38 C
Phnom Penh

សំណុំ​​​រឿង​​​​​​ពី​​​បទ​​​ឆបោក​​​​​​ពន្យារ​​​ពេល​​​បន្ទាប់ពី​​​មាន​​​បណ្តឹង​​​ប្តឹង​​​ចៅ​​​ក្រម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណុំរឿងរ៉ាំរ៉ៃយ៉ាងយូរដែលមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់១លានដុល្លារពីទន្តពេទ្យមានខ្នងក្រាស់ម្នាក់ បានពន្យារពេលកាលពីម្សិលមិញ ដោយគម្រោងបើកសវនាការត្រូវបានលុបចោល បន្ទាប់ពីដើមបណ្តឹងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា សាក្សីម្នាក់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចៅក្រម និងជនជាប់ចោទម្នាក់។

ដោយសំដៅដល់ខ្លួនឯង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ស្វាយ តុញ បាននិយាយតាមទូរស័ព្ទថា “យើងបានផ្អាកការបើកសវនាការ ព្រោះយើងទទួលបានបណ្តឹងមួយដែលប្តឹងចៅក្រម”។ ចៅក្រម ស្វាយ តុញ បានលើកឡើងថា លោកមិនដឹងថា តើពេលណាសំណុំរឿងនេះនឹងបន្តទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោកស្រី អេង លីគង់ ទន្តពេទ្យរស់នៅក្នុងរាជធានីភ្នំពេញដែលមានខ្នងក្រាស់បានដាក់ពាក្យបណ្តឹងពីបទឆបោកក្នុងឆ្នាំ២០១៤ប្តឹងបុរសបួននាក់ដោយលើកឡើងថា លោកស្រីត្រូវគេបោកបញ្ឆោតឲ្យវិនិយោគទឹកប្រាក់១លានដុល្លារទៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ឈ្មោះ Akra Agricultural Partnersរបស់ពួកគេ ដែលមិនដែលបានចាប់ផ្តើមប្រតិបត្តិការនោះ។

លោក សាន រិច្ឆឺ អ្នកជំនួញសញ្ជាតិខ្មែរ-អាមេរិក គឺជាចុងចោទតែម្នាក់គត់ដែលបានបង្ហាញខ្លួនពេលបើកសវនាការ។ អ្នកដែលត្រូវបានកាត់ទោសកំបាំងមុខមានឈ្មោះដូចជា ស៊ីចាន់ សីុវ អតីតប្រេសិតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ William Nojay សមាជិកសភាប្រចាំរដ្ឋញូវយ៉ក និង Thomas Willems អ្នកជំនួញជនជាតិអាមេរិក។

ចុងចោទបានជំទាស់ថា ការបើកជំនួញរួមគ្នាមានការបរាជ័យផ្នែកច្បាប់។ សំណុំរឿងនេះបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីភាគីទាំងពីរបានដាក់ជូននូវអ្វីដែលសន្មតថា ជាទឡ្ហីករណ៍បញ្ចប់ក្នុងសំណុំរឿងនេះកាលពីខែមិថុនាឆ្នាំមុន។

លោក លី សុផាណា អ្នកនាំពាក្យតុលាការបានបដិសេធមិនប្រាប់ពីមូលហេតុដែលនាំឲ្យមានការផ្អាកការបើកសវនាការដែលគ្រោងធ្វើឡើងកាលពីថ្ងៃម្សិលមិញនោះឡើយ។

ទោះជាយ៉ាងណា នៅក្នុងបណ្តឹងមួយចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ហើយប្រថាប់ត្រាដោយតុលាការនៅថ្ងៃទី១ខែកក្កដា លោកស្រី វេជ្ជបណ្ឌិត អេង លីគង់ បានលើកឡើងថា ថ្មីៗនេះលោកស្រីបានរកឃើញថា អ្នកស្រី ម៉ែន កុលវតី មិត្តភក្តិរបស់លោកស្រី និងជាសាក្សីម្នាក់ដែលលោកស្រីអញ្ជើញមកផ្តល់សក្ខីកម្មជួសមុខឲ្យលោកស្រីអំឡុងពេលបើកសវនាការនោះ គឺជាមិត្តភក្តិរបស់ចៅក្រម ស្វាយ តុញ ។

បណ្តឹងនេះមានខ្លឹមសារដូច្នេះថា “ខ្ញុំដាក់ពាក្យបណ្តឹងនេះប្តឹងចៅក្រម ស្វាយ តុញ ហើយស្នើសុំកុំឲ្យអនុញ្ញាតឲ្យគាត់បើកសវនាការជំនុំជម្រះសំណុំរឿងខាងលើដែលត្រូវធ្វើឡើងនៅថ្ងៃ ទី៤ខែកក្តដា ឆ្នាំ២០១៦…ព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា ចៅក្រម ស្វាយ តុញ គឺជាមិត្តជិតដិតជាមួយអ្នកស្រី ម៉ែន កុលវតី “។

បណ្តឹងនេះលើកឡើងថា ចៅក្រម និងសាក្សីគឺជាអ្នកជិតខាងគ្នាក្នុងរាជធានីភ្នំពេញ ហើយក៏បានចោទប្រកាន់ផងដែរថា អ្នកស្រី ម៉ែន កុលវតី ថា ជាមិត្តភក្តិជាមួយលោក សាន រិច្ឆឺ ដោយអះអាងថា អ្នកទាំងពីរនេះបានបញ្ចុះបញ្ចូលលោកស្រី ឲ្យវិនិយោគនៅក្នុងក្រុមហ៊ុន Akra ។

លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ បាននិយាយតាមទូរស័ព្ទថា “ខ្ញុំស្រឡាញ់គាត់ដូចមិត្តភក្តិ ឬបងប្អូន….[ប៉ុន្តែ] គាត់ស្ថិតក្នុងចំណោម មនុស្សបួននាក់ដែលព្យាយាមបោកយកលុយពីខ្ញុំ”។លោកស្រីបានបន្ថែមថា លោក ស្រី “មាន ហេតុផលជាច្រើន”ដែលជឿថា អតីតមិត្តភក្តិរបស់លោកស្រីបានឃុបឃិតជាមួយបុរស ទាំងនោះ និងចៅក្រមរូបនេះប៉ុន្តែ លោកស្រីបានបដិសេធមិនរៀបរាប់លម្អិតឡើយ។

លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ ក៏បានលើកឡើងដែរថា លោកស្រីត្រូវគេបោកបញ្ឆោតឲ្យជឿថាក្រុមហ៊ុន Akra បានចុះបញ្ជីនៅសហរដ្ឋអាមេរិក ហើយថា ការវិនិយោគរបស់លោកស្រីនឹងជួយឲ្យលោកស្រីទទួលបានកាតបៃតង (Green Card) ទៅរស់នៅសហរដ្ឋអាមេរិក។ លោកស្រីបានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកស្រីមានភ័ស្តុតាងបញ្ជាក់ថា ក្រុមហ៊ុន Akra មិនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកទេ។

ទោះជាយ៉ាងណា លិខិតរវាងលោកស្រី  និងលោក Robert Simon មេធាវីនៅក្រុមហ៊ុនមេធាវី Whitaker Chalk មានអត្ថន័យផ្ទុយពីនេះ។ លោក Robert Simon បានលើកឡើងនៅក្នុងលិខិតមួយថា “Akra ត្រូវបានបង្កើតនៅក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិកកាលពីថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១២… Akra បានចុះបញ្ជីនៅក្នុងរដ្ឋ Texas ជាមួយសមាជិកនៃអង្គ ភាពប្រតិបត្តិរដ្ឋ Texas ជាក្រុមហ៊ុនបរទេស នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤”។

លោក Robert Simon ក៏បានសរសេរផងដែរថា ក្រុមហ៊ុន Akra បាត់បង់សិទ្ធិធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងខែតុលាឆ្នាំ២០១៤  ប៉ុន្តែវាមានរយៈពេលប្រហែល១ខែបន្ទាប់ពីលោក សាន រិច្ឆឺ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការឆបោក ហើយមិនដល់ពីរខែផង លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ បានពន្យល់ពីភាពផ្ទុយគ្នាកាលពីម្សិលមិញ ដោយអះអាងថា លោកស្រីត្រូវគេបោកបញ្ឆោតឲ្យជឿថា ក្រុមហ៊ុន Akra បានមានប្រតិ បត្តិការនៅសហរដ្ឋអាមេរិកក្នុងរយៈពេលមួយមុនពេលលោកស្រីយល់ព្រមវិនិយោគ ហើយថា ការចុះបញ្ជីពិតប្រាកដ “ខុសគ្នាទាំងស្រុង” ពីអ្វីដែលគេបានរៀបរាប់ប្រាប់លោកស្រី”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស