្រលឹង​សព​ទាំង​នោះ​មិន​ចង់​ទៅ​ណា​ឆ្ងាយ”។

សវនាការ​ពេលព្រឹក​ថ្ងៃ​ច័ន្ទ លើ​សំណុំរឿង​០០២/០២ ដែល​ក្នុង​សំណុំរឿង​នេះ​ លោក នួន ជា និង​លោក ខៀវ សំផន​ កំពុង​ត្រូវ​ជំនុំ​ជម្រះ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍ មាន​ទាំង​សក្ខីកម្ម​របស់​លោក ហ៊ឹម​ ម៉ាន ដែល​និយាយ​អំពី​សំណង​ផ្លូវចិត្ត​ ដែល​លោក​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​នោះ​មាន​ទាំង​ការ​ស្តាប់​ឮ​សមាជិក​គ្រួសារ​ដែល​ស្រែក​ហៅ​ព្រះ​អាឡា​ឲ្យ​ជួយ ក្នុង​ខណៈ​ដែល​មុន​កម្មាភិបាល​ប្រហារ​ជីវិត​ពួកគេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​បាត់បង់​សាច់ញាតិ​ទាំង​អស់​របស់ខ្ញុំ ហើយ​ជួនកាល​ខ្ញុំ​គិត​ថា ខ្ញុំ​ស្លាប់​ទៅ​ប្រសើរ​ជាង​នៅ​រស់”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស