42.2 C
Phnom Penh

​នាយក​រដ្ឋមន្ត្រី​បន្ទោស​​ ‘ក្រុម​ប្រឆាំង​’ ចំពោះ​ការ​ចូលប្លន់​គេហទំព័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេហទំព័រ​​ផ្ទាល់​ខ្លួន​​របស់​លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ​ត្រូវ​បាន​ចូល​ប្លន់​ដោយ​សមា​ជិក​ក្រុម​អនាមិក​​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​គេហទំព័រ​នេះ​ត្រូវបាន​ជំនួស​ដោយ​​រូប​​ភាព​វីដេអូ​បង្ហាញ​រូប​ថត​​អ្នក​ដែល​បាន​ស្លាប់ និង​អំពើ​ហិង្សា​ដែល​គាំទ្រដោយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​​រយៈពេល​ជាង​​៣០​ឆ្នាំ​កន្លង​មក​។

នៅក្នុង​សារ​តាម​ហ្វេស​ប៊ុក​​កាលពី​រសៀល​​​ថ្ងៃសៅរ៍ លោក ហ៊ុន សែន បាន​​មាន​ប្រសា​សន៍​ថា ​​គេហទំព័រ​​​​នេះ​​ត្រូវ​បាន​ចូល​ប្លន់​នៅ​ម៉ោង​ប្រហែល​​​​៤និង​១២នាទី​​ទៀប​ភ្លឺ​​ក្នុងការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី ”​បំផ្លាញ​កិត្តិយស​របស់​លោក”។ គេហ​ទំព័រ​នេះ​ត្រូវ​បាន​ជួស​ជុល​​ឡើង​​​​វិញ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ហើយ​បាន​ដំណើរ​​​​ការ​ដូច​ធម្មតា​កាល​ពី​យប់​មិញ។

លោក​នាយក​រដ្ឋមន្ត្រីបាន​សរសេរ​​នៅក្នុង​​ទំព័រ​ហ្វេស​ប៊ុក​របស់លោក​ថា “​ទង្វើនេះ​ត្រូវ​បាន​​​​​ប្រព្រឹត្ត​យ៉ាង​ជាក់ច្បាស់​ និង​មិន​អាច​ប្រកែក​បាន​ដោយ​ក្រុម​ប្រឆាំង​​ដែល​តែង​តែង​​ព្យា​យាម​​​ស្វែង​​រក​មធ្យោបាយបែប​បញ្ឆេះ​ដើម្បី​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី។ លោក​មិន​បាន​​​​ចេញ​ឈ្មោះ “​ក្រុម​ប្រឆាំង​នោះទេ”។

ជា​ផ្នែកមួយ​​នៃការ​ចូល​ប្លន់​នេះ ​​ទំព័រ​​ដើម​នៃ​គេហ​ទំព័រ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ដំណើរ​​​ការ​​កាលពី​ខែ​មករា​ ហើយ​បាន​ផ្សព្វផ​្សាយ​ពី​សកម្មភាព​ផ្លូវ​ការរបស់លោក​ ហ៊ុន សែន ត្រូវ​បាន​ជំនួស​ដោយ​​រូបថត​​លោក​នាយក​រដ្ឋមន្ត្រី​ដែលគេ​យក​ទៅ​កែ ដោយ​ពាក់​មកុដ​​ធំ​ ពណ៌​មាស​​មាន​រូប​សញ្ញា​​ហ្វេស​ប៊ុក​ និង​​អម​ដោយ​អក្សរ​សរសេរ​ថា “អធិរាជ​ហ្វេស​ប៊ុក​” ជា​ការ​សំដៅ​​ច្បាស់​ក្រឡែត​ចំពោះ​ប្រជាប្រិយ​​​​ភាព​តាម​ប្រព័ន្ធអីុនធឺណិត​​របស់​លោក​នាយ​ក​​រដ្ឋមន្ត្រី ដែល​ប្រណាំង​ប្រជែង​ជាមួយ​លោក ​​សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​។

វីដេ​អូ​នៅក្នុង​យូធូប​​ដែលបាន​បង្ហោះ​ពី​ក្រោម​រូប​ថត​​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​​​​គេហទំព័រ​​​នេះ​ជាបន្តបន្ទាប់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​​​​​បង្ហាញ​​អំពី​​​ទំព័រ​​​ដើម​​​ត្រូវ​បាន​​គេ​ចូល​​​ប្លន់​មួយ​ផ្សេង​​ទៀត ដែល​បង្ហាញ​អំពី​រូប​ថត​​នៃការ​វាយ​​​​ប្រហារ​​ និង​អំពើ​ព្រៃផ្សៃ​ ​ក្នុង​នោះ​​មួយ​ច​ំនួន​ភ្ជាប់ទៅ​លោក ហ៊ុន សែន អំឡុង​រយៈពេល​​​កាន់​​​​អំណាច​​​​​បី​ទសវត្សរ៍​របស់​លោក​។

រូប​ថត​​ទាំង​នោះ​​រួមមាន​​រូប​ភាព​ការ​ប្រយុទ្ធ​​គ្នា​ក្នុង​ឆ្នាំ​១៩៩៧ ការ​វាយ​ប្រហារ​លើ​កម្មករ​​​​​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដ៏​ចម្រូង​ចម្រាស​ ការ​បាញ់ត្រូវ​ក្រុម​បាតុករ​ស្លាប់​​កាល​ពី​ដើម​ឆ្នាំ​២០១៤ និង​ការ​វាយ​ដំ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​នៅ​ក្រៅ​​រដ្ឋសភា​កាល​ពី​ឆ្នាំ​មុន​។

រូប​ថត​ផ្សេង​ទៀត​​បង្ហាញ​ពី​ការ​​បណ្ដេញ​ចេញ​​ពី​​ដី​​ធ្លី​ដ៏​ហិង្សា​ រថយន្ត​ធុន​ធំ​​ដឹក​ឈើ​ខុស​ច្បាប់​ពេញ​ៗ​ និង​សព​លោក​ ជា វិជ្ជា មេដឹក​នាំ​​​​សហជីព​ដែលត្រូវ​បាន​ធ្វើ​ឃាត និង​លោក ឈុត វុទ្ធី សកម្ម​ជន​បរិស្ថាន​ដែលត្រូវបាន​បាញ់ស្លាប់ជាដើម​​។

សំឡេង​ដែល​បាន​រៀប​រាប់ពី​ការ​ចូលប្លន់​នោះ​ថា ជា​ “​ការ​ទះ​កំផ្លៀង​ដំបូង” ក្នុង​យុទ្ធនា​ការ​ប្រឆាំងលោក ហ៊ុន សែន ដោយ​ព្រមាន​ថា ​​នឹង​មាន​​ការ​ចូល​ប្លន់​​ពីរ​ទៀត​ ប្រសិន​បើ​លោក​​​​​​មិនបោះ​បង់​អំពើ​ហិង្សា​ ដែលក្នុង​នោះ​អ្នក​រៀប​រាប់​​បាន​អះ​អាង​ថា លោក​នាយក​​​​​រដ្ឋ​មន្ត្រី​មាន​ជាប់​ពាក់​ព័ន្ធ។

​​​​​​បើ​ទោះ​ជា​​រូប​សញ្ញាអនាមិក ​គឺ​ស្រោម​មុខ​ Guy Fawkes ​បាន​លេច​ឡើង​ពីរដង​ក្នុង​វីដេអូ​នោះ​ក៏៏​ដោយ​ ក៏​គ្មាន​អ្វី​ត្រូវបាន​បង្ហោះនៅក្នុង​គណនី​​ហ្វេស​ប៊ុក​ ឬ​ទ្វីតធើ​នៃបណ្តាញ​កម្ពុជា​របស់​ក្រុម​ចូល​ប្លន់​​នេះ​ ដែល​​ល្បី​ឈ្មោះ នៅ​ពេល​សមាជិក​របស់​ពួកគេ​បាន​ចូលប្លន់់់​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​និង​វិស័យ​ឯក​ជន​ជាង​៣០​បន្ទាប់ពីការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

​​​លោក Niklas Femerstrand អ្នក​ប្លន់​វេប​សាយ​​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​​ និង​ជា​​អ្នកស្រាវជ្រាវ​​សន្តិសុខ​អីុនធឺណិតបាន​និយាយ​​​​ថា សមាជិកភាព​ដែល​តែង​តែ​​ផ្លាស់ប្តូរ​របស់​ក្រុម​នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​​កំណត់​អត្តសញ្ញាណ​អ្នក​នៅ​ពីក្រោយ​​ការ​ចូល​ប្លន់​​កាលពី​ថ្ងៃសៅរ៍​ ដែល​កាន់តែ​មាន​​​​​ភាព​ងាយ​ស្រួល​ ពីព្រោះ​​សូហ្វ​វែ​​ដែល​ដំណើរ​​​​​ការ​គេហ​​ទំព័រឈ្មោះ​ Hoolahoop ​មិនត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាពទេ​បន្ទាប់ពី​​ការ​រក​ឃើញ​​បញ្ហា​សន្តិសុខ​​នៅ​ក្នុង​កម្មវិធីនេះ​កាល​ពី​ខែ​ធ្នូ។

លោក​ Niklas Femerstrand បាន​និយាយ​ថា “​ខ្ញុំ​​សង្ស័យ​ថា ​ពួកគេ​​​ប្រើ​កម្ម​វិធី​​មិន​ទំនើប​ ឬ​​​​ងាយ​រង​គ្រោះ។ រដ្ឋាភិបាល​គួរ​ជា​អ្នក​ត្រូវ​បន្ទោស​​ចំពោះ​ការ​មិន​ធ្វើ​បច្ចុប្បន្នភាព​សូហ្វវែ​របស់ ខ្លួន”៕សារុន​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស