29.6 C
Phnom Penh

រដ្ឋាភិបាល​​​​​​លុបចោល​​​ទិន្នន័យ​​​ដែល​​​លាត​​​ត្រដាង​​​​​​ទ្រព្យសម្បត្តិ​​​របស់​​​គ្រួសារ​​​ត្រកូល ​​​ហ៊ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។

cam-screenshot-commerce-siteក្រសួងពាណិជ្ជកម្មបានលើកឡើងថា ព័ត៌មាននេះត្រូវបានដកចេញដើម្បីធ្វើឲ្យគេហទំព័ររបស់ខ្លួនស្របតាមច្បាប់។

នៅក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) អង្គការក្លូបល វីតណេស (Global Witness)ដែលជាអង្គការប្រឆាំងអំពើពុករលួយបាន បង្ហាញពីភាគហ៊ុនយ៉ាងច្រើនរបស់គ្រួសារត្រកូលហ៊ុន នៅក្នុងក្រុមហ៊ុនជាង១០០ដែលមានដើមទុនរួមជាង២០០លានដុល្លារនៅក្នុងវិស័យគ្របដណ្តប់សេដ្ឋកិច្ចចាប់ពីព្រៃឈើរហូតដល់វិស័យហិរញ្ញវត្ថុ។ របាយការណ៍នេះបានចាត់ទុកភាគហ៊ុនទាំងនេះថា “ច្រើនជាងនេះប៉ុន្តែមានការលាក់បាំង” ដោយទ្រព្យសម្បត្តិយ៉ាងច្រើនលើសពីនេះទំនងជាលាក់បាំងនៅពីក្រោយក្រុមហ៊ុនដែលមានតែសម្បក និងមានឈ្មោះក្លែងក្លាយនៅក្នុងប្រទេសល្បីខាងអំពើពុករលួយ។

កូនៗរបស់លោកនាយករដ្ឋមន្ត្រីបានវាយបកវិញភ្លាមៗ។ ពួកគេបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាថា បានឃុបឃិតជាមួយអង្គការក្លូបលវីតណេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ឪពុកខ្លួន នៅមុនការបោះឆ្នោតនាពេលខាងមុខ។ ពួកគេបានអះអាងថារបាយការណ៍នេះពោរពេញទៅដោយការភូតកុហក ប៉ុន្តែ មិនបានផ្តល់ភ័ស្តុតាងបញ្ជាក់ពីកំហុសណាមួយឡើយ។

តាមពិត ព័ត៌មានសាជីវកម្មស្ទើរតែទាំងអស់ត្រូវបានលុបចេញពីឯកសាររបស់ក្រុមហ៊ុនដែលក្រសួងពាណិជ្ជកម្មអនុញ្ញាតឲ្យសាធារណជនចូលមើលបានតាមរយៈទិន្នន័យដែលអាចស្វែងរកបាននៅលើគេហទំព័ររបស់ខ្លួន ក្នុងនោះរួមមានទាំងព័ត៌មានថា តើនរណាមានភាគហ៊ុនប៉ុន្មាននៅក្នុងក្រុមហ៊ុននីមួយផងដែរ។ ប្រសិនបើគ្មានច្បាប់ស្តីពីសេរីភាពទទួលបានព័ត៌មានទេព័ត៌មានដែលប្រមូលបានចងក្រងនៅក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” នេះក៏មិនមានដែរ។

ទោះជាយ៉ាងណា ចាប់តាំងពីរបាយការណ៍នេះបានចេញកាលពីថ្ងៃទី៧ ខែកក្កដាមកទិន្នន័យនេះត្រូវបានរៀបចំជាថ្មីឡើងវិញ ហើយព័ត៌មានស្តីពីភាគហ៊ុនទាំងអស់ត្រូវបានដកចេញ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធមិននិយាយអំពីការជួសជុលនេះឡើយកាលពីម្សិលមិញ ដោយលើកឡើងថា លោកស្ថិតនៅក្រៅប្រទេសហើយបារម្ភខ្លាចថា ទូរស័ព្ទរបស់លោកអស់លុយ។

លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងនេះ បានលើកឡើងថា គេហទំព័រនេះស្ថិតក្នុងដំណើរការជួសជុលមួយឆ្នាំហើយ ដើម្បីបញ្ចូលវាជាមួយស្ថាប័នរដ្ឋបាលដទៃៗទៀត ដូចជា នាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុជាដើម ទម្រាំដល់ពេលការងារនេះត្រូវបានបញ្ចប់ ដែលទំនងជានៅពេលណាមួយក្នុងឆ្នាំ២០១៧។

លោកស្រីបានថ្លែងថា ” មានការផ្លាស់ប្តូរជាច្រើនក្នុងដំណើរការនេះ។ វានឹងមានការរចនាថ្មីមួយទៀត។ ឥឡូវនេះវាស្ថិតក្នុងភាពរញ៉េរញ៉ៃសិនហើយ”។

លោកស្រី សឹង សុផារី បានបដិសេធថា ការជួសជុលក្នុងពេលថ្មីៗនេះមិនមែនដោយសារតែរបាយការណ៍របស់អង្គការក្លូបល វីតណេសនោះទេ។

លោកស្រីបានមានប្រសាសន៍ថា “ហេតុអីបានជាអ្នកឯងសួរតែព័ត៌មានស្តីអំពីភាគហ៊ុនអ៊ីចឹង? អ្វីដែលយើងកំពុងធ្វើគឺធំជាងនោះឆ្ងាយណាស់។ ព័ត៌មានស្តីពីភាគហ៊ុន គឺគ្រាន់ជាផ្នែកមួយដ៏តូចប៉ុណ្ណោះ។ ប្រសិនបើអ្នកឯងចង់បានព័ត៌មាននោះ អ្នកអាចទៅរកពីអង្គការក្លូបល វីតណេសបាន។ ពួកគេបានផ្តល់ព័ត៌មាននោះរួចហើយ”។

អ្នកនាំពាក្យរូបនេះបានបង្វែរសំណួរបន្ថែមទៅលោកអនុរដ្ឋលេខាធិការ សាក់ សុភ័ក្ត្រដែលលោកស្រីបានលើកឡើងថា ជាអ្នកទទួលបន្ទុកលើការជួសជុលគេហទំព័រ និងទៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។

លោក សាក់ សុភ័ក្រ្ត មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។

លោក ឱម តារារិទ្ធ ដែលជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការជួសជុលនេះធ្វើឡើងដើម្បីធ្្វើឲ្យគេហទំព័រស្របតាមច្បាប់ដែលចែងថា ភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវរក្សាជាការសម្ងាត់។

លោកបានថ្លែងថា “យើងធ្វើឲ្យប្រាកដថា យើងមានតែព័ត៌មានសាធារណៈដែលច្បាប់អនុញ្ញាត។ ច្បាប់តម្រូវឲ្យសាធារណជនអាចស្វែងរកបានតែព័ត៌មានសាធារណៈប៉ុណ្ណោះ”។

លោកបានលើកឡើងទៀតថា “ហើយច្បាប់នោះមិនរួមបញ្ចូលព័ត៌មានស្តីពីភាគហ៊ុន ទេ នេះហើយគឺជាច្បាប់”។

លោកបានលើកឡើងបន្តទៀតថា លោកមានដឹងទេហេតុអ្វីបានជាព័ត៌មានស្តីពីភាគហ៊ុនអាចស្វែងរកបានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះរហូតដល់ខែមុននោះ លើកលែងតែមួយរយៈខ្លីកាលពីឆ្នាំ២០១៥។ លោកនិយាយថា ការសម្រេចដកព័ត៌មាននេះចេញធ្វើឡើង “ពេលយើងចាប់ផ្តើមជួសជុលប្រព័ន្ធ…មួយឆ្នាំមកនេះ”។

លោក ឱម តារារិទ្ធ បានបន្ថែមថា វាមិនពាក់ព័ន្ធនឹងរបាយការណ៍អង្គការក្លូបល វីតណេសដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយគ្រួសារលោកនាយករដ្ឋមន្ត្រីឡើយព្រោះអីការជួសជុលនេះធ្វើឡើងមុនរបាយការណ៍នេះចេញទៅទៀត។

លោកបានថ្លែងថា “ទេ ខ្ញុំមិនដឹងអំពីបញ្ហានេះទេ”។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលលើកឡើងនៅក្នុងរបាយការណ៍នេះក៏លែងមាននៅក្នុងទិន្នន័យនេះទៀតដែរ។

ក្រុមហ៊ុន  Cambodia Electricity Private ដែលអាចរកព័ត៌មានបាននៅក្នុងទិន្នន័យនេះមុនពេលមានការជួសជុលក្នុងពេលថ្មីៗ ហើយចុះបញ្ជីកូនៗចំនួន៣រូបរបស់លោកហ៊ុន សែន ជាប្រធាននោះែលងលេចចេញនៅលើគេហទំព័រថ្មីទៀតហើយ។ បញ្ជីស្តីពីប្រធានក្រុមហ៊ុនរួមមានកូនប្រុសទី២របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ជាមន្ត្រីយោធា ដែលច្បាប់ហាមមិនឲ្យមានតំណែងនៅក្នុងក្រុមប្រឹក្សាក្រុមហ៊ុននោះ។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការជួសជុល ឬថា តើឯកសារសាជីវកម្មត្រឹមត្រូវ ឬយ៉ាងណានោះឡើយ។

ក្រុមហ៊ុន Cambodia Electricity Private  បានលក់ថាមពលរបស់ខ្លួនទៅឲ្យក្រុមហ៊ុន EDC ដែលជាក្រុមហ៊ុនចែកចាយថាមពលគ្រប់គ្រងដោយរដ្ឋ។

លោក ឱម តារារិទ្ធ បានលើកឡើងថា លោកមិនដឹងទេថា ហេតុអ្វីបានជាទិន្នន័យនេះលែងបញ្ចូលក្រុមហ៊ុននេះ។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនមិនអាចបាត់ចេញពីប្រព័ន្ធនេះទេ”។

លោក សន ជ័យ នាយកប្រចាំប្រទេសនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គម ដែលជាអង្គការតស៊ូមតិសម្រាប់អភិបាលកិច្ចល្អបានលើកឡើងថា លោកជឿថា  របាយការណ៍របស់អង្គការក្លូបល វីតណេសយ៉ាងហោចណាស់ក៏មានជាប់ពាក់ព័ន្ធមួយផ្នែកនៅក្នុងការជួសជុលនេះដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ការលុបចេញភាគហ៊ុនពីក្រសួងពាណិជ្ជកម្មវាអាចមានឥទ្ធិពលពីម្ចាស់ភាគហ៊ុន។ ប្រសិនបើវាជាឯកសារផ្លូវការ ប្រសិនបើគ្មានអ្វីនៅពីក្រោយ ប្រសិនបើអ្វីៗតម្លាភាព ប្រសិនបើអ្វីៗត្រឹមត្រូវវាគួរតែបង្ហាញនៅលើគេហទំព័រ”។

ការមិនអនុញ្ញាតឲ្យសាធារណជនទទួលបានព័ត៌មានស្តីពីភាគហ៊ុន ធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យតិចតួចណាស់។

លោកបានមានប្រសាសន៍ថា “ការដែលអាចទទួលបានព័ត៌មាន និងព័ត៌មានថ្មីៗ គឺជារឿងសំខាន់ណាស់សម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ប្រសិនបើអ្នកដកវាចេញ វាធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័ននេះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស