លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនឹងត្រូវចាប់ខ្លួនពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់នេះ បន្ទាប់ពីបញ្ជាក់ថា លោកនឹងវិលត្រឡប់ពីបរទេសវិញតាមការគ្រោងទុក បើទោះបីជាមានដីកាតុលាការកាលពីសប្ដាហ៍មុនបង្គាប់ឲ្យចាប់ខ្លួនលោកពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសយ៉ាងណាក្ដី។
កាលពីថ្ងៃសុក្រ តុលាការបានចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ដែលបានស្ថិតនៅឯបរទេសចាប់តាំងពីថ្ងៃទី៧ ខែវិច្ឆិកាមក ពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងប្ដឹងលោកកាលពីឆ្នាំ២០០៨ ដែលមជ្ឈដ្ឋានទូទៅយល់ថាត្រូវបានចាត់ទុកជាមោឃៈជាផ្នែកមួយនៃការព្រះរាជទានលើកលែងទោសសម្រាប់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣។
តាមទម្លាប់ លោក សម រង្ស៊ី តែងតែប្រើប្រាស់លិខិតឆ្លងដែនបារាំង និងផ្ទះរបស់លោកនៅក្នុងទីក្រុងបា៉រីស ដើម្បីគេចវេះពីការផ្ដន្ទាទោសជំរុញដោយហេតុផលនយោបាយ ប៉ុន្តែលោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងពិធីជួបជុំមួយនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ថា លើកនេះមិនដូចលើកមុនឡើយ។
លោក សម រង្ស៊ី ជាមួយនឹងវត្តមានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅអែបអំឡុងពិធីមួយក្នុងទីក្រុងកំពង់ផែប៊ូសាន (Busan) ដែលមានពលករចំណាកស្រុកខ្មែរប្រមាណ៣០.០០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានស្រែកឡើងថា “ពួកគេនឹងមកចាប់ខ្លួន សម រង្ស៊ី។ តើ សម រង្ស៊ី ខ្លាចទេ? អត់ទេ!”។
លោកបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសកំណើត ជាមាតុភូមិរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រូវវិលត្រឡប់ទៅវិញដើម្បីសង្គ្រោះប្រទេសរបស់យើង។ គម្រោងរបស់ខ្ញុំមិនកែប្រែទេ។ ទោះបីខ្ញុំស្លាប់ វាគ្មានបញ្ហាទេ។ ខ្ញុំនឹងស្លាប់ក្នុងនាមជាខ្មែរ ហើយមិនស្លាប់បម្រើជនបរទេសទេ”។

មន្ត្រីគណបក្សសង្គ្រោះជាតិបានលើកឡើងមុននេះកាលពីម្សិលមិញថា ជើងហោះហើរដែលលោក សម រង្ស៊ី ជិះ នឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោងប្រហែល១១យប់ ប៉ុន្តែលោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សនេះ បានមានប្រសាសន៍កាលពីយប់មិញថា គម្រោងនេះបានផ្លាស់ប្ដូរ ហើយប្រធានគណបក្សប្រឆាំងរូបនេះនឹងជិះជើងហោះហើរចុះចតនៅអាកាសយានដ្ឋានភ្នំពេញវិញ។
លោកបានលើកឡើងបន្ថែមទៀតថា “គាត់នឹងមកដល់ភ្នំពេញនៅម៉ោង១០យប់។ មកដល់ភ្នំពេញប្រសើរជាងមកដល់នៅសៀមរាប”។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រឈមការជាប់ពន្ធនាគាររយៈពេល២ឆ្នាំទាក់ទិនសុន្ទរកថារបស់លោកកាលពីឆ្នាំ២០០៨ ដែលក្នុងនោះលោកបានចោទប្រកាន់លោក ហោ ណាំហុង ថាជាប្រធានមន្ទីរឃុំឃាំងបឹងត្របែក របស់ខ្មែរក្រហមដែលឃុំឃាំងក្រុមបញ្ញវន្ត និងមន្ត្រីការទូតដែលរបប ប៉ុល ពត បានហៅឲ្យវិលត្រឡប់មកកម្ពុជាវិញ។
ការអះអាងទាំងនេះជាចំណុចរសើបខ្លាំងសម្រាប់លោក ហោ ណាំហុង ដែលបានច្រានចោលវាជាយូរមកហើយ។ កាលពីឆ្នាំ២០១១ លោកបានឈ្នះបណ្ដឹងបរិហារកេរ្តិ៍ប្តឹងលោក សម រង្ស៊ី ដែលបានបោះបង់បណ្ដឹងឧទ្ធរណ៍ប៉ុន្មានខែមុនពេលទទួលបានការព្រះរាជទានលើកលែងទោសកាលពីឆ្នាំ២០១៣ សម្រាប់ការផ្ដន្ទាទោសជាច្រើនផ្សេងទៀត។
ទោះជាយ៉ាងណា លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការព្រះរាជទានលើកលែងទោសដែលលោកទទួលបាន មិនបានគ្របដណ្ដប់បណ្ដឹងបរិហារកេរ្តិ៍ ហើយមេធាវីរបស់លោក ហោ ណាំហុង បានសរសេរសំណើទៅសាលាដំបូងរាជធានីកាលពីសប្ដាហ៍មុន ដើម្បីស្នើឲ្យអនុវត្តសេចក្ដីសម្រេចកាលពីឆ្នាំ២០១១។
លោក ការ សាវុត្ថ មេធាវីរបស់លោក ហោ ណាំហុង បានមានប្រសាសន៍កាលពីម្សិលមិញអំពីសំណើនេះថា ”នេះមិនពាក់ព័ន្ធរឿងនយោបាយទេ យើងគ្រាន់តែចង់អនុវត្តច្បាប់ប៉ុណ្ណោះ។ នេះជាសិទ្ធិរបស់យើងអំឡុងរយៈពេល៥ឆ្នាំ [អាជ្ញាយុកាល]។ យើងអាចដាក់ពាក្យបណ្ដឹងថ្ងៃណាក៏បាន”។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា នៅពេលលោក សម រង្ស៊ី ត្រឡប់មកដល់កម្ពុជាវិញ នគរបាលនឹងអនុវត្តដីកាចាប់ខ្លួននេះ។ លោកបានថ្លែងថា “យើងនឹងអនុវត្តច្បាប់។ នោះជាភារកិច្ចរបស់នគរបាល នគរបាលអនុវត្តច្បាប់ នៅពេលតុលាការបង្គាប់។ ដូច្នេះនគរបាលត្រូវតែអនុវត្ត វាជាភារកិច្ចរបស់ពួកគេ”។
ពេលសាកសួរថា តើនគរបាលព្រួយបារម្ភអំពីលទ្ធភាពដែលអ្នកគាំទ្ររបស់លោក សម រង្ស៊ី អាចនឹងបង្ហាញមុខតាមផ្លូវដើម្បីប្រឆាំងការចាប់ខ្លួនលោក ឬយ៉ាងណានោះ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា នគរបាលអាចដោះស្រាយស្ថានភាពបាន។ លោកបានបន្តថា “នគរបាលដឹងថា ត្រូវធ្វើការងាររបស់ខ្លួនយ៉ាងម៉េចហើយ។ យើងក៏ព្រួយបារម្ភដែរ ប៉ុន្តែពេលពួកគេមកអនុវត្ត ពួកគេដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ”។
ក្រោយពីមានព័ត៌មានទាក់ទិនដីកាចាប់ខ្លួននេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនព្រួយបារម្ភអំពី “បរិយាកាសនយោបាយដែលកាន់តែអាក្រក់ទៅៗនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ”។
អំឡុងសន្និសីទកាសែតក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ាក ថូណឺ (Mark Toner) អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ដីកាចាប់ខ្លួននេះកើតមានឡើងក្រោយហេតុការណ៍វាយតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅក្រៅរដ្ឋសភាកាលពីចុងខែមុន។
លោកមានប្រសាសន៍ថា “ពេលវេលានៃបទចោទប្រកាន់ទាំងនេះបង្ហាញពីឥទ្ធិពលនយោបាយនៅក្នុងដំណើរការយុត្តិធម៌។ លើសពីនេះទៅទៀត គំរូនៃចំណាត់ការលើគណបក្សប្រឆាំងនេះ បង្ហាញពីការវិលទៅរកការអនុវត្ត និងយុទ្ធសាស្ត្រនយោបាយឃោរឃៅដែលប្រជាពលរដ្ឋកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ពួកគាត់លែងចង់បានតទៅទៀត”។
លោក សាយម៉ុន ស្ព្រីនហ្គ័រ (Simon Springer) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវីកតូរៀ (University of Victoria) ក្នុងប្រទេសកាណាដា ដែលបានសិក្សាស្រាវជ្រាវអំពីការវិវឌ្ឍផ្នែកនយោបាយនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បានលើកឡើងថា ដីកាចាប់ខ្លួន លោក សម រង្ស៊ី ភ្លាមៗនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ផ្តើមភ័យ ស្លន់ស្លោ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ដីកាចាប់ខ្លួនភ្លាមៗថ្មីបំផុតនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីជ័យជម្នះក្នុងពេលថ្មីៗរបស់លោកស្រី អ៊ុង សាន ស៊ូជី នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដោយវាបង្ហាយឲ្យឃើញយ៉ាងច្បាស់ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាច។ គាត់កំពុងតែធ្វើដូចអ្វីដែលជនផ្តាច់ការទាំងអស់ធ្វើ… ពោលគឺសម្ដែងចេញនូវសកម្មភាពភ័យខ្លាចយ៉ាងខ្លាំង”។
លោកបានបន្ថែមថា “ឥឡូវនេះពលរដ្ឋខ្មែរដឹងថា ការផ្លាស់ប្តូរអាចទៅរួច ហើយលោក ហ៊ុន សែន អាចប្រវេប្រវាគ្រប់មធ្យោបាយតាមចិត្តចង់ដើម្បីជួសជុលទំនប់ដែលប្រេះស្រាំ ប៉ុន្តែ ខ្ញុំគិតថា ទោះជាមានការជួសជុលយ៉ាងណាក៏ដោយ ក៏វាមិនអាចទប់ទំនប់ទឹកមិនឲ្យបាក់ធ្លាយបានដែរ”។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅ”ការពឹងផ្អែកជំនួយនៅកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យ” បានលើកឡើងថា ប្រសិនបើ លោក សម រង្ស៊ី ត្រឡប់មកវិញនៅយប់នេះវានឹងធ្វើឲ្យស្ថានភាពនយោបាយរយៈពេល២០ឆ្នាំនៅកម្ពុជាមានការផ្លាស់ប្តូរ ដោយធ្វើឲ្យរដ្ឋាភិបាលធ្លាក់ក្នុងស្ថានភាពមួយដែលខ្លួនមិនធ្លាប់ជួបពីមុនមក។
លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “លោក សម រង្ស៊ី មិនមែនជាអ្នកហ៊ានប្រថុយនោះទេ នៅពេលកើតមានរឿងចាប់ដាក់ពន្ធនាគារ។ ខ្ញុំគិតថា គាត់មិនដែលធ្លាប់ជាប់ពន្ធនាគារសូម្បីតែមួយថ្ងៃនៅកម្ពុជា មិនដូចលោក កឹម សុខា លោក ម៉ម សូណង់ដូ [ម្ចាស់ ស្ថានីយវិទ្យុប្រឆាំងដ៏មានប្រជាប្រិយភាព]និងសកម្មជនព្រមទាំងអ្នកនយោបាយមួយចំនួនទៀតឡើយ”។
លោកបន្ថែមទៀតថា “សមត្ថកិច្ចប្រាកដថា គាត់នឹងមិនវិលត្រឡប់មកកម្ពុជាវិញទេ ហើយនឹងធ្វើដំណើរទៅប្រទេសបារាំងដើម្បីរស់នៅបែបនិរទេសខ្លួននៅទីនោះតាមទម្លាប់ដូចសព្វដងរបស់គាត់។ បើមិនអ៊ីចឹងទេ ម៉េចបានជាពួកគេរង់ចាំរហូតដល់គាត់ទៅប្រទេសកូរ៉េខាងត្បូង ទើបចេញដីកាចាប់ខ្លួន?”។
លោក ខាល ថាយ័រ (Carl Thayer) អ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលី (Australian Defense Force Academy) នៅក្នុងទីក្រុងកង់បេរ៉ា បានលើកឡើងថា ប្រសិនបើលោក សម រង្ស៊ី ធ្វើតាមការសន្យារបស់លោកវិលត្រឡប់មកវិញវានឹងបង្កើនភាពគ្រោះថ្នាក់ខ្លាំងដល់លោក ហ៊ុន សែន ។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “លោក ហ៊ុន សែន កំពុងតែលេងល្បែងដ៏វែងអន្លាយនេះ។ គ្មានជម្រើសងាយស្រួលសម្រាប់លោក សម រង្ស៊ី ឡើយ។ ព្រះមហាក្សត្រអាចព្រះរាជទានលើកលែងទោសបាន។ ប៉ុន្តែ ប្រសិនបើព្រះអង្គមិនធ្វើដូច្នេះទេ លោក សម រង្ស៊ី ប្រឈមនឹងការបាត់បង់អភ័យឯកសិទ្ធិសភា និងសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត”។
លោកបានបន្ថែមថា “ប្រសិនបើគាត់ជាប់ពន្ធនាគារ ហើយបូជាដើម្បីបុព្វហេតុខ្លួន វាអាចធ្វើឲ្យកើតមានបាតុកម្មតាមផ្លូវដែលកងសន្តិសុខរបស់លោក ហ៊ុន សែន នឹងបង្ក្រាប។ ការជាប់ពន្ធនាគារនឹងបង្វែរការចាប់អារម្មណ៍របស់លោក សម រង្ស៊ី ពីល្បែងដ៏សំខាន់ដែលនឹងឈ្នះការបោះឆ្នោតនៅអាណត្តិក្រោយ”។
លោកបានលើកឡើងទៀតថា “ជម្រើសល្អបំផុតរបស់លោក សម រង្ស៊ី គឺវិលត្រឡប់ មកភ្នំពេញវិញ តតាំងនឹងការចោទប្រកាន់ ហើយកៀងគរការគាំទ្រពីសាធារណជនសម្រាប់បុព្វហេតុរបស់គាត់។ និយាយតាមបែបម្យ៉ាងទៀត គឺការប៉ះទង្គិចគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិស្ទើរតែមិនអាចចៀសផុត”។
លោក សម រង្ស៊ី តែងតែលើកឡើងម្តងហើយម្តងទៀតចាប់តាំងពីការឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សសង្គ្រោះជាតិអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ថា ការចាប់ខ្លួនលោកមិនផ្តល់ផលប្រយោជន៍ដល់លោក ហ៊ុន សែន ទេ។ កាលពីខែមីនា ឆ្នាំ២០១៤ លោកបានលើកឡើងថា លោកលែងត្រូវការលិខិតឆ្លងដែនបារាំងរបស់លោកទៀតហើយសម្រាប់សុវត្ថិភាព។
លោក សម រង្ស៊ី បានមានប្រសាសន៍អំឡុងពេលនោះថា “ឥឡូវនេះភាពខ្លាំងរបស់ខ្ញុំគឺការគាំទ្រពីពលរដ្ឋខ្មែរ។ដោយសារភាពខ្លាំងនេះនិងដោយសារការគាំទ្រដែលកំពុងតែមានការកើនឡើងដ៏លើសលប់ពីពលរដ្ឋខ្មែរ ខ្ញុំមិនចេះចាញ់ទេ។ ខ្ញុំមិនត្រូវការ អ្វីលើសពីនេះទេ”៕សុខុម និងស៊ុយឈាង