32.5 C
Phnom Penh

ក្រសួង​​សង្គម​កិច្ច​ផ្ដោត​គោល​ដៅ​​​​ទៅ​រក​មណ្ឌល​កុមារ​កំព្រា​​​ទូទាំង​​​​ប្រទេស​ដែល​មិន​​បាន​ចុះ​​​​​​បញ្ជី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ រដ្ឋាភិបាល​បាន​សន្យា​​​​​​ដាក់​ប្រព័ន្ធ​​​មណ្ឌល​កុមារ​កំព្រា​​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​​​​​​ដិត​ដល់​ និង​ប្រុង​ប្រយ័ត្ន​របស់​ខ្លួន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ដោយ​ពេល​នេះ​​ មណ្ឌល​ថែទាំ​​កុមារ​ទាំង​អស់​​​​​ត្រូវ​បាន​តម្រូវ​ឲ្យ​​​​ចុះ​បញ្ជី​​​នៅ​ក្រសួង​​សង្គម​កិច្ច និង​​ប្រកាន់​ខ្ជាប់​​តាម​​បទដ្ឋាន​​មួយ​ចំនួន ​បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​​​​ការ​បិទទ្វារ​។

កាល​ពីមុន មណ្ឌល​កុមារ​កំព្រា​​​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​​របស់​​​​សមត្ថកិច្ច​​ខុសៗគ្នា​ ដោយ​អង្គការ​ដែល​ព្រះវិហារ​គ្រិស្ត​​​​​​គ្រប់គ្រង​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួង​ធម្មការ និង​សាសនា​ ចំណែក​ឯ​​អង្គការ​ផ្សេងៗ​ទៀត​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ឬ​​ក្រសួង​សង្គម​កិច្ច​។

​លោក ទូច ចាន់នី អនុប្រធាន​នាយកដ្ឋាន​​ផែន​ការ​​នៃ​ក្រសួង​សង្គម​កិច្ច ​មាន​ប្រសាសន៍​​ថា ”​​កត្តា​នេះ​បាន​បង្ក​ការ​លំបាក​​​ក្នុង​ការ​គ្រប់​គ្រង​​គុណភាព​​នៃ​ការ​ថែទាំ​នៅ​តាម​មណ្ឌល​ថែទាំ​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​​ “​អំឡុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ថ្មី​​មួយ​ស្ដីពី​​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ ជា​ពាក្យ​មួយ​ទៀត​សម្រាប់​ហៅ​ជំនួស​​​​មណ្ឌល​កុមារ​កំព្រា។

លោក​មាន​ប្រសាសន៍​ទៀត​ថា អនុក្រឹត្យ​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំង​ពី​ឆ្នាំ​២០១៣​ និង​ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ ត្រូវ​បាន​តាក់​តែង​ឡើង​ដើម្បី​​​ផ្ដល់​សិទ្ធិ​​អំណាច​ផ្ដាច់​មុខ​​ឲ្យ​​មន្ត្រី​សង្គម​កិច្ច​ ”​រៀបចំ តាម​​​ដាន និង​ត្រួត​​​ពិនិត្យ​​​មណ្ឌល​ទាំង​នេះ​​​”។

យោង​តាម​អនុក្រឹត្យ​នេះ​ មណ្ឌល​ដែល​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​​ឲ្យ​បាន​មុន​ថ្ងៃទី​១១ ខែមីនា នឹង​ត្រូវ​បិទ​ទ្វារ​ ហើយ​មណ្ឌល​ដែល​ចុះ​បញ្ជី​​​​ ប៉ុន្តែ​បំពេញ​​មិន​បាន​​តាម​បទដ្ឋាន នឹង​​​ទទួល​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ មុន​ពេល​ត្រូវ​ផ្អាក​​​ប្រតិបត្តិ​ការ​ជា​បណ្ដោះ​អាសន្ន។

វិធាន​ថ្មីៗ​ទាំង​នេះ​បញ្ជាក់​ថា មណ្ឌល​កុមារ​​​កំព្រា​​ទាំង​អស់​ត្រូវ “​​ចាត់​ចែង និង​រក្សា​សំណុំ​ឯក​សារ​​​របស់​កុមារ​ម្នាក់ៗ​​តាម​រយៈ​​ប្រព័ន្ធ​មូលដ្ឋាន​​ទិន្នន័យ​ច្បាស់​លាស់​​ ហើយ​​ត្រៀម​រៀបចំ​​របាយការណ៍​ជា​ប្រចាំ​ ត្រៀម​ផែន​ការ​​ជួប​ជុំ​គ្រួសារ​ឡើង​វិញ និង​​​​​​បញ្ចូល​កុមារ​​​​ទៅ​ក្នុង​​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​វិញ”។ ក្នុង​ករណី​​​​សង្ស័យ​ថា​មាន​ការ​រំលោភ​បំពាន​នៅ​​តាម​មណ្ឌល ​ត្រូវ​រាយការណ៍​​ប្រាប់​សមត្ថ​កិច្ច​ក្នុង​រយៈ​ពេល​៤៨​ម៉ោង។

មណ្ឌល​ដែល​បំពេញ​មិន​​​បាន​​តាម​​បទដ្ឋាន​ នឹង​ត្រូវ​ចាត់​ទុក​ថា “​លាក់​ការសម្ងាត់​” ដែល​អាច​​​បណ្ដាល​ឲ្យ​​​​​មណ្ឌល​ទាំង​នោះ​ត្រូវ​បិទ​ទ្វារ​ ទោះ​បី​ជា​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​​​​កិច្ច​បាន​ទទួល​ស្គាល់​ថា ក្រសួង​របស់​លោក​គ្មាន​ធនធាន​សម្រាប់​​​ការ​ថែទាំ​កុមារ​ដែល​​​​ត្រូវ​ផ្លាស់​ទីលំ​នៅ​​ក្នុង​ដំណើរ​ការ​នេះ​​ក្ដី​។

លោក​ថ្លែង​ថា ​”​យើង​គ្មាន​ប្រាក់​គ្រប់គ្រាន់​​ទេ” ហើយ​​ក្រសួង​បាន​​​​ជួល​​បុគ្គលិក​ដែល​ធ្វើ​ការ​ងារ​​​​​ផ្នែក​សង្គម​ចំនួន​១៥​នាក់​​ប៉ុណ្ណោះ​ឲ្យ​ជួយ​​ដោះ​ស្រាយ​​បញ្ហា​បញ្ចូល​កុមារ​ទៅ​ក្នុង​សហគមន៍​វិញ ប៉ុណ្ណោះ​លោក​សង្ឃឹម​ថា ​ចំនួន​​​​នោះ​​នឹង​កើន​ឡើង​។

លោកក៏​​មាន​ប្រសាសន៍​ដែរ​ថា អ្នក​ដែល​រង់​ចាំ​តែ​រិះ​គន់​​​ការ​ដោះ​ស្រាយ​របស់​​ក្រសួង​​​ចំពោះ​​​បញ្ហា​យុវជន​ដែល​​​​ផ្លាស់​ទី​លំនៅ គួរ​តែ​ផ្ដោត​លើ​​​វិធី​ដែល​ពួកគេ​​អាច​ជួយ​​ដល់​ការ​ផ្លាស់​ប្ដូរ​​នេះ​ជំនួស​​​​ឲ្យ​ការ​លេង “ពីង​​ប៉ុង ហើយ​ចាំតែ​បន្ទោស​គ្នា”។ ​លោក​លើក​​ឡើង​បន្ថែម​ថា “​[អង្គការ​មិន​មែន​រដ្ឋាភិបាល​​] អាច​ជួយ​បាន​នៅ​ក្នុង​សហគមន៍ ​​ជាជាង​​​នាំ​ក្មេងៗ​ទៅ​​មណ្ឌល”។

​​​​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ធ្វើ​ឡើង​​​​​​ដោយ​អង្គការ​​យូនី​សេហ្វ​​ បង្ហាញ​​ថា កុមារ​ជាង​១១.០០០​នាក់​​​​កំពុង​រស់​នៅ​តាម​​មណ្ឌល​​​​ថែទាំ​​មាន​​​​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ចំនួន​២២៨​​ក្នុង​ប្រទេស​​​កម្ពុជា ជា​តួលេខ​មួយ​ដែល​មិន​​​​រាប់​បញ្ចូល​​កុមារ​​​នៅ​តាម​មណ្ឌល​រាប់​រយ​មិន​​បាន​​​ចុះ​បញ្ជី​ត្រឹម​ត្រូវ​​ផងទេ​​។ ​តាម​ពិត​​ទៅ ​កុមារ​ជាង​៧៥​ភាគរយ​​​​​នៅ​តាម​​​មណ្ឌល​​ដែល​ផ្ដល់​កន្លែង​​ស្នាក់​​នៅ មិន​មែន​​ជា​កុមារ​កំព្រា​ទេ​ នេះ​បើ​យោង​តាម​​​​ការ​សិក្សា​​​ស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ​២០១២​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​យូនីសេហ្វ និង​ក្រសួង​សង្គម​កិច្ច។

នៅ​ពេល​សួរ​ថា ​តើ​នឹង​មាន​អ្វី​កើត​ឡើង​​ចំពោះ​​កុមារ​​ដែល​រស់​នៅ​តាម​មណ្ឌល​ដែល​បំពេញ​មិន​បាន​​​តាម​លក្ខខណ្ឌ​​​​​​នោះ លោក ​ទូច ចាន់នី ​បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​មាន​យន្តការ​​សម្រាប់​ស្ថានភាព​បែប​នេះ​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា “​ជា​គោលការណ៍​ យើង​ត្រូវ​​​បង្កើត​​គណៈ​កម្មការ​មួយ​ដើម្បី​​សម្រួល​​​បញ្ហា​នោះ​​។ ប្រសិន​បើ​ចាំបាច់​ យើង​អាច​បញ្ជូន​​ពួកគេ​​​ទៅ​ឲ្យ​​ឪពុក​ ឬ​ម្ដាយ​​របស់​ពួកគេ​វិញ បើ​មិន​ដូច្នោះ​ទេ​​យើង​​​អាច​​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​​ដែល​មាន​សុវត្ថិភាព​ ហើយ​​​​បើ​ពួកគេ​ក្រីក្រ​ខ្លាំង​ យើង​នឹង​ជួយ​សម្រួល​បញ្ហា​នេះ​សម្រាប់​ពួកគេ​”។

លោកស្រី ដេបូរ៉ា ខូមីណាយ (Debora Comini) ​តំណាង​ប្រចាំ​ប្រទេស​នៃ​​​អង្គការ​​យូនីសេហ្វ​នៅ​កម្ពុជា​ ដែល​​បាន​និង​កំពុង​ជំរុញ​​​​ឲ្យ​​កែ​ប្រែ​​​ប្រព័ន្ធ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​មាន​ប្រសាសន៍​ថា ​​​​អនុក្រឹត្យ​នេះ​​​ “​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​”។

លោកស្រី​​ថ្លែង​ថា “​គ្រួសារ​គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​កុមារ​លូត​លាស់” ហើយ​មណ្ឌល​​​កុមារ​កំព្រា​គួរ​តែ​ជា​ជម្រើស​ចុង​ក្រោយ​។ “ការ​ថែទាំ​​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​មាន​ផល​ប៉ះពាល់​​អវិជ្ជមាន​​លើ​ជីវិត​របស់​ពួកគេ”។

អំពាវ​នាវ​​​ឲ្យ​​អ្នក​ចូល​រួម​ដែល​ភាគច្រើន​ជា​​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ​នាយក​មណ្ឌល​កុមារ​កំព្រា​ និង​អ្នក​ការទូត​ជួយ​បញ្ជូន​សារ​នេះ​ លោកស្រី​មាន​ប្រសាសន៍​ថា “គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​ការ​​ចំនួន​មាន​កំណត់​នៃ​មណ្ឌល​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​។ យើង​​​សូម​អំពាវ​នាវ​ឲ្យ​អស់​លោក​ លោកស្រី ចូល​រួម​​​​ ជាមួយ​ក្រសួង​​ អង្គការ​យូនីសេហ្វ និង​កម្ម វិធី​​​​​ដំបូង​ថែទាំ​​គ្រួសារ​ថ្មី ធ្វើ​​ការ​កែប្រែ​​ពី​​​​​ការ​​ ថែ​ទាំនៅ​មណ្ឌល​ទៅ​ជា​ការ​ថែទាំ​នៅ​សហ​គមន៍ ដែល​កុមារ​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​ស្នាក់​​​​​នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ​”៕សុខុម​​​​​​​​​​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស