26 C
Phnom Penh

រដ្ឋាភិបាល​​លុប​ចោល​សម្ប​ទាន​​​​​ដី​​សេដ្ឋកិច្ច​​​​​នៅ​រតនគិរី​ដែល​​​គ្រប់​គ្រង​ដោយ​​​​​កង​ទ័ព​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មន្ទីរ​កសិកម្ម​​ខេត្ត​រតនគិរី​បាន​បញ្ជាក់​​​​​​​​កាលពី​ម្សិលមិញ​ថា ​ចម្ការ​មួយ​ក្នុង​ចំណោម​ចម្ការ​​កៅស៊ូ​ចំនួន​បួន​ដែល​​​​​​​​​​ប្រតិបត្តិការ​ដោយ​​​​​​​​កង​ទ័ព​វៀតណាម នៅ​ខេត្ត​រតនគិរី​ ​​​​​​ត្រូវ​​​​​​​​​បាន​​លុប​​​​ចោល​កិច្ច​សន្យា​របស់​ខ្លួន​​ជាមួយ​រដ្ឋាភិបាល​​កាលពី​ខែ​មុន ស្រប​ពេល​មាន​ការ​ចោទ​ប្រកាន់​​​​​​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​អនុញ្ញាត​ឲ្យ​​​​កសិករ​វៀតណាម ​​ទន្ទ្រាន​ចូល​ដី​របស់​កម្ពុជា​។

យោង​តាម​កំណត់​ត្រា​​របស់​ក្រសួង​ពាណិជ្ជ​​កម្ម និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​វៀត​ណាម ​​បង្ហាញ​​​​​​​​​​​​ថា សម្បទាន​ដី​​សេដ្ឋកិច្ច​​​របស់​ក្រុម​ហ៊ុន​ ដាយ ដុង យឿង (Dai Dong Duong) ​គឺ​​ជា​​​​​​ចម្ការ​​​មួយ​​​​​​​​​​​​​​​​ក្នុង​​​​​ចំណោម​​​ចម្ការ​​​​​​ចំនួន​បួន​នៅ​ខេត្ត​ភាគ​ឦសាន​នេះ ដែល​ចំណែក​​​​​​​​​​របស់​​​​​​វា​​​​​​ត្រូវ​បាន​​​​​អង្គភាព​ផ្សេងៗ​នៃ​កងទ័ព​វៀតណាម​ ទិញ​យក​ដោយ​ស្ងាត់ៗ​​​​​​ក្នុង​​​​​​​រយៈ​ពេល​ពីរ​បី​ឆ្នាំមក​នេះ។

ក្រុម​អ្នក​ភូមិជនជាតិ​ដើមភាគ​តិច​​ចារ៉ាយ​ បាន​ចោទ​ប្រកាន់​ចម្ការ​ទាំង​េនះ​ម្ដង​ហើយ​ម្ដង​ទៀត​ថាបាន​ទន្ទ្រាន​ចូល​​ព្រៃដូន​តា​​របស់​ពួកគាត់។ កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ក្រសួង​​​​​​​ការ​បរទេស​បាន​​ធ្វើ​​​​​​​​​ការ​​​តវ៉ា​ទៅ​​​​​​រដ្ឋាភិបាល​​​ក្រុង​​​​ហាណូយ​ ចំពោះ​ស្រះ​ទឹក​​​​មួយ​​​​​​ចំនួន​​​នៅ​លើ​ដី​ចម្ការ​របស់​ក្រុម​ហ៊ុន ដៃ ដុង ដួង ​​​ជីក​ដោយ​កសិករ​វៀតណាម ដែល​​​​​​​​​​​​​​​​បាន​​​​​​​​​​​ឆ្លង​​​​ព្រំដែន​ក្បែរ​​​​​នោះដែល​មិន​ទាន់​បាន​កំណត់​ពេញ​លេញ​នៅ​​​​​​ឡើយ​។ ក្រសួង​កសិកម្ម​បាន​លើក​ឡើង​កាល​​​ពី​ខែ​វិច្ឆិកាថា នឹង​​​​​​ពិនិត្យ​​​​សើរើ​​​​​​​​​​​​​ក្រុម​ហ៊ុន​នេះ​​។

កាលពីម្សិលមិញ លោក សូយ សូណា ​ប្រធាន​​​​​មន្ទីរ​កសិកម្ម​ខេត្ត​​​​​​​រតនគិរី បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​បាន​​លុប​ចោល​សម្ប​ទាន​​​របស់​ក្រុម​ហ៊ុន ដាយ ដុង យឿង កាលពី​ខែ​កុម្ភៈ ​ចំពោះ​ការ​មិន​​​​​​​អភិវឌ្ឍ​​​​​លើ​​​​​​​​​​​​ដី​​​នោះ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​រដ្ឋាភិបាល​​​​​បាន​លុប​ចោល​គម្រោង​វិនិយោគ​សម្បទាន​​ដី​សេដ្ឋកិច្ច​​របស់​ក្រុម​ហ៊ុន​ ដាយ ដុង យឿង ពីព្រោះ​ចាប់​តាំង​ពី​ទទួល​បាន​ដី​​​​​​​នេះ ពួកគេ​មិន​ទាន់​បាន​ធ្វើ​អ្វី​លើ​ដី​នោះ​​​​​តាម​លក្ខ​ខណ្ឌ​​ដែល​​​​ពួក​​គេ​​​​​​បាន​​​​​​​​​ចុះ​​​​​​កិច្ច​​​​​​សន្យា​​​​​​ជាមួយ​រដ្ឋា​ភិបាល​​​​​​​នៅ​ឡើយ​​​​​​​​​​​ទេ។ ក្រុម​ហ៊ុន​នេះ​​មិន​បាន​ធ្វើ​អ្វី​លើ​ដី​នោះ​ទេ ពីព្រោះ​គ្មាន​​លុយ​គ្រប់គ្រាន់​ដើម្បី​វិនិយោគ​”។

លោក​​​​​​​បាន​​​​​​​លើក​​​ឡើង​​​​​​​​​បន្ថែម​​​ទៀត​​​ថា ដី​ទំហំ​៩.០០០​ហិកតា​ដែល​​ផ្ដល់​​​​ឲ្យ​ក្រុម​ហ៊ុន ដាយ ដុង យឿង ជា​​​​​​​​​លើក​​​​​​​​​ដំបូង​​​ ត្រូវ​បាន​កាត់​មក​នៅ​ប្រហែល​៥.០០០​ហិកតា​វិញ​​​កាលពី​ឆ្នាំ​២០១២ ជា​​​ពេល​ដែល​​​​​អាជ្ញាធរ​ចាប់​ផ្ដើម​ប្រគល់​ដី​ខ្លះ​ឲ្យ​ទៅ​សហគមន៍ជនជាតិ​ដើម​ភាគ​តិច​​​​ក្នុង​តំបន់​នោះ។

​លោក ញ៉ែម សំអឿន ​អភិបាល​រង​ខេត្ត​​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​​នេះ​​បាន​ដាំ​ដើម​កៅស៊ូ​លើ​ដី​​​​​​​នោះ​​​ប្រហែល​៨០០​ហិកតា ហើយនឹង​ទទួល​បាន​សំណង​ចំពោះ​ការ​ខូច​ខាត​នេះ។ លោក​បញ្ជាក់​ថា សម្បទាន​នេះ​ត្រូវ​បាន​លុប​ចោល​រួច​​​ហើយ ប៉ុន្តែ​​​​សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ដើម្បី​រារាំង​ក្រុមហ៊ុន​នេះ​កុំ​ឲ្យ​អនុញ្ញាត​កសិករ​វៀតណាម ​​បន្ថែម​ទៀត​​​​​​ឆ្លង​​​​​​ព្រំដែនដ៏​​​​ចម្រូង​សម្រាស​ដែល​​ស្ថិត​នៅក្បែរ​ព្រំប្រទល់​​​ភាគ​ខាង​កើត​​នៃ​សម្ប​ទាន​​​ដី​សេដ្ឋកិច្ច​នេះ​​ចូល​មក​ទីតាំង​នេះ។​​

លោក​​មាន​ប្រសាសន៍​ថា “​យើង​​លុប​ចោល​​​សម្បទាន​ដី​សេដ្ឋកិច្ច​​​​នេះ​​​ដោយ​សារ​​​​តែ​​​ដី​នេះ​​នៅ​កៀក​​​ព្រំដែន​ ហើយ​រដ្ឋាភិបាល​ព្រួយ​​​​បារម្ភ​​​​ខ្លាច​បញ្ហា​ព្រំដែន​កើត​ឡើង​នៅ​ថ្ងៃ​អនាគត”។

លោក សូយ សូណា ​បាន​ថ្លែង​​​ថា ជម្លោះ​ព្រំដែន​គ្មាន​អ្វី​ពាក់​ព័ន្ធ​សេចក្ដី​សម្រេច​នេះ​ទេ។ ចំណែក​ឯ​ចម្ការ​បី​ផ្សេង​ទៀត​ដែល​គ្រប់​គ្រង​ដោយ​យោធា​វៀតណាម មិន​ទាន់​​មាន​ការ​ពិនិត្យ​​​​​សើរើ​​​​​ទេ ហើយ​នៅ​បន្ត​​​​​​ដំណើរ​​​​​​ការ​​​​​​ធម្មតា​។

លោក អៀង សុផាល្លែត អ្នក​នាំពាក្យ​ក្រសួង​​​​​កសិកម្មដែល​មាន​ប្រសាសន៍​កាលពី​ខែ​វិច្ឆិកា​ថា ក្រុម​ហ៊ុន ដាយ ដុង យឿង នឹង​ត្រូវ​​ពិនិត្យ​​​​សើរើ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​លោក​មិន​​​​​​ដឹង​ពី​ជោគ​វាសនា​​​របស់​​​​ចម្ការ​នេះ​ទេ ​ហើយ​ក៏​មិន​ដឹង​ពី​ជោគ​វាសនា​​របស់​​​ចម្ការ​​​​ទាំង​បី​ផ្សេង​​​​​​ទៀត​ដែរ ដោយ​សារ​លោក​កំពុង​ប្រមូល​លទ្ធ​​ផល​​​ពិនិត្យ​សើរើ​សម្បទាន​​ដី​សេដ្ឋកិច្ច​​ដែល​បាន​បញ្ចប់​​កាលពី​ពីរបី​ខែ​មុន​។ លោក​​​បាន​​​​​​ធ្វើ​​​​​ការ​​​​​​កត់សម្គាល់​​​​ថា “​ខ្ញុំ​គ្មាន​យោបល់​​ទេ ពីព្រោះ​​​​​​ខ្ញុំ​មិន​ទាន់​រៀបចំ​​អ្វីៗ​​​​រួច​រាល់​”។

លោក រម៉ាស់ ស្វាត ជាអ្នក​ភូមិ​​​​​​​ជន​​​ជាតិ​​​​​​ដើម​​​​​​​​​ភាគ​​​តិច​​​​​​ចារ៉ាយ ដែល​​​រស់​នៅ​ជិត​​ចម្ការ​​​របស់​​​​​​​ក្រុម​ហ៊ុន ដាយ ដុង យឿង ​និយាយ​ថា ​​​គាត់​​​មិន​​​​​បាន​​​​​​​​​ដឹង​​​ថា​​​សម្បទាន​​នេះ​ត្រូវបាន​លុប​ចោល​​​ទេ ប៉ុន្តែ​គាត់សប្បាយ​​​​​​ចិត្ត​​​​​​ពេល​​​​​​​​ឮ​​​​បែប​​​នេះ​​​។

គាត់​និយាយ​ទៀត​ថា “​អ្នក​ភូមិ​​បាន​ប្រឈម​​​​​ការ​លំបាក​​ច្រើន​ ព្រោះ​ពេល​យើង​ព្យាយាម​ឈូស​ឆាយដី​របស់​យើង​​​​​​​ដើម្បី​​​​ធ្វើ​​​ចម្ការ​​​​​​​​​ប្តូរ​​​វេន ឬ​​ទៅ​បរបាញ់​ក្នុង​ព្រៃ ក្រុម​​​​​​ហ៊ុន​​​​​​បាន​​​​​​​​​ឃាត់​​​​​​​​ពួក​​​យើង​​ ហើយ​ប្រាប់​យើង​ថា ព្រៃ​ជា​កម្មសិទ្ធិ​​​របស់​ពួកគេ ពី​ព្រោះ​ពួកគេ​​​​បាន​​​ទិញ​​​​​​​ពី​រដ្ឋាភិបាល​។ ខ្ញុំគិត​ថា ប្រជាជន​​ក្នុង​ភូមិ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​ដែល​សម្បទាន​ដី​សេដ្ឋកិច្ច​​​ត្រូវ​បាន​លុប​ចោល​​ ពីព្រោះ​ជីវភាព​របស់​អ្នក​​​​ភូមិ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឈើ”៕ សុខុម​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស