33.2 C
Phnom Penh

លិខិតទំនងជាផ្ទុយ​នឹងការ​អះអាង​ទាក់ទិន​នឹង​សំណើ​របស់​ព្រះមហាក្សត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការអះអាងដោយរដ្ឋាភិបាលដែលថា ព្រះមហាក្សត្រ នរោត្តម សីហមុនី ពិតជាបានស្នើឲ្យមានការសើុបអង្កេតលើញត្តិពីគណបក្សសង្គ្រោះជាតិដែលដង្ហែថ្វាយព្រះមហាក្សត្រនៅសប្តាហ៍នេះ គឺទំនងជាប្រឌិតឡើង ក្នុងពេលដែលមានលិខិតចម្លងមួយច្បាប់ពីព្រះមហាក្សត្របានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ។

លិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះព្រះហស្តលេខាដោយព្រះមហាក្សត្រ សីហមុនី នៅថ្ងៃអង្គារ ជូនដំណឹងដល់លោកនាយករដ្ឋមន្ត្រីថា ព្រះបរមរាជវាំងបានទទួលញត្តិពីគណបក្សប្រឆាំងកាលពីថ្ងៃច័ន្ទ។ សំណើឲ្យមានការសើុបអង្កេតទៅលើការអាចមានការក្លែងស្នាមមេដៃ គឺមានសរសេរដោយលោក ហ៊ុន សែន នៅជាយលិខិតនោះ។

ដោយពន្យល់អំពីសេចក្តីសម្រេចសុំឲ្យក្រសួងមហាផ្ទៃសើុបអង្កេតទៅលើស្នាមមេដៃជិត២០០.០០០ដែលប្រមូលបានដោយគណបក្សសង្គ្រោះជាតិក្នុងការគាំទ្រញត្តិ ស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ក្នុងវិបត្តិនយោបាយបច្ចុប្បន្ននោះ  លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា គំនិតនេះមកពីព្រះបរមរាជវាំង។

លោកបាននិយាយទាក់ទិននឹងលិខិតដែលលោកបានចុះហត្ថលេខាក្នុងនាមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបញ្ជូនទៅក្រសួងមហាផ្ទៃថា “លិខិតដែលយើងចេញយោងតាមលិខិតព្រះបរមរាជវាំង និងសំណើឲ្យធ្វើការពិនិត្យ និងស្រាវជ្រាវ គឺមកពីព្រះបរមរាជវាំង”។

ទោះជាយ៉ាងនេះក្តី មិនមានសំណើបែបនេះ នៅក្នុងលិខិតរបស់ព្រះមហាក្សត្រ សីហមុនី ជូនលោកនាយក រដ្ឋមន្ត្រីទេ។

លិខិតនោះចាប់ផ្តើមដូចនេះ “សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ខ្ញុំបានទទួលលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណ១៧៣.១៤៤នាក់ ដែលបានទូលស្នើសូមព្រះរាជអន្តរាគមន៍អំពីខ្ញុំ”។

លិខិតមានខ្លឹមសារទៀតថា “ខ្ញុំសូមផ្ញើសំណុំលិខិតនេះជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ”។

ក្នុងចំណារសរសេរដោយដៃលើជាយលិខិតនោះ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យញត្តិ និងស្នាមមេដៃទាំងនោះ។

ចំណារមានខ្លឹមសារថា ” ជូនសម្តេចក្រឡាហោម ស ខេង សូមរៀបចំឲ្យមានការស្រាវជ្រាវនូវស្នាមដេដៃនេះតាមរយៈ៖ ១. ការធ្វើកោសលវិច័យ ២. ការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ៣. មធ្យោបាយផ្សេងទៀត ដែលអាចរកឃើញនូវភាពត្រឹមត្រូវ”។ លិខិតនោះបានបញ្ចប់ដោយព្រះមហាក្សត្រសូមឲ្យ លោកនាយករដ្ឋមន្ត្រីទទួលនូវ សេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុតអំពីព្រះអង្គ។

ចំណារមួយទៀតមានខ្លឹមសារថា “សូមសម្តេចរៀបចំឲ្យមានការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន និងជាពិសេសបោកទាំងព្រះមហាក្សត្រ”។

ទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃសុក្រ លោក ភិរិន្ទ រដ្ឋលេខាធិការ បានដាក់ទូរស័ព្ទមិនឆ្លើយនឹងអ្នកកាសែត។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា លោកមិនអាចធ្វើអត្ថាធិប្បាយក្នុងនាមសហការីរបស់លោកបានទេ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “អ្វីដែលលោក សូ៊ ភិរិន្ទ ប្រាប់អ្នក ខ្ញុំមិនដឹងទេ ប៉ុន្តែ យោងតាមលិខិតនោះ ព្រះមហាក្សត្របានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីពិនិត្យ ដូច្នេះលោកបញ្ជាឲ្យរដ្ឋមន្ត្រីរបស់លោកពិនិត្យ [និង] ផ្តល់ចម្លើយទៅព្រះមហាក្សត្រវិញ”។

លោក ស៊ីផាន បាននិយាយបន្ថែមថា “លោកជានាយករដ្ឋមន្ត្រី លោកមានអាណត្តិធ្វើអ្វីមួយតាមសមត្ថកិច្ចរបស់លោក ដើម្បីពន្យល់ថ្វាយព្រះមហាក្សត្រ។ លោកចង់ឲ្យប្រាកដថា គេមិនកុហកព្រះមហាក្សត្រទេ”។

ទោះជាយ៉ាងនេះក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកដ៏សំខាន់ម្នាក់នៃរាជវង្សានុវង្សដែលជាសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានមានបន្ទូលថា លិខិតរបស់ព្រះមហាក្សត្រ សីហមុនី គឺជាសារគ្រាន់តែជាការគម្រប់ជូនលោកនាយករដ្ឋមន្ត្រី ហើយក៏មិនបានបង្ហាញព្រះទ័យឲ្យមានការសើុបអង្កេតពិសេសណាមួយដែរ។

ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា “តាមន័យត្រង់ទៅ និងរាល់ពេលដែលព្រះមហាក្សត្រទទួលបាន សំណូមពរ ព្រះអង្គចាត់ចែងធ្វើដូចតែគ្នា។ មិនមានអ្វីដែលបង្ហាញថា ព្រះមហាក្សត្រចង់ឲ្យរដ្ឋាភិបាលសើុបអង្កេត ឬធ្វើអ្វីមួយដូចនោះទេ”។

យោងតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបាននិយាយថា គណៈកម្មាធិការពិសេសមួយដែលបង្កើតឡើងដើម្បីសើុបអង្កេត នឹងចាប់ផ្តើមធ្វើការឆាប់ៗនោះឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃកំពុងជំរុញឲ្យសើុបអង្កេតទូទាំងប្រទេសទៅលើភាពពិតនៃស្នាមមេដៃទាំងនោះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បាននិយាយថា “គណៈកម្មាធិការពិនិត្យស្នាមមេដៃ គេនឹងបញ្ជាក់ភាពត្រឹមត្រូវម្តងមួយៗ។ នៅតាមខេត្ត អាជ្ញាធរនឹងពិនិត្យវាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ គេមានឧបករណ៍ដើម្បីពិនិត្យស្នាមមេដៃ ប៉ុន្តែ ខ្ញុំមិនប្រាកដថាវាជាឧបករណ៍បែបណាទេ ពីព្រោះនគរបាលជាតិកំពុងធ្វើការលើរឿងនេះហើយ សូមសួរគេទៅ”។

លោក សារ៉ាន កំសត់ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការសើុបអង្កេតនេះទេ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងមហាផ្ទៃបានបញ្ជាឲ្យមានការបង្កើតគណៈកម្មាធិការមួយដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក៏មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះមានទាំងស្នងការនគរបាលមកពី២៤ខេត្តដែរ។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បាននិយាយថា ការសើុបអង្កេតនេះគឺជាការប្រើធនធានរដ្ឋមិនត្រឹមត្រូវ ជាពិសេសមន្ត្រីនគរបាល។

លោកបាននិយាយថា “ខ្ញុំមិនយល់។ វាមិនដែលកើតឡើងនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចនេះទេ។ គេធ្វើការស្ទង់ ប៉ុន្តែ គេមិនដែលទៅសើុបអង្កេតប្រជាជនអ៊ីចឹងទេ។ ខ្ញុំគិតថា នេះជាការគំរាមមួយដល់ប្រជាពលរដ្ឋ។ វាមិនមែនជាទម្រង់រដ្ឋាភិបាលល្អទេ”។

លោក គល់ បញ្ញា បាននិយាយថា ក្រសួងមហាផ្ទៃប្រថុយនឹងការរំខានក្នុងការងារចេញអត្តសញ្ញាណប័ណ្ណថ្មីដ៏សំខាន់មុនការបោះឆ្នោតឃុំសង្កាត់នៅពាក់កណ្តាលឆ្នាំ២០១៧ ជាកិច្ចការដែលលោក ហ៊ុន សែន បានមានប្រសាសន៍កាលពីខែមុនថា  ចាំបាច់ត្រូវធ្វើឲ្យលឿនបំផុត។

លោកបាននិយាយថា “ខ្ញុំសង្ឃឹមថា គេនឹងមិនធ្វើការសើុបអង្កេតទូទៅេនះលើស្នាមមេដៃទេ។ វាជាការងារច្រើនណាស់ ហើយនៅពេលឥឡូវនេះក្រសួងមហាផ្ទៃគួរតែផ្តោតលើការចេញអត្តសញ្ញាណប័ណ្ណឲ្យប្រជាពលរដ្ឋ”។

ព្រះមហាក្សត្រ សីហមុនី ជាព្រះមហាក្សត្រមិនពាក់ព័ន្ធនឹងនយោបាយ គឺកម្រមានបន្ទូលជាសាធារណៈណាស់ ហើយពេលនេះព្រះអង្គកំពុងយាងបំពេញព្រះរាជទស្សនកិច្ចរយៈពេលខ្លីនៅប្រទេសចិន ហើយគ្រោងនឹងយាងត្រឡប់មកមាតុភូមិវិញនៅចុងសប្តាហ៍នេះ៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស