ការរំពឹងទុកកំពុងកើតមានជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញនៅមុនការប្រកួតបាល់ទាត់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយក្រុមជម្រើសជាតិជួបប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុននៅល្ងាចនេះ។
ពហុកីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន៦០.០០០នាក់នឹងពេញអស់បន្ទាប់ពីម៉ោង៧យប់ដើម្បីមកទស្សនាក្រុមកម្ពុជាជួបប្រកួតជាមួយតារាបាល់ទាត់ល្បីៗនៅក្នុងកីឡាបាល់ទាត់អាស៊ី រួមមានកីឡាករ កេស៊ុកេ ហុងដា (Keisuke Honda) លេងឲ្យក្រុម AC Milan និងកីឡាករ ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) លេងឲ្យក្រុម Borussia Dortmund ជាដើម។

ការប្រកួតនេះធ្វើឡើងបន្ទាប់ពីការចាញ់៦លើកនៅក្នុងការប្រកួត៦ប្រកួតរួមមាន ការប្រកួតចាញ់ក្រុមជប៉ុន៣០កាលពីខែកញ្ញា។ និយាយនៅសន្និសីទកាសែតកាលពីម្សិលមិញ លោក Lee Tae-hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានការសង្ស័យថា ការប្រកួតនៅយប់នេះនឹងមានការលើកឡើងផ្សេងៗគ្នា ដោយលោកបន្ទោសកាលវិភាគប្រកួតដ៏ចង្អៀតរបស់លីកក្នុងស្រុកប៉ះពាល់ដល់ក្រុមរបស់លោក។
គ្រូបង្វឹករូបនេះបាននិយាយថា “ខ្ញុំគិតថា យើងនឹងមានការលំបាកជាងក្រុមជប៉ុននៅក្នុងការប្រកួតនេះ ពីព្រោះកីឡាករជប៉ុនមានកម្រិតលេងខ្ពស់ជាងកីឡាកររបស់យើង”។
លោកបានថ្លែងថា”ខ្ញុំចង់ឲ្យកីឡាករប្រកួតឲ្យស្វិតស្វាញមែនទែន ប៉ុន្តែខ្ញុំបារម្ភពីស្ថានភាពរបស់កីឡាករឥឡូវនេះ ពីព្រោះពួកគេមិនមានពេលសម្រាកគ្រប់គ្រាន់ដោយសារពួកគេចាប់ផ្តើមការប្រកួតលីកក្នុងស្រុករហូតមកទល់ពេលនេះ ដូច្នេះស្ថានភាពរបស់កីឡាករមិនល្អទេឥឡូវនេះ ដូច្នេះខ្ញុំគិតថា វាលំបាកព្យាយាមវាយបកណាស់”។
កីឡាករ ធារី ចន្ថាប៊ីន កូនកាត់ខ្មែរ-បារាំង ដែលពាក់ប្រឡង់ដៃជាប្រធានក្រុមនៅយប់នេះបាននិយាយថា ការឈ្នះប្រហែលជាមិនអាចទេ ប៉ុន្តែសង្ឃឹមថា ក្រុមរបស់លោកនឹងអាចទទួលបានលទ្ធផលស្មើ។
កីឡាករ ចន្ថាប៊ីន បាននិយាយថា “ពួកគេមានកីឡាករល្បីៗច្រើនដែលលេងជាមួយក្រុមអាជីពធំៗ ប៉ុន្តែយើងមិនត្រូវបារម្ភពីរឿងហ្នឹងទេ។ ខ្ញុំគិតថា នៅលើទីលាន យើង ដូចតែគ្នាទេ ដូច្នេះ យើងត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួនយើង ហើយមិនត្រូវខ្លាចទេ”។
កីឡាកររូបនេះបានបន្ថែមថា “ខ្ញុំគិតថា វានឹងលំបាកបំផុត ពីព្រោះយើងដឹងហើយថា ជប៉ុនល្អជាងយើងច្រើន។ពួកគេមានបទពិសោធន៍ច្រើន។ យើងអាចនិយាយថា ការឈ្នះជាការលំបាកណាស់ ប៉ុន្តែខ្ញុំជឿថា អាចស្មើ ប្រសិនបើយើងប្រឹងប្រែង ហើយកុំឲ្យមានកំហុសច្រើន”។
សន្តិសុខត្រូវបានរឹតបន្តឹងជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលក្រុមតារាបាល់ទាត់ជប៉ុនត្រៀម សម្រាប់ការប្រកួត ដោយមានការហាមឃាត់មនុស្សម្នាមិនឲ្យចូលពហុកីឡដ្ឋានដើម្បីហាត់ប្រាណដូចដែលពួកគាត់ធ្លាប់ធ្វើឡើយ។
លោក លន់ សុខលីន ជាសន្តិសុខនៅពហុកីឡដ្ឋានបាននិយាយថា ថ្នាក់លើបានប្រាប់លោកឲ្យរឹតបន្តឹងសន្តិសុខដោយសារវត្តមានកីឡាករល្បីៗរបស់ក្រុមជប៉ុន។លោក សុខលីន និយាយថា “ថ្នាក់ លើបានប្រាប់ ខ្ញុំឲ្យមានការប្រុងប្រយ័ត្នបន្ថែម ទៀត ពីព្រោះកីឡាករជប៉ុនសំខាន់ណាស់និងមានតម្លៃខ្លួនខ្ពស់”។
ដោយតោងរបារនៅច្រកចូលកន្លែងចតយានយន្តនៅពហុកីឡដ្ឋានជាតិអូឡាំពិក គង់ ធា អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យម្នាក់មកពីខេត្តរតនគិរីបាននិយាយដោយក្តីរំភើបថា នឹងបានឃើញកីឡាករសំណព្វចិត្តរបស់ខ្លួនគឺ ស៊ីនជី កាហ្គាវ៉ា។
និស្សិតរូបនេះបាននិយាយថា “ខ្ញុំសង្ឃឹមថា នឹងបានចូលក្នុង ប៉ុន្តែមិនបានឡើយ ពីព្រោះមាននគរបាលច្រើនណាស់…។ ខ្ញុំចូលចិត្តកីឡាករ ហុងដា និង កាហ្គាវ៉ា។ គាត់ជាកីឡាករសំណព្វចិត្តរបស់ខ្ញុំ។ ខ្ញុំចូលចិត្តការញាក់បាល់របស់គាត់។ ខ្ញុំគិតថា ប្រហែលជាយើងឈ្នះជប៉ុន២-១”៕ សារុន