32.5 C
Phnom Penh

រដ្ឋមន្ត្រី​ប្រាប់ EU ថា ផែនការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​មណ្ឌល​គិរី​ត្រូវ​ផ្អាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានប្រាប់លោក ជច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតអឺរ៉ុបកាលពីថ្ងៃអង្គារថា ផែនការធ្វើផ្លូវដ៏ចម្រូងចម្រាសមួយ និងប៉ុស្តិ៍ព្រំដែន ដែលនឹងកាត់ចំព្រៃការពារខេត្តមណ្ឌលគិរី ត្រូវបានផ្អាកហើយ។

cam-photo-leopard-1លោក ប៉ោ ភក្តិ ប្រធានអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី លោក អេដហ្គា បានស្នើថា ផ្លូវក្បាលដំរីនិងប៉ុស្តិ៍ច្រកព្រំដែន ដែលនឹងសន្ធឹងកាត់ខេត្តមណ្ឌលគិរី ហើយឆ្លងចូលខេត្តដាឡាតរបស់ប្រទេសវៀតណាម ត្រូវផ្អាកដោយសារតែការព្រួយបារម្ភអំពីបរិស្ថាន។

ឧត្តមសេនីយ៍ឯក ភក្តិ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនោះ លោក ស ខេង បានប្រាប់លោកឯកអគ្គរដ្ឋទូតថា ផែនការត្រូវបានផ្អាករួចហើយ នៅពេលដែលក្រុមការងារនៃក្រសួងមហាផ្ទៃ និងមន្ត្រីខេត្ត វាយតម្លៃផលប៉ះពាល់បរិស្ថានដែលអាចមានពីគម្រោងនោះ។

លោក ស ខេង បានប្រាប់លោក អេដហ្គា “ថា ការធ្វើផ្លូវត្រូវបានផ្អាកហើយ ហើយគណៈកម្មាធិការជាតិចម្រុះកំពុងសិក្សាអំពីផលប៉ះពាល់នេះ”។

លោកបានមានប្រសាសន៍ “ការធ្វើផ្លូវនេះអាចអាស្រ័យលើលទ្ធផលនៃការសិក្សានេះ”។ លោកបាននិយាយបន្ថែមថា ផ្លូវថ្មីមួយខ្សែអាចមានគម្រោងដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើព្រៃការពារនេះ។

ក្រុមបរិស្ថានមូលនិធិសត្វព្រៃពិភពលោកបានលើកឡើងនូវកង្វល់ទាក់ទិននឹងផ្លូវនិងច្រកព្រំដែននេះ ដោយបានអះអាងថា វាអាចបង្កការខូចខាតដែលមិនអាចកែប្រែបានទៅលើព្រៃការពារខេត្តមណ្ឌលគិរី ហើយក៏អាចបញ្ចប់សេចក្តីសង្ឃឹមថាបង្កើនចំនួនសត្វខ្លាឡើងវិញក្នុងតំបន់នោះដែរ។

លោក អេដហ្គា បានបញ្ជាក់កាលពីថ្ងៃពុធថា លោកកំពុងជំរុញរដ្ឋាភិបាលឲ្យបោះបង់ចោលទាំងស្រុងនូវផែនការធ្វើផ្លូវកាត់តំបន់ការពារនោះ។

លោក អេដហ្គា បាននិយាយតាមរយៈសារអីុម៉េលថា “អនុសាសន៍ពីសហភាពអឺរ៉ុបត្រូវលុបចោលផែនការ ដែលយើងយល់ថា កំពុងផ្អាកសព្វថ្ងៃនេះ គឺផ្លូវដែលនឹងកាត់តំបន់ស្នូលនៃព្រៃការពារខេត្តមណ្ឌលគិរី។

លោកបានមានប្រសាសន៍ថា “បញ្ហានេះមិនពាក់ព័ន្ធនឹងគោលការណ៍នៃច្រកព្រំដែនរវាងខេត្តមណ្ឌលគិរីនិងប្រទេសវៀតណាមទេ ប៉ុន្តែពាក់ព័ន្ធនឹងការដាក់ទីកន្លែងជាក់លាក់នៃប៉ុស្តិ៍ព្រំដែននិងគម្រោងផ្លូវដែលទាក់ទង ដែលនឹងមានផលប៉ះពាល់អវិជ្ជមានច្រើនលើតំបន់ការពារដ៏សំខាន់”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស