ប្រជាពលរដ្ឋប្រហែល៥០នាក់បានមកជួបជំុគ្នានៅខាងក្រៅការិយាល័យក្រុមហ៊ុនស្រាបៀរអង្គរក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងការសង់ទំនប់ដនសាហុង ដ៏ចម្រូងចម្រាស់ក្នុងប្រទេសឡាវ ដោយក្រុមហ៊ុនម៉ាឡេស៊ី ដោយលើកហេតុផលថា នាយកម្នាក់ដែលពាក់ព័ន្ធក្នុងមុខជំនួញទាំងពីរ គួរធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការងារទំនប់នេះ។
ដោយហេតុថា ទំនប់នេះស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវនៅទន្លេមេគង្គ ក្រុមសកម្មជនបង្ហាញហេតុផលថា គេគួរពិគ្រោះយោបល់ជាមួយប្រជាជនកម្ពុជាអំពីផលប៉ះពាល់សង្គម និងបរិស្ថានដែលអាចកើតមាន។
ក្រុមអ្នកតវ៉ាដែលមកពីសហគមន៍ដែលគិតថា នឹងរងផលប៉ះពាល់អវិជ្ជមានដោយសារតែទំនប់នេះបានស្រែកថា “បញ្ឈប់ដនសាហុង! បើមិនបញ្ឈប់ទេ កុំផឹកស្រាបៀរអង្គរ”។

ក្រុមហ៊ុនមេហ្គាហ្វើស ខបភើរ៉េហ្សិន ប៊ីអេចឌី ជាក្រុមហ៊ុនកំពុងសាងសង់ទំនប់នេះ មានលោក Goh Nan Kioh ពាណិជ្ជករម៉ាឡេស៊ីជាប្រធាន។ លោក Goh ក៏មានភាគហ៊ុន៥០ភាគរយក្នុងក្រុមហ៊ុន ខេមប្រ៊ូ ជាក្រុមហ៊ុនដែលផលិតស្រាបៀរអង្គរដែរ។
សេចក្ដីថ្លែងការណ៍រួមមួយចេញកាលពីថ្ងៃសុក្រដោយសហគមន៍រងផលប៉ះពាល់ និងអង្គការសង្គមស៊ីវិលបាននិយាយថា “ដោយការចូលរួមនេះ ក្រុមហ៊ុនខេមប្រ៊ូ និងលោក Goh Nan Kioh មានចំណែកក្នុងការទទួលខុសត្រូវចំពោះការធ្វើទំនប់ដនសាហុង និងផលប៉ះពាល់របស់វាលើសហគមន៍នានាក្នុងប្រទេសកម្ពុជា”។
ទោះជាយ៉ាងនេះក្ដី តំណាងក្រុមហ៊ុនខេមប្រ៊ូ បានទទូចថា ក្រុមហ៊ុននេះមិនសមជាគោលដៅសម្រាប់ការតវ៉ាប្រឆាំងទំនប់ទេ។
ងៀប ឆេងលាភ នាយកផ្នែកធនធានមនុស្ស និងរដ្ឋបាលរបស់ក្រុមហ៊ុនខេមប្រ៊ូ បាននិយាយថា “ខេមប្រ៊ូមិនបានពាក់ព័ន្ធជាមួយទំនប់ដនសាហុងទាល់តែសោះ…។ អ្នកតវ៉ាទាំងអស់គួរទៅនិយាយជាមួយរដ្ឋាភិបាលឡាវ។ ពួកគេមិនគួរមកប្រឆាំងការរកស៊ីរបស់យើងដូចនេះទេ”។
សកម្មជនម្នាក់ឈ្មោះ ហំ ឧត្ដម បាននិយាយថា ក្រុមនេះបានសំដៅមកក្រុមហ៊ុនអង្គរជានិមិត្តរូប ដើម្បីបង្ហាញឲ្យឃើញបញ្ហាទំនប់នេះ។ ទោះយ៉ាងនេះក្ដី នៅពេលដែលអ្នកតវ៉ាមួយចំនួនបាននិយាយថា ពួកគេយល់ថា គម្រោងនេះមិនជាប់ពាក់ព័ន្ធផ្ទាល់នឹងក្រុមហ៊ុនខេមប្រ៊ូក៏ដោយ ក៏អ្នកផ្សេងទៀតហាក់ដូចជាជឿថា ក្រុមហ៊ុនស្រាបៀរនេះផ្ដល់ប្រាក់ធ្វើទំនប់។
លោក ថូយ វណ្ណា អ្នកបើកទូកដែលបានធ្វើដំណើរពីផ្ទះរបស់គាត់នៅព្រំដែនក្នុងស្រុកថាឡាបរិវ៉ាត់ ក្នុងស្រុកស្ទឹងត្រែង ដើម្បីចូលរួមការតវ៉ាកាលពីថ្ងៃសុក្រ បាននិយាយឥតសំចៃអំពីការខូចខាតដែលអាចកើតមានចំពោះការរស់នៅរបស់លោកដែលទំនប់នេះនឹងបង្កឡើង ប៉ុន្តែបានសន្មតថា ក្រុមហ៊ុនស្រាបៀរអង្គរទទួលខុសត្រូវចំពោះគម្រោងនេះ។
លោកបាននិយាយថា ”ខ្ញុំនឹងបាត់បង់ការងាររបស់ខ្ញុំនៅពេលពួកគេសង់ទំនប់នេះ ពីព្រោះខ្ញុំជាអ្នកបើកទូកជូនភ្ញៀវទេសចរធម្មជាតិ។ យើងមកទីនេះពីព្រោះខ្ញុំចង់ឲ្យក្រុមហ៊ុនស្រាបៀរអង្គរគិតពិចារណាលើគម្រោងនេះឡើងវិញ”។
ក្រុមអ្នកបរិស្ថាន និងក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ទំបន់ដងសាហុងអាចបំផ្លាញទាំងស្រុងនូវត្រីផ្សោតដែលជិតផុតពូជ និងធ្វើឲ្យហិនហោចប្រភេទត្រីជាច្រើនដែលសហគមន៍នានានៅតាមបណ្ដោយទន្លេមេគង្គអាស្រ័យផលសម្រាប់ការរស់នៅរបស់ពួកគាត់។
ការសាងសង់ទំនប់តាមគម្រោងបានចាប់ផ្ដើមនៅខែធ្នូឆ្នាំមុន បើទោះមានការតវ៉ាពីរដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាមទាក់ទិននឹងកង្វះការពិគ្រោះយោបល់ក៏ដោយ៕ និត