38 C
Phnom Penh

មន្ត្រី​​​នគរ​​​បាល​​​វៀតណាម​​​ចុះ​​​មក​​​ជួប​​​​​​ក្រុម​​​ជន​​​ជាតិ​​​ភា​​គ​​​តិច​​​ម៉ុងតា​​​ញ៉ា​​​​​​​​​​នៅ​​​​ក្នុង​​​រាជធានីភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកម្នាក់នៃក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានឲ្យដឹង កាលពីម្សិលមិញថា នគរបាលវៀតណាមបានចុះមកជួបក្រុមរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ជាកន្លែងដែលអ្នកស្វែងរកសិទ្ធិជ្រកកោនអះអាងថា បានគេចពីការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសេនះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានលើកឡើងថា ខ្លួនបានតាមដានការចុះមកនេះ ហើយ “មានការព្រួយបារម្ភ”ដោយសារតែបញ្ហានេះ។

ប៉ែន រ៉ូឡាន អាយុ២៧ឆ្នាំដែលបានគេចចេញពីប្រទេសវៀតណាមកាលពីឆ្នាំមុនហើយគឺជាជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ ក្នុងចំណោមជនជាតិភាគតិចម៉ុងតាញ៉ាប្រហែល១៧០នាក់ដែលកំពុងស្វះស្វែងដើម្បីទទួលបានឋានៈជាជនភៀសខ្លួនក្នុងរាជធានីភ្នំពេញនោះបានលើកឡើងថា នគរបាលវៀតណាមប្រហែល៦នាក់បានមកដល់អាផាតមិនបណ្ដោះអាសន្នរបស់គាត់ជាមួយមន្ត្រីនគរបាលកម្ពុជាបីនាក់ និងមន្ត្រីអង្គការសហប្រជាតិពីរនាក់។

ជនជាតិភាគតិចម៉ុងតាញ៉ារូបនេះបាននិយាយនៅក្នុងអាផាតមិនក្នុងខណ្ឌពោធិ៍សែនជ័យដែលគាត់កំពុងរស់នៅរួមគ្នាជា   មួយជនជាតិភាគតិចម៉ុងតាញ៉ាផ្សេងៗទៀត ថា “ពួកគេចង់ឲ្យយើងចុះហត្ថលេខាលើ[ឯកសារសន្យា] ធ្វើដំណើរត្រឡប់ទៅប្រទេស វៀតណាមវិញ ប៉ុន្តែ យើងមិនព្រមត្រឡប់ទៅវិញទេ។ប្រសិនបើយើងត្រឡប់ទៅវិញ ពួកគេនឹងចាប់យើងដាក់គុក”។

អំឡុងពេលជួបគ្នា នគរបាលវៀតណាមបានព្យាយាមបញ្ចុះបញ្ចូលជនជាតិភាគតិចម៉ុងតាញ៉ាដែលមានវត្តមានថា ពួកគេនឹងមិនប្រឈមការធ្វើទុក្ខបុកម្នេញឡើយ ប្រសិនបើពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។

លោក បែន រ៉ូឡាន បាននិយាយ ទៀតថា “ពួកគេបានប្រាប់យើងថា ប្រសិនបើយើងត្រឡប់ទៅវិញ ពួកគេនឹងមិនធ្វើបាបយើងទេ ប៉ុន្តែ គ្នីគ្នារបស់ខ្្ញុំត្រូវបានបញ្ជូនត្រឡប់ទៅវិញ ហើយត្រូវបានចាប់ដាក់គុក រយៈពេលពី១០ទៅ២០ឆ្នាំ ខ្ញុំមិនជឿពួកគេទេ…ពួកគេកំពុងបោកប្រាស់យើង”។

នគរបាលវៀតណាមបានចាកចេញទៅវិញ ពេលជនជាតិភាគតិចម៉ុងតាញ៉ាបដិសេធការផ្តល់ម្ហូបអាហារនិងសំណើសុំឲ្យពួកគេត្រឡប់ទៅវិញនោះ ។

លោក ប៉ែន រ៉ូឡាន បានលើកឡើងថា “ពួកគេចង់ឲ្យជំនួយដល់យើង ប៉ុន្តែយើងមិនទទួលយកទេ ព្រោះយើងខ្លាចពួកគេដាក់ថ្នាំពុលនៅក្នុងជំនួយនោះ”។លោកបានបន្ថែមថា ក្រុមរបស់លោកកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ “យើងខ្លាចនគរបាលវៀតណាម ព្យាយាមចាប់បញ្ជូនយើងទៅប្រទេសវៀតណាមវិញ”។

លោកស្រី វីវៀន តាន មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)ក៏បានសំដែងក្តីព្រួយបារម្ភចំពោះការចុះមកដោយឥតគ្រោងទុកនេះផងដែរ។

លោកស្រីបានលើកឡើងនៅក្នុងអីុម៉េលមួយថា ” UNHCR មិនបានរៀបចំ ឬគាំទ្រការចុះមកនេះ ដែលមានវត្តមានមន្ត្រីមកពីប្រទេសទាំងពីរឡើយ ប៉ុន្តែបុគ្គលិករបស់យើងមានវត្តមានគឺដើម្បីតាមដានស្ថានភាព។ គេប្រាប់យើងពីគោលបំណងនៃការចុះមកនេះថា គឺដើម្បីផ្តល់ជំនួយខ្លះៗដល់អ្នកស្វែងរកសិទ្ធិជ្រកកោន។ គ្មានការបង្ខំឲ្យត្រឡប់ទៅវិញឡើយ”។

លោកស្រីបានលើកឡើងទៀតថា “ទោះជាយ៉ាងណា UNHCR នៅតែព្រួយបារម្ភព្រោះយើងជឿថា អ្នកស្វែងរកសិទ្ធិជ្រកកោនមិនគួរតម្រូវឲ្យជួបជាមួយតំណាងនៃរដ្ឋាភិបាលមកពីប្រទេសដែលពួកគេខ្លាចរងការធ្វើទុក្ខបុកម្នេញនោះឡើយ”។

លោកស្រីបានលើកឡើងបន្តទៀតថា មន្ត្រីវៀតណាមចុះទៅតែមួួយទីតាំងប៉ុណ្ណោះ ហើយលោកស្រីមិនដឹងថា មានអ្នកស្វែរកសិទ្ធិជ្រកកោនប៉ុន្មាននាក់ទេនៅពេលនោះ។

លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ រីឯលោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងនេះក៏មិនអាចទាក់ទងបានដែរ។

ជនជាតិភាគតិចម៉ុងតាញ៉ា ជាក្រុមជនជាតិភាគតិចដែលភាគច្រើនប្រតិបត្តិតាមសាសនាគ្រិស្តនិងដែលប្រមូលផ្តុំគ្នារស់នៅក្នុងតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាមនោះបានលើកឡើងថា ខ្លួនជារឿយៗតែងតែប្រឈមការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងនយោបាយក្រោមដៃរបស់រដ្ឋាភិបាលវៀតណាម។

ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា១៣នាក់ដំបូងដែលបានឆ្លងកាត់ព្រំដែនចូលមកប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៤នោះ បានធ្វើដំណើរទៅប្រទេសហ្វីលីពីនកាលពីខែមុន បន្ទាប់ពីទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ពួកគេគ្រោងនឹងតាំងលំនៅថ្មី នៅក្នុងប្រទេសទី៣ ដែលគេមិនបញ្ជាក់។

ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ ជនជាតិភាគតិចម៉ុងតាញ៉ាយ៉ាងតិច៤៧នាក់ ដែលក្នុងនោះភាគច្រើនដំបូងឡើយបានសុំជ្រកកោននៅក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចារា៉យក្នុងខេត្តរតនគិរីនោះ ត្រូវបានចាប់ខ្លួន ហើយបង្ខំឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ពួកគេប្រហែល៣០នាក់បានយល់ព្រមត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត។

បច្ចុប្បន្នជនជាតិភាគតិចម៉ុងតាញ៉ាជាង១៧០នាក់កំពុងរង់ចាំការវាយតម្លៃសំណើសុំសិទ្ធិជ្រកកោនរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញនៅឡើយ។សមាជិកម្នាក់នៃក្រុមនេះបានធ្វើអត្តឃាតក្នុងកន្លែងស្នាក់អាស្រ័យផ្តល់ដោយ UNHCR កាលពីឆ្នាំមុន៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស