38.8 C
Phnom Penh

ចម្ងល់​​​ជុំវិញ​ការអះអាង​របស់លោក ​ហ៊ុន​ សែន ​​នៅ​តែ​អាថ៌កំបាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​ត្រឹមថ្ងៃសុក្រ វា​នឹង​មាន​រយៈពេល​មួយ​​​ខែហើយ​​ចាប់តាំងពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឡើង​ថ្លែង​សុន្ទរកថា អំឡុង​ពិធីសម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​ក្រសួង​បរិស្ថាន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ប្រកាស​ថា ដី​ទំហំ​១លាន​ហិកតា​ត្រូវ​បាន​ដកហូត​ពី​ម្ចាស់​ដីសម្ប​ទាន​សេដ្ឋកិច្ច​ ហើយនឹងត្រូវយកទៅ​ចែក​​ជូន​គ្រួសារ​ក្រីក្រ​រួចមក​​នោះ​។

ការ​ពិនិត្យ​ឡើងវិញ​រយៈពេល​មួយ​ឆ្នាំ​របស់​​​​គណៈកម្មាធិការ​ចំពោះកិច្ច​ដែល​បង្កើត​​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​លើ​ដី​សម្បទាន​​​សេដ្ឋកិច្ច​នៅទូទាំង​ប្រទេស​ដែលរង​ការ​រិះ​គន់​​​ខ្លាំងដោយ​សារ​វា​ធ្វើ​ឲ្យ​បាត់បង់ព្រៃឈើ​និង​​​​មាន​​​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅទូទាំង​ប្រទេស​​​​​​​នោះ​ បានឈានដល់ទីបញ្ចាប់​ហើយ។​

ប៉ុន្តែ​រដ្ឋាភិបាល​នៅមិនទាន់ពន្យល់​ថា តើ​លោក​ ហ៊ុន​ សែន​ បានរកឃើញ​តួលេខ​សរុប​មួយ​លាន​ហិកតា​នេះ​តាមរបៀប​ណានៅ​ឡើយ​​​ទេ​​ ព្រោះ​តួលេខ​នៃ​ដីសម្បទាន​ដែល​​​ត្រូវ​បាន​ដកហូត​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​កៀក​ទៅនឹង​តួលេខ​នេះ​ឡើយ​ ហើយ​អង្គការ​សិទ្ធិដីធ្លីនៅតែមាន​មន្ទិល​ថា តើ​ដី​ទាំង​​នេះ​បានមកពីណា​។

លោកឧបនាយក​រដ្ឋមន្ត្រី​ ប៊ិន ឈិន​​ ដែល​​ដឹកនាំ​គណៈកម្មាធិការ​ពិសេស​នេះ​បាន​លើក​ឡើង​ថា លោក​មិន​ដឹង​ឡើយ។

លោក​បានមាន​ប្រសាសន៍កាលពី​ម្សិល​មិញ​​​​​មុន​ពេល​ដាក់ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន​ម្នាក់​ចុះ​ថា “​ហេតុ​អ្វី​បានជា​លោក​ឯង​សួរ​ខ្ញុំ​? កុំសួរ​ខ្ញុំ​ ខ្ញុំអត់ដឹងទេ”។

លោក​ វ៉ាន់ សំអឿន អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទដីធ្លី​បានលើកឡើង​ថា លោក​ក៏មិន​ដឹង​ដែរ ហើយ​មិនទាន់​ឃើញ​ឯកសារ​ពេញ​លេញ​នៃដីទំហំ​១លាន​ហិកតា​នេះនៅឡើយ​ទេ។ ”​ខ្ញុំគិត​ថា ឯក​​ឧត្តម​ឧប​នាយក​​​​រដ្ឋមន្ត្រី ប៊ិន ឈិន ប្រហែល​ជា​មាន​ឯកសារ​នេះ​ ប៉ុន្តែ​ខ្ញុំមិនដែលបានឃើញ​ឯក​សារ​​​​នេះ​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ គឺត្រឹមតែ​ថា ដីសម្បទាន​​​​​សេដ្ឋកិច្ច​ភាគច្រើន​ត្រូវ​បាន​ក្រសួង​​​​​បរិស្ថាន​លុប​ចោល”។

ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​​ជា​អ្នកគ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​២លាន​ហិកតា​​​នៅទូទាំង​ប្រទេស​ ​រហូត​ដល់​មាន​ការ​ពិនិត្យ​ឡើង​វិញ​ដោយ​គណៈ​​កម្មាធិការ​ពិសេស​។​

កាលពីខែមករា ឆ្នាំ​២០១៥ ក្រសួង​បរិស្ថាន​​​បានប្រកាស​ថា ខ្លួន​បាន​ដក​ហូត​មកវិញ​នូវ​ដី​សរុប​ទំហំ​​១២៧.០០០ហិកតា​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន​២៨កន្លែង​ ដែល​ត្រូវ​បាន​លុប​ចោល​ ឬ​នៅក្នុង​ករណី​ខ្លះ​កាត់​បន្ថយ​ទំហំ។ ​កាលពី​ម្សិលមិញ លោក ស៊្រុន ដារិទ្ធ ទីប្រឹក្សា​ក្រសួង​​ និង​ជា​នាយរង​ខុទ្ទកាល័យ​បាន​លើក​ឡើង​ថា តួលេខ​នេះ​នៅតែ​ដដែល។

នៅឯក្រសួង​កសិកម្ម​ឯណោះវិញ​ លោក អៀង សុផាល្លែត អ្នកនាំពាក្យក្រសួង​នេះ​ និង​ជាជំនួយការ​ផ្ទាល់​របស់លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា លោកក៏មិន​បាន​ឃើញ​​ឯកសារ​នៃដីទំហំ​១លាន​ហិកតា​នេះ​ដែរ ហើយ​បាន​ចាត់ទុក​តួលេខនេះថា ជា​”តួលេខ​ប្រហែលប្រហែល”។​

លោក អៀង សុផាល្លែត បាន​សន្យា​ជាច្រើន​​​​​សប្តាហ៍មក​ហើយ​ថា នឹង​រៀប​ចំ​​សន្និសីទ​​​​កាសែត​​​​មួយ​ដែល​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នឹងពន្យល់​អំពីចម្ងល់​នៅ​ពីក្រោយ​ដី​ទំហំ​១លាន​ហិកតា​នេះ ប៉ុន្តែ​កាលពី​ម្សិល​មិញ ​​​​លោក​បាន​លើកឡើង​ថា ក្រសួង​របស់លោក​ជាប់រវល់​ខ្លាំង​នឹងរឿង​ផ្សេង​ជាច្រើន​ដែល​ត្រូវ​​​​​ដោះស្រាយ​បន្ទាន់។

លោក​មានប្រសាសន៍ថា “​ខ្ញុំ​គ្មាន​ទិន្នន័យ​​​​គ្រប់គ្រាន់ទេ ដោយសារតែ​​ជាប់​រវល់​ខ្លាំង​នឹង​​​គ្រោះ​រាំង​ស្ងួត និង​បញ្ហា​ផ្សេង​ៗទៀត ព្រោះ​វា​សំខាន់ជាង”។

កាលពីខែមករា ឆ្នាំ​២០១៥ ក្រសួង​កសិកម្ម​​​បានលើក​ឡើង​ថា​ ខ្លួន​ដក​ហូត​បាន​ត្រឹមតែ​ប្រហែល​៥០.០០០ហិកតា​ប៉ុណ្ណោះ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៨កន្លែង។ ប្រសិន​បើក្រសួង​បរិស្ថាន​មិន​បាន​ដក​ហូត​យក​​ដី​បន្ថែម​ណាមួយដូច​លោក​ ស្រ៊ុន ដារិទ្ធ បាន​​លើកឡើង​នោះ អុីចឹង​ក្រសួង​កសិកម្ម​ដាច់​ខាត​ត្រូវ​ដក​ហូត​ដី​ទំហំ​៨២៣.០០០ហិកតា​បន្ថែម​នាឆ្នាំកន្លងមក​​ ទើប​តួលេខ​សរុប​របស់​​លោក​ ហ៊ុន សែន​ ត្រឹមត្រូវ។

អង្គការ​សិទ្ធិមនុស្ស​នៅតែ​មាន​មន្ទិល​។​លោក​ ឡាត់ គី ដែល​ជាអ្នក​ឃ្លាំមើល​ដី​សម្ប​ទាន​​​ប្រចាំ​អង្គការ​អាដហុក​បាន​លើកឡើង​ថា “​ខ្ញុំ​មិន​បានឃើញ​ទិន្នន័យ[​ដែល​] បង្ហាញ​​ថា តើ​ខេត្ត​ណាខ្លះ​ និង​ថាតើ​ដីសម្បទាន​សេដ្ឋកិច្ច​ណាខ្លះ​នោះ​ឡើយ។​វាមិន​ច្បាស់លាស់​សោះ ​ហេតុ​ដូច្នេះ​ វា​មានការ​លំបាកណាស់សម្រាប់​អង្គការ​ក្នុងការ​វាយ​តម្លៃ”។

ចំណែកឯ​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​​លើកឡើង​ថា រដ្ឋាភិបាល​អាច​រកឃើញ​តួលេខ​​​​១លាន​ហិកតា​ ប្រសិន​បើ​រាប់បញ្ចូល​ដីសម្បទាន​​​​​​​​​កាប់ឈើចាស់​។ ប៉ុន្តែ​ដីសម្បទាន​ទាំងនោះ​ ត្រូវ​បានផ្អាក​​ជាង​មួយ​ទសវត្សរ៍កន្លង​មក​​ហើយ ហើយនៅ​ក្នុង​សុន្ទរកថា​របស់ខ្លួន​កាល​​​​ពី​ខែ​មុន​ លោក​ ហ៊ុន សែន បាន​សំដៅ​ដល់​ដី​សម្បទាន​​​​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​លុប​ចោល​។​

ទោះយ៉ាងណា លោក សៅ សុភាព​ នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បាន​លើកឡើង​ថា គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​មាន​មន្ទិល​ចំពោះ​ការ​អះ​អាង​របស់លោក​នាយក​រដ្ឋមន្ត្រីឡើយ។

លោក​បាន​លើកឡើង​ថា “​ខ្ញុំ​គិត​ថា មិនគួរ​មាន​ការ​សង្ស័យ​ណាមួយ​នោះទេ ព្រោះ​យើង​​​​មាន​ឯកសារ​ទាំង​អស់​”។ លោក​បាន​បន្ថែមថា លោក​ក៏មិនដឹងថា តើ​ដីទំហំ​១​លាន​ហិកតា​នោះ​បានមក​ពី​ទីណានោះ​ដែរ៕​ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស