29.6 C
Phnom Penh

ការបិទផ្លូវបង្ក​​​ឲ្យមាន​​​ការ​​​កកស្ទះ​​​ចរាចរយ៉ាងខ្លាំង​​​​​​ដោយសារ​​​ខ្លាចអ្នក​​​គាំទ្រ​​​គណបក្ស​​​​​​ប្រឆាំង​​​ធ្វើការតវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយផ្នែកធំនៃរាជធានីភ្នំពេញបានកកស្ទះចរាចរណ៍កាលពីព្រឹកម្សិលមិញ ខណៈសាលារាជធានីបិទផ្លូវមួយក្នុងចំណោមផ្លូវដ៏មមាញឹកបំផុតឆ្ពោះមកកាន់រាជធានីដោយសារខ្លាចអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនាំគ្នាហែក្បួន ខណៈតំណាងរាស្ត្រយកញត្តិដាក់ជូនស្ថានទូតនានាដោយជម្រាបអំពីស្ថាន ភាពនយោបាយដែលកាន់តែយ៉ាប់យុឺនឡើងនៅក្នុងប្រទេសកម្ពុជា។

ទោះបីជាមានការបិទផ្លូវក៏ដោយ តែតំណាងរាស្ត្រគណបក្សប្រឆាំង៣រូបដែលធ្វើដំណើរតាមរថយន្តបានចុះទៅកាន់ស្ថានទូតចំនួន១៣ របស់បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ដើម្បីស្នើសុំឲ្យពួកគេជួយដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភបំពានអំណាចដ៏អមនុស្ស ធម៌ដែលកំពុងតែកើនឡើងរបស់រដ្ឋាភិបាល។

ចរាចរកកស្ទះតាមដងផ្លូវជាតិលេខ២ នៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញ កាលពីព្រឹកម្សិលមិញ ក្រោយពីសាលាក្រុងភ្នំពេញដាក់រនាំងបាំងផ្លូវដែលខ្លួនបាននិយាយថា មានលក្ខណៈចាំបាច់ដើម្បីរារាំងអ្នកគាំទ្របក្សប្រឆាំងមិនឲ្យហែក្បួនក្នុងក្រុងភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការកកស្ទះចរាចរណ៍ដ៏ខ្លាំងបានធ្វើឲ្យផ្លូវសំខាន់ៗជាច្រើនក្នុងរាជធានីជាប់គាំងពេញមួយព្រឹកបន្ទាប់ពីមានការដាក់របាំងបិទផ្លូវមួយចំនួននៅលើផ្លូវជាតិលេខ២ក្បែរទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង ជាកន្លែងដែលព្រះសង្ឃនិងសកម្មជនគណបក្សសង្គ្រោះជាតិរាប់រយអង្គនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ការបិទផ្លូវធ្វើឡើងដើម្បីទប់ស្កាត់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិកុំឲ្យហែក្បួននៅក្នុងរាជធានី។

លោកបានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺដើម្បីទប់ស្កាត់ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ព្រោះពួកគេគ្មានការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញឡើយ”។

លោកបានបន្ថែមថា “យើងបិទផ្លូវដើម្បីធានាឲ្យបានថា យើងរក្សាសណ្តាប់ធ្នាប់ជូនប្រជាជពលរដ្ឋក្នុងរាជធានីភ្នំពេញ។ គ្មានការហាមឃាត់មិនឲ្យដាក់ញត្តិនោះទេ ប៉ុន្តែយើងបានហាមឃាត់ការហែក្បួន”។

លោក មាន ចាន់យ៉ាដា   បាននិយាយសម្រាល ការកកស្ទះចរាចរណ៍យ៉ាងខា្លាំងថា វាបានចាប់ផ្តើមធូរស្រាលទៅវិញនៅពេលរបាំងបិទផ្លូវត្រូវបានដកចេញក្រោយម៉ោង១១ព្រឹក។

បុរសម្នាក់ចង្អុលទៅនគរបាលទាំងកំហឹងនៅកន្លែងដាក់របាំងបិទកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
បុរសម្នាក់ចង្អុលទៅនគរបាលទាំងកំហឹងនៅកន្លែងដាក់របាំងបិទកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានថ្លែងថា “យើងទទួលស្គាល់ថា វាមានផលប៉ះពាល់តិចតួចមួយចំនួន ប៉ុន្តែ យើងបានរៀបចំផ្លូវវាង ហើយបានសុំការយោគយល់ពីប្រជាពលរដ្ឋ។ វាមិនបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ”។

ទោះជាយ៉ាងណា ការពន្យារពេលដែលបង្កដោយសារការបិទផ្លូវបានធ្វើឲ្យមានការខឹងសម្បាពាសពេញបណ្តាញទំនាក់ទំនងសង្គម។

អ្នកលេងហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ Laneth Lana បានបង្ហោះរូបភាពមួយសន្លឹកពីឪពុករបស់នាងដេកនៅកៅអីខាងក្រោយនៃរថយន្តអមដោយសារមួយនិយាយថា អាជ្ញាធរកំពុងតែរារាំងនាងមិនឲ្យយកគាត់ទៅកាន់មន្ទីរពេទ្យ។

នាងបានសួរថា “ទោះអង្វរសុំបើក ផ្លូវឡានមួយចូលដើម្បីយកបា៉ខ្ញុំទៅពេទ្យខណៈដែលគាត់កំពុងថ្ងូរឈឺចាប់ក្នុងឡានត្រូវការព្យាបាល ហេតុអីឃោរឃៅ ដាច់ធម៌មេត្តាម៉្លេះ?”។

សុខ ហ៊ាង អាយុ៣៧ឆ្នាំជាកម្មករកាត់ដេរនៅរោងចក្រមួយក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិបានរិះគន់ចំពោះវិធីដែលអាជ្ញាធរដោះស្រាយស្ថានការណ៍។

គាត់បាននិយាយថា “ខ្ញុំគិតថា ការបិទផ្លូវប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូឌុប និងកម្មករកាត់ដេរ។ ខ្ញុំខឹងរដ្ឋាភិបាល ព្រោះនេះគ្រាន់តែជាព្រឹត្តិការណ៍មួយតូចប៉ុណ្ណោះ…វាមិនធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ”។

អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិចាប់ពីម៉ោងប្រហែល៧និង៣០នាទីព្រឹក ដោយរងចាំស្តាប់គម្រោងរបស់គណបក្សសង្គ្រោះជាតិសម្រាប់ថ្ងៃម្សិលមិញ។ អ្នកគាំទ្រទាំងនេះបានបំបែកគ្នាវិញប្រហែល៤ម៉ោងក្រោយមក បន្ទាប់ពីលោក សុន ឆ័យ ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រាប់ពួកគេថា គ្មានគម្រោងធ្វើបាតុកម្មទេ ហើយពន្យល់់ថា តំណាងរាស្ត្របានយកញត្តិដាក់ជូនស្ថានទូតនានារួចហើយ។

អ្នកស្រី មួរ សុខហួរ តំណាងរាស្ត្របក្សប្រឆាំងប្រគល់លិខិតឲ្យមន្ត្រីម្នាក់នៅខាងក្រៅស្ថានទូតម៉ាឡេស៊ីក្នុងក្រុងភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ញត្តិទាំងនេះត្រូវបានដាក់ជូនស្ថានទូតដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានដូចជា លោកស្រី មូរ សុខហួរ លោក ឡុង បូតា និងលោក ហូរ វ៉ាន់ ហើយចុះហត្ថលេខាដោយសមាជិកសភាគណបក្សប្រឆាំងទាំង៥៤រូប រួមទាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សដែលត្រូវបានបណ្តេញចេញពីសភាកាលពីខែវិច្ឆិកាផងដែរ។

ញត្តិនេះថ្កោលទោសចំពោះអ្វីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការវាយប្រហារមានជាប់ពាក់ព័ន្ធរឿងនយោបាយលើគណបក្សប្រឆាំង និងសង្គមស៊ីវិល រួមទាំងសំណុំរឿងតុលាការក្នុងពេលថ្មីប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងផងដែរ ហើយបានទទូចសុំឲ្យបរទេសជួយរកដំណោះស្រាយដើម្បី “ទប់ស្កាត់កុំឲ្យគោលនយោបាយ និងការអនុវត្តកាលពីអតីតវិលត្រឡប់មកវិញ”។

ញត្តិនេះមានខ្លឹមសារដូច្នេះថា គណបក្សសង្គ្រោះជាតិ “សង្កេតឃើញថា មេដឹកនាំមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានរំលោភបំពានយ៉ាងខ្លាំងលើឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងគោលការណ៍មូលដ្ឋានដែលត្រូវបានដាក់តម្កល់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស តាមរយៈការរំលោភបំពានអំណាចដ៏អមនុស្សធម៌ដែលកំពុងតែកើនឡើង និងការគាបសង្កត់សេរីភាពសាធារណៈ និងសេរីភាពផ្ទាល់ខ្លួន”។

ពេលថ្លែងនៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ លោកស្រី មូរ សុខហួរ ក៏បានរិះគន់ ចំពោះការបិទរបាំងបិទផ្លូវផងដែរ។

លោកស្រីបានមានប្រសាសន៍ថា “ដូចលោកអ្នកឃើញស្រាប់ហើយថា ការបញ្ឈប់សេរីភាពរបស់យើង គឺជាការប៉ុនប៉ងដើម្បីបន្ថយឥទិ្ធពលរបស់គណបក្សប្រឆាំង។ ការបិទផ្លូវនៅក្នុងថ្ងៃនេះមិនគ្រាន់តែឲ្យតម្លៃថា យើងមានសារៈសំខាន់នោះទេ វាក៏ធ្វើឲ្យប្រជាពលរដ្ឋទូទៅដឹងកាន់តែច្បាស់ផងដែរ”៕ ស៊ុុយឈាង (រាយការណ៍បន្ថែមដោយ Janelle Retka)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស