32.5 C
Phnom Penh

ចៅក្រម​ចោទ​​ប្រកាន់​​យឺតយ៉ាវ​លើ​​មេ​ភូមិ​ម្នាក់​ដែល​កំពុង​​រត់​គេច​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​​ម្នាក់​នៅ​សាលា​ដំបូង​ខេត្តសៀម​រាប​ដែល​បាន​អនុញ្ញាត​ឱ្យ​មេ​ភូមិ​មកពី​គណ​​​បក្ស​ប្រជាជន​កម្ពុជាម្នាក់​ដើរ​ហើរ​ដោយ​សេរី​បន្ទាប់ពី​​លោក​ត្រូវ​បាន​សាកសួរ​ជុំវិញ​​ការ​ចោទ​ប្រកាន់ពី​បទ​ឆបោកកាលពី​ខែមុន​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ចាប់​​​តាំងពីពេល​នោះមក លោក​បាន​ចោទ​​​ប្រកាន់ ​​​ និង​បាន​ចេញ​ដីកា​ចាប់ខ្លួន​បុរស​រូបនេះ ដែលឥឡូវ​នេះ​កំពុង​រត់​គេច​ខ្លួន។

កាលពី​ដើម​ខែ​មុន លោក ឈុន​ ចាន់​​​សិលា ​​​ចៅក្រម​​ស៊ើប​សួរ​​​បាន​សាកសួរ​​លោក ប៉ាត កឹក មេភូមិ​ព្រៃគុយ និង​ជា​សមាជិក​​គណប​ក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ និង​លោក ហ៊ាង សារី ចៅសង្កាត់​​អម្ពិល និង​ជា​សមាជិក​គណ​​​បក្ស​ សម រង្ស៊ី ជុំវិញ​ឯកសារ​ដែលពួកគាត់​ទាំង​ពីរ​នាក់​បាន​ចុះ​ហត្ថលេខា អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​បញ្ចាំ​ ដី​ដែលត្រូវ​បាន​អះ​អាង​សិទ្ធិកាន់​កាប់​ដោយ​អាជ្ញាធរ​អប្សរាដែលគ្រប់គ្រង​ដោយ​រដ្ឋ​។

ចៅក្រម​ ចាន់សិលា បាន​ចោទប្រកាន​​​់​​​លោក ហ៊ាង សារី ពីបទ​ឆបោក និង​ឃុប​ឃិត​រំលោភ​យក​ដីរដ្ឋនៅ​ថ្ងៃដដែល ហើយ​បាន​បញ្ជូន​គាត់ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដើម្បី​រង់​ចាំ​ការ​ជំនុំ​ជម្រះ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​លោក ប៉ាត កឹក រួច​ខ្លួនទៅវិញ​។ នៅពេល​នោះ ចៅ​​​ក្រម​​​​រូប​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណីនេះទេ។

កាលពី​ម្សិលមិញ លោក​បាន​លើកឡើង​ថា លោក​បាន​ចោទ​ប្រកាន់​លោក ប៉ាត​ កឹក ពីបទ​ឧក្រិដ្ឋ​ដូច​គ្នានេះ​កាលពី​ខែមុន ហើយ​បាន​ចេញ​ដីកា​ចាប់ខ្លួន​​បន្ទាប់ពី​មេ​ភូមិ​រូបនេះ​មិន​បាន​បង្ហាញ​ខ្លួន​​នៅ​តុលាការ​។

ចៅក្រម ចាន់សិលា បានមាន​ប្រសាសន៍​​​ថា “​តុលាការ​បាន​ចេញ​ដីការ​បង្គាប់ឱ្យ​អាជ្ញាធរ​​​ ​​នាំ​ខ្លួន​មេភូមិ​រូបនេះ​មក​កាន់​តុលាការ​​​ បន្ទាប់​​​ពី​គាត់​មិន​បាន​មក​បង្ហាញ​ខ្លួន”។

ប៉ុន្តែ​ លោក​បាន​បដិសេធមិន​ពន្យល់​​ពីមូលហេតុ​ដែលលោក​​​បាន​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ នៅពេល​បុរស​ទាំងពីរ​មាន​វត្តមាន​នៅ​តុលាការ​ កាលពី​ខែមុន។

លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​អនុវត្ត​តាម​នីតិ​​​វិធី​ច្បាប់។ សរុបមក នេះគឺ​ជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​”។

នៅពេល​សួរ​អំពី​ការ​ចោទប្រកាន់របស់​​គណបក្ស​ប្រឆាំង​​ដែលថា លោក​បាន​ដោះ​​​លែង​​លោក ប៉ាត កឹក កាលពី​ខែមុនដោយ​​ហេតុ​ផល​នយោបាយ​នោះ លោក​បាន​ឆ្លើយ​តប​ថា “ខ្ញុំគ្មាន​អ្វី​ត្រូវ​និយាយទេ​ ពួក​​​​​​គេ​​​គិត​​​ម៉េច​​​គិត​​​ទៅ​​​”។

លោក ទិត្យ​ ណារ៉ុង អធិការ​នគរបាល​ក្រុង​សៀម​រាប និង​លោក នួនសាក់ ចំរើន​រិទ្ធ អធិការ​រង​​បាននិយាយ​ថា ពួកគាត់​មិន​បាន​ឃើញ​ដីកា​ចាប់ខ្លួន​លោក ប៉ាត​ កឹក​ ទេ។

ទោះយ៉ាង​ណា លោក ឆេង សី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ បានមានប្រសាសន៍ថា​ លោក​បាន​ឃើញ​​ដីកា​ចាប់ខ្លួន​លោក ប៉ាត កឹក ហើយ​បាន​ឃើញ​នគរបាល​​ស្វែង​រក​គាត់​នៅ​​​ក្នុង​តំបន់នេះ”។លោក​បាន​ថ្លែងថា “ខ្ញុំតែង​តែឃើញ​នគរបាល​​មកទីនេះ​ស្វែងរក​​គាត់”។

លោក កឹក ម៉ៅ កូនប្រុស​របស់​មេ​ភូមិ​រូបនេះ​​បាននិយាយ​ថា គាត់​បាន​ឃើញ​ឪពុក​​​គាត់​ចុង​ក្រោយ​​ពីរ​បីថ្ងៃមុនពេល​មានការ​ចេញ​ដីកា​ចាប់ខ្លួន។ គាត់បាននិយាយ​ថា ឪពុក​​​​របស់គាត់​​បាន​ទៅខេត្ត​សុរិន្ទ ប្រទេស​ថៃ គ្រាន់តែឆ្លង​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​តែប៉ុណ្ណោះ។

កូនប្រុស​រូបនេះ​បាននិយាយ​ថា​​​ “​គាត់​​​បាន​គេ​ចខ្លួន​ ហើយ​កំពុង​លាក់ខ្លួន​ចាប់តាំង​ពី​មានការ​ចេញ​ដីកា​ចាប់ខ្លួនគាត់​​។ លើក​ចុង​ក្រោយ​ដែល​ខ្ញុំបាន​ជួប​គាត់ គាត់បាន​ប្រាប់​ខ្ញុំ​ថា គាត់​ទៅសួរ​សុខ​ទុក្ខ​សាច់ថ្លៃមាន​ជំងឺនៅ​ខេត្ត​សុរិន្ទ។ គាត់​មិន​បាន​ត្រឡប់​មកវិញ​ទេ​​​តាំង​ពីពេលនោះមក”។

លោក សុខ គឹមសេង​ អនុប្រធាន​​​ប្រចាំ​​​ខេត្តនេះរបស់​​គណប​ក្ស​សង្គ្រោះជាតិ​ដែលបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​មាន​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​អះ​អាង​ថា ចៅក្រម​ ចាន់សិលា បាន​សម្រេច​​​លម្អៀង​ពាក់ព័ន្ធ​​នយោបាយ​​នៅពេល​លោក​​បាន​អនុ​​​ញ្ញាត​ឱ្យ​លោក ប៉ាត​ កឹក រួចខ្លួនកាលពី​ខែមុន។

លោក​ថ្លែង​ថា “​ខ្ញុំនិយាយថា វា​ជា​​​សេចក្តី សម្រេច​ដោយហេតុ​ផល​នយោបាយ​ក្នុង​ការ​ចាប់​ចៅសង្កាត់​រូបនេះ​ដាក់​​​ពន្ធនាគារ។​​​ មេ​ភូមិ​គណប​ក្ស​ប្រជាជន​កម​្ពុជា​ដែល​បាន​ចុះ​ហត្ថ​​​លេខា និង​បោះត្រា​​លើ​ឯកសារ​ទាំង​​​នោះ​​​ដំបូង​ មិនដែលត្រូវ​បាន​ចាប់ខ្លួនទេ”៕សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស