28.4 C
Phnom Penh

ក្រុម​អ្នក​ស៊ើប​អង្កេត​ឃាតកម្ម​បារាំង​រក​ឃើញ​កាំបិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង ដែល​ស៊ើប​អង្កេត​ក្នុង​រឿង​ឃាតកម្ម​ឆ្នាំ​២០១២​លើ​ជនជាតិ​បារាំង​ឈ្មោះ ឡូរ៉ង់ វា៉ល្លីយេ និង​កូន​បួន​នាក់​របស់​លោក បាន​បញ្ចប់​ការ​ចុះ​ពិនិត្យ​ដល់​ទីកន្លែង​ថ្មី​បំផុត​របស់​ពួក​គេនៅ​កម្ពុជា និង​បាន​យក​កាំបិត​ដែលរក​ឃើញ​មួយ​និង​សំណាក​ឌីអិនអេ​ពី​សាច់​ញាតិ​ខ្មែរ​របស់​ភរិយា​ដែល​ស្លាប់​ទៅ​របស់​លោក ដែល​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ធ្វើការ​វិភាគ។

បួន​ខែ​បន្ទាប់ពី​ពួកគេ​បាន​បាត់​ខ្លួន សព​លោក ឡូរ៉ង់ វា៉ល្លីយេ អាយុ​៤២​ឆ្នាំ និង​សព​កូនៗ​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​នៅ​ខែ​មករា​ឆ្នាំ​២០១២ ក្នុង​រថយន្ត​ឡង់​គ្រីស័រ​លិច​ក្នុង​ទឹក​ស្រះ នៅ​ជិត​ផ្ទះ​របស់​ពួកគេ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ភ្លាមៗ​ប៉ូលិស​កម្ពុជា​បាន​ចាត់ទុកថា ករណី​នេះ​ជា​ឃាតកម្ម​អត្តឃាត បើ​ទោះ​ជា​ការ​ពិត ក្បាល​របស់​ជនជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​វ៉ាលិស​មួយ​នៅ​គូទ​រថយន្ត​ក៏ដោយ។ ប៉ុន្តែ សាច់ញាតិ​របស់​លោក ឡូរ៉ង់ វា៉ល្លីយេ នៅ​ប្រទេស​បារាំង​បាន​សន្និដ្ឋាន​ថា នេះ​ជា​ល្បិច​បន្លំ​ភ្នែក​ទៅ​វិញ​ទេ ដោយ​លើក​ឡើង​នូវ​ជម្លោះ​ដី​ធ្លី​ជាមួយ​សាច់​ថ្លៃ​ខ្មែរ​របស់​លោក ហើយ​សំណុំ​រឿង​នេះ​បាន​បើក​ឡើង​វិញ បន្ទាប់ពី​ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​បាន​ធ្វើ​កោសល្យវិច័យ និង​បាន​បដិសេធ​ថា វាមិនមែន​ករណី​អត្តឃាតទេ។

កាលពី​ថ្ងៃ​អង្គារ លោក ឈឹម ឫទ្ធី ចៅក្រម​ស៊ើបអង្កេត​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា ក្រុម​អ្នក​ស៊ើបអង្កេត​បារាំង​ដែល​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា បន្ទាប់ពី​ការ​មក​លើក​ទី១​នៅ​ឆ្នាំ​២០១៣​ដើម្បី​ពិនិត្យ​ទីកន្លែង​ឧក្រិដ្ឋកម្ម បាន​ចំណាយ​ពេល​ប្រាំ​ថ្ងៃ​ក្នុង​ខេត្ត​នេះ និង​បាន​ចាក​ចេញ​ទៅ​វិញ​កាលពី​ថ្ងៃ​សៅរ៍ ជាមួយ​នឹង​តម្រុយ​ថ្មី។

លោក​បាន​និយាយ​ថា នៅ​ខាង​ក្នុង​ផ្ទះ​របស់​គ្រួសារ​នេះ “ពួកគេ​បាន​បូម​ទឹក​ចេញ​ពី​អាង​ទឹក​មួយ ហើយ​ពួកគេ​បាន​រក​ឃើញ​កាំបិត​មួយ​និង​សក់​មួយ​ចំនួន។ ពួកគេ​បាន​ប្រមូល​យក​កាំបិត​និង​សក់​ដើម្បី​ពិនិត្យ​ឌីអិនអេ​នៅ​ប្រទេស​បារាំង”។

ចៅក្រម ឫទ្ធី បាន​និយាយ​ថា ពួកគេ​ក៏បាន​យក​សំណាក​ទឹកមាត់​ពី​សាច់ញាតិ​ប្រពន្ធ​របស់​លោក ឡូរ៉ង់ វា៉ល្លីយេ ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​២០០៩ ដើម្បី​ប្រៀប​ធៀប​ឌីអិនអេ​របស់​ពួកគេ​ជាមួយ​សំណាក​ដែល​ពួកគេ​រក​បាន​ពីមុន​ពី​កន្លែង​កើត​ហេតុ​នោះ។ លោក​បាន​និយាយ​ថា លទ្ធផល​អាច​ចេញ​ក្នុង​ពេល​ប្រាំមួយខែ​ខាង​មុខ។

ឧត្តមសេនីយ៍​ទោ សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ជួយ​ក្រុម​អ្នក​ស៊ើបអង្កេត​សាក​សួរ​គ្រួសារ​នេះ។

លោក​បាន​និយាយ​ថា “យើង​ទើបតែ​បាន​សាកសួរ​សាច់ថ្លៃ​បួន​នាក់​របស់​លោក ឡូរ៉ង់ វា៉ល្លីយេ សម្រាប់​ការ​ស៊ើបអង្កេត​នេះ ប៉ុន្តែ យើង​មិន​ទាន់​បាន​រក​ឃើញ​ជន​សង្ស័យក្នុង​​ឃាតកម្ម​នៅ​ឡើយ​ទេ”។

លោក ហេង ពួង មេធាវី ខាង​សាច់ថ្លៃ​របស់​លោក ឡូរ៉ង់ វា៉ល្លីយេ បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​សាកសួរ​កូន​ក្តី​របស់​លោក ឬ​បាន​យក​សំណាក​ទឹកមាត់​ទេ។

ស្ថានទូត​បារាំង​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ទេ។

ក្នុង​សេចក្តី​ថ្លែងការណ៍​​មួយ លោកស្រី ក្លូឌីន អង់ហ្វូ៊ ចៅក្រម​ស៊ើប​អង្កេត​បារាំង​ទទួល​បន្ទុក​សំណុំរឿង​នេះ បាន​និយាយ​ថា ក្រុម​អ្នក​ស៊ើបអង្កេត “មាន​ការ​រីកចម្រើន​ច្រើន” ហើយ​នឹង​សិក្សា “សំណាក​ថ្មី​នេះ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស