32.5 C
Phnom Penh

UN ប្រឈម​​​ការ​​​រិះ​​​គន់​​​ ខណៈជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ត្រឡប់ទៅវៀតណាម​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​វិញ​​​កាល​​​ពី​​​ម្សិលម​​​ិញ​​​ បន្ទាប់​​​ពី​​​កម្ពុជា​​​បដិសេធ​​​មិន​​​ព្រម​​​​ដំណើរការ​​សំណើសុំ​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ពួក​​​គេ​​​ បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​​​​បាន​​​រិះ​​​គន់​​​ទី​​​ភ្នាក់​​​ងារ​​ទទួល​បន្ទុក​ជន​​​ភៀស​​​ខ្លួន​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​ (UN) នេ​​​ះ​​​ថា បាន​​​ជួយ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ធ្វើ​​​មាតុ​​​ភូមិ​​​និវត្តក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​ទៅ​​​ប្រទេស​​​​​​មួយ​​​ដែល​​​ពួក​​​គេ​​​អះ​​​អាង​​​ថា បាន​​​គេ​​​ច​​​​​​ពីការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ។

អង្គការ​​​សហប្រជាជាតិ​​​បាន​​​​​​លើក​​​ឡើង​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ជាង​​​២០០នាក់​​​បាន​​​មក​​​ដល់​​​រាជធានីភ្នំពេញ​​​​ក្នុង​រយៈ​​​​ពេល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ហើយ​​​កំពុង​​​ត្រូវ​​​បាន​​​អង្គការ​​​ ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយមើល​​​ថែទាំ​​​ ដោយ​​​សារ​​​រដ្ឋាភិបាលបដិសេធ​​​មិន​​​ព្រម​​​​ដំណើរការ​​សំណើសុំ​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ពួក​​​គេ​​​។

កាល​​​ពី​​​ខែ​​​មុន​​​ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​អស់​​​ដែល​​​នៅ​​កម្ពុជា​​​ លើក​​​លែងតែ​​​១៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដល់​​​ឋានៈ​​​ជន​​​ភៀស​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មីនា មាន​​​ពេល​​​បី​​​ខែ​​​ដើម្បី​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​វិញ​​​ដោយ​​​បង្ខំ​​​។

លោក ជា ប៊ុនធឿន ស្នង​​​ការ​​​រង​​​នគ​​​របាល​​​ខេត្ត​​​រតនគិរី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ចំនួន​​​២៤​​​នាក់​​​បាន​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​តាម​​​ច្រក​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​អូរយ៉ាដាវ​​​ចូល​​​ទៅ​​​ខេត្ត​​​យ៉ាឡៃ​​​ ប្រទេស​​​វៀតណាម​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ដោយ​​​អះ​​​អាង​​​ថា ពួក​​​គេ​​​ ” នឹក​​​” ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​។

លោកស្រី វីវៀន តាន អ្នក​​​នាំ​​​ពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​​​​​​​​​​​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀសខ្លួន​​​ (UNHCR) ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​វិញ ហើយ​​​ថា ​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ហាណូយ​​​ បាន​​​ធានា​​​ចំពោះ​​​ទីភ្នាក់​​​ងារ​​​នេះ “ទាំង​​​ពាក្យ​​​សម្តី និង​​​ជា​​​លាយ​​​លក្ខណ៍​​​អក្សរ​​” ថា ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​នេះ នឹង​​​​​​មិន​​​ប្រឈម​​​ការ​​​ដាក់​​​ទោស​​​​​​ទណ្ឌ​​​ឡើយ​​​នៅ​​​ពេល​​​​​​ត្រឡប់​​​ទៅវិញ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​​​​ឡើង​​​តាម​​​រយៈ​​​អីុម៉ែល​​​ថា “UNHCR បាន​​​ជូន​​​​​​ដំណើរ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ដែល​​​មាន​​​គ្នា២៤​​​នាក់​​​ត្រឡប់​​​ទៅ​​​តំបន់​​​ខ្ពស់​​​រាប​​​ភាគ​​​​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​វិញ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​។ យើង​​​នឹង​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ពួក​​​គាត់​ និង​​​អ្នក​​​ខ្លះ​​​ទៀត​​ដែល​នៅក្នុង​ក្រុម​​​​ត្រឡប់​​​​ទៅ​មុន​​​ ដើម្បី​​​ចង់​​​ដឹង​​​ថា តើ​​​ពួក​​​គាត់​​​មាន​​​សុខ​​​ទុក្ខ​​​យ៉ាង​​​ណា​​​ហើយ​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “UNHCR នៅ​​​តែ​​​រក្សា​​​ជំហរ​​​ដដែល​ថា ​​​បុគ្គល​​​គ្រប់រូប​ដែល​​​ចង់​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​រួម​​​ទាំង​​​ប្រជាជន​​​​ដែល​​​មក​​​ពី​​​តំបន់​​​ខ្ពង់​​​រាប​​​ភាគ​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​ផងនោះ​ ​​​គួរ​​​តែ​​​អាច​​​ទទួល​​​បាន​​​នីតិវិធី​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​កម្ពុជា​​​ និងទទួលបាន​ដំណើរ​ការ​ត្រឹម​ត្រូវ​​។​ ការ​​​ដែល​​​ថា UNHCR ជួយ​​​សម្រប​​​សម្រួល​​​ដល់​ការ​​​ធ្វើ​មាតុភូមិ​និវត្ត​​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​នេះ​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​កំណើត​​​វិញ​​​ មិន​​​ផ្ទុយ​​​ទៅ​​​នឹង​​​អ្វីដែល​បាន​លើក​​​ឡើង​​​រួច​​​មក​​​ហើយ​​​នោះ​​​ឡើយ​​​”។

​​​ទោះ​​​ជា​​​យ៉ាង​​​ណា បណ្តា​សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ ​​​បាន​​​រិះ​​​គន់​​​ការ​​​សម្រេច​​​របស់​​​ UNHCR ​​​ក្នុង​​​ការ​​​ជួយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ធ្វើ​​​មាតុភូមិ​​​និវត្តជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​នេះ​​​ទៅ​​​វៀតណាម​​​វិញ​​​។

លោក Andrea Giorgetta ប្រធាន​សម្ព័ន្ធ​​​សិទ្ធមនុស្ស​អន្តរជាតិប្រចាំតំបន់អាស៊ី​​​ (Interna​​​tional Federation for Human Rights) ​​​បាន​​​ចាត់​​​ទុក​​​ការ​​​អះ​​​អាង​​​របស់​​​រដ្ឋាភិបាល​ក្រុង​​​ហាណូយ​​​ ​​​ដែល​​​ថា នឹង​​​គ្មាន​​​ការ​​​រើស​​​អើង​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​នេះនោះ​​​​ថា “គួរ​​​ឲ្យ​​​អស់​​​សំណើច” ដោយ​​​សារ​​​មាន​​​ភ័ស្តុតាង​​​ដែល​​​ត្រូវ​​​បាន​​​​រក្សាទុកជាឯកសារ​​​​យ៉ាង​​​ត្រឹម​​​ត្រូវ​​​ពាក់​​​ព័ន្ធ​​​ការ​​​រំលោភ​​​បំពានលើ​​​​ក្រុម​​​​​​ជន​​​ជាតិ​​​ភាគតិច​ម៉ុង​​​តាញ៉ា​​​នេះ​​​។

លោកបាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អុីម៉េល​​​ថា “UNHCR ត្រូវ​​​តែ​​​ប្រើប្រាស់​សិទ្ធិ​​​ការ​​​ពារ​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​ ហើយ​​​ធានា​​​ឲ្យ​​​បាន​​​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ដែល​​​ភៀស​​​​​​ ខ្លួន​​​មក​​​កម្ពុជា នឹង​​​មិន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​វៀតណាមវិញ​​​​​​​ដើម្បី​​​ប្រឈម​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ឡើយ​”។

លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​ធានា​​​របស់​​​រដ្ឋាភ​​​ិបាល​​​វៀតណាម​​​ដែល​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​នឹង​​​មិនត្រូវ​​​បាន​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​នោះ គឺ​​​គួរ​​​ឲ្យ​​​អស់​​​សំណើច​​​។ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាពលំបាក​រវាង​រ​ដ្ឋា​​​ភិ​​​បាល​​​​​រំលោភ​​​បំពាន​​​ចំនួន​​​ពីរ​​​ ដែល​​​សេចក្តី​​​ថ្លែង​​​ការ​​ណ៍​​​របស់​​​ពួកគេ ​​​មិន​​​គួរ​​​ធ្វើឡើង​​​ឲ្យ​​​​​​ល្អ​​​មើល​​តែ​​​សម្បក​​​ក្រៅ​​​នោះ​​​”។

លោក ហ្វីល រ៉ូបឺតសុន ​​​ អនុប្រធាន​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​ បានចោទប្រកាន់​ UNHCR ថា បាន​ជួយ​​​ឲ្យ​​​ការរំលោភ​​​ច្បាប់​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​លើ​​​សន្ធិ​​​សញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​ក្លាយជា​​​ស្រប​​​ច្បាប់​​​ដោយ​​​សារ​​​ការ​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​​នៅក្នុង​​​ការ​​​ធ្វើ​​​មាតុភូមិន​​​ិវត្តនេះ។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “UNHCR គួរ​​​តែ​​​នៅ​​​ឲ្យ​​​ឆ្ងាយ​​​ពី​​​ដំណើរ​​ការទាំងអស់​នេះ​​​ ព្រោះ​​​ដោយសារ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​របស់ខ្លួ វា​​​ផ្ញើ​​​សារ​​​ខុស​​​​ថា ការ​​​ត្រឡប់​​​ទៅ​​​វិញ​​​ទាំង​​​នេះគ្មាន​​​បញ្ហា​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “នេះ​​​គឺ​​​ជា​​​រឿង​​​ដែល​​​ ធ្លាប់​​​កើត​​​ពី​​​មុន​​​មក​​​ហើយ​​​ យើង​​​បាន​​​ឃើញ​​​ការ​​​ត្រឡប់​​​ទៅ​​​វិញ​​​បែប​​​នេះ​​​​​​​​​​​​​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ពី​​​មុន​​​មក​​​ដោយ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​រវាង​​​ប្រទេសកម្ពុជា​​​ ប្រទេស​​​វៀត​​​ណាម​​​ និង UNHCR ហើយ​​​​​​តាម​​​ការ​​​សន្និដ្ឋាន​​​វា​​​មិន​​​បាន​​​​​​បញ្ចប់​​​ទៅ​​​ដោយ​​​ភាព​​​ល្អ​​​ប្រសើរ​​​ឡើយ​​​សម្រាប់​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​៕​​​ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស