លោក ខឹម វាសនា មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ត្រូវបានបោះឆ្នោតជ្រើសរើសសាជាថ្មីឲ្យកាន់តួនាទីរបស់ខ្លួននៅសន្និបាតបក្សក្នុងរាជធានីភ្នំពេញ កាលពីម្សិល មិញ ដោយឆ្លៀតយកឱកាសនោះ ស្តីបន្ទោសអនុប្រធានគណបក្សប្រឆាំង ហើយលើកសរសើរលោកនាយករដ្ឋមន្ត្រី។
នៅក្នុងសុន្ទរកថាបញ្ចប់បន្ទាប់ពីលោកត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណបក្ស LDP ជាគណបក្សដែលលោកបានបង្កើតឡើងបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណាងរាស្ត្រគណបក្ស សម រង្ស៊ី កាលពីខែកក្កដា ឆ្នាំ ២០០៥ លោក ខឹម វាសនា បានចំអកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជុំវិញការអះអាងជាសាធារណៈកាលពីពេលថ្មីៗនេះថា លោកមានស្រីកំណាន់។
លោក កឹម សុខា បានអនុវត្តគោលនយោបាយ “មិនឆ្លើយ មិនឆ្លង មិនឈ្លោះ”ឆ្លើយតបទៅនឹងការអះអាងពីស្នេហាក្រៅអាពាហ៍ពិពាហ៍ដែលបានលេចឡើងបន្ទាប់ពីការសន្ទនា តាមទូរស័ព្ទជាច្រើនភាគរវាងលោក កឹម សុខា និងស្រីកំណាន់របស់លោកបានលេចធ្លាយតាមប្រព័ន្ធអីុនធឺណិត។
លោក ខឹម វាសនា បានមានប្រសាសន៍ថា”បងប្អូន ‘មិនឆ្លើយ’ និង ‘មិនឆ្លង’ គឺមិនហ៊ានប្រឈមមុខ [បញ្ហា] ដោយសារតែខ្លាចហ្នឹងឯង”។

លោកបាននិយាយដល់លោក កឹម សុខា ថា “គាត់មានស្រីច្រើន។ សំឡេងនេះត្រូវបានគេថតទុករួចហើយ ហើយគាត់ធ្វើពុធដូចជាអ្នកដទៃមិនដឹងអ៊ីចឹង”។
លោក ខឹម វាសនា ដែលគណបក្សរបស់លោកមិនដែលទទួលបាន១អាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែមានអាសនៈក្រុមប្រឹក្សាឃុំមួយចំនួនតូច និងអាសនៈក្រុមប្រឹក្សាស្រុក១ ក៏បានលើកសរសើរពីការវាយតម្លៃអត្តចរិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រើនឆ្នាំមកនេះផងដែរ។
លោកបានថ្លែងថា “ត្រង់ចំណុចេនះ គាត់ល្អ។ អ្នកដែលគាត់បានវាយប្រហារពីមុនមកគឺដោយសារពួកគេជាមនុស្សអាក្រក់។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពីអត្តចរិតប្រភេទនេះ។ ខ្ញុំចូលចិត្តគាត់យ៉ាងខ្លាំង”។
លោក ខឹម វាសនា ត្រូវបានបណ្តេញចេញពីគណបក្ស សម រង្ស៊ី ជុំវិញអ្វីដែលគណបក្សចាត់ទុកថា ជាការរិះគន់ដល់សមាជិករាជវង្សានុវង្សក្នុងខែមិថុនា ឆ្នាំ២០០៥ ដោយចោទសមាជិករាជវង្សថា “ជញ្ជក់ឈាមប្រជាពលរដ្ឋ” ។
កាលពីមួយខែមុន គាត់បានរំលោភការធ្វើពហិការមិនចូលសភាដោយគណបក្ស សម រង្ស៊ី ដើម្បីបដិសេធមិនឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ិនបិុចដែលពេលនោះចាំបាច់ត្រូវមានកូរ៉ុមតំណាងរាស្ត្រ៨៧រូបដើម្បីអនុម័តច្បាប់។ គណបក្សសម រង្ស៊ី បានធ្វើការតវ៉ាពីការដកអភ័យឯកសិទ្ធិសភាសមាជិករបស់ខ្លួនបីរូប។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍កាលពីម្សិលមិញថា លោករីករាយដែលបានឮព័ត៌មានថា លោក ខឹម វាសនា ដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីគណៈសង្ឃដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំនេះ ចំពោះយុទ្ធនាការរបស់លោកប្រឆាំងអំពើពុករលួយក្នុងជួរព្រះសង្ឃនោះ បានលើកសរសើរលោក ហ៊ុន សែន ។
លោក សុខ ឥសាន បានថ្លែងថា “អ្វីដែលលោក ខឹម វាសនា និយាយគឺពិត ហើយស្មោះត្រង់” ដោយលោកបដិសេធថា គណបក្សប្រជាជនកម្ពុជា និងគណបក្ស LDP មិនមែនល្អូកល្អិននឹងគ្នានោះទេ។ ប្រសិនបើគាត់មិនវាយប្រហារយើង តើមានប្រយោជន៍អ្វីដែលយើងត្រូវវាយប្រហារគាត់នោះ?”។
លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកនឹងរក្សាជំហររបស់គណបក្ស “មិនឆ្លើយ” ចំពោះលោក ខឹម វាសនា ដដែល។
លោកថ្លែងថា “រឿងេនះគ្មានប្រយោជន៍ ឡើយ។ អ្វីដែលសំខាន់គឺថា យើងកំពុងគិតអំពីការបោះឆ្នោត។ យើងនឹងមិនឆ្លើយតបចំពោះបញ្ហាដែលគ្មានប្រយោជន៍ឡើយ”៕ សារុន