30.4 C
Phnom Penh

គ្រូពេទ្យ​​​​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ជុំវិញ​ការ​ស្លាប់​អ្នក​ជំងឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចាក់ថ្នាំបីម្ជុលដល់អ្នកជំងឺម្នាក់ដែលបន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់គ្លីនិកក្បែរនោះ។

យោងតាមលោក ឆន សុខធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា លោក ពេជ្រ ញ៉ អាយុ៧១ឆ្នាំ ជាគ្រូពេទ្យយូរមកហើយនៅក្នុងក្រុងសួង ដែលបានទៅព្យាបាលអ្នកជំងឺជាច្រើនដល់ផ្ទះរបស់ពួកគាត់នោះត្រូវបានហៅទៅផ្ទះលោក ឯម ធួល អាយុ៤៦ឆ្នាំ កាលពីព្រឹកថ្ងៃច័ន្ទ ដោយសាច់ញាតិរបស់បុរសរូបនេះដែលមានបញ្ហាពិបាកដក ដង្ហើម សន្លប់ជាច្រើនលើកនិងបែកញើសខ្លាំង។ លោកបានមានប្រសាសន៍ថា ពេលមកដល់លោក ពេជ្រ ញ៉ បានប្រើថ្នាំកង់ហ្វូនិងវិតាមីនបេចាក់ត្រង់ត្រគាកលោក ឯម ធួល ដែលថ្នាំប្រភេទនេះប្រើដើម្បីបង្កើនរំហូរឈាម និងលើកកម្លាំង ហើយបានចាក់ថ្នាំបន្ថយការឈឺចាប់ត្រង់ស្មារបស់គាត់។

អធិការនគរបាលរូបនេះបានបន្ថែមថា “៣០នាទីបន្ទាប់ពីគាត់ត្រូវបានចាក់ថ្នាំ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅដូច្នេះក្រុមគ្រួសាររបស់គាត់បានសម្រេចយកគាត់ទៅកាន់គ្លីនិកមួយ។ ប៉ុន្តែ គាត់បានស្លាប់នៅតាមផ្លូវមុនពេលទៅដល់គ្លីនិក”។

លោក សុខធន បានមានប្រសាសន៍ថា ក្រុមគ្រួសារជនរងគ្រោះដែលច្រើនឆ្នាំមកហើយបានពឹងពាក់លើលោក ពេជ្រ ញ៉ សម្រាប់ការព្យាបាលជំងឺនោះ ពេលនោះបានរាយការណ៍ពីការស្លាប់នេះទៅនគរបាល មូលដ្ឋានដែលបានចាប់ខ្លួនគ្រូពេទ្យរូបនេះនៅផ្ទះរបស់គាត់តែម្តងស្ថិតក្នុងសង្កាត់សួងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក។

លោកបានថ្លែងថា “គាត់បានព្យាបាលប្រជាជនក្នុងក្រុងសួងយូរមកហើយ ពីព្រោះគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ។ គាត់មិនមានសញ្ញាបត្រទេ ប៉ុន្តែ គាត់បានបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩២”។

យោងតាមលោក សុខធន ដែលបានលើកឡើងថា ទោះយ៉ាងណា គ្រូពេទ្យរូបនេះស្ថិតក្នុងកន្លែងឃុំខ្លួនរបស់នគរបាល ហើយត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីប្រឈមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនានោះបានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃច័ន្ទ អ្នកស្រី បាន សុភាព ប្រពន្ធរបស់លោក ឯម ធួល បានសុំឱ្យដោះលែងលោក ពេជ្រ ញ៉។

កាលពីខែធ្នូ គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ក្នុងខេត្តបាត់ដំបងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទធ្វើឱ្យឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋជាង២៨០នាក់តាមរយៈការប្រើប្រាស់ម្ជុល និងសឺរ៉ាំងដដែលៗ។

មួយខែក្រោយមក លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្រេចលុបបំបាត់គ្លីនិក និងគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេស។លោកបានថ្លែងថា មន្ត្រីរបស់លោកបានបិទគ្លីនិកគ្មានអាជ្ញាប័ណ្ណចំនួន១.៣៦៨កន្លែង ក្នុងឆ្នាំ២០០៥ ហើយថា គ្លីនិក៩៧៣កន្លែងនៅបើកដដែល។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានមានប្រសាសន៍ថា លោកអាចនិយាយបានតែអំពីជំងឺឆ្លងប៉ុណ្ណោះ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចាប់ខ្លួនលោក ពេជ្រ ញ៉ ឡើយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស