29.6 C
Phnom Penh

ការ​វិវត្ត​លទ្ធិប្រជាធិបតេយ្យនៅក្នុង​​​ប្រទេស​​​កម្ពុជា​​​​​មាន​លក្ខណៈដើរ​ថយក្រោយ​ក្នុង​ឆ្នាំ​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​ដែល​ចេញ​ដោយ​អង្គការ​ឃ្លាំមើលមួយ​​​​បាន​ឲ្យ​​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​វិវត្ត​លទ្ធិប្រជាធិ​​​ប​​​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ឃើញ​ថា មាន​ដំណើរ​ថយ​ក្រោយខ្លាំង​​​កាលពី​ឆ្នាំមុន ដោយ​​​​រដ្ឋាភិបាល​បាន​រំលោភ​បំពាន​ច្បាប់​​ឥតឈប់​ឈរ​ បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​​​មិន​​​អើពើ​​​ចំពោះ​​​អំពើ​​​ពុក​​​រលួយ​​​​​​ដែល​​​កំពុង​​​បន្ត​​​កើត​​​មាន​​​ក្នុង​​​រដ្ឋាភិបាល​​​។

លោក គល់​ បញ្ញា ​នាយក​ប្រតិបត្តិ​គណៈ​​​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ​​ដែល​បាន​ចង​ក្រោយ​ការ​សិក្សា​នេះ​បាន​​ព្រមាន​ថា ​ប្រទេស​កម្ពុជា​កំពុង​​ធ្វើ​ដំណើរ​រអាក់រអួល​លើ​មាគ៌ារបស់ខ្លួន​ឆ្ពោះ​ទៅ​រក​​លទ្ធិប្រជាធិប​​​តេយ្យ​ ដោយ​ការ​បោះ​ឆ្នោត​​​​ឃុំ-សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​​កាន់​តែ​ខិត​ជិត​មក​ដល់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​នេះ​។

លោក​បាន​ថ្លែង​ថា “​រដ្ឋាភិបាល​បាន​បង្ក្រាប​​​​ទៅលើ​ក្រុម​ប្រឆាំង​កាលពី​​ឆ្នាំ​មុន ដោយ​ការ​​​បង្ក​របួស​ស្នាម​លើ​រាងកាយ ការ​​​យាយី​ផ្លូវ​ច្បាប់ និង​ការ​ចាប់​ខ្លួន​​ជាដើម។ ​សេរីភាព​​ក្នុង​ការ​ធ្វើ​បាតុកម្ម​ក៏​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ​ ហើយ​​សេរីភាព​នៃ​ការ​ជួបជុំគ្នា​​ស្ថិត​នៅ​ក្រោម​​​​ការ​គំរាម​កំហែង​ជាមួយ​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថ្មី​”។

ច្បាប់​ស្ដីពី​សមាគម​​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បាន​ចូល​ជាធរមាន​កាលពី​ខែ​សីហា បើ​ទោះ​ជាមាន​កង្វល់​​​យ៉ាង​ខ្លាំង​ពី​ប្រទេស​ផ្ដល់​ជំនួយ​ និង​អង្គការ​សិទ្ធិ​មនុស្សនានា​ រួម​​ទាំង​​គណៈកម្មាធិការ​​ខុមហ្វ្រែល ដែល​បារម្ភ​ថា ច្បាប់​នេះ​នឹង​ត្រូវ​គេ​ប្រើ​​​ដើម្បី​​បន្ទុច​បង្អាក់​​ ដល់​​​ការ​ងារ​របស់​អ្នក​ដែល​រិះគន់​​គណបក្ស​កាន់​អំណាច​។

របាយការណ៍​នេះ​បន្ថែម​ថា មានការ​រារាំង​​​​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​​ប្រព័ន្ធ​​​​អុីន​​​ធឺណិត​ផងដែរ​កាលពី​ឆ្នាំ​មុន ដោយ​មាន​ការ​ផ្ដន្ទាទោស និង​ការ​ដាក់ពន្ធនាគារ​ចំពោះ​​​ពល​​​រដ្ឋ​ណា​ដែល​សម្ដែង​មតិ​​ប្រឆាំង​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អុីនធឺណិត​។ គណៈកម្មាធិការ​ខុម​ហ្វ្រែល ក៏​បាន​កត់​សម្គាល់​​ផង​ដែរ​ថា ​កាលពី​ឆ្នាំ​មុន មាន​​ឧទាហរណ៍​ជាច្រើន​ពី​​ប្រព័ន្ធ​តុលាការ ​ស្ថិត​ក្រោម​​​ឥទ្ធិពល​​​គណបក្ស​ប្រជាជន​កម្ពុជា​​​។

របាយការណ៍​ដដែល​នេះ​បន្ត​ថា “សរុប​មក​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​ ត្រូវ​បាន​ចោទ​ប្រកាន់ ផ្ដន្ទាទោស និង​ចាប់​ដាក់​ពន្ធនាការ​ស្ថិត​ក្រោមស្ថានភាពដែល​​​​គួរ​ឲ្យ​សង្ស័យ និង​​​មិន​​​ត្រឹម​​​ត្រូវ​​​តាម​​​ផ្លូវ​​​ច្បាប់​​​​”។

ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល​​​​​ កាលពី​ម្សិល​មិញ​​បង្ហាញថា ករណី​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែលត្រូវ​បាន​កត់ត្រា​​​ទុក​បាន​កើន​ឡើង​ប្រហែល​៣៥​ភាគរយ​កាលពី​ឆ្នាំ​មុន ផ្អែក​លើ​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​អង្គការ​សិទ្ធិ​មនុស្ស​នានា​ ការ​ស្ទង់មតិ​សាធារណជន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ករណី​​​​ ពុករលួយ​ទាក់​ទិន​នយោបាយ​​​ដែលត្រូវ​បាន​កត់ត្រាទុក​២៥៧​ករណី​កាលពី​ឆ្នាំ​មុន រួម​មាន​​ករណី​ស៊ីសំណូក និង​ឆបោក១៣៥ករណី និង​ ករណី​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​​​ធនធាន​របស់​រដ្ឋ​មិន​ត្រឹម​ត្រូវ​១៣៣ករណី​។ ការ​ឃុបឃិត​ក្នុង​ការ​រំលោភ​អំណាច​ដើម្បី​ផល​ប្រយោជន៍​នយោ​​​បាយ​​​គឺ​ “​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​អគ្គមេ​​​បញ្ជា​ការ​កង​ទ័ព ព្រមទាំង​មន្ត្រី​​នគរ​បាល​ជាតិ​ជាន់​ខ្ពស់​ផង​ដែរ​”។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​បាន​មាន​ប្រសាសន៍​ថា មាន​​​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ រវាង​អំពើ​ពុករលួយ ស្ថាប័ន​ច្បាប់​ទន់​ខ្សោយ និង​កង្វះ​​គណនេយ្យភាព​ទូទៅ​ក្នុង​ជួរ​រដ្ឋាភិ​​​បាល​​ ប៉ុន្តែ​បាន​លើក​ឡើង​ថា បើ​ទោះជា​ដូច្នេះ ​​​គណ​​​បក្ស​កាន់​អំណាច​បាន​បង្ហាញ​ពី​សញ្ញា​ថា​​​កាន់​​​តែ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​ចំពោះ​សាធារណ​​​ជន​។

លោក​បាន​ថ្លែង​ថា “​ឥឡូវ​នេះយុវជន​ជា​​​ច្រើន​​បាន​ចូល​រួមសម្ដែង​មតិ​របស់​ខ្លួន​ក្នុង​ចំនួន​ដ៏ច្រើន ហើយ​បើ​ទោះ​ជា​គណបក្ស​កាន់​ អំណាច​មិន​ល្អ​ឥត​ខ្ចោះ​ក៏ដោយ ក៏​​ពួកគេ​ឆ្លើយ​​​​តប​ចំពោះ​​​សម្ពាធ​នេះដែរ​​ ដោយព្យាយាម​យក​​ចិត្ត​អ្នក​បោះ​ឆ្នោត​ ដែល​នេះជា​​​ដំណើរ​ការ​​លទ្ធិ​ប្រជាធិបតេយ្យ”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា របាយ​​​ការណ៍​របស់​គណៈកម្មាធិការ​ខុមហ្វ្រែល​បាន​មើល​រំលង​​កំណែទម្រង់​ជាច្រើន​ដែល​​រដ្ឋាភិ​​​បាល​​​​​​បាន​ធ្វើ​ដើម្បី​​លើកកម្ពស់​លទ្ធិប្រជាធិប​​​តេយ្យ និង​ដាក់​កម្រិត​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “​​​អង្គការ​នេះ​មិន​ដែល​និយាយ​អ្វី​វិជ្ជមាន​​ពី​រដ្ឋាភិបាល​ឡើយ។ ខ្ញុំ​មិន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ពួកគេ​ទេ”។

លោក​បាន​ថ្លែង​ថា”​ទី១​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​ឡើង​ដើម្បី​កែប្រែ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​មន្ត្រី​រដ្ឋាភិបាល។ ទី២ យើង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​អំពី​ភាព​មិន​ប្រក្រតី​ទាក់​ទង​ទ្រព្យ​សម្បត្តិ​ក្នុងចំណោម​​ក្រុម​មន្ត្រី​​ និង​ប្រជាពលរដ្ឋ​”។

​លោក​បាន​បន្ថែម​ថា “​ចំណែក​​លទ្ធិប្រជា​​​ធិ​​​ប​​​តេយ្យវិញ​ រដ្ឋមន្ត្រី​​ជាន់​ខ្ពស់​ជា​ច្រើន​បាន​ចុះ​ទៅ​កាន់​មូលដ្ឋានដើម្បី​​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​​ដែល​ក្នុង​នោះ​កែលម្អ​​តួនាទី​ស្នូល​របស់​រដ្ឋាភិបាល​ឱ្យ​បាន​​ប្រសើរ​ឡើង​ក្នុង​នាម​​ជា​អ្នក​​​ផ្ដល់​សេវា​​”។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា បាន​រិះគន់​កាន់​​​តែ​​​ខ្លាំង​​​ជាង​​​ហ្នឹង​​​ទៀត​​​ដោយ​ចាត់​ទុក​គណៈកម្មាធិការ​ខុម​​​ហ្វ្រែល​​ ក្នុង​ចំណោម​”ក្រុម​ជ្រុល​និយម”​ ដែល​ប្រឆាំង​រដ្ឋាភិបាល​។

លោក សុខ ឥសាន បាន​ថ្លែង​ថា “​យោង​តាម​​​​ការ​វាយ​តម្លៃ​របស់​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ធ្លាក់​ចុះ​ទេ។ លោក ចន​ ឃើរី រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​​ និង​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក បាន​វាយ​តម្លៃ​ថា ប្រទេស​ កម្ពុជា​ទើប​តែ​ងើប​ផុត​​ពី​សង្គ្រាម​ ហើយ​កំពុង​​ តែ​ប្រសើរ​ឡើង​”។

លោក​បាន​បន្ថែម​ថា “​ប៉ុន្តែ​មាន​​អ្នក​ជ្រុល​និយម​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ការ​វាយ​តម្លៃ​បែប​​នេះ ​វា​មិន​ត្រឹមត្រូវទេ”។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​​​​ជាមាន​​ការរីក​​​ចម្រើន​​​​ក្នុង​វិស័យ​មួយ​ចំនួនក៏​​​ដោយ   ​​​ក៏​លទ្ធផល​នៃការ​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​ចង្អុល​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ចាំ​​​បាច់​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជា​​​បន្ទាន់​​​ចំបោះ​​​បញ្ហា​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល​​​ជា​លក្ខណៈ​​​ប្រព័ន្ធ​​​​​ដែរ។

លោក​បាន​ពន្យល់​ថា ​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថាប័ន​តុលាការ​បន្ត​ខ្វះ​​ឯករាជភាព​ មិន​មាន​​យន្តការ​សវនកម្ម​របស់​រដ្ឋាភិបាលដែល​កំពុង​ដំណើរ​ការ​ និង​ការ​ប្រមូល​​ចំណូល​របស់​រដ្ឋ ហើយ​ការ​ចំណាយ​ចេះ​​​តែ​​​បន្ត​​​​​​ដោយ​​​គ្មាន​​​តម្លាភាព​​​​​​។

លោក​បាន​បន្ថែម​ថា “មាន​បញ្ហា​ច្រើន​ទៀត​​​​ដែល​ត្រូវ​ធ្វើ​នៅគ្រប់ថ្នាក់​​ទាំង​អស់​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស