32.5 C
Phnom Penh

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ត្រូវសាលាដំបូង​​​រាជ​​​ធានីភ្នំពេញ​ឃុំ​ខ្លួន​ពី​បទ​បាញ់​មេ​ប៉ុស្តិ៍​វត្តភ្នំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​មួយ​រូប​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អនុសេនីយ៍​ទោ​នគរបាល​រាជ​​​ធានី​ភ្នំពេញ​ម្នាក់ ដែល​បាន​បាញ់​លើ​មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​បណ្តាល​ឲ្យ​របួស​ធ្ងន់ ក្នុង​ពេល​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​រហូត​វង្វេង​លែង​ដឹង​ខុស​ត្រូវ​កាលពី​យប់​ថ្ងៃ​សុក្រ​នោះ ត្រូវ​ជាប់​ចោទ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម។

យោង​តាម​នគរបាលបាន​​ឲ្យ​ដឹង​ថា ទាំង​ជន​សង្ស័យ គឺ​អនុសេនីយ៍​ទោ ស៊ិន សុធារិទ្ធ និង​​​​ជន​រងគ្រោះ ប៊ន សំអាត​ កំពុង​ទទួល​ការ​ព្យាបាល​របួស​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​មន្ទីរ​​​ពេទ្យ ​​​​កាល់ម៉ែត​នៅ​ឡើយ។ លោក សុធារិទ្ធ អាយុ​៣២​ឆ្នាំ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់​ដែល​បាញ់​ដោយ​កង​កម្លាំង​រាជអាវុធហត្ថ មិន​​​យូរ​​​ប៉ុន្មាន​ បន្ទាប់ពី​គាត់​បាន​បាញ់​លោក សំអាត ត្រូវ​ចំ​ទ្រូង​ ពីរ​សង់ទីម៉ែត្រ​ពី​បេះដូង ហើយ​បន្ទាប់មក​បាន​ទាត់​មេបុស្តិ៍រូបនេះ​ចំ​ក​ទៀត​។

លោក ជា ពេជ្រ ព្រះរាជ​អាជ្ញា​រង​សាលា​​​ដំបូង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា “យើង​បាន​ចោទ​គាត់​ចំនួន​៣​បទល្មើស គឺ​ទី​១បទ​ប៉ុន​​​ប៉ង​ឃាតកម្ម ទី​២ បទ​ប្រើប្រាស់​អាវុធ​ខុស​​​ច្បាប់ និង​ទី​៣ បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន”។ លោក​បាន​និយាយ​បន្ថែម​ថា លោក សុធារិទ្ធ នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​​​​ព្រៃ​ស​រង់​ចាំ​សវនាការ​នៅ​ពេល​របួស​របស់​គាត់​បាន​ជា​សះស្បើយ។

លោក សុធារិទ្ធ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បាញ់​លោក សំអាត នៅ​ពេល​មេ​ប៉ុស្តិ៍​រូប​នេះ​បាន​ធ្វើ​អន្តរាគមន៍​ឃាត់​មន្ត្រី​ញៀន​មេតំហ្វេតាមីន​មិន​ឲ្យ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ម្តាយ​របស់​ខ្លួន​នៅ​ផ្ទះ​របស់​ម្តាយ​ក្នុង​សង្កាត់​វត្ត​ភ្នំ នៅ​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​សុក្រ។

ក្រោយពី​គេច​ខ្លួន​ពី​ក្រុម​កម្លាំង​រាជ​អាវុធ​​​ហត្ថ​ដែល​បាន​តាម​លោក សំអាត ទៅ​កន្លែង​កើត​ហេតុគាត់​ត្រូវ​បង្ក្រាប​បាន​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់ គឺ​មួយ​គ្រាប់​ចំ​គូទ មួយ​គ្រាប់​ទៀត​ចំ​ស្មា ហើយ​ត្រូវ​ចាប់​ឃុំ​ខ្លួន។ ក្រោយមក​សមត្ថកិច្ច​បាន​រក​ឃើញ​មេតំ​​​ហ្វេតាមីន​បី​កញ្ចប់​តូច​លើ​ខ្លួន​គាត់។

ក្នុង​បទ​សម្ភាស​មួយ​កាលពី​ដើម​សប្ដាហ៍​នេះ អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ម្នាក់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​បាន​ជាប់​ក្នុង​ការ​បាញ់​ត​ដៃ​គ្នា​នោះ។ លោក អៀម ប៊ុនថេត អាយុ​៣៤​ឆ្នាំ កំពុង​ជិះ​រថយន្ត​ហុងដា CRV របស់​លោក​ទៅ​ផ្ទះ ស្រាប់តែ​ពេល​នោះ​លោក សុធារិទ្ធ បាន​រត់​សំដៅ​មក​រថយន្ត​របស់​លោក ហើយ​បាន​យក​កាំភ្លើង​គោះ​កញ្ចក់​បង្អួច​រថយន្ត។

លោក ប៊ុនថេត បាន​រៀបរាប់​ថា “ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ។ គាត់​បាន​ព្យាយាម​បំបែក​បង្អួច ប៉ុន្តែ​វា​មិន​បែក ហើយ​បន្ទាប់​មក​ទៀត គាត់​បាន​ភ្ជង់​ខ្ញុំ រក​បាញ់​ខ្ញុំ”។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​បើក​បង្អួច​និង​សួរ​ថា មាន​រឿង​អី? ហើយ​ពេល​នោះ គាត់​បាន​ឲ្យ​ខ្ញុំ​ចេញ​ពី​រថយន្ត ហើយ​ប្រគល់​រថយន្ត​ឲ្យ​គាត់”។ លោក​បាន​និយាយ​បន្ថែម​ថា កម្លាំង​រាជ​អាវុធហត្ថ​នៅ​ពេល​នោះ​បាន​ចាប់​ផ្តើម​បាញ់​លើ​លោក សុធារិទ្ធ ប៉ុន្តែ​ដំបូង​បាញ់​មិន​ចំ​គាត់ ហើយ​ត្រូវ​ធ្លុះ​រថយន្ត CRV របស់​លោក​ជាច្រើន​គ្រាប់​ទៅ​វិញ។

លោក​បាន​និយាយ​ថា “កម្លាំង​រាជ​អាវុធ​​​ហត្ថ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ពី​ក្រោយ និង​ចំ​រថយន្ត​របស់​ខ្ញុំ​ប្រាំ​គ្រាប់”។ លោក​បាន​ពន្យល់​ថា ពីរ​គ្រាប់​ធ្វើ​ឲ្យ​បែក​បង្អួច​ខាង​ក្រោយ ហើយ​បី​គ្រាប់​ទៀត​ធ្លុះ​កាង​ខាង​ក្រោយ។

លោក ប៊ុនថេត បាន​និយាយ​ថា លោក​នឹង​មិន​ប្តឹង​អំពី​ការ​ខូចខាត​នេះ​ទេ ជា​ការ​ប្តឹង​ដែល​លោក​ចាត់​ទុក​ថា “ខាត​ពេល​វេលា​និង​ការងារ”៕មានិត​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស