28.5 C
Phnom Penh

លទ្ធផលបាក់ឌុបបង្ហាញថា សិស្ស៦២ភាគរយអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រាន់តែឈ្មោះរបស់នាងត្រូវបានប្រកាសភ្លាមតាមឧគ្ឃោសនសព្ទនៅវិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ កញ្ញា ជា អានឈី ចាប់ផ្ដើមដើរទៅដើរមកពេញទីធ្លាសាលា  ហើយទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះលើផ្ទៃមុខរបស់នាងនៅពេលនោះដែរ។

នាងទើបតែទទួលបានដំណឹងថា ខ្លួនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដោយទទួលបាននិទ្ទេស D។ យុវតីវ័យ១៩ឆ្នាំរូបនេះនិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេពីមុនមក” ខណៈនាងជូតទឹកភ្នែក ហើយឱបមិត្តភក្ដិម្នាក់របស់នាង។

កញ្ញា ជួប ដាណេ អាយុ១៩ឆ្នាំ សែនលាបំណន់អារក្សអ្នកតានៅក្នុងទីធ្លាវិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីទទួលដំណឹងថានាងប្រឡងជាប់បាក់ឌុប។ រូបថតៈ Janelle Retka
កញ្ញា ជួប ដាណេ អាយុ១៩ឆ្នាំ សែនលាបំណន់អារក្សអ្នកតានៅក្នុងទីធ្លាវិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីទទួលដំណឹងថានាងប្រឡងជាប់បាក់ឌុប។ រូបថតៈ Janelle Retka

ក្នុងចំណោមសិស្សទាំង៩៣.៧៥២នាក់ដែលបានចូលរួមប្រឡង កញ្ញា ជា អានឈី ស្ថិតក្នុងចំណោមសិស្សចំនួន៥៥.៧៥៣នាក់ឬស្មើប្រមាណ៦២ភាគរយដែលបានប្រឡងជាប់ និងមានសិទ្ធិបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅបានចូលជាធរមាននៅឆ្នាំ២០១៤ដើម្បីលុបបំបាត់ការរីករាលដាលនៃការសូកប៉ាន់ និងការលួចចម្លង អត្រាប្រឡងជាប់បានធ្លាក់ចុះមកនៅត្រឹម៤០ភាគរយ ហើយបានកើនឡើងបន្តិចវិញដល់៥៦ភាគរយកាលពីឆ្នាំមុន។ សិស្សដែលប្រឡងធ្លាក់អាចព្យាយាមប្រឡងម្ដងទៀតបាននៅឆ្នាំក្រោយ  ឬក៏ចូលសិក្សាវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬចូលបម្រើការងារដោយគ្មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្តង។

នៅឆ្នាំនេះ សិស្សរហូតដល់ទៅ៤០៥នាក់បានជាប់និទ្ទេស A ដោយទទួលបានពិន្ទុ៩០ភាគរយ ឬខ្ពស់ជាងនេះ ពោលគឺកើនឡើងជិត៤ដងបើធៀបទៅនឹងឆ្នាំមុនដែលជាប់ត្រឹម១០៨នាក់ ហើយកើនឡើងខ្ពស់ដាច់បើប្រៀបធៀបទៅឆ្នាំ២០១៤ ដែលជាប់ត្រឹមតែ១១នាក់។ ក្នុងចំណោមសិស្សដែលប្រឡងជាប់នៅឆ្នាំនេះ ២.៨០១នាក់ជាប់និទ្ទេស B ៥.៥៩៥នាក់ជាប់និទ្ទេស C ៨.៨៣៥នាក់ជាប់និទ្ទេស D ហើយ៣៨.១១៧នាក់ដែលស្មើយ៉ាងតិច៥០ភាគរយជាប់និទ្ទេស E។

ដោយប្រឡងធ្លាក់ម្តងកាលពីឆ្នាំមុន កញ្ញា ជា អានឈី នៅតែប្ដេជ្ញាចិត្តដើម្បីបន្តការសិក្សាចាប់យកអាជីពក្នុងឧស្សាហកម្មឱសថ។ នាងនិយាយថា ខ្លួនខំប្រឹងរៀនយ៉ាងខ្លាំង គឺ១០ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហើយនាងបានខកខានបរិភោគអាហារជាញឹកញាប់ដើម្បីកុំឱ្យវារំខានដល់ការផ្ចង់អារម្មណ៍រៀនរបស់នាង។

cam-photo-exam-800x533នាងនិយាយទៀតថា ”ពីមុនខ្ញុំមិនដែលខំប្រឹងរៀនដល់ថ្នាក់នេះទេ”។ លទ្ធផលប្រឡងកាលពីឆ្នាំមុនបានដាស់តឿននាង និងជំរុញទឹកចិត្តឱ្យនាងខំរៀន “ដើម្បីខ្ញុំអាចមានការងារល្អធ្វើនៅពេលអនាគត”។

ចំណែកឯយុវជន ជា រស្មីគង្គា អាយុ១៦ឆ្នាំ បានទៅដល់យឺតពេលសម្រាប់ការប្រកាសលទ្ធផលកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅពេលមិត្តភក្ដិប្រាប់ថា រូបគេទទួលបាននិទ្ទេស B រូបគេមិនជឿឡើយ។ “ខ្ញុំគិតថា ពួកគេនិយាយកុហក អញ្ចឹងហើយខ្ញុំក៏ទៅមើលដោយខ្លួនឯង។ ខ្ញុំភ្ញាក់ផ្អើល”។

យុវសិស្សរូបនេះនិយាយទៀតថា កាលវិភាគសិក្សាដ៏តឹងរ៉ឹងបានធ្វើឱ្យខ្លួននឿយហត់ យ៉ាងខ្លាំង “ហើយខ្ញុំពិតជាចង់បញ្ចប់ការប្រឡងនេះ”។ ដោយពេលនេះ ឱកាសទទួលបានសញ្ញាបត្រផ្នែកធុរកិច្ច ឬវិទ្យាសាស្ត្រកុំព្យូទ័រស្ថិតនៅខាងមុខ រូបគេនិយាយថា “ខ្ញុំមានអារម្មណ៍ធូរស្រាល”។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានចាប់ផ្ដើមធ្វើកំណែទម្រង់ការប្រឡងភ្លាមៗបន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំនៅឆ្នាំ២០១៣ មានប្រសាសន៍ថា លទ្ធផលនេះបានពង្រឹងភាពជោគជ័យនៃប្រព័ន្ធប្រឡងថ្មី ហើយវា “ឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្នា”។

លោកថ្លែងថា “អំឡុង៣ឆ្នាំចុងក្រោយនេះ មានភាពប្រសើរឡើង។ យើងអាចមើលឃើញកំណើនអត្រាប្រឡងជាប់ និងកំណើនចំណេះដឹងរបស់សិស្ស។សិស្សគួរតែទទួលបានការអបអរសាទរ”។

ប៉ុន្តែសម្រាប់បេក្ខជនប្រឡងមួយចំនួន បានស្រក់ទឹកភ្នែក និងមានអារម្មណ៍តក់ស្លុតនៅពេលទទួលបានដំណឹងថាខ្លួនប្រឡងធ្លាក់។ ជាក់ស្តែង បន្ទាប់ពីទទួលបានដំណឹងថាខ្លួន និងបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ ទូ ភារម្យ ដែលមានអាយុ២០ឆ្នាំដូចគ្នាសុទ្ធតែប្រឡងធ្លាក់ កញ្ញា ទូ មាលា និយាយថា “មុនពេលប្រឡង ខ្ញុំខំប្រឹងរៀនណាស់ ហើយរាល់ពេលមានម៉ោងកួរបន្ថែម ខ្ញុំទៅមិនដែលខានទេ។ ខ្ញុំនិយាយស្ទើរមិនចេញទេ”។

យោងតាមលោក ឡុង បូតា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការអប់រំនៃរដ្ឋសភាបានឱ្យដឹងថា ទោះបីជាអត្រាប្រឡងជាប់កើនឡើងយ៉ាងណាក្តី ក៏មានសិស្សត្រឹមតែប្រមាណ៣.២០០នាក់ប៉ុណ្ណោះដែលទទួលបានពិន្ទុយ៉ាងតិច៨០ភាគរយនៅឆ្នាំនេះ នឹងទទួលបានអត្ថប្រយោជន៍ច្រើន។

លោកគូសបញ្ជាក់ថា សិស្សផ្សេងទៀត “គ្មានសមត្ថភាពអាចប្រកួតប្រជែងជាមួយបុគ្គលិកជនជនបរទេសទេ” ហើយថា ក្នុងចំណោមសិស្សដែលប្រឡងជាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានតិចតួចណាស់ដែលអាចរកការងារបានធ្វើ។ លោកបន្តថា “ភាសាអង់គ្លេស របស់ពួកគាត់ខ្សោយណាស់” ហើយទាក់ទិនការពង្រឹង “សមត្ថភាព និងចំណេះដឹងនៅក្នុងជំនាញរៀងៗខ្លួនរបស់ពួកគាត់ គឺវាយឺតពេលទៅហើយ”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា គុណភាពនៃការអប់រំពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ គឺទាបខ្លាំងណាស់សម្រាប់សិស្សបញ្ចប់ការសិក្សាដែលធ្វើឲ្យពួកគេមិនអាចបំពេញតាមស្ដង់ដារអន្តរជាតិបាន នៅពេលប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍ ឬការងារ។

ទោះជាយ៉ាងណា ពេលដើរចូលទៅក្នុងទីធ្លាវិទ្យាល័យព្រះយុគន្ធរ ដោយមានផ្លែឈើមួយថង់ និងធូបមួយដៃ កញ្ញា ជួប ដាណេ វ័យ១៩ឆ្នាំនិយាយថា នាងដឹងគុណចំពោះការប្រឡងជាប់និទ្ទេស E ហើយនាងត្រូវមកសែនលាបំណន់អារក្សអ្នកតាដែលបានជួយឱ្យនាងប្រឡងជាប់។

នាងនិយាយថា “មុនពេលប្រឡង ខ្ញុំបានទៅខ្ទមអ្នកតានៅក្រោមដើមឈើដើម្បីបន់ស្រន់ ហើយបើខ្ញុំប្រឡងជាប់ ខ្ញុំនឹងយកផ្លែឈើមកសែន។ ខ្ញុំសប្បាយចិត្ត ខ្ញុំប្រឡងជាប់ហើយ ហើយខ្ញុំក៏យកមកសែនលាបំណន់”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស