42.2 C
Phnom Penh

នគរបាល​​​ចាប់​​​មនុស្ស​​​បួន​​​នាក់​​​ទៀត​​​ក្នុង​​​ករណី​​​គ្រឿង​​​ញៀន​នៅ​​​សណ្ឋាគារ​​​សុខា ក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​លើកឡើង​កាលពី​​​ម្សិល​មិញ​​​ថា នគរបាល​បាន​​​ចាប់​​​ជនជាតិ​​​ចិន​​​៤​​​នាក់​​​បន្ថែម​ទៀត​​​ពាក់​​​ព័ន្ធ​​នឹង​​​ការ​​​ជួញ​​​ដូរ​គ្រឿង​​​ញៀន ដែល​​​មាន​​​ទីតាំង​​​ចេញ​​​ពី​​​សណ្ឋាគារ​​​សុខា ក្នុង​​​ក្រុង​​​ភ្នំពេញ​ ក្នុង​​​នោះ​​​មាន​​​បុរស​​​៣​​​នាក់​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បាន​​​ពេល​​​ពួក​​​គេ​​​ប្រុង​​​ប្រៀប​​​ឡើង​​​យន្ត​​​ហោះ​​​ទៅ​​​ប្រទេស​ចិន។

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​សមា​ជិក​​​​​​ដែលជាប់​សង្ស័យ​​​៤​​​នាក់​​​នៃ​​​ក្រុម​​​ជួញដូរ​គ្រឿង​​​​​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ ដែល​​​មាន​​​បុរស​​​ជន​​​ជាតិ​ចិន​ពីរ​​​នាក់​​​ ស្រ្តី​​​ចិន​​​ម្នាក់​​​ និង​​​ស្រ្តី​​​វៀតណាម​​​ម្នាក់នោះ​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយសារ​មាន​​​​ថ្នាំ​​ញៀន​​​ទម្ងន់​​​កន្លះ​​​គីឡូ​​​ក្រាមជាប់ខ្លួន​ នៅ​​​សណ្ឋា​គារ​​​ដ៏ប្រណិត​​​នេះ​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​កាល​​​ពី​​​​យប់​​​ថ្ងៃ​​​ពុធ ហើយ​​​ក្រោយ​​​មក​​​ពួកគេ​បាន​​​សារ​ភាព​​​ថា បាន​​​បើក​​​ទឹក​​​បង្ហូរ​​​ថ្នាំញៀន​ចោល​ចំនួន​​​​​ប្រាំ​​​គីឡូក្រាម​​​តាម​​​បង្គន់​​​ក្នុង​​​បន្ទប់​​​របស់​​​ខ្លួន​។

យោង​​​តាម​​​លោក​​​ អីុវ ភា​​​រិទ្ធ​​​ នាយ​​​ការិយា​ល័យ​​​ប្រឆាំង​​​គ្រឿង​​​ញៀន ដែល​​​​​​បាន​​​ដឹកនាំ​​​ការ​​​​​​ឆ្មក់​​​ចាប់​​​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​ បុរស​​​ជនជាតិ​​​ចិន​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ការ​​​ឆ្មក់​​​ចូល​​​សណ្ឋា​​​គារ​​​នេះ​​​ ដែល​​​នៅ​​​អំ​​​ឡុង​​​ពេល​​​នោះ​​​នគរបាល​​​រឹបអូស​​​បាន​​​សារធាតុ​​​ពណ៌​​​ស​​​ស្អិតៗ​​​ក្នុង​​​ចាន​លាយ​ និង​​​ថង់​​​ប្លាស្ទិក​​​តូចៗ​​​មាន​​​សារធាតុ​​​ម្សៅ​​​ស។

លោក អីុវ ភារិទ្ធ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​បញ្ជូន​​​វា​​​ទៅ​​​អា​​​ជ្ញាធរ​​​ជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន ​ដើម្បី​​​ពិសោធ ថា​​​តើ​​​វា​​​ជា​​​គ្រឿង​​​ញៀន​​​ឬ​​​យ៉ាង​​​​​​ណា”។ លោក​​​បន្ថែម​​​ថា មន្ត្រី​​​របស់​​​លោក​​​ក៏​​​បាន​​​រឹប​​​អូស​​​កាំភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​និង​​​ឧបករណ៍​​​បម្រើ​​​ផ្លូវ​​​ភេទ​​​​​​ជា​​​ច្រើន ដែល​​​បុរស​​​ជនជាតិ​​​ចិន​​​​​​នេះ​​​បាន​​​អះអាង​​​ថា គឺ​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​​​ផ្ទាល់​​​ខ្លួនផងដែរ​។

លោក​​​បាន​​​លើកឡើង​ថា កាលពី​​​ថ្ងៃ​​​សៅរ៍ ​​នគរបាល​​​បាន​​​ចាប់​បុរស​​​ជនជាតិ​​​ចិន​​​បី​​​នាក់​​​ទៀត​​​​​​​នៅ​​​អាកាសយាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ។

លោក​​​​បន្ត​​​​ថា ”ពួក​​​គេ​​​ឈរ​​​នៅ​​​ក្នុង​​​អាកាស​​​យានដ្ឋាន​​​ត្រៀម​​​ឡើង​​​យន្ត​​​ហោះ​​​ទៅ​​​ប្រទេស​​​​​​ចិន​​​ដើម្បី​​​ចូល​​​ឆ្នាំ​​​ថ្មី”។ ​លោក​​​បាន​​​ពន្យល់​​​ថា ​៣​​​នាក់​​​នេះ​​​បាន​​​បង្ហាញ​​លិខិត​​​នៅ​​​ច្រក​​​ចូល​​​រួច​​​ហើយ និង​​​កំពុង​​​រង់ចាំ​​​ទទួល​​​ទិដ្ឋាការ​​​ចេញ​​​​​​​ នៅ​​​ពេលពួកគេ​​​​ត្រូវ​​​បាន​​​​ចាប់​​​ខ្លួន​​​បាន​​​នោះ។

នាយ​​​ការិយាល័យ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ជន​​​សង្ស័យ​​​ទាំង​​​៨​​​នាក់​​​​​ដែល​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​បាន ហើយ​​​លោក​​​មិន​​​ព្រម​​​​​ប្រាប់​​​ឈ្មោះនោះ​ ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​តាម​ដាន​​​​ឃ្លាំ​​​មើល​​​មុន​​​ពេល​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​ហើយ​​​ត្រូវ​បានគេ​​​​ឃើញ​​​នៅជាមួយ​គ្នា​​​ជា​​​ច្រើន​​​លើក​​​។ លោក​​​បាន​​​និយាយ​​​ថា ពួកគេ​​​មួយ​​​ចំនួន​​​ត្រូវបាន​​​​សាក​​​សួរ​​​នៅ​​​សាលា​ដំបូង​​រាជធានី​​​​ភ្នំពេញ​​​កាលពី​​​ម្សិល​​​មិញ ហើយ​​​ត្រូវ​​​បាន​ឃំុ​​​ខ្លួន​​​នៅ​​​ស្នងការដ្ឋាន​​​នគរបាល​​​រាជ​​​ធានី ​​ខណៈដែល​​​អ្នក​​​សើុប​​​អង្កេត​​​ព្យាយាម​​​កំ​​​ណ​​​ត់​​​ទំហំ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​មេតំហ្វេតាមីន និង​​​តាម​​​ចាប់​​​មេ​​​ខ្លោង​របស់​​​ពួក​​​គេ។

លោក​​​បាន​​​និយាយ​​​ថា “ពួកគេ​​​មិន​​​មែន​​​ជា​​​មេ​​​ខ្លោង​​​​ទេ។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​រក​​ឲ្យ​​​ឃើញ​​​អ្នក​​​​​​សម​គំនិត​​​ថែម​​​ទៀត​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​ ដូច្នេះ​​​យើង​​​អាច​​​តាម​​​ចាប់​​​មេ​​​ខ្លោង​​​​បាន”។

លោក​​ មាស​​​ វិរិទ្ធ អគ្គលេខាធិការ​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន ​​​និយាយ​​​​​​​ថា​​​ លោក​​​មិន​​​ទាន់​​​បាន​​​​​ទទួល​​​សារធាតុ​​​ស​​​នោះ​​​ពី​​​លោក ភារិទ្ធ នៅ​​​ឡើយ​​​ទេ ហើយ​​​​​​​ថា លោក​​​បាន​​​​​​ដឹង​​​តិច​​​តួច​​​អំពី​​​ករណី​​​នេះ៕​ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស