32.5 C
Phnom Penh

គេហទំព័រ​​​ថ្មី​​​បញ្ចេញ​​​ឈ្មោះ​​​អ្នក​​​មាន​​​ខ្នង​​​ក្រាស់​​​នៅ​​​ពីក្រោយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ថ្មី​​​មួយ​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សេរីភាព​​​ខាង​​​សារ​​​ព័ត៌មាន​​​ចំនួន​​​ពីរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​ទូទៅប្រជា​​​ពល​​​​​​រដ្ឋ​​​ខ្មែរ​​​​​​​​​ចាត់ទុក​សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន ​​​​របស់ប្រព័ន្ធផ្សព្វ​ផ្សាយ​​​​ថា ជា​​​ការ​​​ពិត ​​​ហើយ​​​ទោះ​​​បី​​​ជា​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​អីុនធឺណិត​​​ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​មាន​​​ការ​​​កើន​​​ឡើង​​​ក៏​​​ដោយ​​​ ក៏​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​តែ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែរ​​​។

ដោយ​​​រួម​​​សហការ​ជា​​​មួយ​​​អង្គការ​​​រាយ​​​ការណ៍គ្មាន​ព្រំដែន​ (Reporters Without Borders)           ជា​​​អង្គការ​​​ការពារ​​​សេរីភាព​​​ខាង​​​សារព័ត៌មាន​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​ប៉ារីស ​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​ដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯក​​​រាជ្យ​​​ (CCIM) កាល​​​ពី​​​ម្សិលមិញ បាន​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​គេ​​​ហ​​​ទំព័រ​​​ ​​​​​​​​​​​​” Who Owns The Media” ​​​ជា​​​គម្រោង​​​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​រយៈ​​​ពេល​​​បី​​ខែ​​​ដែល​​​សន្និដ្ឋាន​​​ថា “ទីផ្សារ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​​​​កម្ពុជា​​​ត្រូវ​​​បាន​​​​​​ក្តោប​​​ក្តាប់​​​” នៅ​​​ក្នុង​​​ដៃ​​​របស់​​​​​​មនុស្ស​​​មួយ​​​ចំនួនតូច​​​​។

លោក​​​ស្រី ក្លូស៊ីល   ឡឺកូស​ (Clothilde Le Coz)  ជា​​​អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​ជាន់​​​ខ្ពស់​​​របស់​​​គម្រោង ​​​នេះ​​​​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា ការសិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​មិន​​​​​វិភាគ​​​លើ​​​ខ្លឹម​​​សារ​​​ព័ត៌មាន​​​​​​ទេ​​​ ប៉ុន្តែ ​​​បន្ត​​​បង្ហាញ​​​អំពី​​​ការ​​​រក​​​ឃើញ​​​តាម​​​រយៈ​​​សុភា​​​សិត​​​ថា “មាន​​​លុយ​​​​​អាច​​​ប្រើ​​​ខ្មោច​​​កិន​​​ម្សៅ​​​បាន​​​”។

ដោយ​​​សំដៅ​​​លើ​​​ក្រុមហ៊ុន​​​មួយ​​​គ្រប់​​​គ្រង​​​ដោយ​​​លោក គិត ម៉េង ជា​​​ទី​​​ប្រឹក្សា​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដែល​​​គ្រប់​​​គ្រង​​​បណ្តាញ​​​ទូរទស្សន៍​​​ដ៏​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព​​​ដូច​​​ជា ​​​MyTV CTN និង CNC លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​មាន​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​ចំនួន​​​បួន​​​ ឬ​​​ម្ចាស់​​​​​​ដែល​​​ផ្សព្វ​ផ្សាយ​ទៅ​​​កាន់​​​ប្រជាពលរដ្ឋ​​​​៨៣​​​,៤ភាគ​​​រយ​​​។ ក្នុង​​​ចំណោម​​​នោះ​​​ ក្រុម​​​ហ៊ុន​​​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​​​ធំ​​​ជាង​​​គេ​​​នៅ​​​កម្ពុជា​​​​​​បាន​​​ទាក់​​​ទាញ​​​ទាញ​​ប្រជាពលរដ្ឋ​​​​ចំនួន​​​៤៧,៧ភាគ​​​រយ​​”។

សេច​​​ក្តី​​​​ប្រកាស​​​​ព័ត៌មាន​​​មួយ​​​នៅ​​​ពេល​​​ចាប់​​​ផ្តើមបើក​​​​ការ​​​ដំណើរ​​​ការ​​​គេ​​​ហទំព័រ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “​​​នេះ​​​ធ្វើ​​​ឲ្យ​​​លោក គិត ​​​ម៉េង​​​ ​​​​​​ដែល​​​ជា​​​ម្ចាស់​​​​​ក្រុម​​​ហ៊ុន​​​មួយរូប​ក្នុង​​​ចំណោម​​​ម្ចាស់​​​​​​​ក្រុម​​​ហ៊ុន​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពលបំផុត​​​​ មាន​​ឥទ្ធិពល​ខ្លាំង​​​យ៉ាង​​​​លើ​​​មតិ​សាធារណ​​​ជន​នៅ​​​កម្ពុជា”។

យោង​​​តាម​​​ការ​​​សិក្សា​​​ស្រាវ​​ជ្រាវ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា លោក អឹុង ឆៃងួន ម្ចាស់​​​ស្ថានីយ​​​ទូរទស្សន៍​​​ ហង្ស មាស ដែល​​​មិន​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោបាយ​​​ទាក់​​​ទាញ​​​ទស្សនិក​​​ជន​​​បាន​​​ច្រើន​​​ជាង​​​គេ​​​ទី​​​២​​​ ​​​បន្ទាប់​​​មក​​​ទៀត​​​គឺ​​​កូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន គឺ​​​លោកស្រី ហ៊ុន ម៉ាណា ដែល​​​គ្រប់​​​គ្រង​​​ស្ថានីយ​​​ ទូរទស្សន៍​​​​​​បាយ័ន​​​ និង​​​កាសែត​​​កម្ពុជា​​​ថ្មី​​​ ហើយ​​​បន្ទាប់មក​​​ទៀត​​​នោះ គឺ​​​លោក សេង ប៊ុន​​​វ៉េង​​​ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ ABC ដែល​​​រង​​​ការ​​​បន្ទោស​​​ពី​​​រដ្ឋាភិបាល​​​ បន្ទាប់​​​ពី​​​លើក​​​ឡើង​​​តាម​​​រលក​​​ធាតុ​​​អាកាស​​​ថា “ឈាម​​​នឹង​​​ហូរ​​​ដាប​​​ផ្លូវ​​​” ​​​ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣។

លោក​​​ស្រី ឡឺកូស បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​​​មាន​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ចំនួន​​​បួន​​​ដែល​​​មាន​​​ឥទ្ធិពល​​​លើ​​​ទស្សនិកជន​​​ភាគ​​​ច្រើន​​​ ដូច្នេះ​​​វា​​​មាន​​​ផល​​​ប៉ះពាល់​​​លើ​​​លទ្ធិប្រជាធិបតេយ្យ​​​សេរី​​​ពហុបក្ស និង​​​ភាព​​​ឯករាជ្យ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​”។

ការសិក្សានេះ​បានរកឃើញ​ថា​ ក្នុង​​​ចំណោម​​​​ម្ចាស់​​​ផ្សព្វ​​​ផ្សាយ​​​ធំ​​​ៗចំនួន​​​២៧ មាន​​​ម្ចាស់​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​យ៉ាង​​​តិច​​​ចំនួន​​​៨​​​ មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​​​​គណបក្ស​​​ប្រជា​​​ជន​កម្ពុជា​ (​ត្រូវបាន​តែងតាំងជាទីប្រឹក្សា​ឬ​ទទួលបាន​បៀវត្ស​រ៍ពីរដ្ឋាភិបាល​)​​​ខណៈ​​​ម្ចាស់ពីរ​​​រូប​​​ទៀត​​​​​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​គណបក្ស​​​ប្រឆាំង និង​​​ប្រាំ​​​បួន​​​នាក់​​​ផ្សេង​​​ទៀត​​​គឺ​​​ជា​​​ “អ្នក​​​ជំនួញ ឬ​​​ឧកញ៉ា ដែល​​​ប្រឡូក​​​ក្នុង​​​ឆាក​​​នយោបាយ​​​”។

ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​បាន​​​រក​​​ឃើញ​​​ទៀត​​​​ថា ​​​ម្ចាស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ផ្នែក​​​ទាំងអស់​នៃ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មាន​​​ដូច​​​ជា​​​ស្ថានីយ​​​ទូរទស្សន៍ ស្ថានីយ​​​វិទ្យុ ​​​កាសែត ​​​និង​​​គេ​​​ហទំព័រ​​​ គឺ​​​កម្រ​​​មាន​​​ណាស់​​​ ប៉ុន្តែ​​​មាន​​​តែ​​​លោកស្រី ហ៊ុន ម៉ាណា និង​​​លោក សាយ ​​​ឈុំ ​​​អនុប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​តែ​​​ប៉ុណ្ណោះ​​​​​​​ដែល​​​មាន​​​ភាព​​​សកម្ម​​​នៅ​​​ក្នុង​​​ផ្នែក​​​ទាំង​​​បួន​​​នេះ​​​។

លោក​​​ស្រី ក្លូស៊ីល ឡឺកូស បាន​​​​​​លើក​​​ឡើង​​​​​​​ថា ខ្លឹម​​​សារ​​​ព័ត៌មាន​​​ដែល​​​ផ្សព្វ​​​ផ្សាយ​​​​​​ដោយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នានា​​​ជា​​​ទូទៅ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​ពិត។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​មាន​​​​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​លើ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ ហេតុ​​​ដូច្នេះ​​​ហើយ​​​​​​អ្វី​​​ដែល​​​បាន​​​​អាន​​​ អ្វី​​​ដែល​​​បាន​​​ទស្សនា និង​​​អ្វី​​​ដែល​​​បាន​​​ស្តាប់​​​ គឺ​​​មាន​​​ការ​​​ជឿ​​​ជាក់​​​ខ្លាំង​​​ណាស់​​​។ ​​​​ប្រជាពលរដ្ឋ​មិន​​​សូវ​​​ជា​មាន​​​​​​មន្ទិល​​​សង្ស័យ​​​នោះ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​បើ​និយាយ​ដល់​ភាព​​​ជា​ម្ចាស់​ឬការ​ក្តោប​ក្តាប់​ វាពិត​ជាមាន​បញ្ហា​នៅក្នុង​​បរិបទនេះ​”។

ច្បាប់​​​សារព័ត៌មាន​​​ឆ្នាំ​​​១៩៩៥​​​ចែង​​​ថា ​​​គ្មាន​​​បុគ្គល​​​ណា​​​អាច​​​គ្រប់​​​គ្រង​​​កាសែត​​​លើ​​​ស​ពីពីរ​​​បាន​​​ឡើយ ហើយ​​​ថា គ្មាន​​​ជន​​​បរទេស​​​ណា​​​អាច​​​គ្រប់​​​គ្រង​​​ទី​​​ផ្សារ​​​លើ​​​ពី​​​២០​​​ភាគ​​​រយ​​​បាន​នោះ​​​​​​​ទេ ដោយ​​​វា​​​មាន​​​ការ​​​ធានា​​​នូវ​​ពហុ​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ។ ទោះ​​​ជាយ៉ាង​​​ណា​​​ក៏​​​ដោយ ​​​លោក សុក សំអឿន អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​ដែល​​​​​​​ជា​​​ទី​​​​ប្រឹក្សា​​​​​​គេហទំព័រ​​​ “Who Own The Media ” នេះ​បាន​​​លើក​​​ឡើង​​​នៅ​​ក្នុ​​​ងពិធីកាល​​​​​​​ពី​​​​​ម្សិលមិញ​​​ថា ច្បាប់​​​នេះ​​​មិន​​​មាន​​​សេចក្តី​​​លម្អិត​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ទីផ្សារ​​​ប្រកប​​​ដោយ​​​ប្រសិទ្ធភាព​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ច្បាប់​​​នេះ​​​ពាក្យ​​​ថា​​​ម្ចាស់​​​មាន​​​ន័យ​​​យ៉ាង​​​ណា​​​នោះមិន​​​ទាន់​​​ច្បាស់​​​ទេ។ តើមាន​​​ភាគ​​​ហ៊ុន​​​ប៉ុន្មាន​​​? តើ​​​សំដៅ​​​លើ​នាយក​​​ប្រតិបត្តិ ឬក្រុម​​​ប្រឹក្សា​​​នាយក? វា​ក៏​​​មិន​​​ទាន់​​​ច្បាស់​​​ដែរ​​​ ហេតុ​​​ដូច្នេះ​​អំណាច​​គឺ​​​ប្រគល់​​​ទៅ​​​ឲ្យ​​​​​​ក្រសួង​​​ព័ត៌មាន​​​ជា​​​អ្នក​​​វាយ​​​តម្លៃ”។

វា​​​គ្មិន​​​ម្នាក់​​​ទៀត​​​ក្នុង​​​ពិធី​​​​នេះ​​​គឺលោក ​​​សយ សុភាព ម្ចាស់​​​គេ​​​ហទំព័រ​​​​​​ដើម​​​អម្ពិល​​​ដ៏​​​មាន​​​ប្រជា​​​ប្រិយភាព​​​ និង​​​ជាស្ថាបនិកដែល​​​មាន​​​ភាគ​​​​​​​ហ៊ុន​​​នៅក្នុង​គេ​​​ហទំព័រ​​​ Fresh News ​​​ហើយ​​​បើ​​​យោង​​​តាម​​​មជ្ឈមណ្ឌល​​​កម្ពុជា​​​ដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ឯករាជ្យ​​​ លោក​គឺជា​​​បុគ្គលិក ​​​មួយ​​​រូប​​​នៅ​​​​​​ក្រសួង​​​ព័ត៌មាន​​​។ លោក ​​​សយ ​​​សុភាព ត្រូវ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ​​​ឲ្យធ្វើ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​នយោបាយ​​​ហើយ​​​​​​បាន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា បង្ហាញ​​​ពី​​​ភាព​​​លម្អៀង​​​លើ​​​គណបក្ស​​​ ប្រជា​​​ជន​​​កម្ពុជា​​​តាមរយៈផ្នែក​​​និពន្ធ​​​​របស់​​​លោក​។

ដោយ​​​ឆ្លើយ​​​តប​​​នឹង​​​សំណួរ​​​អំពី​​​ភាព​​​លម្អៀង​​​ ​​​របស់​​​លោក​​​ លោក សយ សុភាព បាន​​​​​​លើក​​​ឡើ​​​ង​​​ ថា “គេ​​​ធ្លាប់​​​និយាយ​​​ថា លោក ​​​សយ ​​​សុភាព មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ តែ​​​តាម​​​ពិត​​​ទៅ​​​ខ្ញុំ​​​មាន​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ច្រើន​​​ជាង​​​ទៅ​​​វិញ​​​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “បង​​​ប្អូន​​​ទាំង​​​អស់​​​អាច​​​និយាយ​​​បាន​​​ថា ប្រសិន​​​បើ​​​គ្មាន​​​ការ​​​រិះគន់​​​រដ្ឋា​​​ភិបាល​​​អ៊ីចឹង​​​យើង​​​មិន​​​អាច​​​មាន​​​លទ្ធិប្រជា​​​ធិបតេយ្យ​​​បាន​ទេ ប៉ុន្តែ នៅ​​​​​​កម្ពុជា​​​វា​​​ផ្សេង​​​។ ​​​យើង​​​នៅ​​​កម្ពុជា​​​ យើង​​​កំពុង​​​ដើរ​​​តាម​​​ជំហាន​​​កូន​​​ក្មេង​​​ ប្រសិន​​​បើ​​​យើង​​​ចង់​​​រិះ​​​​​​គន់​​​រដ្ឋាភិបាល​​​ ​​​យើង​​​ត្រូវ​​​តែ​​​មាន​​​​​​វិធី​​​ច្បាស់​​​លាស់​​​ក្នុង​​​ការ​​​រិះ​​​គន់​​​​​​”។

នៅ​​​ជាប់​​​​​​លោក សយ សុភាព គឺ​​​លោក​​​ស្រី ជា ស៊ុន​​​ដាណែត ស្ថាបនិក​​​​មណ្ឌល​​​​​​ព័ត៌មាន​​​ស្ត្រី​​​កម្ពុជា​​​ដែល​​​គេ​​​ស្គាល់​​​ថា ជា​​​វិទ្យុ​​​មណ្ឌល​​​ព័ត៌មាន​ស្រ្តី​​​កម្ពុជា​​​ FM102 ។  នៅ​​​ពេល​​​សួរ​​​ថា​​​តើ​​​បញ្ហា​​​អ្វី​​​ដែល​​​​​​លោកស្រី​​​ជួប​​​ប្រទះ​​​ក្នុង​​​ការ​​​រក្សា​​​សុចរិត​​​ភាពនៅ​មណ្ឌល​​​​​​ព័ត៌មាន​​​របស់​​​លោកស្រី​​​​​ លោក​​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ ដ៏​​​ធំ​​​​​​​គឺ​​​ការ​​​រក្សា​​​បុគ្គលិក​​​ ខណៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​ដែល​​​មាន​​​ខ្នង​​​ក្រាស់ និង​​​ជះ​​​លុយ​​​ខ្លាំង​​​បាន​​​ឈាន​​​ចូល​​​មក​​​ក្នុង​​​ទីផ្សារ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ឧកញ៉ា​ៗ​ ចាប់​​​ផ្តើម​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​ ពួក​​​គេ​​​ឲ្យ​​​ប្រាក់​​​ខែ​​​ទ្វេ​​​​ដង​​​ ហើយ​​​​​​ទាញ​​​បុគ្គលិក​​​​​​របស់​​​ខ្ញុំ​​​”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ជំហរ​​​របស់​​​អ្នកស្រី​​​មិន​​​ព្រម​​​ផ្សព្វ​​​ផ្សាយ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ស្រាបៀរ ឬ​​​ក្រុមហ៊ុនបារី​​​ ធ្វើ​​​ឲ្យ​​​លោក​​​ស្រី​​​មិន​​​អាច​​​ប្រកួត​​​ប្រជែង​​​នឹង​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែលទើបតែ​ឈានជើង​​ចូល ទីផ្សារ​បាន​​​ឡើយ​​។

កាសែត​​​ Khmer Times ​ដែល​​​​ចាងហ្វាង​​​ គឺ​លោក T. Mohan ​​​​​​​បាន​បង្ហាញ​​​ភាព​​​លម្អៀង​​​លើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​នៅ​​​ក្នុង​​​ទំព័រ​​​​​​បញ្ចេញ​​​ មតិ​​​​​​​ប្រចាំថ្ងៃ​ និង​​​ទូរទស្សន៍​​​ PNN ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក លី យ៉ុងផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​ទាក់​​​ទាញ​​​បុគ្គលិក​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន​​​ពេល​​​ឈាន​​​ជើង​​​ចូល​​​ទី​​​ផ្សារ​​​​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន​​​។

លោក ម៉ៃ ទិត្យ​​​ថារ៉ា អ្នក​​​យក​​​ព័ត៌មាន​​​​ដ៏​​​ចំណាន​​​​មក​​​ពី​​​កាសែត​​​ភ្នំពេញ​​​ប៉ុស្តិ៍​​​ បាន​​​​ផ្លាស់​​​ទៅ​​​កាសែត​​​ Khmer Time ជាមួយ​​​អ្នក​​​រួម​​​ការ​​​ងារ​​​មួយ​​​ចំនួនទៀត។​​​​

លោក​​​បាន​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​កាល​​​ពី​​​ម្សិល មិញ​​​ថា ខណៈ​​​លោក T. Mohan ចាំ​​​​​​តែ​​​ទទួល​​​អីុម៉េល​​​ផ្ទៃ​​​ក្នុង​​​ គាត់​​​មិន​​​សូវ​​​ជា​​​ធ្វើ​​​ការ​​​ងារ​​​ប៉ុន្មាន​​​ទេ​​​នៅ​​​ខាង​​ផ្នែក​​​និពន្ធ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​​ទទួល​​​​​​បាន​ព័ត៌មាន​ត្រឡប់​ពី​ចាងហ្វាង​ទេ​​​​ប៉ុន្តែ យើង​​​ទទួល​​​បាន​​​ព័ត៌មាន​ត្រឡប់​​​​ពី​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ ពួក​​​គេ​​​បាន​​​ប្រាប់​​​យើង​​​ពេល​​​ពួក​​​គេ​​​គិត​​​ថា ​​​រឿង​​​មាន​​កំហុស​​​​ ប៉ុន្តែ​ចាងហ្វាង​ប្រាប់​យើង​ឲ្យទុក​ដដែល​​​​”។

លោក សេក បរិសុទ្ធ​ ប្រធាន​​​ក្រុមប្រឹក្សា​​​ក្រម​​​សីលធម៌​​​សារព័ត៌មាន​​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ លោក​គិតថា​ អ្នក​​​យក​​​ព័ត៌​​​មាន​​​គួរ​​​តែ​​​ប្រកាស​​​ពី​​​​​​ទំនាក់​​​ទំនង​​​ផ្នែក​​​របស់​​​ខ្លួន​​​ពេល​​​សរសេរ​​​អត្ថបទ​​​នយោបាយ​​​​ឬយ៉ាងណា​។ ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា នៅ​​​ក្នុង​​​ករណី​​​ទំព័រ​​​បញ្ចេញ​​​មតិ​​​ មាន​ត្រឹមតែ​ឈ្មោះ​គឺ​​​​គ្រប់​​​គ្រាន់​​​ហើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “លុះ​​​ត្រា​​​តែ​​​​​​អ្នក​​​គឺ​​​ជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថ្មី​​​សុទ្ធសាធ​​ បើ​​​ធ្លាប់​​​មាន​​​ឈ្មោះ​​​ហើយ​​​ សាធារណជន​​​ស្គាល់​រួច​​​​ទៅ​​​ហើយ​​​ អំពី​​​ទំនាក់​​​ទំនង​​​ផ្នែក​​​​​​នយោបាយ​​​របស់​​​អ្នក​​​។ ប្រសិន​​​បើ​​​​​​អត្ថបទ​​​នោះ​​​ជា​​​អត្ថបទ​​​ព័ត៌​​​មាន​​​ ការពិត​​នៅតែជា​​ការពិត​​​។ មាន​​​ការ​​​ពិត​​​តែ​​​មួយ​​​ប៉ុណ្ណោះ​​​​ ហើយ​​​ប្រសិន​​​បើ​​​​មិន​​​បំពេញ​​​​​​តាមវិជ្ជាជីវៈ​ ​​វា​​​មាន​​​ន័យ​​​ថា អ្នក​​​មិន​​​គោរព​​​ក្រម​​​សីលធម៌​​​​​​​”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស