មានប្រសាសន៍នៅសួនច្បារនៃសណ្ឋាគារ Raffles កាលពីរសៀលម្សិលមិញ លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា “បញ្ហាប្រឈមបន្ទាន់” នៃការប្រឆាំងពួកជ្រុលនិយម ការកសាងទំនាក់ទំនងពាណិជ្ជកម្ម និងការមើលឃើញប្រទេសកម្ពុជាប្រែក្លាយជាប្រទេសប្រជាធិបតេយ្យរីកចម្រើននោះស្ថិតនៅក្នុងរបៀបវារៈសំខាន់របស់លោកអំឡុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុងរាជធានីភ្នំពេញ។
លោក ចន ឃើរី ដែលដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា ធ្វើឡើងមុនកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅខែកុម្ភៈ នៅសាន់នីលែន (Sunnylands) រដ្ឋកាលីហ្វ័រញ៉ា បានចាត់ទុកជំនួបរបស់លោកនៅពេលព្រឹកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសថាជាជំនួប “ដោយឥតលាក់លៀម និងក្នុងន័យស្ថាបនា”។
នៅក្នុងសុន្ទរកថាបន្ទាប់ពីការពិភាក្សារបស់លោកជាមួយលោក ហោ ណាំហុង និងជាថ្មីម្ដងទៀតនៅក្នុងសុន្ទរកថានាពេលរសៀល លោក ចន ឃើរី បានលើកឡើងថា ការចូលរួមរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងរដ្ឋអុិស្លាមគឺជាអាទិភាពសម្រាប់សហរដ្ឋអាមេរិក។
លោក ចន ឃើរី បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកនាពេលរសៀលថា “ថ្ងៃនេះខ្ញុំក៏បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអំពីបញ្ហាប្រឈមបន្ទាន់ជាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងពួកជ្រុលនិយមដ៏ហិង្សាផងដែរ។ ហើយយើងបានព្រមព្រៀង ថា នេះពិតជាអាទិភាពចម្បងនៅក្នុងទំនាក់ទំនងរវាងប្រទេសណាមួយនៅថ្ងៃនេះ”។
ដោយប្រើពាក្យសម្រាប់រដ្ឋអុិស្លាមដែលចេញពីពាក្យអារ៉ាប់ លោក ចន ឃើរី បានថ្លែងថា “លោកនាយករដ្ឋមន្ត្រីបានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រទេសកម្ពុជា ក្នុងការធ្វើការងារជាមួយកងកម្លាំងចម្រុះប្រឆាំងពួកជ្រុលនិយម”។
លោកបានថ្លែងថា “គាត់បានសម្ដែងការចាប់អារម្មណ៍លើក្រុមរបស់យើង អ្នកជំនាញរបស់យើងមកគឺដើម្បីរៀបរាប់សង្ខេប និងផ្លាស់ប្ដូរយោបល់ ហើយយើងបានយល់ព្រមចំពោះរឿងនោះ”។ លោកបានបន្ថែមថា កិច្ចប្រជុំកំពូលនៅសាន់នីលែននឹងផ្ដល់ឱកាសដល់មេដឹកនាំទាំងអស់ដែលមកជួបប្រជុំគ្នាមាន “ការពិភាក្សាស៊ីជម្រៅ” អំពីប្រធានបទនេះ។
អង្គការសង្គមស៊ីវិលបានផ្ញើលិខិតចំហមួយច្បាប់ជូនលោក ចន ឃើរី នៅសប្ដាហ៍នេះជំរុញឲ្យលោកលើកឡើងអំពីការរំលោភ បំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការវាយប្រហារកាលពីពេលថ្មីៗទៅលើគណបក្សប្រឆាំងអំឡុងជំនួបរបស់លោកជាមួយលោក ហ៊ុន សែន។
លោក ចន ឃើរី បានថ្លែងថា លោកបានលើកឡើងពីបំណងរបស់លោកចង់ឃើញប្រជាជនកម្ពុជាទទួលបានប្រយោជន៍ពីប្រទេសរបស់ខ្លួនដែលក្លាយជាប្រទេស ប្រជាធិបតេយ្យពហុបក្ស និងរីកចម្រើន។
លោកបានថ្លែងថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ផងដែរនៅក្នុងជំនួបរបស់ខ្ញុំនៅថ្ងៃនេះថា វាជាក្ដីសង្ឃឹមរបស់យើង ហើយខ្ញុំគិតថា វាជាក្ដីសង្ឃឹមរបស់ពិភពលោក ដែលប្រទេសកម្ពុជានឹងដឹងច្បាស់ពីផលប្រយោជន៍ពេញលេញជាប្រទេសប្រជាធិបតេយ្យពហុបក្សនិងរីកចម្រើន”។
លោកបានបន្ថែមថា “យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការគោរពសិទ្ធិមនុស្ស សេរីភាពជាសាកល និងអភិបាលកិច្ចល្អ។ ហើយវឌ្ឍនភាពនៅក្នុងវិស័យនីមួយៗក្នុងចំណោមវិស័យទាំងនេះពិតជាសំខាន់ក្នុងការអាចបំពេញតាមសក្តានុពលនៃទំនាក់ទំនងទ្វេភាគីរបស់យើង ប៉ុន្តែសំខាន់ដែរនោះ សក្តានុពេលពេញលេញនៃក្ដីសង្ឃឹម និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា”។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កម្ពុជា AKP បានដកស្រង់ចំណុចផ្សេងៗគ្នានៃការពិភាក្សា របស់លោក ចន ឃើរី ជាមួយលោកនាយករដ្ឋមន្ត្រី ដោយលើកឡើងជាសាធារណៈអំពីការពិតដែលថា សិទ្ធិមនុស្សមិនត្រូវបានលើក ឡើងនៅក្នុងអត្ថបទមួយចុះផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនដែលមានចំណងជើងថា ”មិនមានការលើកឡើងពីបញ្ហាសិទ្ធិមនុស្សអំឡុងការពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាមេរិក”។
នៅក្នុងការសំដៅចំៗដល់ការវាយដំលើតំណាងរាស្ត្រគណបក្សប្រឆាំងកាលពីខែតុលា គឺលោក ញ៉យ ចំរើន និងលោក គង់ សភា លោក ចន ឃើរី បានថ្លែងថា ការធានាសុវត្ថិភាពរបស់តំណាងរាស្ត្រជា “ការទទួលខុសត្រូវសំខាន់” របស់រដ្ឋាភិបាល។
លោកបានថ្លែងថា ”រដ្ឋាភិបាលប្រជាធិបតេយ្យមានការទទួលខុសត្រូវដើម្បីធានាថា តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់មានសេរីភាពក្នុងការបំពេញការងាររបស់ខ្លួនដោយគ្មានការភ័យខ្លាចពីការវាយប្រហារ ឬការចាប់ខ្លួន”។
នៅពេលរសៀលផងដែរ លោក ចន ឃើរី បានជួបជាមួយគណៈប្រតិភូមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង រួមមានលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ហើយមានជំនួបដាច់ដោយឡែកជាមួយមេដឹកនាំសង្គមស៊ីវិលផងដែរ។
លោកបានថ្លែងថា ”នៅគ្រប់ជំនួបទាំងនោះ ខ្ញុំបានបញ្ជាក់ច្បាស់ថា យើងមានការប្ដេជ្ញាចិត្ត យើងសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តចំពោះទំនាក់ទំនងរវាងប្រទេសរបស់យើង និងប្រទេសកម្ពុជា”។
នៅក្នុងសារបង្ហោះក្នុងទំព័រហ្វេសប៊ុក លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគតដែលបានចូលរួមក្នុងជំនួបជាមួយលោក ចន ឃើរី ដែរបានមានប្រសាសន៍ថា ការពិភាក្សាយូរជាងការរំពឹងទុករបស់លោក ប៉ុន្តែមានការពិភាក្សាពីខ្លឹមសារខ្លីៗប៉ុណ្ណោះ”។

គណនីទ្វីតទ័ររបស់លោក ចន ឃើរី បានរៀបរាប់ពីកំណត់ប្រចាំថ្ងៃនៃព្រឹត្តិការណ៍របស់លោកអំឡុងថ្ងៃនោះ រួមទាំងដំណើរទស្សនកិច្ចនៅពេលព្រឹកទៅកាន់សារមន្ទីរជាតិផងដែរ ប៉ុន្តែគួរឲ្យកត់សម្គាល់មិនបានរាប់បញ្ចូលជំនួបរបស់លោកជាមួយមន្ត្រីគណបក្សប្រឆាំងទេ។ នៅក្នុងជំនួបជាមួយមេដឹកនាំរដ្ឋាភិបាល លោកបានសរសេរថា លោកបាន “ពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាអាស៊ាន ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងទំនាក់ទំនងទ្វេភាគី”។
រដ្ឋមន្ត្រីការបរទេសរូបេនះដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនលើកក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ បានកត់សម្គាល់ អំឡុងសុន្ទរកថានាពេលរសៀលរបស់លោកថា ប្រទេសកម្ពុជាមានការអភិវឌ្ឍឆាប់ រហ័សចាប់តាំងពីលោកមកកាន់ទីនេះកាលពីលើកមុន និងបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។
លោកបានថ្លែងថា “ការរីកចម្រើនដែលអ្នកបានធ្វើនៅក្នុងប្រទេសកម្ពុជាគួរឲ្យកត់សម្គាល់បំផុត។ នៅពេលខ្ញុំមកទីនេះដំបូង ទីក្រុងមានប្រជាជនតែ៣៥០.០០០នាក់ប៉ុណ្ណោះ ហើយសេដ្ឋកិច្ចដុនដាបមែនទែន ហើយ ឥឡូវនេះទីក្រុងមានប្រជាជនដល់ទៅ ២,២លាននាក់ ដោយមានមន្ទីរពេទ្យទំនើបៗ អគារខ្ពស់ៗ មានថាមពលនិងមានភ្ញៀវទេសចរ ដ៏ច្រើន។ លោក ចន ឃើរី បានលើកឡើងថា វាពិត “ជាគួរឲ្យកត់សម្គាល់បំផុត” ដែលអាមេរិកនៅ តែជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេសកម្ពុជា”។
លោកបានថ្លែងថា “ហើយយើងនឹងបន្តរិះរកមធ្យោបាយដើម្បីបង្កើនពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគ រួមទាំងការជួយដោះស្រាយអំពើពុករលួយ និងការស្វែងរកមធ្យោ បាយដើម្បីពង្រឹងស្ថាប័នច្បាប់នៅក្នុងប្រទេស កម្ពុជាជាដើម។ មិនដូចលោកស្រី ហ៊ីឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែលបានធ្វើការពិភាក្សាជាសាធារណៈ ជាមួយនិស្សិតរាប់រយនាក់អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ លោក ចន ឃើរី មិនមានពេលឲ្យមានការចោទសួរជាសាធារណៈ ណាមួយទេ ហើយជំនួបរបស់លោក គឺជាជំនួបបិទទ្វារមិនឲ្យអ្នកសារព័ត៌មានចូល។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងរដ្ឋអុីស្លាមនៅក្នុងសុន្ទរកថាបន្ទាប់ពីជំនួបរបស់លោកជាមួយលោក ចន ឃើរី ផងដែរ។
លោកបានថ្លែងថា “ខ្ញុំមិនជឿថា ការបោស សម្អាតក្រុម I.S អាចធ្វើបានដោយប្រទេសមួយ ឬយោធារបស់ប្រទេសមួយនោះទេ។ ពីព្រោះទង្វើឃោរឃៅរបស់រដ្ឋអុិស្លាម វាមិនមែនជាការគំរាមកំហែងសម្រាប់ប្រទេស អុីរ៉ាក់ និងប្រទេសស៊ីរីប៉ុណ្ណោះទេ វាគំរាមកំហែងដល់តំបន់អាហ្វ្រិក និងអាស៊ីផងដែរ”។
បើទោះជាមានភាពតានតឹងរវាងអាមេរិក និងចិនជុំវិញការអះអាងការកាន់កាប់សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចចំពោះឥទ្ធិពលនៅក្នុងតំបន់ក៏ដោយ ក៏លោក ហោ ណាំហុង បានថ្លែងថា លោក ចន ឃើរី មិនបានជំរុញប្រទេសកម្ពុជាស្តីពីបញ្ហានេះពាក់ព័ន្ធប្រទេសចិនឡើយ។
លោកបានថ្លែងថា “ឯកឧត្ដម ចន ឃើរី ក៏បានលើកឡើងផងដែរថា លោកមិនបានស្នើឲ្យប្រទេសកម្ពុជាគាំទ្រអាមេរិក ឬគាំទ្រចិនឡើយ។ ខ្ញុំបានពន្យល់ប្រាប់លោកថា ការពិត កម្ពុជាជាប្រទេសតូចមួយ និងជាប្រទេសក្រីក្រ ប៉ុន្តែយើងឯករាជ្យ”។
ប្រទេសកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងថា បានគាំទ្រប្រទេសចិននៅក្នុងជម្លោះអធិបតេយ្យរបស់ខ្លួនជាមួយប្រទេសអាស៊ានមួយចំនួនទាក់ទិនសមុទ្រចិនខាងត្បូង។
យោងតាមលោក អៀង សុផាល្លែត ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ដែលបាននិយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបឲ្យដឹងថា អំឡុងការពិភាក្សារបស់លោក ចន ឃើរី ជាមួយលោក ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យអាមេរិកបន្តគាំទ្រក្នុង “វិស័យសុខាភិបាល អប់រំ និងការបោសសម្អាត មីន”។
លោក អៀង សុផាល្លែត បានថ្លែងថា លោក ហ៊ុន សែន ក៏បានសម្ដែងពីបំណងប្រាថ្នារបស់លោកសុំឲ្យសហរដ្ឋអាមេរិកពិចារណា “អនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកដោយគ្មានកូតា ឬការលើកលែងពន្ធ ជាកត្តាដែលនឹងជួយជំរុញឲ្យមានការអភិវឌ្ឍរបស់ប្រទេសកម្ពុជា”៕ សារុន