32.5 C
Phnom Penh

សាមណេរ​​ព្រះ​ជន្ម​១៥វស្សា​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​បទ​ចាប់​រំលោភ​​ក្មេងស្រី​អាយុ​៥ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាមណេរ​​ព្រះ​ជន​្ម​១៥វស្សា​មួយ​អង្គ​​ត្រូវ​បាន​នាំ​ចេញ​​ពី​វត្ត​​មួយ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​​បាន​ចាប់​រំលោភ​ក្មេងស្រី​​អាយុ​៥ឆ្នាំម្នាក់​​កាលពី​សប្ដាហ៍​មុន ​​​នេះ​​​បើ​​​យោង​​​តាម​​​នគ​​​របាល​​​ដែល​​​និយាយ​ថា ខ្លួន​កំពុង​រង់ចាំ​ភ័ស្តុតាង​បន្ថែម​ទៀត​មុន​​ពេល​ចាប់​ខ្លួន​​សាមណេរ​អង្គ​នេះ​។

នគរ​បាល​បាន​និយាយ​ថា សាមណេរ​អង្គ​នេះ​ដែល​ជា​សាច់​ញាតិ​របស់​ព្រះគ្រូចៅ​​​អធិការ​នោះ​ មិន​ទាន់​ត្រូវ​បាន​ផ្សឹក​នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​នាំ​ទៅ​កាន់​វត្ត​ថ្មី​មួយ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ កាលពី​ថ្ងៃសៅរ៍ ដោយ​មន្ត្រី​​​​ មក​ពី​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​​បន្ទាប់​​​ពី​​​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​កាលពី​​ថ្ងៃ​សុក្រ។

លោក ទូច ផន ​អធិការ​រង​នគរ​បាល​​ខណ្ឌ​​​ពោធិ៍សែនជ័យ បាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​បន្ត​ស៊ើបអង្កេត​​ និង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យរបស់​​​ក្មេង​ស្រី​រង​គ្រោះ​​មុន​​ពេល​​ពួកគេ​ចាប់​ខ្លួន​សាមណេរ​អង្គ​នេះ​។

លោក​​បាន​ថ្លែង​ថា “​នគរ​បាល​របស់​យើង​កំពុង​ស្វែង​រក​ភ័ស្តុតាង​បន្ថែម​ទៀត ហើយ​រហូត​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃ​ការ​​​ធ្វើ​កោសល្យវិច័យ​ពី​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ទេ”។

យោង​តាម​លោក អេ​ ស្រ៊ុន នាយ​ប៉ុស្តិ៍​សង្កាត់​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​​រូប​នេះ​បាន​រត់​លេង​នៅ​វត្ត​គោកខ្សាច់ ក្នុង​សង្កាត់​ភ្លើង​ឆេះរទេះ​​កាលពី​ថ្ងៃទី៩ ខែ​វិច្ឆិកា ស្រាប់​តែ​ពេលនោះ សាម​ណេរ​អង្គ​នោះ​បាន​ចាប់​នាង​​ ហើយ​នាំ​ទៅ​កាន់​បន្ទប់​​ដាក់​អីវ៉ាន់​មួយ រួច​​ចាប់​រំលោភ​នាង​​​តែ​ម្ដង។

លោក​បាន​ថ្លែង​ថា ​បង​ប្រុស​​អាយុ​៨​ឆ្នាំ​របស់​​ក្មេងស្រី​រងគ្រោះ​​​បាន​ឃើញ​នាង​​ចេញ ពី​បន្ទប់​នោះ ដោយ​ស្រែក​​យំ​​មានទាំង​​នំ​មួយ​កញ្ចប់ និង​ទឹក​ផ្លែឈើ​មួយ​កំប៉ុង​នៅ​ក្នុង​ដៃផង​​​ ដែល​សាមណេរ​អង្គ​នេះ​បាន​​ឲ្យ​នាង​បន្ទាប់ពី​រំលោភ​រួច​។ លោក​បាន​បន្ថែម​ថា បង​ប្រុស​​រូប​នេះ​បាន​​នាំ​នាង​ទៅ​​ផ្ទះវិញ​ ហើយ​​ក្មេង​ស្រី​រូប​នេះបាន​​ប្រាប់​ម្ដាយ​របស់​នាង​ពី​ការ​រំលោភ​នោះ​។

លោក​ អេ ស្រ៊ុន បាន​ថ្លែង​ថា “​យើង​បាន​សួរ​ក្មេងស្រី​រូប​នេះ​ពីរ​លើក ហើយ​នាង​នៅ​តែ​និយាយ​​​ដូច​គ្នាដដែល​​អំពី​អ្វី​ដែល​​សាមណេរ​ អង្គ​នេះ​បាន​ធ្វើ​មក​លើ​នាង​”។ លោក​បាន​បន្ថែម​ថា សាមណេរ​​ព្រះជន្ម​១៥​វស្សា​អង្គ​នេះ​ទើប​តែ​បួស​បាន​ពីរ​បី​ខែ​​​ប៉ុណ្ណោះ។

លោក ណុប អ៊ន ត្រូវ​ជា​ជីតា​របស់​ក្មេង​​​ស្រី​រងគ្រោះ​បាន​និយាយ​ថា ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​​​បាន​រង់ចាំ​រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​​សង្កាត់​ពី​​​ព្រោះ​​​​ ដំបូងពួកគាត់​បាន​ព្យាយាម​ចរចា​​ទាម​ទារ​សំណង​ ជាមួយ​ក្រុម​គ្រួសារ​សាមណេរ​អង្គ​នោះ។

​លោក​បានលើក​​​ឡើង​​​ថា “​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​នគរ​បាល​​រក​យុត្តិធម៌​ជូន​ចៅ​ស្រី​រ​បស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ពីព្រោះ​នាង​ទើប​តែ​មាន​អាយុ​៥​ឆ្នាំ​​​ប៉ុណ្ណោះមិន​ដឹង​អ្វី​ទេ​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស