28.5 C
Phnom Penh

ក្មេងប្រុស​ជំទង់ម្នាក់ត្រូវ​បាញ់​ស្លាប់អំឡុង​វិវាទដីធ្លីដ៏​​​ក្តៅ​​​គគុក​​​មួយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​ជំទង់​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​អ្វី​ដែល​នគរ​បាល​សង្ស័យ​ថា ជា​ការ​​វាយប្រហារ​ទាក់ ទិន​វិវាទ​ដីធ្លី​មួយ​ដែលជាប់ពាក់ព័ន្ធ​ជាមួយ​ពាណិជ្ជករ​មាន​អំណាច​ម្នាក់​ក្នុង​ស្រុក​ភ្នំស្រួច​។

លោក សាយ ប៊ុនថុន ​អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ស៊ុន ដាវីដ អាយុ​​១៩​ឆ្នាំ ត្រូវ​​​បាន​បាញ់​​​បីគ្រាប់​ដោយ​កាំភ្លើង​អាកា​​៤៧​​នៅម៉ោង​ប្រហែល​៧​និង​៤០​នាទី​យប់​ដោយ​បុរស​មួយ​ក្រុម​នៅ​ក្នុង​ឃុំ​ត្រែង ត្រយឹងនៅ​ពេល​​វិវាទ​ដីធ្លី​នេះ​កាន់​តែ​ក្ដៅ​គគុក។

យោង​តាម​លោក ប៊ុនថុន បាន​​ឲ្យ​ដឹង​ថា ​ជម្លោះ​រយៈពេល​​៣ឆ្នាំ​មក​ហើយ​នេះ​កើត​ឡើង​ជុំវិញ​ដី​ទំហំ​៦ហិកតា​រវាង​អ្នក​ភូមិ​៥៨​គ្រួសារ និង​លោក អ៊ុក ឃុន ដែលមាន​ងារ​ជា​ឧកញ៉ា។

លោក​បាន​ថ្លែង​ថា លោក អ៊ុក ឃុន អះ អាងថា មាន​ឯកសារ​​​ដែល​អនុញ្ញាត​ឲ្យ​រូប លោក​អភិវឌ្ឍ​ដី​នេះ ប៉ុន្តែ​ថា ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​​ក្បែរ​នោះ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ព្យាយាម​​ចូល​​ទៅ​រស់​នៅ​លើ​ដីនោះ​បន្ទាប់ពី​ពាណិជ្ជករ​រូប​េនះ​បាន​ទុក​ចោល​។

​លោក​បាន​ថ្លែង​ថា មួយ​​សប្ដាហ៍​កន្លង​មក ​​ឧកញ៉ា​រូប​នេះ​បាន​​ឱ្យ​​ ”អ្នក​ខាងក្រៅ”​​១០០​គ្រួសារ​កាន់​កាប់​ និង​សង់​ខ្ទមបណ្តោះអាសន្ន​​នៅ​លើ​ដី​នេះ​ ដោយ​លោក​បន្ថែម​ថា ភាព​តាន​តឹង​រវាង​​គ្រួសារ​ទាំងនេះ​ និង​​អ្នក​ភូមិ​​មូលដ្ឋាន​កាន់តែតានតឹង​ឡើង​កាលពី​យប់​ថ្ងៃ​ពុធ នៅ​ពេល​​ខ្ទម​មួយ​​ត្រូវ​បាន​ឆេះ​។

លោក ប៊ុនថុន បាន​ថ្លែង​ថា ”​នៅម៉ោង​៧ និង​៤០​នាទី​យប់​​​ខ្ទម​មួយ​បាន​ឆេះ ហើយ​បន្ទាប់​មក​បុរស​បួន​ឬ​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ជួល​ឲ្យ​មក​យាម​ដី​ដែល​មាន​វិវាទ​នេះ​បាន​រត់​ទៅ​ពន្លត់​។ បន្ទាប់​មក​ មាន​ស្នូរ​កាំភ្លើង​ចេញពី​ទីងងឹត​ ហើយ​បុរស​ម្នាក់​​​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​”។

លោក​បាន​ថ្លែង​ថា “​ខ្មាន់​កាំភ្លើង​បាន​ប្រើ​កាំភ្លើង​​អាកា​-៤៧​បាញ់​​សម្លាប់​ជន​រងគ្រោះ​រូប​នេះ ហើយ​ពួកគេ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​​កើត​ហេតុធ្វើ​ឲ្យ​យើង​មាន​ការ​​លំបាក​ក្នុង​ការ​ស្វែង​រកឃាតករ​”។ លោក​បាន​បន្ថែម​ថា ក្រុម​​​​គ្រួសារ​ដែល​មាន​ជម្លោះ​ជាមួយ​លោក​​​ អ៊ុក ឃុន រួម​​​មាន​នគរ​​បាល​ និង​ទាហាន​ផង​ដែរ​។

លោក សោម បូរ៉ា ​ស្នងការរង​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​​ព្យាយាម​ស្វែង​រក​ជន​ដៃដល់​។ លោក​បាន​ថ្លែង​ថា “​ជន​រងគ្រោះ​​ត្រូវ​គ្រាប់​ពីរ​គ្រាប់​ចំមាត់ និង​ច្រមុះ​​កាលពី​យប់​មិញ​នៅ​ទីងងឹត​មួយ​​លើ​ផ្លូវ​លំ​”។

លោក​បាន​មានប្រសាសន៍បន្ថែម​ថា ”​ឥឡូវ​នេះ​នគរ​បាល​​កំពុង​ស៊ើបអង្កេត​ស្វែង​រក​ខ្មាន់​កាំភ្លើង ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ដំបូង​របស់​យើង​គឺ​វា​ទាក់​​ទង​នឹង​វិវាទ​ដីធ្លី​”៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស