38.8 C
Phnom Penh

មនុស្ស​ពីរនាក់ត្រូវ​ចោទប្រកាន់បន្ទាប់ពី​ការ​បណ្តេញ​ចេញពី​សហគមន៍នៅ​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ពី​​​រនាក់​​​ដែល បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​មួយ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ បន្ទាប់ ពី​​​មន្ត្រី​​​ទាំង​​​នោះ​​​បាន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ជាង​​​៥០​​​គ្រួសារ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​ពី​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​ ហើយ​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​។

លោក ទៀ គឹមសុទ្ធ នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ខេត្ត​សៀមរាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​បានទៅ​​​​​​ពិនិត្យមើល​​​​ការ​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​គ្រួសារ​​​ចេញ​​​ពី​​​ចម្ការរបស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឃុំ​​​ពាក់​​​ស្នែង ស្រុក ​​​អង្គរ​​​ធំ ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃអង្គារ​​​។ លោក​​​បាន​​​លើក​​​​​​ឡើង​​​ថា នគរ​​​បាល​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក៏​​​ បាន​​​ជួយ​​​បណ្តេញ​​​សហគមន៍​​​នេះ​​​ដែរ​​​ ដែល​​​លោក​​​​​​ចោទ​​​ប្រកាន់​​​ថា បាន​​​មក​​​តាំង​​​ទី​​​លំនៅ​​អនាធិបតេយ្យ​​​លើ​​​ដីរដ្ឋ​​​ទំហំ​​​ប្រហែល​​​១០០​​​ហិកតា ​​​ហើយ​​​បាន​​​រាន​​​ព្រៃ​​​ដើម្បី​​​សាង​​​សង់​​​លំនៅដ្ឋាន​​​របស់​​​ខ្លួន​​​។

លោបាន​​​ថ្លែង​​​ថា “នៅវេលា​​​ព្រឹក​​​ ​​​​​បន្ទាប់​​​ពី​​​យើង​​​បាន​​​បញ្ចប់​​​ការ​​​បណ្តេញ​​​អ្នក​​​ភូមិ​​​និង​រុះរើផ្ទះរបស់ពួកគាត់​មក អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​បាន​​​យក​​​ម៉ូតូ​​​របស់​​​ខ្លួន​​​មក​​​រាំង​​​ផ្លូវ​រថយន្ត​​​ធុនធំ​របស់​​​យើង​​​”។

លោក​​​បាន​​​​​​ថ្លែង​​​បន្ត​​​ថា “នៅ​​​ពេល​​​យើង​​​សួរ​​​ពួក​​​គាត់​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គាត់​​​រារាំង​​​ពួក​​​យើង ពួកគាត់​​​បាន​​​​​​ស្រែក​​​ដាក់​​​ពួក​​​យើង ​​​ហើយ​​​បាន​​​កាន់​​​កំាបិត​​​ផ្គាក់​​​ និង​ដំបង​​​ធំៗ​​​ ហើយ​​​​ចង់​​​វាយ​​​ម​​ក​​​លើ​​​ពួក​​​យើងទៀត​​​។ខ្ញុំ​​​គិត​​​ថា ពួក​​​គាត់​​​មាន​​​កំហឹង​​​ និង​​​ចង់​​​បង្ហាញ​ប្រាប់​​​ពួកយើ​ងនូវ​កំហឹង​​​​របស់​​​ខ្លួន​​​ ហើយ​បន្ទាប់មក​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​ប្រាវ។

លោក គឹមសុទ្ធ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​ការ​​​​​​តវ៉ា​​​នេះ​ដឹក​​​នាំ​​​ដោយ​​​មនុស្ស​​​បី​​​នាក់​​​ ហើយ​​​ថា ​​​អាជ្ញាធរ​​​ បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គាត់​​​ពី​​​រ​​​នាក់​​​ឈ្មោះ កី ​​​ដឹក ​​​អាយុ​​​៤៧​​​​​​ ឆ្នាំ​​​ជា​​​កសិករ​​​ និង​​​ ពុធ គូចៀម អាយុ​​​២៧​​​ឆ្នាំ ​​​ចំណែក​​​អ្នក​​​ទី​​​៣​​​បាន​​​រត់​​​គេច​​​​ខ្លួន​​​។

លោកបាន​​​ថ្លែង​​​ថា អ្នក​​​ស្រី ដឹក និង​​​លោក ​​​គូចៀម​ ដែល​​​បាន​ធ្វើ​​​​សកម្មភាព​​​យ៉ាង​​គឃ្លើន​​​​អំឡុង​​​ការ​​​តវ៉ា​​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ ​​​ រួច​ត្រូវ​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រាន​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​តាម​​​ច្បាប់​​​ព្រៃ​​​ឈើ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​។

លោក គឹម​​​សុទ្ធ បាន​​​បន្ថែមថា ដំបូង​​​អាជ្ញាធរ​​​ បាន​​​បង្គាប់​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះ​​​ចាក​​​ចេញ​​​ពី​​​ចម្ការ​​​​​​ របស់​​​ខ្លួន​​​​​​ក្នុង​​​ឃុំ​​​ពាក់​​​ស្នែង​​​ប្រហែល​​​ ពីរ​​​ខែ​​​​​​មុន។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “មុន​​​ពេល​​​យើង​​​បណ្តេញ ​​​ពួក​​​គាត់​​​ចេញ​​​ យើង​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​ពួក​​​គាត់​​​មួយ​​​សប្តាហ៍​​​មុន​​​ថា តំបន់​​​ដែល​​​ពួក​​​គាត់​​​រស់​​​នៅ​​​ និង​​​ធ្វើ​​​​​​ចម្ការ​​​នេះគឺ​​​ជា​​​ដីរបស់​​​រដ្ឋ ​​​ហើយ​​​ថា ការ​​​រាន​​​ដី​​​របស់​​​រដ្ឋ​​​គឺខុស​​​ច្បាប់​​​”។

លោក ចាន់​​​ ជួន អាយុ​៤៣ឆ្នាំ ជា​កសិករ​​​ដាំចេក​​​ និង​​​អំពៅ បាន​​​និយាយ​​​ថា គាត់​​​​​​បាន​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​រយៈ​​​ពេល​​​១៣​​​ឆ្នាំ​​​មក​​​ហើយ មុន​​​ពេល​​​អាជ្ញាធរ​​​ដុត​​​បំផ្លាញ​​​ដំណាំ​​​របស់​​គាត់​​​នៅ​​​សប្តាហ៍​​​នេះ ហើយការ​តវ៉ា​​​​នេះ​​​មិនដែលមាន​បំណង​​បង្ក​​​ហិង្សា​​​ឡើយ​។

លោក​​​បាន​ថ្លែង​​​ថា “យើង​​​ទៅ​រារាំង​​​ពួក   គេ​​​​​​ពីព្រោះយើង​​​ចង់​​​សុំ​ឲ្យ​​​ពួកគេ​​​ស្វែង​​​រក​​​ដំណោះ​​​​​​ស្រាយ​​​សម​​​ស្រប ឬ​​​រក​​​ដី​​​ផ្សេង​​សម្រាប់​ពួក​​​យើង​​​។ យើង​​​ប្រដាប់​​​ដោយ​​​កាំបិត​​​ផ្គាក់ និង​​​ដំបង​​​ធំៗ ប៉ុន្តែ យើង​​​គ្មាន​​​បំណង​​​វាយ​​​ប្រហារ​​​ពួកគេ​​​ទេ​​​”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស