32.5 C
Phnom Penh

លោក ហ៊ុន សែន លើក​ឡើង​ថា គ្រូពេទ្យ​នៅ​​​កម្ពុជា​មិនមែន​សុទ្ធតែ​អាក្រក់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​ដែល​រិះគន់​វិស័យ​សុខាភិបាល​ ដោយ​និយាយ​​ថា ​ពួកគេ​ “​កំពុង​មើល​ស្រាល​​​គ្រូពេទ្យ​​” នៅ​ក្នុងប្រទេស​​កម្ពុជា​ និងបាន​លើក​ឡើង​ថា អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្ត​​ប្រព័ន្ធ​សុខា​​​ភិ​​​បាល​​ គឺ​ចង់​សម្លាប់​គ្រូពេទ្យ​ប្រមាណ​២០.០០០​ នាក់​នៅ​ក្នុង​ប្រទេស​នេះ​។

ពេល​ថ្លែង​​អំឡុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ចំនួន​​ប្រាំ​ ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ព្រះសីហនុ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​បាន​ឮ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​គុណភាព​របស់​គ្រូពេទ្យ​នៅ​កម្ពុជា​ ក្នុងនោះ​រួម​មាន​ទាំង​អ្នក​រិះគន់​​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​លោក​លើក​ឡើង​ថា បាន​​​អំពាវ​នាវ​ឲ្យមាន​ការ​ “​ធ្វើ​បដិវត្ត​​នៅក្នុង​គ្រូ​​​ពេទ្យ” និង​អ្នក​រិះគន់​ម្នាក់ទៀត​ដែល​និយាយ​ថា ​៩៩​ភាគរយ​នៃ​គ្រូពេទ្យ​នៅ​ប្រទេស​​​កម្ពុជា​អសមត្ថភាព​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ពួកគេ​បាន​មើល​ស្រាល​ចំពោះ​គ្រូពេទ្យ និង​មន្ត្រី​សុខាភិ​​​បាល​របស់​យើង​ប្រមាណ​២០.០០០​នាក់ រហូតមានអ្នកខ្លះអំពាវនាវឲ្យ​ធ្វើបដិវត្តន៍ នៅក្នុង​គ្រូពេទ្យ បើ​អីចឹង​ធ្វើបដិវត្តន៍​មាន​​​យក​​​​គ្រូពេទ្យ​ទៅ​វាយចោល​”។

​លោក ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ទៀត​ថា “​យើង​ស្តាប់ឮ ឃើញ​មាន​សំឡេង​ត្អូញត្អែរ ពី​សំណាក់​ពលរដ្ឋ​របស់យើង​មួយ​​​ចំនួន រហូត​មានអ្នក​ធ្វើអត្ថាធិប្បាយ រហូត​​​ទៅដល់​ប្រមាថម៉ាក់ងាយ​ចំពោះ​គ្រូពេទ្យ​របស់​យើង”។

លោក​បាន​បន្ថែម​ថា “​ចំណុច​នេះ​យើង​ត្រូវ​ទទួលស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​មិន​ដល់​ថ្នាក់១០០ខូច​អស់​៩៩នៅ​​​សល់​​​​តែមួយ​នោះ​ទេ។ ភាគច្រើន​នៃ​គ្រូពេទ្យ​របស់​​​​យើង​មាន​ក្រមសីល​ធម៌ មាន​វិជ្ជាជីវៈប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​មាន​ការ​​លះ​​​បង់​​​​​ដើម្បី​ជួយ​អ្នក​ជំងឺ។​ ហើយ​ពួកគេ​ខិតខំ​ធ្វើ​ការ​ដូច​នគរ​បាល និង​កង​រាជអាវុធហត្ថ​អ៊ីចឹង សូម្បី​តែ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ក៏ដោយ”។

​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដែល​​​​ជា​ស្ថាបនិក​​ក្រុម​​តស៊ូ​មតិ​នយោបាយ​ “ខ្មែរ​ដើម្បី​ខ្មែរ” ​ត្រូវ​បាន​ដក​ស្រង់​​​សម្តី​​​​ចេញពី​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ក្នុង​ពេលថ្មីៗ​ ដោយ​ប្រើ​ពាក្យ​ថា “​បដិវត្ត” ដើម្បី​អំពាវ​នាវ​​ឲ្យ​​​ ​មាន​ការ​​រុះរើ​ទំាំង​ស្រុង​នៃ​ប្រព័ន្ធ​សុខាភិ​​​បាល​​​​ នៅ​កម្ពុជា។ លោក​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​នាយករដ្ឋមន្ត្រី​​​មាន​ការ​​យល់​ច្រឡំ​ចំពោះ​សម្ដី​របស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​និយាយ​អំពី​បដិវត្ត​នៅ​ក្នុង​វិស័យ​សុខាភិបាល មិន​មែន​បដិវត្ត​នៅក្នុង​គ្រូពេទ្យ​ទេ។ នេះ​មាន​ន័យ​ថា ​យើង​ចាំបាច់​ត្រូវ​តែ​មាន​ការ​ធ្វើ​កំណែទម្រង់​​ទ្រង់ទ្រាយ​ធំ​ មិនមែន​ទ្រង់ទ្រាយ​តូច​ទេ គឺ​មាន​ន័យ​ថា រចនាសម្ព័ន្ធ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​គួរ​តែ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​​ដើម្បី​ដាក់​មនុស្ស​​ឲ្យ​ត្រូវ​ចំកន្លែង​​ដោយ​មាន​ប្រាក់​ខែ​សមរម្យ​”។

លោក កែម ឡី ​បាន​លើក​ឡើង​​​ចំៗ​ចំពោះ ​ការ​ដែល​ថា គ្រូពេទ្យភាគច្រើន​​ដែល​ត្រូវ​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​​ក៏​​ធ្វើ​ការ​នៅ​​គ្លីនិក​ឯកជន​ដែរ​ ដោយ​និយាយ​ថា តួ​​​លេខ​នេះ​អាច​មាន​​​រហូត​ដល់​ទៅ​៨៥​ភាគរយ​។

​លោក​​បាន​មានប្រសាសន៍​ថា “​គ្មាន​វិជ្ជា​​​ជីវៈ​ទេ ហើយ​ក៏​គ្មាន​ក្រម​សីលធម៌ដែរ”។

លោក គួច ម៉េងលី អ្នក​រិះគន់វិស័យ​សុខា​​​ភិបាល​ឥត​សំចៃមាត់​ម្នាក់​​ទៀត ​ដែល​ជា​​វិជ្ជ​​​បណ្ឌិត និង​ពាណិជ្ជករ​ទទួល​បាន​ការ​អប់រំ​នៅ​សហរដ្ឋអាមេរិក​​បាន​លើក​ឡើង​ជា​សាធារណៈ​ កាលពី​ខែ​មករាថា ​ក្នុង​ចំណោម​គ្រូពេទ្យ​១០​នាក់​នៅ​កម្ពុជា​មាន​៩​នាក់​​ទៅ​ហើយ​ដែល​គ្មាន​ក្រមសិលធម៌​​ ហើយ​ព្យាបាល​អ្នក​ជំងឺ​​មិន​ត្រឹម​ត្រូវ​។ ការ​លើកឡើង​របស់​លោក​បាន​ធ្វើ​ឲ្យ​គណៈវិជ្ជាជីវៈសុខា​ភិបាល​កម្ពុជា​​ដែល​មានទំនាក់​ទំនងជាមួយ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​ការ​សូម អភ័យទោស​​ភ្លាមៗ។

លោក គួច ម៉េងលី បាន​លើក​ឡើង​កាល​​​ពី​ម្សិលមិញ​ថា ទោះបី​ជា​លោក​នាយក​រដ្ឋ​​​មន្ត្រី​​​​ព្យាយាម​ធ្វើ​ឲ្យ​ការ​រិះគន់​សាប​រលាប​ទៅ​វិញ​ក៏ដោយ តែ​មិនប្រាកដថា​​ជោគជ័យ​ទេ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បាន​មាន​ប្រសាសន៍​ថា “​ខណៈ​លោក​​​​លើក​ឡើង​ថា មាន​​​​គ្រូពេទ្យ​តែ​មួយ​ចំនួន​តូច​ដែល​ខូច​នោះ ពលរដ្ឋ​ដែល​ធ្លាប់​ជួប​បញ្ហា​នេះ​លើក​ឡើង​ថា មាន​មួយ​ចំនួន​ធំ​”។

​លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា “​ប៉ុន្តែ​ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា បញ្ហាមិន​នៅ​​​ត្រង់​​​ថា​ ​ចំនួន​តិច​​​ ឬ​​​ច្រើនទេ​ ប៉ុន្តែ​ជាក់ស្តែង​គ្រូពេទ្យ​នៅកម្ពុជា​គ្មាន​ក្រម​សីល​​​ធម៌ និង​វិជ្ជាជីវៈ​ទេ ​បើ​ផ្អែក​លើ​ការ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន។ ​​​សម្រាប់​​ខ្ញុំ ខ្ញុំ​សូម និយាយ​ថា មាន​ច្រើន”៕ ស៊ុយឈាង​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស