
អ្នកថតរូបលោក ព្រហ្ម អេរ៉ូ បានចាប់អារម្មណ៍នឹងប្រធានបទសម្រាប់ពិព័រណ៍ថ្មីបំផុតរបស់លោក ប្រហែលដោយចៃដន្យ ឬបើនិយាយឲ្យជាក់លាក់ គឺដោយការក្រឡេកមើលឃើញ ខណៈដែលលោកធ្វើដំណើរនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ។
លោកបាននិយាយកាលពីថ្ងៃសុក្រថា ”នៅពេលខ្ញុំដើរនៅតាមផ្លូវនៅផ្សារកណ្តាល… ខ្ញុំបានកត់សម្គាល់ឃើញអគារនៅផ្លូវលេខ១៥៤ និងលេខ១៣ ហើយខ្ញុំបានគិតថា អស្ចារ្យ នេះជាអគារមួយល្អណាស់”។ “បន្ទាប់ មកខ្ញុំបានដើរទៅទិសខាងជើង ហើយបានឃើញអគារបន្ទាប់ទៀតដែលរឹតតែល្អទៀត”។
អ្វីដែលកើតចេញពីការយល់ដឹងនេះគឺការតាំងពិព័រណ៍ ដែលមានឈ្មោះថា “ស្ថាបត្យ កម្មអគារកាច់ជ្រុងក្នុងរាជធានីភ្នំពេញ” ដែលឥឡូវតាំងបង្ហាញនៅមជ្ឈមណ្ឌលសោត ទស្សន៍បុប្ផាណា ក្នុងក្រុងភ្នំពេញ។
រូបថតដាក់តាំងបង្ហាញអគារមានច្រើនជាន់នៅផ្លូវប្រសព្វក្នុងទីក្រុង មុខអគារនីមួយៗ នៅសងខាងកាច់ជ្រុង និងលាតសន្ធឹងតាមបណ្តោយផ្លូវដែលនៅជាប់នោះ។
លោក អេរ៉ូ បាននិយាយថា អ្វីដែលអាចបញ្ចេញឲ្យដឹងក្នុងរូបថត៥៤សន្លឹករបស់ពិព័រណ៍នេះគឺអគារប្លែកប៉ុន្មានមានក្នុងទី ក្រុងនេះ ដែលអគារនីមួយៗមានលក្ខណៈផ្សេងគ្នារបស់វា។អគារទាំងនោះមិនត្រឹមតែសង់ឡើងតាមរបៀបខុសគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានកែប្រែរូបសណ្ឋានក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះដែរ។
ឧទាហរណ៍ អគារមួយជាការិយាល័យរដ្ឋាភិបាលនៅកាច់ជ្រុងផ្លូវលេខ១១០ និងលេខ១៥សឹងតែមិនត្រូវបានកែប្រែសោះចាប់តាំងពីវាត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ១៩៦០។ ប៉ុន្តែ អគារនៅកាច់ជ្រុងផ្លូវ១១៨ និង១៣មានការសាងសង់បន្ថែម ដោយកែម៉ូត និងពណ៌នៅជាន់ផ្ទាល់ដីមើលទៅខុសគ្នាទាំងស្រុងពីអគារបីជាន់ទៀត ហើយមានការសង់បន្ថែមមួយជាន់ទៀតនៅលើដំបូលមិនស្របគ្នានឹងសំណង់នោះ។
ហើយបន្ទាប់មកទៀតមានអគារសមួយនៅផ្លូវប្រសព្វលេខ១៣៩ និង១៦៦ ដែលរក្សាបានភាពសង្ហារបស់វា បើទោះជាមានការកែប្រែក្នុងពេលជាច្រើនទសវត្សរ៍ក៏ដោយ។
នៅពេលដែលលោកចាប់ផ្តើមរកទីតាំងនិងថតអគារទាំងនេះថែមទៀត លោក អេរ៉ូ ក៏បានធ្វើការស្រាវជ្រាវនៅប័ណ្ណសារដ្ឋានជាតិ និងមជ្ឈមណ្ឌលបុប្ផាណាផងដែរ។
លោក ដារីល ខូលីន ជាអ្នកប្រវត្តិសាស្ត្រសិល្បៈ និងជាអ្នកឯកទេសផ្នែកស្ថាបត្យកម្មនៅប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០បាននិយាយថា ស្ថាបត្យកម្មនៃអគារកាច់ជ្រុងនេះជាផ្នែកមួយនៃចលនាទំនើបនិយមសម័យក្រោយសង្គ្រាម។
លោកបានឲ្យដឹងទៀតថា រចនាប័ទ្មនេះបាននាំមកប្រទេសកម្ពុជាពីប្រទេសបារាំង បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងបានកែច្នៃពេញមួយទសវត្សរ៍ឆ្នាំ១៩៦០។
លោកបាននិយាយថា ”គំនិតគឺសាងសង់អគារបួនទៅប្រាំជាន់មានច្រកចូលពីផ្លូវថ្នល់តាមរយៈច្រកតូច និងមានជណ្ដើរពីជាន់មួយទៅជាន់មួយ។ មានហាងលក់ដូរជាច្រើននៅជាន់ផ្ទាល់ដី និងផ្ទះល្វែងនៅជាន់ខាងលើ។ អគារទំាងនោះត្រូវបានគេរចនា និងកែទៅតាមការរស់នៅក្នុងទីក្រុង”។
លោក អេរ៉ូ បាននិយាយថា សព្វថ្ងៃ ទីតាំងអគារទាំងនោះល្អណាស់សម្រាប់ការរកស៊ី។ “អគារកាច់ជ្រុងគឺសំខាន់ណាស់…ពី ព្រោះវាមានផ្លូវចេញចូលពីរ ឬបីទៅកាន់ហាង ឬការិយាល័យនីមួយៗ។សាធារណជនអាចមើលឃើញវាយ៉ាងច្បាស់នៅពេលពួកគេដើរកាត់ឃើញទ្វារធំៗ”។
ចំពោះរូបថតទាំងនេះ លោក អេរ៉ូ បានផ្តោតលើអគារនានាដែលស្ថិតនៅជិត ឬក្បែរ ផ្សារប្រាំកន្លែង គឺផ្សារថ្មី ផ្សារចាស់ ផ្សារកណ្តាល ផ្សារអូរឫស្សី និងផ្សារអូឡាំពិក។ ផែនទី នៅពិព័រណ៍នោះបង្ហាញទីតាំងអគារនីមួយៗ។
កើតនៅក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៨៩ លោក អេរ៉ូ កំពុងរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច។ លោកធ្វើការជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលវិចិត្រសាល និងធនធានសាសាបាសាក់ក្នុងរាជធានីភ្នំពេញ។
ពិព័រណ៍របស់លោកនៅមជ្ឈមណ្ឌលបុប្ផាណាបើកពេញមួយខែតុលានេះ៕និត