28.5 C
Phnom Penh

ស្ត្រី​អ្នក​បម្រើ​តាម​​​ផ្ទះ​​​អះអាង​អំពី​ការ​ធ្វើបាប​ដល់​ស្លាប់​នៅ​​​​កន្លែង​​​ឃុំ​​​ឃាំង​​​​ម៉ាឡេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទទួលបញ្ជាឲ្យស្វែងរកពលរដ្ឋនៅកន្លែងឃុំខ្លួនដែលមានឈ្មោះអាក្រក់សម្រាប់កម្មករចំណាកស្រុកនៅតំបន់ខាងជើងប្រទេសនេះ ជាកន្លែងដែលអ្នកបម្រើតាមផ្ទះពីរនាក់ដែលទើបវិលត្រឡប់មកស្រុកវិញអះអាងថា ពួកគេបានឃើញអ្នកទោសជាច្រើននាក់ ក្នុងនោះក៏មានពលរដ្ឋកម្ពុជាផង ត្រូវបានអ្នកយាមវាយដំយ៉ាងដំណំ ហើយស្លាប់ក៏មាន ប្រហែលដោយសារតែរបួសរបស់ពួកគេ។

cam-photo-rainsy-800x533ការចោទប្រកាន់នេះកើតមានឡើងចំពេលដែលការខិតខំរបស់កម្ពុជាដើម្បីបើកច្រកជាថ្មីសម្រាប់ស្ត្រីដែលចង់ទៅធ្វើការជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី គឺប្រហែលជាប្រាំឆ្នាំបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបិទច្រកស្របច្បាប់ ដោយសារតែមានព័ត៌មានច្រើនទាក់ទិននឹងការរំលោភធ្វើបាប ទាំងនៅក្នុងដៃទីភ្នាក់ងារជ្រើសរើសពលករក្នុងស្រុក ទាំងនៅផ្ទះម៉ាឡេស៊ី។

ក្រសួងការងារនិយាយថា ក្រសួងកំពុងខិតខំរៀបចំសេចក្តីពិស្តារក្នុងកិច្ចព្រមព្រៀងថ្មី ប៉ុន្តែមិនបញ្ចេញច្បាប់ចម្លងនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលក្រសួងបានចុះហត្ថលេខាជាមួយប្រទេសម៉ាឡេស៊ីកាលពីខែធ្នូ ឬពិភាក្សាអំពីវិធានការសុវត្ថិភាពអ្វីខ្លះដែលនឹងដាក់បញ្ចូលនោះទេ។

សេចក្តីរាយការណ៍ចុងក្រោយនៃការធ្វើបាបលើរាងកាយបានលេចឮចេញពីស្ត្រីខ្មែរពីរនាក់ដែលបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីមកស្រុកវិញកាលពីពាក់កណ្តាលខែមិថុនា តាមរយៈមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលបានចំណាយថ្លៃសំបុត្រយន្តហោះរបស់ពួកគេឲ្យមកស្រុកវិញ។ សង់ត្រាល់បានស្នើសុំមិនឲ្យប្រើឈ្មោះរបស់ពួកគេដើម្បីសុវត្ថិភាព។

ស្ត្រីម្នាក់ក្នុងចំណោមនោះ ដែលសម្ភាសដោយអ្នកយកព័ត៌មានកាលពីខែមុន បាននិយាយថា អ្នកស្រីបានធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីរយៈពេលជិតពីរឆ្នាំ នៅពេលអ្នកស្រីត្រូវបានគេចាប់ខ្លួនកាលពីខែមករា បន្ទាប់ពីបានរត់គេចចេញពីការធ្វើបាបលើរាងកាយដោយថៅកែរបស់អ្នកស្រី។ អ្នកស្រីបាននិយាយថា នគរបាលបានបញ្ជូនអ្នកស្រីទៅ ជូរូ (Juru) ជាកន្លែងឃុំខ្លួនកម្មករចំណាកស្រុកក្នុងរដ្ឋប៉េណាំង មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រខាងជើងក្រុងគូឡាឡាំពួរ តាមបណ្តោយឆ្នេរខាងលិចប្រទេសម៉ាឡេស៊ី។ ប៉ុន្តែការធ្វើបាបដែលគេចោទនេះមិនបានបញ្ចប់នៅទីនោះទេ។

អ្នកស្រីបាននិយាយថា “នៅពន្ធនាគារនោះ ខ្ញុំត្រូវគេវាយធ្វើបាប ទាត់ធាក់ព្រោះតែមិនយល់ច្បាស់នូវអ្វីដែលមន្ត្រីពន្ធនាគារនិយាយ”។

ស្ត្រីរូបនេះបាននិយាយថា អ្នកស្រីតាមពិតទៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានសំណាង ចេះភាសាម៉ាឡេនិងភាសាអង់គ្លេសបន្តិចបន្តួច គឺមានប្រយោជន៍ល្មមដល់បុគ្គលិកពន្ធនាគារឲ្យត្រាប្រណីដល់អ្នកស្រីរួចពីការវាយធ្វើបាបខ្លាំង។

អ្នកស្រីបាននិយាយថា “អ្នកផ្សេងទៀត ដូចជាអ្នកទោសជនជាតិវៀតណាម ថៃ ឥណ្ឌូណេស៊ី និងឡាវ ទទួលរងទណ្ឌកម្មយ៉ាងខ្លាំង។ អ្នកទាំងនោះត្រូវគេរុញផ្ទប់នឹងជញ្ជាំង ឬបោកក្បាលផ្ទប់នឹងជញ្ជាំង។ មានមន្ត្រីម្នាក់គេហៅឈ្មោះថា ម៉ា ប៉ន (Ma Pon) ដែលតែងតែដាល់និងទាត់ធាក់យើង”។

អ្នកស្រីបាននិយាយថា “ខ្ញុំបានឃើញផ្ទាល់នឹងភ្នែកនូវជនជាតិខ្មែរពីរនាក់និងក្មេងស្រីវៀតណាមម្នាក់ស្លាប់នៅពន្ធនាគារនោះ ក្រោយពីពួកគេត្រូវវាយដំ ទាត់ធាក់និងដាល់ជាច្រើនលើកចំមុខនិងទ្រូង។ អ្នកទាំងបីបានទទួលរងទារុណកម្មយ៉ាងខ្លាំង ហើយខ្ញុំបានប្រទះឃើញពួកគេស្លាប់នៅព្រឹកបន្ទាប់ ពីព្រោះយើងដេកក្នុងប្លុកតែមួយ។ នៅពេលខ្ញុំភ្ញាក់ពីដេក ខ្ញុំបានព្យាយាមដាស់ពួកគេ ប៉ុន្តែពួកគេបានស្លាប់ទៅហើយ”។

អ្នកស្រីបាននិយាយថា បុគ្គលិកពន្ធនាគារក៏បានស្នើឲ្យអ្នកស្រីទៅជាមួយអ្នកទោសផ្សេងទៀតដែលគេបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ដើម្បីឲ្យអ្នកស្រីបកប្រែឲ្យ ហើយថាអ្នកស្រីបានឃើញស្ត្រីបួននាក់ទៀតស្លាប់នៅទីនោះ ជាខ្មែរបីនាក់និងវៀតណាមម្នាក់។

អ្នកស្រីបាននិយាយថា “អ៊ីចឹងហើយ ខ្ញុំបានឃើញផ្ទាល់ភ្នែក គឺខ្មែរប្រាំនាក់និងវៀតណាមពីរនាក់ស្លាប់”។

អ្នកស្រីបាននិយាយបន្ថែមថា “ការធ្វើទារុណកម្មបានកើតឡើង ពីព្រោះអ្នកទោសមិនចេះនិយាយភាសាម៉ាឡេទេ ដូច្នេះយើងមិនយល់ថាគេនិយាយអ្វីទេ។ ចំពោះខ្ញុំ ខ្ញុំអាចនិយាយភាសាអង់គ្លេសបានខ្លះ ដូច្នេះខ្ញុំមានសំណាងជាងអ្នកផ្សេងទៀត”។

លោក ឌី ធេហូយ៉ា (Dy Thehoya) មន្ត្រីកម្មវិធីសង់ត្រាល់ បាននិយាយថា សង់ត្រាល់ បានទៅទទួលយកអ្នកស្រីនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីខែមិថុនា និងស្ត្រីម្នាក់ទៀតដែលគេលែងចេញពីជូរូក្នុងពេលជាមួយគ្នា។ ប៉ុន្តែស្ត្រីទី២ ដែលប្រយ័ត្ននឹងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ទទូចចង់ចុះពីរថយន្ត បន្ទាប់ពីរថយន្តចេញពីអាកាសយានដ្ឋាន ដោយគ្មានទុកអាសយដ្ឋានឬលេខទូរស័ព្ទ ហើយក៏បាត់ដំណឹងតាំងពីពេលនោះមក។

លោកបាននិយាយថា ប៉ុន្តែមុនចាកចេញ ស្ត្រីទី២នេះបាននិយាយថា អ្នកស្រីបានជាប់នៅជូរូ បន្ទាប់ពីរត់ចេញពីថៅកែដែលរំលោភបំពាន ហើយបានបញ្ជាក់ថាពិតនូវការរៀបរាប់របស់ស្ត្រីផ្សេងទៀតអំពីការធ្វើបាបលើរាងកាយនៅក្នុងកន្លែងឃុំខ្លួននោះ។

លោក ធេហូយ៉ា បាននិយាយថា ស្ត្រីទី២នេះមិនបានរួមដំណើរជាមួយអ្នកជាប់ឃុំណាម្នាក់ទៅមន្ទីរពេទ្យ ដូចស្ត្រីផ្សេងទៀតឡើយ។ ប៉ុន្តែចំពោះការធ្វើបាបនិងការស្លាប់នៅជូរូ លោកបាននិយាយថា “អ្នកស្រីបានប្រាប់យើងរឿងដូចតែគ្នា”។

លោកបាននិយាយថា សង់ត្រាល់បានដឹងអំពីស្ត្រីទាំងពីរអ្នកនេះពីលោក ប៊ុនធែល ធួក (Bunthel Thuok) លេខាទី១នៅស្ថានទូតកម្ពុជាប្រចាំក្រុងគូឡាឡាំពួរ ដែលទូរស័ព្ទហៅអង្គការក្រៅរដ្ឋាភិបាលនេះឲ្យជួយទទួលយកពួកគេត្រឡប់ទៅផ្ទះវិញ។ លោកបាននិយាយថា លោក ធួក បានប្រាប់គាត់ថា បុគ្គលិកនៅជូរូ បានទូរស័ព្ទប្រាប់ឲ្យគាត់ដឹងថា ស្ត្រីៗដល់ពេលចេញពីពន្ធនាគារនៅទីនោះហើយ និងបានត្រៀមខ្លួនចាកចេញ។

លោក ធេហូយ៉ា បាននិយាយថា លោកបានប្រាប់លោក ធួក អំពីការស្លាប់និងការធ្វើបាបផ្នែករាងកាយដែលស្ត្រីបាននិយាយថា ពួកគេបានឃើញនៅឯជូរូ ហើយក៏បានជំរុញឲ្យស្ថានទូតស៊ើបអង្កេត។ លោកបាននិយាយថា “ប៉ុន្តែ គាត់តែងតែឆ្លើយមកខ្ញុំថា យើងមិនមានបុគ្គលិកនិងថវិកាគ្រប់គ្រាន់ទេ ពីព្រោះឆ្ងាយពីកូឡាឡាំពួរណាស់”។

បុរសម្នាក់ដែលឆ្លើយទូរស័ព្ទដៃរបស់លោក ធួក កាលពីខែមុនបានចុចបិទទូរស័ព្ទ ហើយលេខនោះមិនមានការឆ្លើយតបទេ។ គ្មាននរណាឆ្លើយលេខទូរស័ព្ទដែលចុះនៅក្នុងស្ថានទូតពីរសប្តាហ៍កន្លងមកនេះ ចំណែកឯលោក ធួក ឬមន្ត្រីស្ថានទូតផ្សេងទៀត ក៏មិនឆ្លើយតបនឹងសារអីុម៉ែលដែលស្នើសុំការអត្ថាធិប្បាយដែរ។

កាលពីដើមខែនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា លោកមិនដឹងថា តើក្រសួងបានដឹងអំពីការធ្វើបាបនៅឯជូរូទេ ហើយថា លោកនឹងស្វែងរក។ បន្ទាប់មក កាលពីថ្ងៃព្រហស្បតិ៍ ពីរថ្ងៃក្រោយពីអ្នកយកព័ត៌មានម្នាក់បានសរសេរអីុម៉ែលទៅរកលោក សុន្ទរី ដោយរៀបរាប់ពិស្តារអំពីករណីនោះ  ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានអំពីអ្នកជាប់ឃុំនៅឯជូរូ ហើយប្រកាសថា ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានទទួលបញ្ជាឲ្យស៊ើបអង្កេត។

លោក សុន្ទរី ដែលបានយល់ព្រមលើសេចក្តីថ្លែងការណ៍នោះ មិនបានឆ្លើយតបនឹងអីុម៉ែលដែលស្នើសុំសេចក្តីពិស្តារទាក់ទងនឹងការស៊ើបអង្កេត ហើយមិនអាចទាក់ទងបានតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទេ។

លោក ជា ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បាននិយាយថា វាជានិតិវិធីស្តង់ដារសម្រាប់ក្រសួងការបរទេសក្នុងការជូនដំណឹងដល់ភ្នាក់ងាររបស់ខ្លួនទាក់ទងនឹងការជួញដូរជនរងគ្រោះ ក្នុងពេលដែលករណីនោះជាប់ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តពួកគេមកកម្ពុជាវិញ។ ប៉ុន្តែ លោកបាននិយាយថា លោកមិនមានកំណត់ត្រានៃស្ត្រីទាំងពីរនាក់ដែលទើបតែដោះលែងពីជូរូទេ។

បុគ្គលិកសិទ្ធិមនុស្សនៅប្រទេសម៉ាឡេស៊ីបាននិយាយថា ស្ថានភាពនៅជូរូ និងទីតាំងឃុំឃាំងផ្សេងទៀតដូចទីតាំងនេះនៅទូទាំងប្រទេសមានជាប់ឈ្មោះអាក្រក់ ហើយតែងតែបង្ក្រាប។

លោក អេហ្គិល ហ្វឺណាន់ដេស នៃអង្គការក្រៅរដ្ឋាភិបាលតេណាហ្គានីតា របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា “ពលករចំណាកស្រុក ជនភៀសខ្លួន ជនគ្មានប្រទេស ជនចំណាកស្រុកដែលកំពុងរង់ចាំបញ្ជូនទៅស្រុកវិញ នឹងត្រូវគេដាក់ក្នុងមណ្ឌលឃុំឃាំង។ មនុស្សចង្អៀតណែនណាន់តាន់តាប់ មានអាហារតិចតួច មានថ្នាំសង្កូវតិចតួច ហើយតាមពិតទៅមានតែការធ្វើបាប និងការរំលោភសិទ្ធិមនុស្ស”។

លោក ជេម ណាយ៉ាហ្គាម ដែលជាសមាជិកគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលម៉ាឡេស៊ី ពីឆ្នាំ២០១០រហូតដល់ដើមឆ្នាំនេះបាននិយាយថា ជូរូលេចធ្លោជាងគេ។

លោកបាននិយាយថា “ជូរូគឺជាជំរំឃុំឃាំងដ៏អាក្រក់បំផុត និងគួរឲ្យសង្វេគ មិនសមនឹងឃុំមនុស្សឡើយ។ ខ្ញុំបានរាយការណ៍អំពីស្ថានការណ៍នេះហើយ”។

ទោះបីជាពលរដ្ឋកម្ពុជាបន្តហូរចូលប្រទេសម៉ាឡេស៊ីដើម្បីធ្វើការជាអ្នកបម្រើតាមផ្ទះចាប់តាំងពីបម្រាមនាឆ្នាំ២០១១ ដូចជាស្ត្រីពីរនាក់ដែលបានវិលត្រឡប់មកប្រទេសវិញកាលពីខែមិថុនាក៏ដោយ ក៏ចរាចរបែបនេះទំនងជាកើនឡើង។

យោងតាមទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋម៉ាឡេស៊ី ប៊ឺណាម៉ា លោក ហ៊ុន សែន បានទទួលចម្លើយវិជ្ជមាននៅពេលដែលលោកជំរុញឲ្យសមភាគីម៉ាឡេស៊ីរបស់លោកគឺ លោក ណាជីប រ៉ាហ្សាក់ ឲ្យចាប់ផ្តើមទទួលយកជាថ្មីនូវអ្នកបម្រើតាមផ្ទះពីប្រទេសកម្ពុជាក្នុងពេលធ្វើទស្សនកិច្ចទៅប្រទេសនេះកាលពីខែមិថុនា។ រយៈពេលមួយខែមុន ប្រទេសឥណ្ឌូណេស៊ីជាប្រភពពេញនិយមនៃអ្នកបម្រើតាមផ្ទះរបស់ម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងឈប់បញ្ជូនអ្នកបម្រើតាមផ្ទះទៅប្រទេសនេះ ពីព្រោះខ្លួនព្រួយបារម្ភថា ពួកគេនឹងទទួលរងការធ្វើបាប។

ក្រសួងការងារនិយាយថា កិច្ចព្រមព្រៀងថ្មីរបស់កម្ពុជាជាមួយម៉ាឡេស៊ីនឹងធ្វើឲ្យការអនុវត្តបែបនេះមានសុវត្ថិភាព។ ប៉ុន្តែ ខ្លួនបានបដិសេធមិនបញ្ចេញអនុស្សរណៈនៃការយោគយល់គ្នាដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែធ្នូនោះទេ។ ខ្លួនបាននិយាយថា មូលដ្ឋានទិន្នន័យនឹងរក្សាទុកដើម្បីតាមដានអ្នកបម្រើតាមផ្ទះ ប៉ុន្តែ បានបដិសេធមិនផ្តល់សេចក្តីពិស្តារជាថ្មី។

លោក មឿន តុលា នាយកសង់ត្រាល់ បាននិយាយថា ប្រទេសកម្ពុជាពិតជាមិនបានត្រៀមខ្លួនដើម្បីធានាថា អ្នកបម្រើតាមផ្ទះរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីមានសុវត្ថិភាពនោះទេ។

លោកបាននិយាយថា “ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើគឺធ្វើឡើងមុនកាលកំណត់ ដែលមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហានានាដែលកើតឡើងចំពោះកម្មករកម្ពុជានៅក្នុងប្រទេសម៉ាឡេស៊ីទេ”។

លោកបាននិយាយថា “កម្ពុជាគួរបង្កើតយន្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដើម្បីពិនិត្យមើលស្ថានភាពនៃពលរដ្ឋកម្ពុជាទាំងនោះដែលធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយផ្តល់នូវជំនួយគ្រប់គ្រាន់ដល់ពួកគេ។ ភ្នាក់ងារជ្រើសរើសពលករគួរទទួលសម្ពាធម៉ឺងមាត់ និងប្រកបដោយតម្លាភាព ដើម្បីធានានូវការគោរពចំពោះកម្មករ និងអ្នកបម្រើតាមផ្ទះដែលគេបញ្ជូនទៅ ឬធ្វើការនៅម៉ាឡេស៊ី”៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស