32.5 C
Phnom Penh

អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​ប្រាំមួយ​នាក់​ត្រូវ​បាន​ចាប់​​​​ខ្លួន​​ពាក់​ព័ន្ធ​កុបកម្ម​នៅ​ក្រុង​បាវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​​​​ឲ្យ​ដឹង​ថា ​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​​ចំនួន​ប្រាំមួយ​នាក់​​ត្រូវបាន​ចាប់​ខ្លួន​​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ ​ពាក់ព័ន្ធ​កូដកម្ម​ហិង្សា​​​ដែល​​​​​​​នាំ​ឲ្យ​​មាន​ការ​បិទ​​តំបន់​​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

​លោក​ នួត បូពិន​ណារ័ត្ន អ្នក​សម្រប​សម្រួល​​​​នៅ​អង្គការ​លីកាដូ​​បាន​លើក​ឡើង​ថា ​អ្នក​បើក​​​បរ​ប្រាំ​នាក់​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​​ថ្ងៃ​ពុធ បន្ទាប់ពី​ត្រូវ​បាន​ហៅ​​ឲ្យ​​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​​ក្រោម​​ការ​អញ្ជើញ​ដែល​មាន​​ការ​រៀប​ចំមួយ​​ ខណៈ​​​អ្នក​បើក​បរ​ទី៦​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិល​មិញ។

លោក​មាន​ប្រសាសន៍ថា ”​កាលពី​ម្សិល​មិញ ​អ្នក​បើក​​បរ​ប្រាំនាក់​​​​ត្រូវ​បាន​ចាប់​ខ្លួន​​។ ដំបូង​ឡើយ​ពួកគាត់​​ត្រូវ​បានអញ្ជើញ​​ឲ្យ​ទៅ​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាល​មួយ​ស្ដី​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ ប៉ុន្តែ​​​នៅ​ពេល​​ពួកគាត់​​បាន​ទៅ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​ទីនោះ ​​​ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ម្ដង”។

​លោក​បាន​បន្ថែម​ថា “​នៅ​ក្នុង​ថ្ងៃ​នេះ​​ អ្នក​បើក​បរ​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា គាត់​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​របៀប​ណា​​​ទេ។ ទោះ​ជាយ៉ាង​ណា​​ឥឡូវ​ពួកគាត់​ស្ថិត​នៅ​​​​​​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​​រង់ចាំ​​ការ​សាក​សួរ​​​​​​បន្ថែម​នៅ​តុលាការ​​ថ្ងៃ​ស្អែក ​ព្រោះ​ការ​សាកសួរ​មិន​ទាន់​​​បញ្ចប់​នៅ​ឡើយ​ទេ​​”។

​អ្នក​សម្របសម្រួល​រូប​នេះ​​​​បាន​​រៀបរាប់​ឈ្មោះ​អ្នក​បើក​បរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​​​​ប្រាំមួយ​នាក់​នេះថា មាន​ឈ្មោះ​​ដូច​ជា ​ឡឹកវិចិត្រ ​អាយុ​២៩​ឆ្នាំ ​តេន សម្បត្តិ អាយុ​២៨​ឆ្នាំ កែវ ប្រុស​ អាយុ​៣៣​ឆ្នាំ ឡាង ផល្លី អាយុ​​២០​ឆ្នាំ សួស យ៉េត អាយុ​៤៣​ឆ្នាំ និង​ ទាវ ផល្លី អាយុ​​៤៧​ឆ្នាំ​។ លោក​​បាន​បន្ថែម​ថា ​​​​លោក​មិន​ដឹង​ថា តើ​​​​ម្នាក់​ណា​ក្នុង​ចំណោម​ពួកគេ​​​ត្រូវ​​​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ឡើយ​។

មន្ត្រី​នគរ​បាល​ខេត្ត​​ជាច្រើន​រូប​​បាន​លើក​ឡើង​ថា ​​ពួកគេ​មិន​ដឹង​អំពី​ការ​ចាប់​ខ្លួនឡើយ​​​ ហើយ​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយទេ​ ដោយ​​បង្វែរ​សំណួរ​ទៅ​លោក​ កឹង ឃន ​ស្នង​​ការ​នគរ​បាល​​ខេត្ត​​ដែល​មិនអាច​ទាក់​ទង​បាន​។

ការ​ចាប់​ខ្លួន​​នេះ​​​ធ្វើ​ឡើង ​​ខណៈ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេនហាតធេន និង​តៃ​សេង ​​នៅ​​បន្ត​បិទ​ទ្វារ​នៅ​ឡើយ​កាលពី​ម្សិលមិញ​តាម​បទ​បញ្ជា​របស់​សាលា​ខេត្ត​។ ​​សួន​ឧស្សា​ហ​កម្ម​​​ទាំង​ពីរ​នេះ​​បាន​ញាំញី​ដោយ​ការ​តវ៉ា​​បំផ្លិច​បំផ្លាញ​ម្ដង​ម្កាល​ ដែល​បាន​ចាប់​ផ្ដើម​​កាលពី​ថ្ងៃទី​​១៦​ ​ដោយ​ក្រុម​មនុស្ស​ហិង្សា​ប៉ុនប៉ង​ញុះញង់​លើកទឹកចិត្ត​កម្មករ​ផ្សេងៗ​ទៀត​​ឲ្យ​ចូល​រួម​​ជាមួយ​ពួកគេ​​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​។

​​សាលា​ខេត្ត​​បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ​ម្ចាស់​រោងចក្រ និង​ប្រធាន​សហ​ជីព​នៅ​ក្នុង​ក្រុង​បាវិត​កាលពី​ថ្ងៃ​អង្គារ ហើយ​បាន​ព្រមព្រៀង​ដោះលែង​កម្មករ​បួន​នាក់​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន ជា​ថ្នូរ​នឹង​ការ​បញ្ចប់​​ភាពចលាចល​។ ប្រធាន​សហ​ជីព​​បាន​បដិសេធ​ថា មិន​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ឡើយ ប៉ុន្តែ​សន្យា​ធ្វើ​ការ​​ដើម្បី​ស្ដារ​ភាព​ស្ងប់​ស្ងាត់​មក​វិញ។

​លោកស្រី ហេង​ បុង មេធាវី​​តំណាង​កម្មករ​​​​​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​​សាលា​ដំបូង​ខេត្ត​​ស្វាយរៀង​កាលពី​ថ្ងៃ​អាទិត្យ​ ពីបទ​​បង្ក​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​​ទាក់​ទិន​នឹង​ការ​ពាក់​ព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​កុបកម្ម​​បាន​លើក​ឡើង​ថា ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​ត្រូវ​បាន​ដាក់​ជូន​តុលាការ​​កាលពី​ម្សិលមិញ​។

​លោកស្រី​​ ហេង បុង បាន​មាន​ប្រសាសន៍​​ថា ”​នីតិវិធី​​នៃ​​សំណើ​សុំ​​ឲ្យ​​ដោះលែង​​នៅ​ក្រៅ​ឃុំ​​​ត្រូវ​បាន​​​​​បញ្ចប់​នៅ​រសៀល​នេះ​ ប៉ុន្តែ​យើង​​កំពុង​តែ​​​​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលា​ការ​នៅ​ឡើយ​”។

លោក ទេព ផល្លា ប្រធាន​រដ្ឋបាល​​​នៅ​សាលា​ដំបូង​ខេត្ត​​​នេះ​​​លើក​ឡើង​ថា សំណើ​នេះ​ត្រូវ​បានបញ្ជូន​បន្ត​ទៅ​កាន់​ចៅក្រម​ដែល​​​​ទទួល​បន្ទុក​ដោះ​ស្រាយ​សំណុំរឿង​នេះ​ហើយ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ចៅក្រម​កំពុង​​​​​ឈប់​សម្រាក​​ពីការងារ​។

​​លោក​ បាន​មាន​ប្រសាសន៍​ថា “​ហេតុ​ដូច្នេះ ​ខ្ញុំ​គិត​ថា នីតិវិធី​នេះ​នឹង​មិន​អាច​បញ្ចប់​បាន​​ឡើយ​នៅ​ថ្ងៃ​នេះ​”៕ ស៊ុយឈាង​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស