30.4 C
Phnom Penh

គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នឹងជួបពិភាក្សាអំពី សេចក្តីព្រាងច្បាប់ស្តីពីសហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃ​​​អង្គារ​​​ សម្រាប់​​​កិច្ច​​​ប្រជុំ​​​លើក​​​ដំបូង​​​នៃ​​​គណៈកម្មាធិការ​​​ចំពោះ​​​កិច្ច​​​ថ្មី​​​ ដែល​​​បង្កើត​​​ឡើង​​​ដើម្បី​​​ពិភាក្សា​​​ភាព​​​មិន​​​ចុះ​​​សម្រុង​​​គ្នា​​​ទាក់​​​ទិន​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​​ចម្រូង​​​ចម្រាស។​​​

សភា​​​ជាតិ​​​បាន​​​ប្រកាស​​​ការ​​​បង្កើត​​​គណៈកម្មាធិការ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ខែ​​​ធ្នូ​​​ ដោយ​​​ពន្យារ​​​ពេល​​​មិន​​​កំណត់​​​នូវ​​​សិក្ខាសាលា​​​មួយ​​​ស្តី​​​ពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​ ដែល​​​គណៈកម្មការ​​​នីតិប្បញ្ញត្តិ​​​របស់​​​សភា​​​គ្រោង​​​នឹង​​​ធ្វើ​​​នៅ​​​ពេល​​​ពីរ​​​បី​​​ថ្ងៃ​​​បន្ទាប់​​​នោះ។

ចំណាត់​​​ការ​​​នេះ​​​មាន​​​ឡើង​​​បន្ទាប់​​​ពី​​​សហជីព​​​ធំ​​​ៗ​​​មួយ​​​ចំនួន​​​ និង​​​ក្រុម​​​សិទ្ធិ​​​ការ​​​ងារ​​​បាន​​​តវា៉​​​​​​ថា ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​ចុង​​​ក្រោយ​​​នេះ​​​ ដែល​​​បាន​​​ទៅ​​​ដល់​​​សភា​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ នៅ​​​មាន​​​គុណវិបត្តិ​​​ច្រើន។

កាល​​​ពី​​​ម្សិលមិញ គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​ចូល​​​រួម​​​ជំនួប​​​ដំបូង​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​​នៅ​​​ថ្ងៃ​​​អង្គារ។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​មាន​​​ការ​​​ប្រជុំ​​​ផ្ទៃ​​​ក្នុង​​​មួយ​​​នៅ​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​ ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ក្រសួង​​​ការ​​​ងារ​​​ ដើម្បី​​​ពិនិត្យ​​​ឡើង​​​វិញ​​​នូវ​​​ចំណុច​​​មួយ​​​ចំនួន​​​ដែល​​​សហជីព​​​ចង់​​​ដក​​​ចេញ ឬ​​​កែ​​​ប្រែ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ”។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លោក ស្រី កែ សុវណ្ណ​​​រតន៍​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​​​កម្មការ​​​ការ​​​ងារ​​​នៃ​​​សភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​និង​​​សមាជិក​​​ផ្សេង​​​ទៀត​​​​របស់​​​​​គណបក្ស​​​ប្រឆាំង​​នឹង​​​ចូល​​​រួម​​​ការ​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​អង្គារ។ លោកស្រី​​​បាន​​​បន្ថែម​​​ថា តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ជួប​​​ជា​​​មួយ​​​មេដឹកនាំ​​​សហជីព​​​ជា​​​មុន​​​សិន។

លោក​​​ស្រី​​​មា​​​ន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​ស្អែក​​​ [ថ្ងៃ​​​ច័ន្ទ​​​]​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មាន​​​ការ​​​ប្រជុំ​​​មួយ​​​ដើម្បី​​​ចង់​​​ដឹង​​​ជំហរ​​​របស់​​​សហជីព។ បន្ទាប់​​​មក​​​យើង​​​នឹង​​​ប្រើ​​​វា​​​ដើម្បី​​​ចរចា​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ថ្ងៃអង្គារ។ យើង​​​នឹង​​​គាំទ្រ​​​សហជីព”។

ច្បាប់​​​នេះ​​​នឹង​​​កំណត់​​​វិធាន​​​ថ្មី​​​សម្រាប់​​​ការ​​​បង្កើត​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​សហជីព​​​។ បើ​​​ទោះ​​​ជា​​​វា​​​នឹង​​​អនុវត្ត​​​ចំពោះ​​​​​​វិស័យ​​​ច្រើន​​​បំផុត​​​នៃ​​​សេដ្ឋកិច្ច​​​ក៏​​​ដោយ​​​ ក៏​​​គោល​​​ដៅ​​​សំខាន់​​​របស់​​​វា​​​ គឺ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ដ៏​​​ធំ​​​ ប៉ុន្តែ ពិបាក​​​គ្រប់​​​គ្រង​​​ ដែល​​​មាន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​៧០០.០០០​​​នាក់​​​ និង​​​មាន​​​ចំនួន​​​៨០​​​ភាគ​​​រយ​​​នៃ​​​ការ​​​នាំ​​​ចេញ​​​របស់​​​ប្រទេស។

កាល​​​ពី​​​ខែ​​​កក្កដា ក្រសួង​​​ការ​​​ងារ​​​បាន​​​ធ្វើ​​​សម្បទាន​​​មួយ​​​ចំនួន​​​ដល់​​​សហជីព​​​ ដោយ​​​ការ​​​កំណត់​​​​​​​​​កម្រិត​​​ចំនួន​​​សម្រាប់​​​ការ​​​បង្កើត​​​សហជីព​​​ក្នុង​​​ស្រុក​​​ត្រឹម​​​មនុស្ស​​​១០​​​នាក់​​​ ហើយ​​​ធ្វើ​​​ការ​​​កែ​​​ប្រែ​​​មាត្រា​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ផ្សេង​​​ទៀត។ ប៉ុន្តែ សហជីព​​​មួយ​​​ចំនួន​​​បារម្ភ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​បច្ចុប្បន្ន​​​នឹង​​​ផ្តល់​​​អំណាច​​​ហួស​​​ហេតុ​​​ដល់​​​រដ្ឋាភិបាល​​​​​ក្នុង​​​ការ​​​បិទ​​​សហជីព។

ទោះ​​​ជា​​​យ៉ាង​​​​​​នេះ​​​ក្តី​​​ រោង​​​ចក្រ​​​​​​អះអាង​​​ថា ចំនួន​​​សហជីព​​​ច្រើន​​​ធ្វើ​​​ឲ្យ​​​ការ​​​ចរចា​​​របស់​​​ពួក​​​គេ​​​សឹង​​​តែ​​​មិន​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ហើយ​​​និយាយ​​​ថា ចំនួន​​​មនុស្ស​​​១០​​​នាក់​​​ដែល​​​ស្នើ​​​ឡើង​​​សម្រាប់​​​ការ​​​បង្កើត​​​សហជីព​​​មួយ​​​ គឺជា​​​ចំនួន​​​តិច​​​ណាស់៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស