39.4 C
Phnom Penh

លោក ហ៊ុន សែន ​ព្រមាន​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​កោះ​​ឱ្យ​ដក​ខ្លួន​ចេញ​​​ បើ​មិន​​ធ្វើ​សកម្មភាព​​អភិវឌ្ឍ​ន៍​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។

Koh-Rong-9-800x534បទបញ្ជានេះបានចេញកាលពីថ្ងៃពុធ ក្នុងថ្ងៃតែមួយដែលប្រជាពលរដ្ឋប្រមាណ២០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាខេត្តព្រះសីហនុ ដោយសង្ឃឹមបានជួបលោកនាយករដ្ឋមន្ត្រីដែលចុះទៅខេត្តនេះ ដើម្បីសុំឱ្យលោកជួយដោះស្រាយវិវាទដីធ្លីផ្សេងៗរបស់ខ្លួន។

នៅក្នុងសារមួយបង្ហោះតាមហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ អំឡុងដំណើរទស្សនកិច្ចពេលរាត្រីទៅកាន់ខេត្តព្រះសីហនុ លោក ហ៊ុន សែន បានលើកឡើងថា “ចំពោះគម្រោងវិនិយោគកោះដែលគ្មានសកម្មភាព គឺត្រូវពិនិត្យដកយកមកវិញ ជាពិសេសដោយជនមួយចំនួនដែលយកអាជ្ញាប័ណ្ណដើរលក់ គឺត្រូវដកយកមកជាបន្ទាន់”។

នៅក្នុងបទបញ្ជានេះ លោកមិនបានបញ្ជាក់ថា តើកោះ ឬគម្រោងអភិវឌ្ឍន៍ណាខ្លះអាចនឹងរងផលប៉ះពាល់ទេ។

កាលពីម្សិលមិញ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា លោកមិនដឹងថា គម្រោងអភិវឌ្ឍន៍ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍនៅឯនាយឆ្នេរសមុទ្រនេះមានចំនួនប៉ុន្មាន ឬគម្រោងទាំងនោះស្ថិតក្នុងស្ថានភាពបែបណាឡើយ ពីព្រោះវាស្ថិតក្រោមរង្វង់សមត្ថកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

លោកថ្លែងថា “ដូច្នេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយ CDC ដើម្បីស្វែងយល់ថា តើគម្រោងអភិវឌ្ឍន៍ចំនួនប៉ុន្មានត្រូវបានផ្ដល់ឱ្យនៅលើកោះ ពីព្រោះកិច្ចសន្យាអភិវឌ្ឍន៍នៅឯ CDC”។

ទោះជាយ៉ាងណា លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ជា វុទ្ធី អ្នកនាំពាក្យស្ថាប័ននេះមិនអាចទាក់ទងសុំការបំភ្លឺបានទាក់ទិនបញ្ហានេះ។

ប្រជាពលរដ្ឋមូលដ្ឋានប្រមាណ២០០នាក់បានប្រមូលផ្ដុំគ្នានៅឯការិយាល័យរបស់លោក យន្ត មីន កាលពីថ្ងៃពុធ ដោយសង្ឃឹមបានជួបជាមួយលោកនាយករដ្ឋមន្ត្រីអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីសុំឱ្យលោកជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីផ្សេងៗរបស់ខ្លួនជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។

យោងតាមអ្នកតវ៉ាទាំងនោះបានឱ្យដឹងថា អភិបាលខេត្តរូបនេះបានហៅមនុស្សមួយក្រុមតូចក្នុងចំណោមអ្នកតវ៉ាឱ្យចូលទៅខាងក្នុងសាលាខេត្ត បង្ខំឱ្យពួកគាត់អង្គុយក្នុងបន្ទប់មួយរហូតដល់លោក ហ៊ុន សែន ចាកចេញទៅវិញ រួចប្រាប់ពួកគាត់ថា លោកនាយករដ្ឋមន្ត្រីអស់កម្លាំងពេកមិនអាចជួបពួកគាត់បានឡើយ។

លោក ស៊ុន សុផាត តំណាងអ្នកតវ៉ាទាំងនេះបានលើកឡើងកាលពីម្សិលមិញថា ប្រជាពលរដ្ឋដែលបានចូលរួមការតវ៉ាកាលពីថ្ងៃពុធ មកពីតំបន់ខ្ពង់រាប ប៉ុន្តែថា សហគមន៍នានានៅលើកោះក៏កំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដែរ។

គាត់និយាយទៀតថា “ក្រុមហ៊ុន និងឧកញ៉ាទាំងនោះ [ដែលអភិវឌ្ឍកោះ] ជាញឹកញាប់ទទួលបានផលប្រយោជន៍ ប៉ុន្តែរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយចាប់យកដីរបស់ពួកគាត់។ បើដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនោះ ប្រជាពលរដ្ឋជាច្រើននឹងសប្បាយចិត្ត”។

ជាឧទាហរណ៍ នៅលើកោះរ៉ុង ដែលទទួលបានការពេញនិយមក្នុងចំណោមទេសចរសម្ពាយ អ្នកនេសាទត្រីប្រហែល៦០០គ្រួសារកំពុងរស់នៅលើដីគ្រោងទុកសម្រាប់ការអភិវឌ្ឍន៍ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងភាគច្រើននៃកោះនេះ ប៉ុន្តែបានធ្វើការអភិវឌ្ឍតិចតួចណាស់រហូតមកទល់ពេលនេះ។

កាលពីឆ្នាំ២០១២ លោក ហ៊ុន សែន បានចេញការព្រមានស្រដៀងគ្នាមួយទៅដល់បណ្ដាក្រុមហ៊ុនដែលដំណើរការចម្ការកសិឧស្សាហកម្មធំល្វើងល្វើយនៅទូទាំងប្រទេស។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណមួយចំនួន ឬកាត់បន្ថយកម្មសិទ្ធិដីធ្លីរបស់ក្រុមហ៊ុនទាំងនោះ។

ការព្យាយាមរបស់លោក ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍនៅលើកោះនានារបស់កម្ពុជា គឺជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍតំបន់ឆ្នេរទៅជាគោលដៅទេសចរណ៍ ហើយការព្យាយាមនេះធ្វើឡើងខណៈវិស័យទេសចរណ៍ដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា កំពុងមានកំណើនយឺតជាងធម្មតា៕ សុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន និង សេក ឧត្ដម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស