38.8 C
Phnom Penh

ក្រោយពេល​​​ចេញសាលក្រម​ អង្គរក្សរបស់​លោក សុខ ប៊ុន​ កំពុង​រត់​​​គេច​ខ្លួន​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេលលោក សុខ ប៊ុន​ ឧកញ៉ា​ខាង​អចលន​​​ទ្រព្យ​ម្នាក់​បាន​ទាត់​ធាក់​​​​ និង​អូស​​កញ្ញា ឯក សុជាតា អតីត​ពិធីការិនី​​ទូរទស្សន៍​ល្បីឈ្មោះ​ម្នាក់​​​​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កក្កដា ​អង្គរក្ស​ផ្ទាល់​របស់​ពាណិជ្ជ​ករ​រូប​េនះ​បាន​ដក​កាំភ្លើង​​​​ខ្លី​របស់​ខ្លួន​ ហើយ​ភ្ជង់​អតីត​ពិធីការិនី​រូប​នេះ។

លោក សុខ ប៊ុន ត្រូវ​បាន​រក​ឃើញ​​មាន​​​ពិរុទ្ធ​ភាព​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់ពន្ធនាគារ​​៣ឆ្នាំ ប៉ុន្តែ​បាន​ព្យួរ​ទោស​ដោយ​​អនុវត្តទោស​តែ១០ខែ​ប៉ុណ្ណោះ។

ប៉ុន្តែ​អង្គរក្ស​របស់​លោក​​កំពុង​រត់​គេច ​ខ្លួន​នៅ​ឡើយ ហើយ​មន្ត្រី​នគរ​បាល​ដែល​កំពុង​តែ​​​ធ្វើការ​ស៊ើបអង្កេត​បាន​និយាយ​ថា ​អាជ្ញាធរ​មិន​បាន​ស្វែង​រក​​​ជន​នេះ​ឲ្យ​បាន​ សកម្ម​ឡើយ​។

កញ្ញា សុជាតា ដែល​គេ​ស្គាល់​ថា សាសា ​​បាន​​ដាក់​ពាក្យ​បណ្ដឹង​ពីបទ​​ប៉ុនប៉ង​មនុស្ស​ឃាត​​ប្ដឹង​​លោក សុខ ប៊ុន និង​អង្គរក្ស​របស់​លោក​​បន្ទាប់ពី​ការ​វាយ​ដំ​​កាលពី​ថ្ងៃទី​២ ខែ​កក្កដា ដែល​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅភោជនីយដ្ឋាន​នេះ​។

នៅ​ក្នុង​រូប​ភាព​វីដេអូ​ដែល​បាន​បង្ក​​ឲ្យ​មាន​​​ការ​ថ្កោលទោស​ជា​សាធារណៈ​បន្ទាប់ពី​ត្រូវ​បាន​បង្ហោះ​​តាម​អុីនធឺណិត​ដោយ​កញ្ញា សុជាតា ​​ខ្លួន​ឯង គេ​ឃើញអង្គរក្ស​រូប​នេះ​​រារាំង​​អ្នក​បម្រើ​ម្នាក់​មិន​ឲ្យ​​ជួយ​​អន្តរាគមន៍ ហើយ​ក៏​បាន​​ដក​កាំភ្លើងខ្លី​​ភ្ជង់​ក្បាល​អតីត​ពិធីការិនី​រូប​នេះទៀត​ផង​ បន្ទាប់​ពី​លោក សុខ ប៊ុន បាន​​​គ្រវែង​នាង​ឲ្យ​​​ដួលលើ​ឥដ្ឋ​។

យោង​តាម​កញ្ញា សុជាតា បាន​ឲ្យ​ដឹង​ថា ជន​​​​​នេះ​​​​​​បាន​ព្យាយាម​បាញ់​នាង តែ​បាញ់​មិន​ផ្ទុះ​។  បើ​ទោះ​ជា​បុរស​ទាំង​ពីរ​នាក់​នេះ​បាន​គេច​​​ខ្លួន​បន្ទាប់ពី​រូប​ភាព​វីដេអូ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អុីនធឺណិត​ក៏ដោយ ក៏​លោក សុខ ប៊ុន បាន​ត្រឡប់​មក​ប្រឈម​ការ​ផ្ដន្ទាទោស​វិញ​​​តាម​ការជំរុញ​ជា​​​សាធារណៈ​​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

អំឡុងពេល​​​បើក​​​សវនាការ​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក សុខ ប៊ុន នៅ​សាលា​ដំបូង​​​​ រាជធានី​ភ្នំពេញ​កាលពី​ខែ​មុន ​​​លោក​​​ សុខ ប៊ុន បាន​​​ផ្ញើ​​​សារ​​​ជា​លាយលក្ខណ៍​អក្សរប្រាប់​​​​ថា អង្គរក្ស​​​រូប​​​នេះ​​​ឈ្មោះ “វី” ។

លោក ពុធ ធាវី ​មេធាវី​កញ្ញា សុជាតា មាន​​​​​​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា តុលាការ​​ក៏​បាន​ចោទ​ប្រកាន់​​អង្គរក្ស​រូប​នេះ​ពីបទ​​ប៉ុន​ប៉ង​មនុស្ស​ឃាតផងដែរ​ ហើយ​ថា លោក​មិន​ដឹង​ថា ហេតុ​អ្វី​បានជា​ជន​សង្ស័យ​រូប​នេះ​មិន​ត្រូវ​បាន​​បើក​សវនាការ​​ជាមួយ​លោក សុខ ប៊ុន ទេ។

លោក ពុធ ធាវី ថ្លែង​ថា “​អង្គរក្ស​រូប​នេះក៏​ត្រូវ​​ទទួល​ទោស​ទណ្ឌ​​ផង​ដែរ…​ប៉ុន្តែ​ចៅ​ក្រម​មិន​បាន​ផ្ដន្ទាទោស​ជននេះ​ទេ ហើយ​​​​​យើង​មិន​ដឹង​ថា ដោយ​មូលហេតុ​អ្វី​ឡើយ​”។ លោក​​​​បាន​បន្ថែម​ថា លោក​គ្មាន​​​​គម្រោង​​ចាត់​វិធាន​​​ការ​បន្ថែម​ទេ ពីព្រោះ​កូន​ក្ដី​របស់​លោក​ចង់​បំភ្លេច​រឿង​នេះ។

លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដែល​បាន​​​ដឹកនាំ​ការ​ស្វែង​រក​​​ចាប់​ខ្លួន​លោក សុខ ប៊ុន ដំបូង​បាន​មាន​ប្រសាសន៍​កាលពី​ខែ​កក្កដា​​​ថា ក្រុម​ស៊ើប​អង្កេតក៏​កំពុង​តាម​ស្វែង​រក​អង្គរក្ស​​​​រូប​នេះ​ដែរ។

​នៅ​ពេល​ទាក់​ទង​​កាលពី​ម្សិលមិញ​ ឧត្ដម​សេនីយ៍​ទោ សុខ ខេមរិន្ទ ​​បាន​ព្យាយាម​ឆ្លើយ​ពង្វាង។ ដោយ​បដិសេធ​មិន​និយាយ​លម្អិត​​ លោក​បាន​ថ្លែង​ថា “​ប្រសិន​បើ​ជន​នេះ​ប្រព្រឹត្ត​​បទ​ល្មើស​មែន​ នោះយើង​​នឹង​ស្វែងរក​ចាប់​ខ្លួន​ ហើយនឹងមិន​ទុក​ឱកាស​ឲ្យ​ជន​នេះ​រត់​គេច​ខ្លួន​បាន​ឡើយ…។ ប៉ុន្តែករណី​​នេះ​​មិន​ស្ថិត​ក្នុង​ដៃ​នគរ​បាល​ទេ​”។

ចៅក្រម​ស៊ើបសួរ​ ​លាង សំណាត និង​​ចៅក្រម​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ សោ លីនណា ដែល​ឃ្លាំមើល​រឿង​ក្ដី​នេះ ​មិនអាច​ទាក់​ទង​បាន​​ទេ​៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស