កាលពីថ្ងៃព្រហស្បតិ៍ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសាកសួរមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុករហូតដល់យប់ពីរថ្ងៃជាប់គ្នាជុំវិញការអះអាងដែលថា ពួកគាត់បានណែនាំឱ្យស្រីកំណាន់ដែលគេចោទថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និយាយបដិសេធរឿងសហាយស្មន់។
ការសាកសួរនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនមេឃុំគណបក្សប្រឆាំងម្នាក់នៅក្នុងខេត្តកំពង់ចាមកាលពីថ្ងៃពុធពាក់ព័ន្ធការផ្តល់ប្រាក់ទៅឱ្យស្រីកំណាន់រូបនេះដែលមានឈ្មោះ ខុម ចាន់តារ៉ាទី ចំនួន៥០០ដុល្លារដើម្បីឱ្យនាងនិយាយកុហក និងនិយាយថា នាង និងលោក កឹម សុខា គ្មានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីថ្ងៃពុធថា ប្រាក់នេះបានមកពីពលរដ្ឋខ្មែរដែលមានការព្រួយបារម្ភនៅក្នុងប្រទេសនូវែលសេឡង់ ហើយវាគ្រាន់តែដើម្បីកុំឱ្យម្តាយរបស់នាង ខុម ចាន់តារ៉ាទី ព្រួយបារម្ភអំពីភាពក្រីក្រប៉ុណ្ណោះ។

បន្ទាប់ពីមានការបដិសេធអស់រយៈពេលពីរខែ នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានសារភាពថា មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អំឡុងការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុនជុំវិញការចោទប្រកាន់ពីបទពេស្យាចារ និងនិយាយកុហក។ នាងបានចោទប្រកាន់មេឃុំរូបនេះ សមាគមអាដហុក មន្ត្រីអង្គការសហប្រជាជាតិមួយរូប និងអ្នកតស៊ូមតិសម្រាប់សិទ្ធិស្ត្រីមួយរូបថា បានបញ្ចុះបញ្ចូលឱ្យនាងនិយាយកុហក។
អ្នកទាំងអស់នេះបានផ្តល់ជំនួយគាំទ្រដល់នាង ខុម ចាន់តារ៉ាទី ពេលនាងកំពុងជួបការលំបាកក្នុងការប្រឈមនឹងអាជ្ញាធរ ប៉ុន្តែ បានបដិសេធចំពោះការចោទប្រកាន់ដែលថា ពួកគាត់បានព្យាយាមបញ្ចុះបញ្ចូលឱ្យនាងនិយាយបដិសេធរឿងសហាយស្មន់។
កាលពីម្សិលមិញ ACU បានកោះហៅមន្ត្រីបីរូបក្នុងចំណោមមន្ត្រីសមាគមអាដហុក បួនរូបដែលត្រូវបានសាកសួរកាលពីមួយថ្ងៃមុន ជាមួយនឹងលោកស្រី លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សនេះ និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងលោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ជាអង្គការការពារសិទ្ធិស្ត្រីឱ្យត្រឡប់មកវិញ។
លោក នី ចរិយា និងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួនរូបនៅក្នុងទីស្នាក់ការរបស់ ACU ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនៅឡើយទេកាលពីយប់មិញ។
លោកស្រី ធីតា ឃឹះ ត្រូវបានដោះលែងវិញក្រោយថ្ងៃត្រង់បន្តិច ហើយបានប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានបដិសេធការចោទប្រកាន់របស់នាង ខុម ចាន់តារ៉ាទី នៅពេលត្រូវបានសាកសួរដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោកស្រីមានប្រសាសន៍ថា ”គាត់បានសួរខ្ញុំថា តើខ្ញុំមានទំនាក់ទំនងស៊ីជម្រៅជាមួយ ស្រីមុំ ដែរឬទេ។ ខ្ញុំបានប្រាប់គាត់ថា គ្មានទំនាក់ទំនងស៊ីជម្រៅអ្វីទេ។ ការងាររបស់ខ្ញុំគឺដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងការពារសិទ្ធិស្ត្រី”។
លោកស្រីមានប្រសាសន៍បន្ថែមថា “គាត់បានសួរខ្ញុំថា តើខ្ញុំមានបានបង្គាប់ឱ្យនាងនិយាយផ្ទុយពីការពិតដែរឬទេ…ខ្ញុំបម្រើការងារជាមន្ត្រីសិទ្ធិមនុស្ស ខ្ញុំគឺជាសមាជិកអង្គការសង្គមស៊ីវិល ខ្ញុំធ្វើការងាររបស់ខ្ញុំដូចធម្មតា។ គាត់នៅតែសួរខ្ញុំថា តើខ្ញុំមានបានណែនាំ ស្រីមុំ ដោយផ្ទាល់ ឬដោយប្រយោលឱ្យនិយាយអ្វីដែលផ្ទុយពីការពិតដែរឬអត់ ប៉ុន្តែខ្ញុំអត់មានបានធ្វើអ៊ីចឹងទេ។ ខ្ញុំគ្រាន់តែមកដើម្បីបញ្ជាក់ប៉ុណ្ណោះ ហើយគាត់និយាយថា គាត់មិនទាន់ចោទប្រកាន់ខ្ញុំពីរឿងអ្វីនៅឡើយទេ”។
លោកស្រីលើកឡើងទៀតថា លោកស្រីមិនដឹងអំពីជោគវាសនារបស់មន្ត្រីសមាគមអាដហុកដែលនៅស្ថិតខាងក្នុងទីស្នាក់ការ ACU នៅឡើយ ព្រោះលោកស្រីត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីពួកគាត់។
ពេលទាក់ទងនៅម៉ោងប្រហែល១០យប់ លោក ធន សារាយ ប្រធានសមាគមអាដហុកបានលើកឡើងថា លោកមិនសង្ឃឹមថា ACU នឹងដោះលែងមន្ត្រីរបស់គាត់មកវិញនៅមុនថ្ងៃនេះឡើយ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា គ្មានសង្ឃឹមថា ពួកគេនឹងឱ្យសហការីរបស់ខ្ញុំត្រឡប់ទៅផ្ទះវិញឡើយនៅយប់នេះ។ លោក ឱម យ៉ិនទៀង បានខលមកខ្ញុំនៅម៉ោង៦។ គាត់និយាយថា វាពិបាកក្នុងការឱ្យសហការីរបស់ខ្ញុំត្រឡប់ទៅផ្ទះវិញនៅយប់នេះ ព្រោះគាត់មិនចង់ឱ្យសហការីរបស់ខ្ញុំមានឱកាសនិយាយគ្នាអំឡុងការសាកសួរ”។
លោកបានបន្ថែមថា ”មានការសាកសួរច្រើន ហើយយូរណាស់។ វាមិនល្អទេដែលសាកសួរបែបនេះ”។
លោក ឱម យ៉ិនទៀង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។លោកបានព្រមានអ្នកដែលត្រូវបានកោះហៅមកសាកសួរថា ពួកគាត់អាចប្រឈមការចាប់ខ្លួន បើមិនបង្ហាញខ្លួនដោយស្ម័គ្រចិត្តទេនោះ។
ទោះបីជាមានការព្រមានបែបនេះក្តី តែលោក ស៊ឺន សាលី មន្ត្រីអង្គការសហប្រជាជាតិនៅតែមិនមកបង្ហាញខ្លួនកាលពីម្សិលមិញ។
លោកស្រី វ៉ានហៀ លី តំណាងប្រចាំប្រទេសនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា លោក ស៊ឺន សាលី មិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរនៅ ACU ឡើយ ដោយសំអាងលើអភ័យឯកសិទ្ធិ។
លោកស្រីបានមានប្រសាសន៍ថា ”គាត់មិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរឡើយ។ លោក ស៊ឺន សាលី គឺជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ហើយត្រូវបានការពារដោយអនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ។អង្គការសហប្រជាជាតិកំពុងតែទាក់ទងជាមួយរដ្ឋាភិបាលពាក់ព័ន្ធបញ្ហានេះហើយ”។លោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
នៅខាងក្រៅទីស្នាក់ការរបស់ ACU មានមនុស្សប្រហែល៧០នាក់បានមកប្រមូលផ្តុំគ្នានៅពេលរសៀលដើម្បីប្រកាសជំទាស់នឹងការស៊ើបអង្កេតនេះដែលអង្គភាពនេះកំពុងបន្ត ខុសពីធម្មតាដោយមានលក្ខណៈជាសាធារណៈ ជាហេតុបណ្តាលឱ្យមានការលើកឡើងអំពីឥទ្ធិពលនយោបាយ៕ស៊ុយឈាង