42.2 C
Phnom Penh

ការ​​​ចរចា​​​ពាក់​​​ព័ន្ធ​​​ជម្លោះ​​​នៅ​​​ក្នុង​​​រោង​ចក្រកាត់​​​ដេរមួយ​​​​​​​​​​​​​នៅ​​​​ខេត្ត​​​តាកែវ​​​មិន​​​ទទួល​​​បាន​​​ផ្លែ​​​ផ្កា​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​តាម​​​មន្ត្រី​ក្រសួង​​​ការ​​​ងារ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ ប្រធាន​​​សហ​​​ជីព​​​ តំណាង​​​រោង​​​ចក្រ​​​ និង​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​មិន​​​អាច​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​កម្មករ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​​​​ប្រហែល ​​​១.៦០០​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​សារ​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ឡើយ​​​ ហើយ​​​ករណី​​​នេះ​​​នឹង​​​បញ្ជូន​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​។

កម្មករ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​រោង​​​ចក្រ​​​ ហុង​​​ សែន ដែល​​​ផ្គត់​​​ ផ្គង់​​​​​​សម្លៀក​​​បំពាក់​​​​​​កីឡា​​​យីហោ​​​​ល្បីៗរបស់​អាល្លឺម៉ង់​​​​ដូច​​​ជា​ Puma និង Adidas​​​ ជា​​​ដើម ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​តុលា ពោលគឺ​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ ពី​​​ពួក​​​គេ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ប្រាក់​​ឧបត្ថម្ភ​សម្រាប់ការ​ធ្វើ​​​ដំណើរ​​​ប្រចាំខែ​​​ចំនួន​​​១២​​​ដុល្លារ​​​ ការ​​​ពិនិត្យ​​​សុខ​​​ភាព​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​សម្រាប់ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​ និ​​​ងប្រាក់​​​ឧបត្ថម្ភ​សម្រាប់​អាហារ​​​ថ្ងៃ​​​ត្រង់ចំនួន​​​​០.៥​​​ដុល្លារ​​​។

កម្មករ​​​ប្រហែល​​​១០០​​​នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ទាំង​​​នេះ​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​ក្រសួង​​​ការងារ​​​កាល​​​ពីថ្ងៃ​​​ពុធ។ លោក ​​​មឿង ​​​វីរិយា ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​​នេះ​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​ចរចា​​​ត្រី​​​ភាគី​​​កាល​​​ពីម្សិល​​​មិញ មិន​​​ទទួល​​​បាន​​​ផ្លែ​​​ផ្កា​​​ទេ​​​ ហើយ​​​ថា ករណី​​​នេះ​​​នឹង​​​បញ្ជូន​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាល​​​នៅ​​​ថ្ងៃ​​​នេះ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ការ​​​ចរចា​​​មិន​​​ដំណើ​រ​​​ការ​​​ ព្រោះ​​​រោង​​​ចក្រ​​​នៅ​​​តែ​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ផ្តល់​​​ជូន​​​តាម​​​អ្វី​​​ដែល​​​សហ​​​ជីព​​​ ឬ​​​កម្ម​​​ករ​​​ចង់​​​បាន​​​នោះ​​​ឡើយ​​​ ព្រោះ​​​វា​​​ជា​​​ចំនួន​​​ទឹក​​​ប្រាក់​​​ដែក​ច្រើន​​​ពេក​​​”។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ត​​​សហជីព​​​កម្មករ​​​ ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​ប្រហែល​១០០នាក់​​​នេះ នឹង​​​តវ៉ា​​​ម្តង​​​ទៀត​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ប្រសិន​​​បើ​​​ក្រុមប្រឹក្សា​​​​មិន​​​ដោះ​​​​​​ស្រាយ​​​បញ្ហា​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា រោង​​​ចក្រ​​​មិន​​​គិត​​​គូ​រ​​អំពី​​​ជីវិត​​​ដ៏​លំបាក​​​របស់​​​កម្មករ​​​ទេ​​​ ប៉ុន្តែ យើង​​​នឹង​​​មិន​​​បោះ​​​បង់​​​ចោល​​​ឡើយ​​​”៕ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស