30.4 C
Phnom Penh

សាលា​​​ដំបូង​​​រាជធានីផ្តន្ទាទោស​​មនុស្ស​បីនាក់​ឱ្យ​ជាប់ពន្ធនាគារច្រើន​​​ឆ្នាំ​​​​ពីបទប៉ុន​​​ប៉ង​​​​ជួញដូរ​ហេរ៉ូអីុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​​រាជធានី ភ្នំពេញ​បាន​ផ្តន្ទាទោស​​​អ្នក​ជួញដូរ​គ្រឿង​ញៀន​បីនាក់​​ឱ្យ​ជាប់​ពន្ធនាគារ​ពី​២០ឆ្នាំទៅ​៣០ឆ្នាំ​ ពី​បទប៉ុន​​​ប៉ង​​​​​ជួញដូរ​ថ្នាំញៀន​​​ហេរ៉ូអីុន ​​​ ​ជិត​កន្លះ​គីឡូក្រាម​ទៅ​ប្រទេស​អូស្ត្រាលីក្នុង​ឆ្នាំ​២០១៤។

Chua Hwee Kiat អាយុ​៥០ឆ្នាំ​ជនជាតិ​សិង្ហបុរី ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាស​យាន​​​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​ខណៈពេល​​ព្យាយាម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​ថ្នាំញៀន​ហេរ៉ូអីុន​​ទម្ងន់​៨៤ក្រាម​ដែលបាន​លាក់​​ក្នុង​កញ្ចប់​នំ​សូកូឡា។

តាន់ ជីកេង អាយុ​៥៧ឆ្នាំ ជនជាតិ​ខ្មែរ​​​សញ្ជាតិ​បែលហ្សុិក​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល​​នៅ​កន្លែង​ប្តូរ​ប្រាក់​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ក្រោយ​មក​​បាន​បោះ​ចោល​​​​​ ថ្នាំ​ហេរ៉ូអីុន​​ទម្ងន់​​២៥៤ក្រាម​ដែល​បាន​លាក់​ទុក​​ក្នុង​ផ្ទះ​របស់ខ្លួន។

ស្ត្រីឈ្មោះ មុត​ ប៊ុនណាត អាយុ​៥០ឆ្នាំ ជន​ជាតិ​ខ្មែរ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា។

កាលពី​ម្សិលមិញ បន្ទាប់ពី​សម្រេច​ថា ជន​ទាំង​បី​នាក់​នេះ​មាន​ពិរុទ្ធភាព​ពីបទ​​ជួញ​ដូរ​គ្រឿង​ញៀនមក ​លោក កោ វណ្ឌី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រកាស​អំពី​សេចក្តីសម្រេច​របស់​តុលាការ​​ដោយ​ផ្តន្ទា​​​ទោស ​​ Hwee Kiat និង ជីកេង​ ឱ្យ​ជាប់​ពន្ធនាគារ​​ម្នាក់​ៗ​៣០ឆ្នាំ និង​ស្ត្រីឈ្មោះ ប៊ុន​​​ណាត​ ឱ្យជាប់​ពន្ធនាគារ​២០ឆ្នាំ។

លោក ហូ លីហូវ មេធាវីរបស់​ ជីកេង បានមាន​ប្រសាសន៍​ថា ការ​ផ្តន្ទាទោស​នេះ​ធ្ងន់​ធ្ងរ​ណាស់​។ លោក​បាន​ថ្លែង​ថា “​ចៅក្រម​រូបនេះ​មិន​បាន​ពិចារណា​ឱ្យ​បាន​ល្អិត​ល្អន់​ពី​ភ័ស្តុ​តាង​ឡើយ ហើយ​គាត់​ក៏មិន​បាន​ពិចារណា​​​​ ពី​កាលៈទេសៈ​ជុំវិញ​ដែល​ឈានទៅដល់​ការ​ប្រព្រឹត្ត​បទល្មើសដែរ។ខ្ញុំកម្រ​ឃើញចៅ​​​ក្រម​​​​​ផ្តន្ទាទោស​អតិបរមា​ដូច​នេះ​ណាស់។ លោក​ ជីកេង​ អាយុ​ជិត​៦០ឆ្នាំទៅ​​​ហើយ​​​ឥឡូវ​នេះ ហើយ​ការ​ផ្តន្ទាទោស​​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​៣០ឆ្នាំ ដូច​ជា​ឱ្យ​គាត់​ស្លាប់​ក្នុង​ពន្ធនាគារ​អ៊ីចឹង​”។

លោក ហម ស៊ុនរិទ្ធ មេធាវី​​របស់​ Hwee Kiat និង​​លោក ពុំ វិចិត្រ​​ មេធាវី​របស់​​​ស្ត្រី​​​ឈ្មោះ​​​ ប៊ុនណាត បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​​ធិប្បាយ​ទេ។

អំឡុង​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃពុធ ​ Hwee Kiat និង ជីកេង បាន​និយាយថា ពួកគេ​​ត្រូវ​បាន​ផ្តល់ប្រាក់​៥.០០០ដុល្លារ​​ដើម្បី​ធ្វើ​​នូវ​អ្វី​ដូច​ដែលត្រូវ​បាន​ប្រាប់ ហើយគេ​​​​ជឿថា ជា​ប្រភេទ​ថ្នាំប៉ូវ​កម្លាំង។

លោក ជីកេង ក៏បាន​ប្រាប់​តុលាការ​ផង​​​ដែរថា Hwee Kiat បាន​ព្យាយាម​ដាក់​ចូលក្នុង​រន្ធ​គូទ​របស់​ខ្លួន ប៉ុន្តែ​ដាក់មិន​ចូល រួច​ក៏ដាក់​​​ចូល​ក្នុង​ហៅប៉ៅ​តែម្តងទៅ។

ស្ត្រីឈ្មោះ​ ប៊ុនណាត បាន​ប្រាប់​តុលាការ​ថា ខ្លួន​ទទួល​បាន​ថ្នាំញៀន​នេះ​ពី​ស្ត្រីម្នាក់​​​ឈ្មោះ ស៊ុន សុផល ដែលបច្ចុប្បន្ន​នេះ កំពុង​អនុវត្ត​ទោស​​ជាប់ពន្ធនាគារ​​២៧ឆ្នាំចំពោះ​ការ​ជួញដូរ​គ្រឿង​ញៀន​ផ្សេង​ទៀត​ ហើយ​បាន​ហុច​ថ្នាំនេះទៅ​ឱ្យ​ឈ្មោះ​ ជីកេង និង Hwee Kiat ។

ប៊ុនណាត បាននិយាយ​ថា គាត់​ដឹង​ថា គាត់​​ ប្រព្រឹត្ត​បទ​ល្មើស ប៉ុន្តែ​​សុខ​ចិត្ត​ធ្វើ​ដោយ​​​សារ​គាត់​​ត្រូវ​ការ​ប្រាក់​​ដើម្បីព្យាបាល​កូន​ប្រុស​របស់​ខ្លួន ដែល​កើ​តជំងឺ​មហារីក។

បន្ទាប់ពី​​ប្រកាស​​​​សាលក្រម​ ហើយ​ផ្តន្ទា​​​ទោស​កាលពី​ម្សិលមិញ ចៅក្រម​ កោ វណ្ឌី បាន​ណែ​នាំ​អយ្យការ​ឱ្យចោទ​​​ប្រកាន់​​​ករណី​​​ថ្មី​​​មួយ​​​ទៀត​​​លើ​​​​​​ស្ត្រី​ឈ្មោះ សុផល ​៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស