មន្ត្រីយោធាពីររូបត្រូវបានចោទប្រកាន់ពីបទឆបោក ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំកាលពីម្សិលមិញពីបទទទួលសំណូកដើម្បីរត់ឯកសារឲ្យបានជាប់ជានិស្សិតចូលរៀននៅសាកលវិទ្យាល័យការពារជាតិ បើទោះជាបុរសម្នាក់ក្នុងចំណោមបុរសទាំងពីរនាក់នេះមិនមានវត្តមាននៅក្នុងតុលាការ ហើយនៅបម្រើការងារ នៅសាកលវិទ្យាល័យនៅឡើយក៏ដោយ។

ដើមបណ្តឹង ហេង រិទ្ធី បានផ្តល់ប្រាក់ចំនួន ១០.០០០ដុល្លារ ទៅលោក គឹម សុខុន រដ្ឋបាល នៅសាកលវិទ្យាល័យការពារជាតិ កាលពីខែតុលា ឆ្នាំ២០១៣ជាថ្នូរនឹងការទទួលបានសិទ្ធិចូលរៀននៅសាកលវិទ្យាល័យនេះ សម្រាប់ក្មួយប្រុសបីនាក់។ លោក រិទ្ធី ដែលជាមន្ត្រីយោធាមួយរូប បានចាប់ផ្តើមមានការសង្ស័យ ថា លោកបានចាញ់បោកគេនៅពេលលោកមិនបានទទួលព័ត៌មានពីលោក សុខុន ក្នុងរយៈ ពេលបីខែតាមការព្រមព្រៀងគ្នា។
នៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរដែលបានអានអំឡុងសវនាការជំនុំជម្រះកាលពីថ្ងៃទី៨ ខែតុលានៅសាលាដំបូងរាជធានីភ្នំពេញ លោក សុខុន អះអាងថា លោកបានផ្តល់ប្រាក់៩.០០០ដុល្លារនៃប្រាក់សំណូកលើកដំបូងទៅលោកវរសេនីយ៍ ឯក អ៊ុក ស៊ីថន នៅនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ដោយសុំឲ្យលោកជួយសម្របសម្រួលកិច្ចការនេះ។
អំឡុងសវនាការជំនុំជម្រះដដែលនេះ លោក ស៊ីថន សារភាពថា លោកបានទទួលប្រាក់នេះមែន ប៉ុន្តែ បានអះអាងថា លោកទទួលបានតែ៧.៥០០ដុល្លារប៉ុណ្ណោះ។
ដោយចេញសាលក្រមផ្តន្ទាទោសកាលពីម្សិលមិញ លោក តុប ឈុនហេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានផ្តន្ទា ទោសបុរសទាំងពីរនាក់នេះឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល ហើយបានបង្គាប់ឲ្យពួកគេបង់ប្រាក់សំណងដល់លោក រិទ្ធី ចំនួន៨.០០០ដុល្លារ។
អវត្តមានរបស់លោក សុខុន សម្រាប់រយៈពេលនៃសវនាការជំនុំជម្រះ មិនត្រូវបានពន្យល់ឡើយ ហើយគេមិនទាន់ច្បាស់ឡើយកាលពីម្សិលមិញថា តើមានការចេញដីកាចាប់ខ្លួនរូបគាត់ ឬយ៉ាងណានោះ។
លោក ស មឺុន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យការពារជាតិបានមានប្រសាសន៍ថា លោក សុខុន នៅកន្លែងធ្វើការកាលពីម្សិលមិញ ហើយបានអះអាងថា លោកមិនដឹងពីការចោទប្រកាន់លើមន្ត្រីរូបនេះទេ បើទោះណាជាមានការលើកឡើងអំពីករណីនេះកាលពីដើមខែនេះក៏ដោយ។
លោក ស មឺុន បានថ្លែងថា “ខ្ញុំមិនបានឃើញ ដីកាបង្គាប់របស់តុលាការទេ ហើយគាត់មានសេរីភាពដើរហើរដោយសេរីនៅឡើយគិតមកដល់ព្រឹកមិញនេះ។នៅពេលខ្ញុំចាកចេញពីការិយាល័យខ្ញុំ ខ្ញុំបានឃើញគាត់ដើរចុះតាមជណ្តើរក្នុងឯកសណ្ឋានយោធា”។
នៅពេលសួរថា តើលោក សុខុន នៅបម្រើការងារនៅសាកលវិទ្យាល័យការពារជាតិដដែលឬយ៉ាងណានោះ លោក អ៊ុង ស៊ាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិបានមានប្រសាសន៍ថា លោកមិនច្បាស់ទេ ពីព្រោះសាកលវិទ្យាល័យនេះមានបុគ្គលិកច្រើនណាស់។ លោកបានថ្លែងថា “វាជាបញ្ហាបុគ្គល ហើយយើងនឹងអនុវត្តតាមច្បាប់”។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការ ពារជាតិបានមានប្រសាសន៍ថា រឿងក្តីនេះមិនបានឆ្លុះបញ្ចាំងអំពីបញ្ហាជាប្រព័ន្ធនៅក្នុងក្រសួងឡើយ ដោយលោកបន្ថែមថា ឥឡូវនេះបញ្ហានេះផុតពីដៃរបស់ពួកគេហើយ។
លោកបានថ្លែងថា “យើងមានគោលការណ៍ច្បាប់ក្នុងការជ្រើសរើសនិស្សិត ហើយនៅពេលមានបញ្ហាកើតឡើង យើងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងការពារជាតិមិនអាចធ្វើអ្វីបានឡើយ”។
លោក សុត វុទ្ធី អនុប្រធាននាយកដ្ឋានអធិការកិច្ចនៅក្រសួងនេះបានមានប្រសាសន៍ ថា លោកមិនដឹងថា តើលោក ស៊ីថន និងត្រូវទទួលយកមកបម្រើការងារវិញ នៅពេលត្រូវ បានដោះលែងឬយ៉ាងណានោះឡើយ។
លោកបានថ្លែងថា “យើងត្រូវរង់ចាំ ហើយ យើងនឹងមានការពិភាក្សាផ្ទៃក្នុង។ យើងរង់ចាំទទួលសាលក្រមផ្លូវការពីតុលាការសិន”៕ សារុន