32.5 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ព្រមាន​ថា លោក ​​កឹម សុខា នឹង​ជាប់​ពន្ធនា​គារ​​​ “គ្មាន​ថ្ងៃ​ចេញ​រួច”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងបណ្ដាអង្គទូតបរទេស ដោយគំរាមដាក់ពន្ធនាគារលោក កឹម សុខា “គ្មានថ្ងៃចេញរួច” និងព្រមានមន្ត្រីការទូតនានាកុំឱ្យចូលកៀកគណបក្សប្រឆាំងពេក បើមិនដូច្នោះទេអាចនឹងធ្វើឲ្យខូចទំនាក់ទំនងជាមួយកម្ពុជា។

cam-photo-sokha-reuters-800x533ថ្លែងក្នុងពិធីខួបលើកទី៦៥ឆ្នាំនៃការបង្កើតអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានសម្ដែងការខកចិត្តចំពោះការអត្ថាធិប្បាយរបស់លោក កឹម សុខា ក្នុងអត្ថបទមួយរបស់កាសែតរ៉យទ័រ ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា លោក ហ៊ុន សែន តាមប្រមាញ់លោកដោយសារខ្លាច “ចាញ់ឆ្នោត”។

លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីជាង១ខែមុន ចំពោះការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរពាក់ព័ន្ធស្រីកំណាន់របស់លោកដែលត្រូវបានចោទប្រកាន់ពីបទសញ្ចរកម្ម ហើយលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោក កឹម សុខា គួរតែប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនឲ្យបានច្រើន។

លោក ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យលោក កឹម សុខា ចេញមកប្រឈមមុខការចាប់ខ្លួនថា “នែ អាអ្នកនៅក្នុងកន្លែងអាបួនជ្រុងហ្អាស ចេញមុខមក។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឱ្យហើយ អាគុក! កុំព្រហើនហ្អាស។ អាម្សៀនេះកំពុងតែភ័យ មិនទាំងហ៊ានចុះមកក្រោមខ្លាចគេទៅចាប់ទៀត ហើយមកថាលោក ហ៊ុន សែន ភ័យ”។

សមត្ថកិច្ចមិនបានព្យាយាមចាប់ខ្លួនលោក កឹម សុខា ទេ ចាប់តាំងពីការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភាមក ដោយក្រុមតំណាងរាស្ត្រ មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តរង់ចាំឃ្លាំមើលស្ថានការណ៍នៅខាងមុខអគារទីស្នាក់ការគណបក្ស ដើម្បីទប់ស្កាត់ការប៉ុនប៉ងចាប់ខ្លួនទៀត។ គណបក្សនេះបានព្រមានធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវបានឃាត់ខ្លួន។

ការគំរាមកំហែងទាំងនេះហាក់ដូចជាធ្វើឲ្យរដ្ឋាភិបាលសម្រេចឈប់ប៉ះពាល់លោក កឹម សុខា ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីដើមខែនេះថា នគរបាលប្រហែលជាមិនអនុវត្តតាមដីកាចាប់ខ្លួនលោក កឹម សុខា ឡើយ ប្រសិនបើការអនុវត្តវាធ្វើឲ្យមានចលាចល។

ទោះជាយ៉ាងណា អំឡុងសុន្ទរកថា លោក ហ៊ុន សែន បានព្រមានលោក កឹម សុខា កុំឲ្យជឿទុកចិត្តខ្លាំងពេកលើសមត្ថកិច្ចដែលមិនទាន់បានចាត់វិធានការរហូតទល់ពេលនេះ ហើយមានប្រសាសន៍ថា មិនចាំបាច់ឆ្ងល់ទេ លោកនឹងជាប់ពន្ធនាគារ។

លោកមានប្រសាសន៍ថា “គេមិនទាន់ដល់ម៉ោងធ្វើទេ គេដល់ម៉ោងធ្វើ គេធ្វើហើយ។ បើលោកមិនទៅរកគុក ក៏គុកទៅរកលោកដែរ។ ហើយកុំគំរាមធ្វើបាតុកម្ម បន្លាជួសបន្លាអាចនឹងកើតមាន”។

បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានបង្វែរការចាប់អារម្មណ៍របស់លោកទៅលើអង្គទូត ដោយព្រមានពួកគេកុំឲ្យស្ដាប់តែខាងលោក កឹម សុខា នៅក្នុងការវាយតម្លៃលើសំណុំរឿងប្រឆាំងរូបលោក។

ក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង និងកាណាដា បានទៅសួរសុខទុក្ខលោក កឹម សុខា ដល់ទីស្នាក់ការគណបក្ស ហើយទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកជាការបង្ហាញការគាំទ្រ។

កាលពីព្រឹកម្សិលមិញ លោកស្រី អេណា ម៉ាច ហាល់ហ្គាដ (Anna Maj Hultgard) ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតដែលជិតចប់អាណត្តិ ក៏បានទៅសួរសុខទុក្ខលោក កឹម សុខា ដែរ ដោយថតរូបចាប់ដៃគ្នាប្រកបដោយស្នាមញញឹម ដែលគណបក្សសង្គ្រោះជាតិបានចែកចាយបន្ទាប់ពីជំនួបនីមួយៗ។

អមជាមួយនឹងការចុះទៅសួរសុខទុក្ខលោក កឹម សុខា សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ដែលប្រើពាក្យធ្ងន់ៗបំផុតនៅក្នុងការគាំទ្រគណបក្សប្រឆាំងដ៏រឹងមាំមួយនៅកម្ពុជា ហើយលោក ហ៊ុន សែន បានបញ្ចេញឈ្មោះគណៈប្រតិភូនេះចំពោះការយកចិត្តទុកដាក់លើគណបក្សសង្គ្រោះជាតិខ្លាំងពេក។

លោក ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំសុំឱ្យអឺរ៉ុប កែទម្រង់ តើកែទម្រង់អី? កែទម្រង់អំពីការទទួលបានព័ត៌មាន ព្រោះអឺរ៉ុបតែងតែទទួលបានព័ត៌មានអត់ច្បាស់” ហើយមន្ត្រីការទូតជាច្រើនហាក់មានការភាន់ច្រឡំចំពោះករណីលោក កឹម សុខា។

លោកបន្តថា ”សូមអ្នកការទូតទាំងឡាយ ហើយប្រជាពលរដ្ឋ ខ្ញុំបញ្ជាក់ម្តងទៀត កុំប្រើរឿងបុគ្គលទៅជារឿងនយោបាយរវាងគណបក្ស និងគណបក្ស។ ខ្ញុំមិនចង់ឱ្យអ្នកការទូតទាំងឡាយក្លាយជាសត្វសេកថាតាមគណបក្សប្រឆាំងនោះទេ” ដោយព្រមានថា ការប្រមូលព័ត៌មានពីភាគីទាំងខាងជា “វិធីសម្រាប់រក្សាទំនាក់ទំនងល្អ” ជាមួយប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា “ហើយកុំប្រើប្រាស់រឿងនេះថាជា ‘ជំនួយ’ ដើម្បីប្រមាថ និងគំរាមកម្ពុជា”។

កាលពីម្សិលមិញ គណៈប្រតិភូរបស់សហភាពអឺរ៉ុបនៅក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបសំណើសុំការបំភ្លឺទេទាក់ទិនបញ្ហានេះ។ លោក ចេ រ៉េមែន អ្នកនាំពាក្យស្ថានទូតអាមេរិកមានប្រសាសន៍ថា ស្ថានទូតតែងតែទំនាក់ទំនងជាប្រចាំជាមួយគណបក្សនយោបាយធំៗទាំងពីរនៅកម្ពុជា ហើយមិនគាំទ្រគណបក្សណាទាំងអស់។

លោកបានលើកឡើងតាមសារអេឡិចត្រូនិកថា “ដូចស្ថានទូតទាំងអស់របស់សហរដ្ឋដែរ គឺយើងធ្វើការទំនាក់ទំនងជាប្រចាំជាមួយបុគ្គលជាច្រើន រួមទាំងមន្ត្រីរដ្ឋាភិបាល និងគណបក្សប្រឆាំងផងដែរ។ សហរដ្ឋអាមេរិក មិនកាន់ជើងគណបក្សណាមួយឡើយ”។

លោកស្រី អេណា ម៉ាច ហាល់ហ្គាដ បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយបន្ទាប់ពីលោកស្រីទៅសួរសុខទុក្ខលោក កឹម សុខា ថា វាជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជាធម្មតារបស់ស្ថានទូតដើម្បីទទួលបានព័ត៌មានពីគ្រប់ភាគីនៅក្នុងនយោបាយរបស់កម្ពុជា។

លោកស្រីបានគូសបញ្ជាក់ថា “ការទៅសួរសុខទុក្ខនៅថ្ងៃនេះគឺជាផ្នែកមួយនៃការលាគ្នារបស់ខ្ញុំដូចដែលខ្ញុំបានធ្វើជាមួយភាគីជាច្រើនមកពីគ្រប់មជ្ឈដ្ឋាននៃសង្គម។ វាក៏ជាគោលបំណងមួយដើម្បីធ្វើបច្ចុប្បន្នភាព និងពិភាក្សាអំពីស្ថានភាពនយោបាយបច្ចុប្បន្នដែរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស