30.4 C
Phnom Penh

​​​បុរស​​​បី​​​នាក់​​​​​​​​​​​​ជាប់​​​ពន្ធនាគាររយៈ​​​​​ពេល​​​​៧​​​ឆ្នាំ​​​​​​ពាក់​​​ព័ន្ធ​​​នឹងការ​​​តវ៉ា​​​ហិង្សា​នៅ​ឆ្នាំ​២០១៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសបីនាក់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាឲ្យចាប់ខ្លួនដោយ សារមានជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាតាមផ្លូវដែលផ្ទុះឡើងអំឡុងការតវ៉ាកាលខែកក្កដា ឆ្នាំ២០១៤ បានរិះគន់យ៉ាងខ្លាំងលើប្រព័ន្ធតុលាការដែលពោរពេញដោយអំពើពុករលួយនៅកម្ពុជា ខណៈចៅក្រមកាលពីម្សិលមិញបានរកឃើញថា ពួកគេមានពិរុទ្ធ ភាពពីបទ ”ចូលរួមកុបកម្ម” ហើយបានផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៧ឆ្នាំ។

Cambodia's opposition National Rescue Party supporter Yon Kimhour arrives to the court to hear a verdict over insurrection charges against him and two more opposition supporters in Phnom Penhយន់ គឹមហួរ អាយុ២៩ឆ្នាំ រឿន ចិត្រា  អាយុ៣៣ឆ្នាំ និង យា ថុង អាយុ៤៤ឆ្នាំ សុទ្ធតែត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃទី៥ ខែសីហា ពីរសប្តាហ៍បន្ទាប់ពីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទដឹកនាំនិងចូលរួមកុបកម្មអំឡុងការតវ៉ារបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ។ ពួកគេបានបន្តចូលរួមការបើកសវនាការជំនុំជម្រះក្តីរបស់ខ្លួនកាលពីខែមុន។

អំឡុងពេលបើកសវនាការរយៈពេលពីរថ្ងៃ បុរសពីរនាក់ក្នុងចំណោមបុរសទាំងបីនាក់នេះបានប្រាប់តុលាការថា ខ្លួនគ្រាន់តែការពារខ្លួនឯងប៉ុណ្ណោះ រីឯបុរសទី៣បដិសេធថា មិនបានវាយនរណាម្នាក់ឡើយ។

ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេសុទ្ធតែត្រូវបានរកឃើញថា មានពិរុទ្ធភាពកាលពីម្សិលមិញ។ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ម៉ុង មុនីសោភា បានប្រកាសថា “ក្រុមចៅក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស ១ រឿន ចិត្រា ២ យន់ គឹមហួរ និង ៣ យា ថុង ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៧ឆ្នាំពីបទចូលរួមកុបកម្ម”។

ការសម្រេចនេះបានធ្វើឲ្យចុងចោទធ្វើការប្រៀបធៀបទៅនឹងអង្គរក្សបីនាក់របស់លោក ហ៊ុន សែន ដែលសុទ្ធតែត្រូវបានរកឃើញថា មានពិរុទ្ធភាពកាលពីខែមុន ពីបទទាញតំណាងរាស្ត្រគណបក្សប្រឆាំងចេញពីក្នុងរថយន្ត ហើយវាយដំពួកគាត់ ខណៈពួកគាត់ចាកចេញពីរដ្ឋសភានៅខែតុលា។

ពេលងើបឈរឡើង បន្ទាប់ពីសាលក្រមត្រូវបានប្រកាស លោក រឿន ចិត្រា បាននិយាយថា ”វាអយុត្តិធម៌ណាស់! វាយដំតំណាងរាស្ត្រទទួលទោសជាប់ពន្ធនាគារតែ៤ឆ្នាំ។ ពួកគេបានវាយដំពួកគាត់រហូតបាក់ដៃ និងបែកច្រមុះដល់ថ្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ ហើយជាប់ពន្ធនាគារតែ៤ឆ្នាំប៉ុណ្ណោះ”។

តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃ ដោយអង្គរក្សបីនាក់ត្រូវបានកាត់ទោសពីបទប្រើអំពើហិង្សាដោយចេតនាឲ្យជាប់ពន្ធនាគារតែ១ឆ្នាំប៉ុណ្ណោះ ដោយទោសនៅសល់ត្រូវបានព្យួរ។

ពេលកៀកចេញពីបន្ទប់សវនាការកាលពីម្សិលមិញ លោក រឿន ចិត្រា បានលើកឡើងថា ការដោះស្រាយនៅក្នុងសំណុំរឿងទាំងពីរនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតអំពីតុលាការនៅកម្ពុជា។ លោកបាននិយាយថា ”តុលាការនៅកម្ពុជាមិនឯករាជ្យទេ។ គ្មានតម្លាភាព ហើយមិនឯករាជ្យ”។

បុរសទាំងបីនាក់នេះដែលត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញ ត្រូវបានចាប់ខ្លួនដោយសារជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាតាមផ្លូវ ដែលអ្នកតវ៉ាបានវាយតបតពេលសន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សាព្យាយាមបញ្ចាប់ការតវ៉ា។សន្តិសុខខណ្ឌនេះបានបញ្ចេញសកម្មភាពវាយដំរាប់ខែលើនរណាក៏ដោយឲ្យតែព្យាយាមតវ៉ានៅក្នុងទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ប្រឆាំងបម្រាមរបស់រដ្ឋាភិបាលលើបាតុកម្មសាធារណៈ ដែលកើតឡើងបន្ទាប់ពីមានការបង្ក្រាបបណ្តាលឲ្យមានមនុស្សស្លាប់លើកូដកម្មទូទាំងប្រទេសរបស់កម្មករកាត់ដេរ និងបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខែមករា ឆ្នាំ២០១៤។

ដោយដឹកនាំដោយលោកស្រី មូរ  សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិការតវ៉ានោះគឺជាការតវ៉ាលើកដំបូងហើយ ដែលគេបានតបតនឹងសន្តិសុខវិញ។  សន្តិសុខ និងអ្នកតវ៉ាជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ មិនមាននរណារងរបួសដល់ថ្នាក់ត្រូវដេកពេទ្យយូរឡើយ។

លោក រឿន ចិត្រា និងលោក យន់  គឹមហួរ បានផ្តល់សក្ខីកម្មកាលពីថ្ងៃទី៥ ខែឧសភាថា ពួកគាត់គ្រាន់តែតបតវិញបន្ទាប់ពីសន្តិសុខខណ្ឌបានវាយដំមកលើខ្លួនដោយសារការមិនព្រមធ្វើតាមការបញ្ជារបស់ពួកគេឲ្យឈប់លើកបដានយោបាយ ហើយចាកចេញពីទីតាំងតវ៉ា។

លោក យន់ គឹមហួរ មិនបាននិយាយទៅកាន់អ្នកយកព័ត៌មានទេនៅឯតុលាការ ប៉ុន្តែ លោក យា ថុង ដែលបានផ្តល់សក្ខីកម្មកាលពីថ្ងៃទី៣១ ខែឧសភាថា គាត់មិនជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សា ដោយគ្រាន់តែបានជួយសន្តិសុខដែលរងរបួសប៉ុណ្ណោះនោះ បានលើកឡើងថា គាត់មិនភ្ញាក់ផ្អើលចំពោះការផ្តន្ទាទោសនេះឡើយ។

លោកបាននិយាយថា ”គ្មានអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះតុលាការនៅកម្ពុជាគឺអយុត្តិធម៌ចំពោះពលរដ្ឋអ៊ីចឹងហើយ”។

អំឡុងការបើកសវនាការរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា លោក យា ថុង បានលើកឡើងថា ខ្លួនបានជួបការតវ៉ាដោយចៃដន្យតែប៉ុណ្ណោះ ពេលឌុបប្រពន្ធទៅធ្វើការហើយក៏ឈប់ថតហេតុការណ៍នេះទៅ។  ចៅក្រមដែលសម្តែងការមិនជឿជាក់មួយរូបទំនងជាមិនជឿលើភាពគ្មានទោសឡើយ ដោយសួរលោក យា ថុង ថាហេតុអ្វីបានជាគាត់ត្រូវបានចាប់ខ្លួន បើគ្រាន់តែឈប់ថតយកហេតុការណ៍នេះនោះ។

អំឡុងពេលបើកសវនាការមិនមានរូបភាព ឬវីដេអូដែលបង្ហាញថា គាត់ជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាឡើយ តែផ្ទុយទៅវិញវីដេអូដែលព្រះរាជអាជ្ញាបានបង្ហាញអំឡុងពេលបើកសវនាការបង្ហាញឲ្យឃើញត្រឹមតែថា គាត់កំពុងថតវីដេអូយកហេតុការណ៍នេះតែប៉ុណ្ណោះ។

លោក យា ថុង មិនបានធ្វើអត្ថាធិប្បាយបន្ថែមទេកាលពីម្សិលមិញ ប៉ុន្តែ ប្រពន្ធរបស់គាត់ឈ្មោះ ប៉ុល រំដួល អាយុ៤០ឆ្នាំបានប្រកាសជំទាស់នឹងសាលក្រមនេះ ។

អ្នកស្រីបាននិយាយនៅខាងក្រៅបន្ទប់សវនាការថា “គ្មានយុត្តិធម៌ទេប្អូនអើយ ព្រោះប្តីរបស់ខ្ញុំមិនបានធ្វើអ្វីខុសទេ។ តុលាការនៅកម្ពុជាមិនយុត្តិធម៌ឡើយសម្រាប់អ្នកគ្មានអំណាច”។

អ្នកស្រី សន សុខុម អាយុ៥២ឆ្នាំដែលត្រូវជាម្តាយរបស់លោក យន់ គឹមហួរ បានលើកឡើងថា អ្នកស្រីមានការរំជួលចិត្តយ៉ាងខ្លាំង។

អ្នកស្រីបាននិយាយថា “កូនប្រុសរបស់ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ គាត់មិនបានវាយនរណាម្នាក់ឡើយ… គាត់បានជួយគេទៅវិញទេ។ ហេតុដូច្នេះហេតុអីបានជាគេចោទប្រកាន់ និងកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ៧ឆ្នាំអ៊ីចឹង?”។

អ្នកស្រីបាននិយាយបន្តថា “សម្រាប់អ្នកដែលវាយដំតំណាងរាស្ត្រវិញ ជាប់តែប៉ុន្មានខែប៉ុណ្ណោះ ហើយនឹងចាកចេញ [ពីពន្ធនាគារ] បាត់ទៅហើយ”។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានសួរអំពីភាពខុសគ្នារវាងការផ្តន្ទាទោសអ្នកតវ៉ាទាំងបីរូបនេះ និងការផ្តន្ទាទោសអង្គរក្សរបស់លោក ហ៊ុន សែន នោះបានលើកឡើងថា អ្វីៗត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ។

ដោយពន្យល់ថា ការដាក់ទោសទណ្ឌនេះត្រូវបានសម្រេចតាមឆន្ទានុសិទ្ធិរបស់ចៅក្រមនោះ លោកបានមានប្រសាសន៍ថា “តាមគំនិតរបស់ខ្ញុំ សង្គមស៊ីវិល មុនពេលធ្វើការវាយតម្លៃលើការសម្រេចរបស់ចៅក្រម គួរតែមើលច្បាប់ជាមុនសិន”។

លោកបានបន្ថែមថា “ប្រសិនបើពួកគេមិនយល់ទេពួកគេអាចស្នើឲ្យក្រសួងយុត្តិធម៌បើកវគ្គបណ្តុះបណ្តាលដើម្បីបង្រៀនពួកគេឲ្យយល់ដឹងអំពីច្បាប់បាន។ មុនពេលពួកគេគិតនិងនិយាយស្តី សូមពិនិត្យមើលច្បាប់ជាមុនសិន”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស