38.8 C
Phnom Penh

បុរស​ជនជាតិ​ហូឡង់​​ដែល​​​បើក​​​បរ​​​ទាំង​​​ស្រវឹង​​​​​​ ព្យាយាម​រត់​ចេញ​​​​​​ពី​​​ស្នង​​​ការ​​​ដ្ឋាន​​​រាជធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជន​​​ជាតិ​​​ហូឡង់​​​ម្នាក់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិល​មិញ បន្ទាប់​​​ពី​​​ព្យាយាម​រត់​ចេញ​ពី​​​​បន្ទប់​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​រាជធានី ភ្នំពេញ​​​ទី​​​ដែល​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ពី​​​បទ​​​បើក​​​បរ​​​ដោយមាន​ជាតិ​​​​ស្រវឹង​​​។

យោង​​​តាម​​​លោក​​​ ទិន​​​ វ៉ាន់ស៊ី មន្ត្រី​នគរ បាល​ចរាចរ​រាជធានី​ដែល​បាន​ពិន័យ​ជន​ជាតិ​ហូឡង់​រូបនេះ​បាន​​​ឲ្យ​​​ដឹង​​​ថា  ​​​Niels van Klooster អាយុ​​​២៨​​​ឆ្នាំ​​​ត្រូវ​​​បានឃាត់​​​ពេល​​​កំពុង​ជិះ​​​ម៉ូតូ​​​ហុងដា​​​ឌ្រីម​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​ថ្ងៃ​​​ពុធ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប៉ុស្តិ៍នគរ​​​បាល​​​បន្ទាប់ពី​​​មន្ត្រី​​​នគ​​​រ​​​បាល​​​បាន​​​កំណត់​​​ថា ជន​​​នេះ​​​ស្រវឹង​​​ស្រា។

លោក វ៉ាន់ស៊ី បាន​មាន​ប្រសាសន៍​ថា បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​បន្ទប់​​​ឃុំ​​​ខ្លួន​​​ដោយ​​​ មាន​​​អ្នក​​​ជាប់​ឃុំ​​​​​​ប្រាំ​​​នាក់​​​ទៀត​​​ van Klooster​​​ដំបូង​បាន​​​ប្រើ​​​បំពង់ទីប​​​ជ័រ​​​ ដែល​​​សល់​​​ពី​​​ការ​​​ជួស​​​ជុល​​​បន្ទប់​​​នេះ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​ទៅ​​​បុក​​​ទម្លុះ​​​ពិដាន​​​ធ្លុះ​​ប្រវែង​១ម៉ែត្រ។

លោក​​​បាន​​​ថ្លែង​​​ថា “ជន​​​នេះ​​​បាន​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន​​​ដោយ​យក​បំពង់ទីប​​​ជ័រ​គាស់​​​​ពិដាន​​​​​​នោះ​​​។ លោក​​​​​​បន្ថែម​​​ថា នៅ​​​ពេល​​ van Klooster ​​​ ​​​ព្យាយាម​​ឡើង​ចូល​ក្នុង​​​​​​ប្រហោង​​​ដែល​​​ខ្លួន​​​បាន​​​ទម្លុះ​​​ ស្រាប់​​​តែ​​​ធ្លាក់​​​មក​​​លើ​​​អ្នក​​​ជាប់​ឃុំ​​​ជា​​​ច្រើន​​​នាក់​​​​​​ទៀត​​​ ហើយ​​​គ្រេច​​​កជើង​​​”។

លោក​​​ វ៉ាន់​​​ស៊ី បាន​​​ថ្លែង​​​ថា “បន្ទាប់​​​ពី​​​ធ្លាក់​​​ពីលើ​​​ពិដាន​​​មក​​​ ជន​​​នេះ​​​បាន​​​ធាក់​​​ទ្វារ​​​ ប៉ុន្តែ ​​​យើង​​​បាន​​​ប្រាប់គាត់​​​​ឲ្យ​​​ឈប់​​​”។ លោក​​​បាន​​​និយាយ​​​ថា van Klooster ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ដោយ​​​​​​មិន​​​ធ្វើ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​អ្វី​​​ឡើយ​​​ បន្ទាប់​​​ពី​​បង់​ប្រាក់​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ជន​​​នេះ​​​​​​ពី​​​បទ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ទេ​​​ ពីព្រោះ​​​គាត់​​​បាន​​​សុំ​​​អ​​ភ័យ​​​ទោស​​​ ហើយ​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​គាត់​​​នឹង​​​ធានា​​​ជួស​​​ជុល​​​ជូន​យើង​វិញ​​​”៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស