28 C
Phnom Penh

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​ប្រាប់​ក្រុម​មន្ត្រី​​ឲ្យ​​កែ​​​លម្អ​​​​មណ្ឌល​ព្រៃ​​​ស្ពឺ​​​ ​បើ​មិន​ដូច្នោះ​ទេ​​​​បិទ​​​វា​​​តែ​​​ម្តង​​​ទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានី និងក្រសួងសង្គមកិច្ចឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់ ឬបិទវាតែម្តងដើម្បីកំុឲ្យរដ្ឋាភិបាលរងការអាម៉ាស់ទៀត។

cam-photo-prey-speu-channaមណ្ឌលនេះ ដែលបានប្តូរឈ្មោះជាផ្លូវការទៅជាមណ្ឌលសង្គមកិច្ចភ្នំពេញនៅខែមីនា បានមានឈ្មោះអាក្រក់ច្រើនឆ្នាំមកហើយដោយសារការប្រមូលជនអនាថា អ្នកញៀនថ្នាំនិងស្ត្រីរកស៊ីផ្លូវភេទទាំងបង្ខំ និងឃុំខ្លួនពួកគេដោយគ្មានកំណត់ពេលក្នុងស្ថានភាពមិនល្អ។ ក្រុមសិទ្ធិមនុស្សបានចោទបុគ្គលិកថាបានវាយធ្វើបាប និងរំលោភអ្នកជាប់ឃុំស្រេចតែអំពើចិត្ត និងបានអំពាវនាវជាច្រើនលើកឲ្យរដ្ឋាភិបាលបិទមណ្ឌលនេះ។

នៅពិធីមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីអបអរទិវាកុមារអន្តរជាតិដែលប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងនិងសាលារាជធានីគួរធ្វើតាមការណែនាំរបស់អ្នករិះគន់ ប្រសិនបើមិនអាចកែលម្អបញ្ហានៅមណ្ឌលនេះបានទេនោះ។

លោកបានមានប្រសាសន៍ថា “បើត្រូវបិទក៏បិទតែម្តងទៅ មិនចាំបាច់ទុកគ្រាន់តែចិញ្ចឹមរឿងទេ ហើយប្រសិនបើបន្ត ត្រូវបន្តឲ្យវាស្អាត កុំឲ្យមានបញ្ហា”។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ហាក់ដូចជាខ្វល់ខ្វាយអំពីកេរ្តិ៍ឈ្មោះរដ្ឋាភិបាលច្រើនជាងវាសនាអ្នកជាប់ឃុំនៅមណ្ឌលនេះ។

លោកបានមានប្រសាសន៍ថា “យើងខិតខំធ្វើសេវាដើម្បីធានាសិទ្ធិរបស់មនុស្ស ក៏ប៉ុន្តែផ្ទុយទៅវិញមណ្ឌលមួួយនេះតែងតែរងនូវការទិតៀនដែលធ្វើឲ្យកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលទទួលនូវភាពល្អក់កករដោយសារតែមណ្ឌលមួយនេះ។ បើសិនជាខ្វះសមត្ថភាពគ្រប់គ្រងតាំងពីមណ្ឌលប៉ុណ្ណឹង តើយើងមានលទ្ធភាពធ្វើអីបន្ថែមទៀត?”។

មណ្ឌលនេះដែលស្ថិតនៅជាយរាជធានីភ្នំពេញមានឈ្មោះជាផ្លូវការថា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ច្រើនឆ្នាំមកហើយ បើទោះជាមិនមានការបណ្តុះបណ្តាលណាមួយបែបនេះក៏ដោយ។ នៅពេលអ្នកគ្រប់គ្រងទទួលស្គាល់គុណវិបត្តិ ពួកគេតែងតែបន្ទោសលើកង្វះការផ្តល់មូលនិធិ និងបុគ្គលិក។

ប៉ុន្តែ អង្គការសិទ្ធិមនុស្សលើកឡើងថា អ្នកដែលបានចូលមណ្ឌលនេះជាញឹកញាប់បាននិយាយអំពីការរំលោភបំពានដោយចេតនាបន្ថែមលើការមិនយកចិត្តទុកដាក់ និងការគ្រប់គ្រងមិនល្អ។

យោងតាមអង្គការសិទ្ធិមនុស្សលីកាដូឲ្យដឹងថា កាលពីខែតុលា អ្នកជាប់ឃុំម្នាក់បានលង់ទឹកស្លាប់ក្នុងស្រះទឹករាក់មួយកន្លែងនៅបរិវេណមណ្ឌលនេះ។ អង្គការនេះក៏បានចោទមណ្ឌលព្រៃស្ពឺថា គ្រប់គ្រងមិនត្រឹមត្រូវ បន្ទាប់ពីបុរសឥតផ្ទះសំបែងម្នាក់ស្ថិតក្នុងការថែរក្សារបស់មណ្ឌលនេះបានស្លាប់ដោយសារជំងឺនៅឆ្នាំ២០១៤។ មន្ទីរពេទ្យក្រុងភ្នំពេញ កន្លែងដែលមណ្ឌលនេះអះអាងថា បានបញ្ជូនបុរសនោះទៅព្យាបាល បានប្រាប់អ្នកយកព័ត៌មានថា ខ្លួនមិនមានកំណត់ហេតុអំពីបុរសនេះទេ។

ទាក់ទងកាលពីម្សិលមិញ បន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី លោក បាន វុត្ថា ប្រធានមណ្ឌលព្រៃស្ពឺបាននិយាយថា លោកកំពុងរៀបចំរបាយការណ៍មួយទាក់ទិននឹងបញ្ហាដែលលើកឡើងដោយលោក ហ៊ុន សែន ប៉ុន្តែ លោកមិនប្រាប់លម្អិតទេ។ លោក វុត្ថា បាននិយាយថា លោកមិនដឹងថា តើមណ្ឌលនេះនឹងត្រូវបើកតទៅទៀត ឬយ៉ាងណាទេ។

លោកបាននិយាយថា “សេចក្តីសម្រេចគឺស្រេចតែក្រសួង និងសាលារាជធានី”។

លោក ឈិន ប៊ុនធឿន អ្នកនាំពាក្យសាលារាជធានីបាននិយាយថា ក្រុមមន្ត្រីកំពុងធ្វើការសម្រេចនៅឡើយថាតើត្រូវយកជម្រើសណាមួយរបស់លោកនាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យក្រសួងសង្គមកិច្ចមិនអាចទាក់ទងបានទេ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការលីកាដូ បាននិយាយថា ថ្ងៃម្សិលមិញជាលើកដំបូងហើយដែលលោកបានឃើញលោកនាយករដ្ឋមន្ត្រីថ្លែងអំពីបញ្ហាព្រៃស្ពឺជាសាធារណៈ។ លោកសង្ឃឹមថា ការចាប់អារម្មណ៍នេះ និងនាំឲ្យមណ្ឌលនេះបិទទ្វារ ឬទទួលបានធនធាន និងការត្រួតពិនិត្យយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវរបស់មណ្ឌលនេះឲ្យបានត្រឹមត្រូវ៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស