30.4 C
Phnom Penh

ម្តាយ ថោង សារ៉ាត់ ​​​និងអង្គរក្ស​​​អតីតប្រធាន​​​សាលាដំបូង​​​ជាប់ពន្ធនាគារ​​​ម្នាក់ៗ​​​២ឆ្នាំក្នុង​​​សំណុំរឿង​​​សូកប៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ដាយរបស់អតីតឧត្ដមសេនីយ៍យោធា ថោង សារ៉ាត់ និងអតីតអង្គរក្សរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ  នឹងត្រូវអនុវត្តជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២ឆ្នាំបន្ថែមទៀត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ទាក់ទិនករណីឃាតកម្មលើឧកញ៉ា អុឹង ម៉េងជឺ កាលពីឆ្នាំ២០១៤។

ពេជ្រ ព្រហ្មមុនី (ឆ្វេង) និង អ្នកស្រី កែវ សារី ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឺ ខេមបូឌា ដេលី

បច្ចុប្បន្នលោក ថោង សារ៉ាត់ អតីតមន្ត្រីក្រសួងការពារជាតិដែលឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ កំពុងឡើងសវនាការទទួលការជំនុំជម្រះទោសពីបទរៀបផែនការធ្វើឃាត ហើយកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៣០ខែ  ពីបទរក្សាទុកអាវុធខុសច្បាប់ រួមជាមួយឪពុករបស់ខ្លួនឈ្មោះ ថោង ចំរើន និងម្ដាយឈ្មោះ កែវ សារី។

បទចោទប្រកាន់សូកប៉ាន់លើអ្នកស្រី កែវ សារី និងលោក ពេជ្រ ព្រំមុន្នី អតីតអង្គរក្សរបស់លោក អាំង មាលតី ត្រូវបានធ្វើឡើងបន្ទាប់ពីបែកធ្លាយថា អ្នកស្រី កែវ សារី បានឱ្យប្រាក់១.០០០ដុល្លារទៅលោក ពេជ្រ ព្រំមុន្នី កាលពីខែកុម្ភៈឆ្នាំមុន ដើម្បីជួយរៀបចំដោះលែងគាត់ឱ្យនៅក្រៅឃុំ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទរក្សាទុកអាវុធខុសច្បាប់។

ចៅក្រមជំនុំជម្រះ យិន សារឿន បានប្រកាសកាលពីម្សិលមិញថា ”តុលាការផ្ដន្ទាទោសឈ្មោះ កែវ សារី អាយុ៥៧ឆ្នាំ ជាជនជាតិខ្មែរឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤.០០០.០០០រៀលពីបទ ‘ជំនួញឥទ្ធិពលសកម្ម’”។

រយៈពេល២ឆ្នាំគឺជាទោសអប្បបរមាសម្រាប់បទឧក្រិដ្ឋនេះ ដែលត្រូវមានទោសអតិបរមា៥ឆ្នាំ។ លោក ពេជ្រ ព្រំមុន្នី ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ដោយ៣ឆ្នាំព្យួរពីបទ “ជំនួញឥទ្ធិពលអកម្ម” ដែលត្រូវមានទោសជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ។

នៅក្នុងការបកស្រាយសាលក្រមនេះ ចៅក្រម យិន សារឿន គ្រាន់តែលើកឡើងថា លោកបានពិចារណាលើសក្ខីកម្មរបស់ចុងចោទ និងបានពិនិត្យ “ឯកសារ និងភ័ស្តុតាងក្នុងសំណុំរឿងនេះ”។

ចៅក្រមរូបនេះក៏បានប្រកាសដែរថា បទចោទប្រកាន់ជ្រៀតជ្រែកនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មដែលអង្គភាពប្រឆាំងអំពើពុករលួយបានដាក់ទៅលើលោក ពេជ្រ ព្រំមុន្នី កាលពីខែធ្នូ ត្រូវបានដកចេញ។

នៅខាងក្រៅសាលសវនាការ អ្នកស្រី កែវ សារី និយាយថា គាត់ពេញចិត្តនឹងសាលក្រមនេះ។ អ្នកស្រីនិយាយថា “ខ្ញុំនឹងមិនប្ដឹងឧទ្ធរណ៍ទេ ខ្ញុំទទួលយក”។

ចំណែកឯលោក ពេជ្រ ព្រំមុន្នី បដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានទេ។ លោក ផេង ស៊ីដេត មេធាវីរបស់គាត់បានមានប្រសាសន៍ថា  គ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់កូនក្ដីរបស់លោកនោះទេ ហើយលោកនឹងពិចារណាប្ដឹងទាស់សាលក្រមនេះ។

សូមរំឭកថា លោក អុឹង ម៉េងជឺ ដែលជាឧកញ៉ាក្នុងវិស័យសំណង់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួនប្រាំមួយគ្រាប់ នៅពេលលោកចេញពីរថយន្តលុចស៊ីសរបស់លោកនៅខាងក្រៅហាងលក់ផ្លែឈើមួយក្នុងរាជធានីភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៤។ អតីតអង្គរក្សរបស់លោក ថោង សារ៉ាត់ ត្រូវឡើងសវនាការទទួលការជំនុំជម្រះទោស រួមជាមួយឧត្ដមសេនីយ៍រូបនេះពីបទអនុវត្តឃាតកម្មនេះ។ អង្គរក្សទី៥ម្នាក់ទៀតបានស្លាប់ដោយសារជំងឺរលាកខួរក្បាល ខណៈជាប់ឃុំនៅពន្ធនាគារខេត្ត។

ចំណែកឯលោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំឡុងសុន្ទរកថា តុលាការបានទទួលការសូកប៉ាន់៥លានដុល្លារ ដើម្បីដោះលែងឪពុកម្ដាយរបស់លោក ថោង សារ៉ាត់។ បច្ចុប្បន្ន គាត់កំពុងអនុវត្តទោសជាប់ពន្ធនាគារ២ឆ្នាំនៅខេត្តកណ្ដាល ពីបទយករថយន្តអូឌីមួយគ្រឿងដែលដកហូតបានពីជនជួញដូរគ្រឿងញៀនមកប្រើប្រាស់ផ្ទាល់ខ្លួន៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស