28.5 C
Phnom Penh

មនុស្ស១១នាក់ត្រូវចាប់ខ្លួន ជុំវិញការតវ៉ានៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងបាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកាន់​មនុស្ស​ទី១១​ គឺ​កម្មការិនី​កាត់ដេរ​ម្នាក់​ជុំវិញ​ការ​តវ៉ា​ដោយ​ហិង្សា​ដែល​មាន​​ការ​គប់​ដុំថ្ម​​​នៅ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​​មេន​ហាត​ធេន ​និង​តៃសេង ​ក្នុង​ក្រុង​បាវិត​​​​ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​កន្លះ​កន្លង​មក​។

​លោក ទេព ផល្លា ​បុគ្គលិក​​រដ្ឋបាល​ជាន់​ខ្ពស់​នៅ​តុលាការ​នេះ​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់នេះ​​ដែល​លោក​​​មិន​ចាំ​ឈ្មោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃ​អង្គារ ​មុន​ពេល​​​​​ការ​បិទ​ទ្វារ​​រយៈពេល​ពីរ​ថ្ងៃ​ ដែល​បាន​ធ្វើ​ឲ្យការ​ងារ​នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​នេះ​ផ្អាក​​ជាបណ្ដោះ​អាសន្ន​។​​​

លោក​បាន​មាន​ប្រសាសន៍​ថា “​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែក​លើ​អង្គ​ហេតុ​ថ្មីៗ…​ទាក់​ទង​ការ​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរ​បាល​​​ ធ្វើ​ឱ្យ​ពួកគេ​រងរបួស​​ក្បាល​ នៅ​ពេល​កម្មករ​គប់​ដុំថ្ម និង​វត្ថុរឹង​ផ្សេង​​ៗ​ទៀត​​ទៅ​លើ​នគរ​បាល​​”។​​​​​​

លោក​បាន​បន្ថែម​ថា “​​​​ស្ត្រី​រូប​នេះ​​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បីឃុំខ្លួន​បណ្ដោះ​អាសន្ន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​”។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចាប់​ខ្លួន​​កម្មករ​​កាត់​ដេរ​បួន​នាក់​នៅ​ក្រុង​បាវិត​​កាលពី​ថ្ងៃទី​១៧ និង​១៨​ ខែ​ធ្នូ ហើយ​អ្នក​បើក​បរ​រថយន្ដដឹកកម្មករ​​ប្រាំមួយនាក់កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​ទាំង​១០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​ការ​ញុះញង់​។

លោក សែ វុទ្ធី ​​​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​​​​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​រូប​នេះ​ដែល​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ​មាន​​អាយុ​ខ្ទង់​​២០​ឆ្នាំ ប៉ុន្តែ​​លោក​មិន​បាន​ប្រាប់​​ឈ្មោះ​ទេ។ លោក​បាន​អះអាង​ថា ​ស្ត្រី​រូប​នេះ​មាន​ពិរុទ្ធភាព ប៉ុន្តែ​លោក​​​មិន​និយាយ​លម្អិត​អំពី​ភ័ស្តុតាង​​ដាក់​បន្ទុក​លើ​នាង​ឡើយ។

មុន​​ពេល​​ដាក់​ទូរស័ព្ទចុះ​ពេល​​​​​អ្នក​យក​ព័ត៌មានសាកសួរ​​ លោក​បាន​មាន​ប្រសាសន៍​ថា
“​​ជាក់​ស្ដែង​​ ស្ត្រីរូបនេះ​​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ និង​​បង្ក​របួស​ស្នាម​ដល់​មន្ត្រី​នគរ​បាល​”។

​លោក នួត បូពិនណារ័ត្ន ​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ​បាន​​មាន​ប្រសាសន៍​ថា លោក​បាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ ហើយ​បាន​​​​​​​​កំណត់​អត្តសញ្ញាណ​ថា នាង​ឈ្មោះ ជ័យ សាខន។ លោក​បាន​ថ្លែង​ថា ក្រុម​គ្រួសាររបស់​នាង​​បាន​ប្រាប់​លោក​ថា ​​នាង​​ត្រូវ​បាន​​កំណត់​អត្តសញ្ញាណ​ដោយ​អាជ្ញាធរ​តាម​រូប​ភាព​វីដេអូ​​​​​​នៃ​ការ​តវ៉ា​កាលពី​ថ្ងៃ​អង្គារ​។

លោក​បាន​ថ្លែង​ថា “​​មុខ​របស់​នាង​​ត្រូវ​បាន​​គេ​ស្គាល់​តាម​រយៈ​រូបភាព​វីដេអូ ​ហើយ​នាង​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ពេល​ដែល​នាង​ចេញពី​ធ្វើ​ការ​។ ឥឡូវ​នេះ​​នាង​ស្ថិត​ក្នុង​ពន្ធនាគារ”។

ការ​តវ៉ា​បាន​ចាប់​ផ្ដើម​​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ នៅ​ពេល​កម្មករ​មួយ​ចំនួន​បាន​ចេញ​ពី​រោងចក្រ​របស់​ខ្លួន​តវ៉ាទាម​ទារ​ដំឡើង​ប្រាក់​ខែ។ កម្មករ​មក​ពី​រោងចក្រ​​ផ្សេង​ទៀត​បាន​ចូល​រួម​ជាមួយ​ពួកគេ ហើយ​​ភ្លាមៗ​នោះ​ ក្រុម​កម្មករ​បាន​ប្រែ​ក្លាយ​ជា​ហិង្សា​ ដោយ​យក​ដុំថ្ម​​គប់​ទៅ​លើ​​រោងចក្រ​ និង​កម្លាំង​សន្តិសុខ​។

បន្ទាប់ពី​​ការ​តវ៉ា​រយៈ​ពេល​ពីរ​ថ្ងៃ​ រដ្ឋាភិបា​​លបាន​បញ្ជា​ឲ្យ​បិទ​ទ្វារ​កាលពី​សប្ដាហ៍​មុន ការ​ងារ​បាន​បន្ត​ឡើង​វិញ​កាលពី​ថ្ងៃ​សុក្រ ហើយ​លោក​ បូពិនណារ័ត្ន បាន​លើក​ឡើង​​ថា ស្ថានភាព​បាន​​​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍​។

សហជីព​ដែល​មាន​សមាជិក​​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ​បាន​លើក​ឡើង​ថា ​ពួកគេ​មិន​បាន​ចូលរួម​ក្នុង​ការ​បង្ក​ឱ្យមានការ​​តវ៉ា​នេះ​ទេ ​ហើយ​បាន​យល់​ព្រម​ជួយ​​ធ្វើ​​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​កម្មករ​​បួន​នាក់​ដំបូង​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ ដែល​​​អ្វីៗ​មិន​​ទាន់​កើត​​ឡើង​នៅ​ឡើយ​ទេ​។

កាលពី​ម្សិលមិញ លោក ឆេង ឈន់ ​ប្រធាន​សហជីព​ការ​ងារ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា លោក​មិនបាន​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទេ ហើយ​លោក​បារម្ភ​ថា ការ​តវ៉ា​​នឹង​បន្ត ​ប្រសិន​បើ​​​​វិធានការ​ច្បាប់​នៅតែបន្ត​នោះ​។

​លោក​ ឆេង​ ឈាន់ បាន​ថ្លែង​ថា “​ប្រសិន​បើ​ការ​ចាប់​ខ្លួន​បន្ត​ដោយ​គ្មាន​ការ​ដោះ​លែង​ទេនោះ​ ខ្ញុំ​​បារម្ភ​ថា កម្មករ​នឹង​ធ្វើ​ការ​តវ៉ា​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​​ពួកគេ”។

​លោក​បាន​បន្ថែម​ថា ការ​តវ៉ា​​ថ្មី​​ក៏​អាច​ចាប់​ផ្ដើម​ផង​ដែរ​ ប្រសិន​បើ​រោងចក្រ​​​​​​​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​​​ថា នឹង​កាត់​​​ប្រាក់​ឈ្នួល​របស់​កម្មករ​រយៈ​ពេល​ពីរ​ថ្ងៃ​​ ដែល​រដ្ឋាភិបាល​បាន​បិទ​​ទ្វារ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ​៕ សារុន​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស