32.5 C
Phnom Penh

ទោះបីជាមានការ​​​ហាមឃាត់ ​​​ក៏គណបក្ស​​​​​​ប្រឆាំង​​​នឹង​​​​​​នៅតែ​​​យក​​​ញត្តិ​​​ដាក់​​​ជូន​​​ស្ថានទូតនានា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីម្សិលមិញថា ពួកគេនឹងធ្វើតាមការគ្រោងទុករបស់ខ្លួននៅព្រឹកនេះដើម្បីយកញត្តិដាក់ជូនស្ថានទូតរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដោយជម្រាបអំពីបរិយាកាសនយោបាយកាន់តែយ៉ាប់យ៉ឺនឡើង ទោះបីជាគម្រោងនេះត្រូវបានហាមឃាត់ក៏ដោយ។

cam-photo-front15-300x200កាលពីថ្ងៃសុក្រ  គណបក្សប្រឆាំងបានប្រកាសអំពីគម្រោងនេះដល់តំណាងរាស្ត្ររបស់ខ្លួនមួយចំនួនឱ្យធ្វើដំណើរតាមរថយន្តដើម្បីយកញត្តិដាក់ជូនមន្ត្រីទូតនៅទូទាំងរាជធានីភ្នំពេញ ប៉ុន្តែលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងកាលពីម្សិលមិញថា ពួកគេមិនបានជូនដំណឹងឱ្យបានគ្រប់គ្រាន់នោះឡើយ។

លោកបានមានប្រសាសន៍ថា “យើងបានច្រានចោលសំណើរបស់ពួកគេ ព្រោះវាផ្ទុយនឹងនីតិវិធីច្បាប់សម្រាប់ការធ្វើបាតុកម្ម។ ពួកគេត្រូវតែជូនដំណឹងមកយើងឲ្យបានមុនបីថ្ងៃដើម្បីជួបជាមួយពួកគេពិភាក្សាក្នុងគោលបំណងធានាសណ្ដាប់ធ្នាប់សាធារណៈ  និងចរាចរណ៍”។

លោកបានលើកឡើងទៀតថា វានឹងមានផលលំបាកផ្លូវច្បាប់សម្រាប់គណបក្សសង្គ្រោះជាតិ  ប្រសិនបើគណបក្សនេះធ្វើតាមការគ្រោងទុករបស់ខ្លួន។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានចេញការព្រមានសន្តិសុខសម្រាប់ពលរដ្ឋរបស់ខ្លួនកាលពីម្សិលមិញទាក់ទិននឹងអ្វីដែលខ្លួនលើកឡើងថា ជា”បាតុកម្ម” គ្រោងទុកដោយគណបក្សសង្គ្រោះជាតិ។

សារនេះបានលើកឡើងកាលពីយប់មិញថា ”ពលរដ្ឋអាមេរិកត្រូវបានក្រើនរំឭកអំពីការណែនាំដែលមានស្រាប់របស់ស្ថានទូតថា ទោះបីជាបាតុកម្មធ្វើឡើងដោយសន្តិវិធីក៏ដោយ តែវាអាចប្រែក្លាយទៅជាមានការប្រឈមមុខ ហើយអាចកើតចេញទៅជាអំពើហិង្សា ដោយមិនដឹងជាមុន”។

ទោះជាយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិបានលើកឡើងថា  មិនចាំបាច់មានការព្រួយបារម្ភបែបនេះទេ។ ពួកគេបានបន្ថែមថា ខ្លួននឹងមិនដកគម្រោងនេះវិញឡើយ។

លោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ទាក់ទិននឹងសារនេះថា “យើងគ្រាន់តែនឹងធ្វើដំណើរតាមឡានចំនួន១៥គ្រឿងប៉ុណ្ណោះ ហេតុអ្វីបានជាពួកគេចំាបាច់ត្រូវចេញការព្រមាន?”។

លោកស្រីបានបន្ថែមថា ”ប្រជាពលរដ្ឋប្រាកដជានឹងតាមគាំទ្រយើង។ដោយថ្មើជើងឬដោយម៉ូតូ យើងមិនដឹងទេ”។

លោក សុន ឆ័យ ដែលក៏ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរនោះបានលើកឡើងថា វាគ្មានអ្វីខុសច្បាប់ទេដែលតំណាងរាស្ត្រធ្វើដំណើរជាក្រុមតាមរថយន្តយកញត្តិដាក់ជូនស្ថានទូតនានានោះ។

លោកបានមានប្រសាសន៍ថា “យើងគិតថា ការដាក់ញត្តិមិនផ្ទុយនឹងច្បាប់ទេ ហេតុដូច្នេះតំណាងរាស្ត្រមួយចំនួនរបស់យើងនឹងយកញត្តិដាក់ជូនស្ថានទូតនានា”។

លោក អេង ឆៃអ៊ាង ដែលជាតំណាងរាស្ត្រម្នាក់ទៀតបានពន្យល់ថា ញត្តិនេះនឹងជម្រាបជូនប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាមស៊ីវិល និងសន្យានាំលទ្ធិប្រជាធិបតេយ្យជូនប្រទេសកម្ពុជាថា អ្វីៗទាំងអស់ស្ថិតក្នុងស្ថានភាពមិនអាចទទួលយកបាន។

លោកបានថ្លែងថា “អត្ថន័យនៃញត្តិនេះ គឺដើម្បីជម្រាបជូនប្រទេសហត្ថលេខីឱ្យពួកគេដឹងឱ្យបានច្បាស់ថា កម្ពុជាឥឡូវនេះកំពុងតែដើរចេញពីស្មារីតនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសនៅពេលនិយាយដល់លទ្ធិប្រជាធិបតេយ្យ”។

លោក អេង ឆៃអ៊ាង បានសំដៅដល់ការចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិនិងសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោជាច្រើននាក់ ព្រមទាំងការរារាំងមិនឲ្យមេដឹកនាំគណបក្សប្រឆាំងគឺ លោក កឹម សុខា និងលោក សម រង្ស៊ី ចូលរួម ខណៈការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៧ ខិតជិតមកដល់។

បច្ចុប្បន្នលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ដើម្បីគេចពីការចាប់ខ្លួនដោយសារលោកមិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរនៅក្នុងសំណុំរឿង “សញ្ចរកម្ម” របស់ស្រីកំណាន់ដែលគេចោទថា ជារបស់លោកកាលពីខែឧសភា ហើយត្រូវបានគេគ្រោងនាំយកមកបើកសវនាការជំនុំជម្រះពាក់ព័ន្ធនឹងសំណុំរឿងេនះនៅថ្ងៃសុក្រ។ លោក សម រង្ស៊ី បាននិងកំពុងរស់នៅក្នុងទីក្រុងប៉ារីសចាប់តាំងពីខែវិច្ឆិកាមកម្លេ៉ះ ដើម្បីគេចពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា លោកមិនដឹងទេថាតើអាជ្ញាធរនឹងធ្វើអ្វី ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើតាមការគ្រោងទុកនេះមែននោះ។ ទាំងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិសុទ្ធតែមិនអាចទាក់ទងបានទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិទៅកាន់ស្ថានទូតនានា គឺមិនអាចយកជាការបានទេ ព្រោះវាកន្លងផុតពីរទសវត្សរ៍មកហើយ ហើយថា សំណុំរឿងផ្លូវច្បាប់ផ្សេងៗដែលមេដឹកនាំគណបក្សប្រឆាំងប្រឈមមិនមានជាប់ពាក់ព័ន្ធរឿងនយោបាយទេ។

លោកមានប្រសាសន៍ថា ”ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានបញ្ចប់បេសកកម្មរបស់ខ្លួន ពេលកម្ពុជាមានការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣។ តើប្រទេសហត្ថលេខីអាចជួយធ្វើអន្តរាគមន៍សម្រាប់លោក សម រង្ស៊ី បានដោយរបៀបណាទៅ”។

លោកបានបន្ថែមថា “លោក សម រង្ស៊ី អាចវិលត្រឡប់មកប្រទេសកម្ពុជាវិញបាននៅថ្ងៃស្អែក ប្រសិនបើគាត់មានលុយទិញសំបុត្រយន្តហោះ ពីព្រោះគាត់និរទេសដោយខ្លួនឯង គ្មាននរណាគេដេញគាត់ចេញទេ”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស