32.5 C
Phnom Penh

តុលាការ​ចោទប្រកាន​់លោក សម រង្ស៊ី​ ពីបទ​បរិហារកេរ្តិ៍​សាជាថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​ចោទ​ប្រកាន់​​លោក សម រង្ស៊ី​ ប្រធាន​គណ​បក្ស​ប្រឆាំងសាជាថ្មី​ីពី​បទ​បរិហារកេរ្តិ៍​ បន្ទាប់ពីប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​បានដាក់​ពាក្យ​​ប្តឹង​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ ដោយ​អះអាង​ថា​ រដ្ឋាភិបាល​ដែល​​លោក​​ដឹក​នាំ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​​ បាន​ផ្តន្ទា​ទោស​ ប្រហារ​ជីវិត​​ព្រះមហា​ក្សត្រ​​​ នរោត្តម​ សីហនុ។​​​​

លោក​ តាំង ស៊ុន​ឡាយ​ ប្រធានសាលាដំបូង​រាជធានី​​បានមាន​ប្រសាសន៍​កាលពី ម្សិលមិញ​ថា​ “តុលាការ​បាន​ចោទ​ប្រកាន់គាត់​ [លោក សម​ រង្ស៊ី] ពីបទ​បរិហារកេរ្តិ៍។​ សំណុំ​​​រឿង​​​​នេះ​ត្រូវ​បាន​បញ្ជូូន​រួចហើយ​​​ដើម្បីទុក​​​សម្រាប់​បើក​​សវនាការ​”។​

ទោះជាយ៉ាងណា​ ចៅក្រម តាំង ស៊ុន​ឡាយ​ បាន​លើកឡើងថា​ លោកមិនចាំ​ពេល​ដែល​​មាន​ដាក់ការចោទ​ប្រកាន់​ឬកាល​បរិច្ឆេទ​សម្រាប់​ការ​បើក​សវនាកា​រឡើយ ហើយ​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅចៅក្រម​ដែល​​​ត្រូវ​​​បានចាត់តាំង​ឲ្យ​ទទួល​បន្ទុុក​សំណុំរឿង​នេះ​ គឺ​​​លោក​ រស់ ពិសិដ្ឋ​​ ដែល​មិន​អាច​ទាក់​​​ទង​​​​បាន។​​​

លោក​ គី តិច​ មេធាវី​ របស់​លោក​ ហេង​ សំរិន​ បាន​លើក​ឡើងថា​ ​ការ​បើកសវនាការ​នឹង​ចាប់ផ្តើម​ក្នុងរយៈ​ពេល​បីខែទៀត​។​

លោក​បាន​មាន​ប្រសាសន៍ថា​ “តុលាការ​បាន​ដាក់​ការចោទ​ប្រកាន់​ប្រហែល​​​ពីរ​សប្តាហ៍​ កន្លង​មកហើយ​ ហើយ​សំណុំរឿង​នេះ​គ្រោង​​​​នឹង​បើក​​សវនាការ​នៅ​ខែ​មិថុនា​។​ ខ្ញុំ​ទទួលបាន​ការ​ជូន​ដំណឹង​ពី​តុលាការ​​ហើយ​ ប៉ុន្តែ​ខ្ញុំ​​មិន​អាច​ប្រាប់​ព័ត៌មាន​លម្អិត​បាន​ទេ​”។​

លោក​ សម រង្ស៊ី​ ដែល​និរទេស​​​​ខ្លួន​ឯង​ទៅរស់នៅ​ក្រៅប្រទេស​ដើម្បី​គេចពីការ​ផ្តន្ទា​​​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​បរិហារ​​​កេរ្តិ៍​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​​ក្រសួងការ​បរទេស​នោះ​ មិនបាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ។​

លោក​ យឹម សុវណ្ណ​ ជា​អ្នក​​នាំពាក្យនិង​ជា​​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

លោក​បាន​ថ្លែង​ថា “វាមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​។ ​តាម​​​គំនិត​របស់​ខ្ញុំ​ វាក្លាយ​ជា​កញ្ចាប់​បញ្ហា​នយោ​​​បាយទៅហើយ​”។​

លោក​ សម រង្ស៊ី​ ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​​រយៈ​ពេល​ពីរ​ឆ្នាំ​រួច​ទៅហើយ​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​ លោក​ ហោ​ ណាំ​​​ហុង​ និង​ការដែលអាច​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១៧​ឆ្នាំ​បន្ថែម​ទៀត​​​ទាក់ទិន​វីដេអូមួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់លោក​ ដែល​ក្នុង​នោះ​​ សមាជិក​ព្រឹទ្ធ​​​សភា​​​​គណបក្ស​ប្រឆាំង​មួយរូប​​បាន​បង្ហាញ​សន្ធិសញ្ញា​ក្លែង​ក្លាយ​ដោយ​អះអាង​ថា​ របប​របស់​លោក​ ហេង​ សំរិន​ បាន​ព្រម​ព្រៀង​ជា​​​មួយ​ប្រទេស​វ​ៀតណាម​រម្លាយ​​​ព្រំដែន​ភាគ​​​ខាងកើត​ចោល​។​​​

លោក ហុង​ សុខហួរ​ ដែលជាសមាជិក​ព្រឹទ្ធ​​​សភា​គណបក្សប្រឆាំង​ ត្រូវ​បានចាប់ខ្លួន​កាលពី​ខែ​សីហា​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​​​បទ​ក្លែង​ឯកសារ​​សាធារណៈ​ និង​ញុះ​ញង់​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​ ដោយ​​​លោក​ សម​ រង្ស៊ី​ ត្រូវបាន​ចោទ​ប្រកាន់​ទាក់​​​ទិន​នឹង​វីដេអូនេះ​កាលពីខែ​វិច្ឆិកា​​ បន្ទាប់​​ពី​​​និរទេស​​​ខ្លួន​រួច។

លោក​ ហេង​ សំរិន​បាន​ដាក់ពាក្យប្តឹង​ពី​​​បទ​បរិហារកេរ្តិ៍​នៅក្នុង​ខែ​ធ្នូូ​ ដើម្បីជាការ​ឆ្លើយ​​​​តប​ទៅនឹង​ការ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​​​លោក​​ សម​ រង្ស៊ី​ មួយ​​​​ខែ​មុនមានការ​ដាក់​​​ពាក្យ​​​បណ្តឹង​ដោយ​ក្នុង​នោះ​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​បាន​អះអាងថា​ របប​គាំទ្រ​​​ដោយ​វៀតណាម​ដែល​ជំនួស​របប​ខ្មែរ​ក្រហម​​​​នៅក្នុង​ឆ្នាំ​១៩៧៩​ បាន​បង្កើត​សាលា​ក្តី​មួយ​ដែល​ផ្តន្ទា​ទោស​ប្រហារ​ជីវិត​ព្រះ​បហា​ក្សត្រ​ នរោត្តម​ សីហនុ​ ពីបទ​ក្បត់​ជាតិ។​

ទោះបី​ជា​ លោក​ សម​ រង្ស៊ី មិនបាន​បញ្ចេញ​ ឈ្មោះ​លោក​ ហេង​ សំរិន​នៅក្នុង​ការ​បង្ហោះ​នោះ​ក៏ដោយ តែ​ប្រធាន​រដ្ឋ​សភា​រូបនេះ​ គឺ​ជាប្រមុខ​រដ្ឋ​មាន​តែ​ឈ្មោះ​ដែល​ដឹកនាំ​រដ្ឋា​​​ភិបាល​កម្ពុជា​ អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​ បន្ទាប់ពី​​​ ប៉ុល ពត​​ ត្រូវបាន​ផ្តួល​រំលំ​។​ តាមពិត​ ​របប​របស់​​លោក​ ហេង​ សំរិន​ មិនដែល​​ផ្តន្ទា​ទោស​ប្រហារជីវិត​ព្រះមហាក្សត្រ​ ដែល​​​ពេល​​​​នោះ​​​នៅ​​​​ជា​ព្រះអង្គ​ម្ចាស់​នៅឡើយ។​ការ​បើក​សវនាការ​ដែលគ្រាន់តែជាឆាក​ល្ខោន​ និង​ដែល​​បង្កើត​ឡើង​​ដោយ​របប​នោះ​ ផ្ត​ន្ទា​ទោសប្រហារជីវិត​តែ​ ប៉ុល ពត​ និង ​អៀង​ សារី​ ​​​ដែល​ជារដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​នៅ​​​សម័យ​​​នោះ​​​ប៉ុណ្ណោះ។​​

ព្រះអង្គម្ចាស់​ត្រូវបាន​ផ្តន្ទា​ទោស​ប្រហារ ជីវិត​កំបាំងមុខ​ដោយ​របប​ លន់ នល់​ នៅក្នុង​ឆ្នាំ​១៩៧០​ពីបទ​ឧក្រិដ្ឋ​មួយ​ចំនួន​ រួមមាន​ដូចជា​ អំពើក្បត់ជាតិ​ជាដើម៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស