32.5 C
Phnom Penh

ឈ្មួញឈើត្រូវគេមើល​​​រំលងពីរ​​​លើក និងរងការរិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរនៅខេត្តស្ទឹងត្រែងនិយាយថា ពួកគេកំពុងកសាងសំណុំរឿងចោទស្ត្រីឈ្មួញវៀតណាមនៅកម្ពុជាដែលមានខ្នងក្រាស់ម្នាក់ បន្ទាប់ពីការចូលឆែកឃ្លាំងរបស់ឈ្មួញនេះនៅមាត់ទន្លេកាលពីសប្តាហ៍មុន និងបានរកឃើញឈើមានតម្លៃពេញឃ្លាំង ដែលឈើទាំងអស់នោះសុទ្ធតែកាប់ដោយខុសច្បាប់។

អ្នកស្រី ហេង សំនាង ដែលគេហៅថា “យាយ ព្រឿង” បានជាប់ពាក់ព័ន្ធនឹងការជួញឈើជាច្រើនករណីកាលពីខែកុម្ភៈនិងខែឧសភា ប៉ុន្តែបានគេចផុតពីការចាប់យកមកកាត់ទោសទាំងពីរលើក ដែលនាំឲ្យមានការសង្ស័យអំពីការរួមគំនិតពីមន្ត្រីរដ្ឋាភិបាល។

ប៉ុន្តែអ្នកស្រីប្រហែលលែងមានសំណាងទៀតហើយ។ ក្រោមផ្ទៃយប់ងងឹត កម្លាំងរាជអាវុធហត្ថមួយក្រុម និងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ បានឆ្មក់ចូលឆែកឃ្លាំងរបស់អ្នកស្រីនៅមាត់ទន្លេសេកុងកាលពីថ្ងៃពុធ និងបានរាយការណ៍អំពីការចាប់កម្មកររបស់អ្នកស្រីក្នុងពេលរៀបចំដាក់ឈើរបស់ខ្លួនលើទូកបីគ្រឿងនិងរថយន្តមួយគ្រឿង។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បាននិយាយកាលពីថ្ងៃច័ន្ទថា “យើងបានរកឃើញឈើជាច្រើនកំណាត់ក្នុងឃ្លាំងរបស់ យាយ ព្រឿង ហើយក្រុមអ្នកជំនាញមកពីខណ្ឌរដ្ឋបាលព្រៃឈើឥឡូវនេះកំពុងធ្វើការប្រមូលភ័ស្តុតាងដាក់បន្ទុកលើអ្នកស្រី។ លោកបានមានប្រសាសន៍ថា របាយការណ៍លទ្ធផលនឹងផ្ញើទៅតុលាការខេត្ត។

លោក ជាន យូដុង នាយរងរដ្ឋបាលព្រៃឈើខេត្ត បានមានប្រសាសន៍ថា ការឆ្មក់ចូលនេះចាប់បានឈើកាប់ខុសច្បាប់១៨ម៉ែត្រគូប ជាឈើធ្នង់និងឈើសុក្រម។

នៅពេលសួរថាហេតុអ្វីកម្មករឃ្លាំងមិនត្រូវបានចាប់ខ្លួន ឬនាំខ្លួនអ្នកស្រី សំនាង មកសាកសួរនោះ លោក យូដុង បានបង្វែរសំណួរទៅនាយរងខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ទៀត គឺលោក មាស សុផុន ដែលបានដឹកនាំការងារនេះ។ លោក សុផុន មិនអាចទាក់ទងបានទេ។

លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកមិនបានតាមដានករណីនេះដិតដល់ទេ ហើយលោកមិនបានដឹង មូលហេតុដែលនាំឲ្យមានចំណាត់ការភ្លាមៗនេះទេ។

ជាឈ្មួញឈើមានស្តុកស្តម្ភម្នាក់ក្នុងវ័យខ្ទង់៥០ឆ្នាំ អ្នកស្រី សំនាង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ អ្នកស្រីជាប់ឈ្មោះពីរលើកនៅដើមឆ្នាំនេះដោយសមត្ថកិច្ចដែលស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើក្នុងខេត្តស្ទឹងត្រែង។

កាលពីខែកុម្ភៈ ឈើធ្នង់រាប់រយដើមត្រូវបានរកឃើញនៅលើនិងជុំវិញដីផ្ទះរបស់អ្នកស្រី ប៉ុន្តែលោក គង់ អ្នកនាំពាក្យសាលាខេត្ត បានមានប្រសាសន៍នៅពេលនោះថា ក្រុមមន្ត្រី “មិនហ៊ាន” សន្និដ្ឋានថាឈើនោះជារបស់អ្នកស្រីទេ។ បីខែក្រោយមក ក្នុងខែឧសភា បុរសមួយក្រុមដែលបានព្យាយាមបើកឡានបោះពួយកាត់របាំងផ្លូវជាមួយនឹងឈើធ្នង់ពីរឡាន បាននិយាយថា ពួកគេដឹកឈើនោះឲ្យអ្នកស្រី សំនាង។ ជាថ្មីម្តងទៀត ក៏គ្មានចំណាត់ការលើអ្នកស្រីដែរ។

លោក ហួ សំអុល អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា អ្នកស្រី សំនាង បានបង់ប្រាក់ឲ្យក្រុមមន្ត្រីមូលដ្ឋាន ដើម្បីឲ្យធ្វើមិនដឹងមិនឮចំពោះការជួញឈើរបស់អ្នកស្រី។

មន្ត្រីព្រៃឈើនិងមន្ត្រីនគរបាលបានបដិសេធការចោទប្រកាន់នេះ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស