39.4 C
Phnom Penh

សេចក្តីសម្រេច​​​របស់​​​សហរដ្ឋ​​​អាមេរិក ថ្កោល​​​ទោស​​​របប​​​ហិង្សា​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដែលថ្កោលទោសការគាបសង្កត់លើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានអនុម័តកាលពីម្សិលមិញនៅក្នុងទីក្រុងវ៉ាសីុនតោន ខណៈក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកសម័យប្រជុំនៅទីក្រុងហ្សឺណែវដើម្បីរំលេចឡើងឲ្យឃើញអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងពេលថ្មីៗនៅកម្ពុជានិងកន្លែងផ្សេងៗទៀត។

លោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកបានមានប្រសាសន៍នៅក្នុងសភាមុនពេលមានការបោះឆ្នោតថា “របបប្រើអំពើហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តបង្ក្រាបលើគណបក្សប្រឆាំងនិងសកម្មជនផ្សេងៗទៀត ដោយចាប់ខ្លួន និងវាយដំនរណាដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន”។

សមាជិកសភាអាេមរិក លោក អេដ រ៉យ ចាកចេញពីកិច្ចប្រជុំក្នុងក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០១៤។ រូបថតៈ Reuters

លោក អេដ រ៉យស៍ សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ានិងជាអ្នករិះគន់លោក ហ៊ុន សែន ជាយូរមកហើយនោះបានលើកឡើងថា “ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើគណបក្សប្រឆាំងរដ្ឋាភិបាលបានធ្វើឲ្យខូចភាពស្របច្បាប់នៃការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខទាំងស្រុង ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ផងដែរ”។

សេចក្តីសម្រេចរបស់សភាសហរដ្ឋអាមេរិកដែលបានដាក់បញ្ចូលព័ត៌មានថ្មីៗនៅក្នុងសេចក្តីផ្តើមរបស់ខ្លួនដែលធ្វើឡើងកាលពីខែឧសភា ដើម្បីលើកឡើងពីការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា និងការកាត់ទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីសប្តាហ៍មុននោះ បានទទូចឲ្យលោក ហ៊ុន សែន បញ្ចប់ “ការយាយី និងការបំភិតបំភ័យ” ទាំងអស់លើគណបក្សប្រឆាំង និងលើកលែងការចោទប្រកាន់”មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ” លើតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់។

ស្របពេលដំណាលគ្នានេះនៅក្នុងទីក្រុងហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកសម័យប្រជុំធ្វើឡើង ជាប្រចាំលើកទី៣៣របស់ខ្លួនក្រោមរបៀបវារៈ រួមមានដូចជាការបង្ហាញរបាយការណ៍រៀបរាប់ពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាដែលនឹងត្រូវលើកយកពិភាក្សាតាមក្រោយនៅក្នុងខែនេះជាដើម។

នៅក្នុងសុន្ទរកថាផ្តើមរបស់ខ្លួន លោកហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន (Zeid Ra’ad Al Hussein) ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយការពារអង្គការសហប្រជាជាតិប្រឆាំងអ្វីដែលលោកចាត់ទុកថា ជាការវាយប្រហារឥតឈប់ពីពិភពលោកទាំងមូលពាក់ព័ន្ធការឆ្លើយតបទៅនឹង “ការចោទប្រកាន់គួរឲ្យជឿទុកចិត្តបានពីបទប្រើអំពើហិង្សា” រួមមានដូចជាការផ្តន្ទាទោសដែលទំនងជាមានហេតុផលនយោបាយជាដើម។

លោកបានមានប្រសាសន៍ថា “ការព្យាយាមគេច ឬបដិសេធការពិនិត្យពិច័យផ្លូវច្បាប់ធ្វើឲ្យមានការចោទជាសំណួរយ៉ាងជាក់ស្តែងថា”តើអ្នកឯងកំពុងមាន អីលាក់បាំងយើងមែនទេ?”។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយសំដែងពីក្តីកង្វល់យ៉ាងខ្លាំងរបស់ខ្លួនចំពោះ “បរិយាកាសបំភិតបំភ័យដែលកំពុងតែមានសភាពខ្លាំងក្លាឡើងលើអ្នកនយោបាយគណបក្សប្រឆាំង អ្នកគាំទ្ររបស់ពួកគេសង្គមស៊ីវិល និងអ្នកតវ៉ាអហិង្សានៅកម្ពុជា”។សេចក្តី ថ្លែងការណ៍នេះក៏បានលើកឡើងផងដែរថា ការបើកសវនាការជំនុំជម្រះរឿងក្តីរបស់លោក កឹម សុខា “ផ្អែកលើភ័ស្តុតាងមិនរឹងមាំ” និង “អមដោយចន្លោះប្រហោងផ្នែកនីតិវិធី” ។

រដ្ឋាភិបាលបានឆ្លើយតបវិញដោយអះអាងថា អង្គការសហប្រជាជាតិកំពុងព្យាយាមជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងនិងតុលាការរបស់កម្ពុជា។

កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកឡើយ ដោយលើកឡើងថា វាគ្មានផល ប៉ះពាល់ជាក់ស្តែងលើរដ្ឋាភិបាលកម្ពុជាទេ។

លោកបានមានប្រសាសន៍ថា “យើងមិនខ្វាយខ្វល់ចំពោះសេចក្តីសម្រេចនេះឡើយ”។ លោកបានពន្យល់ថា វាត្រូវបានជំរុញតាមរយៈការផ្អែកលើសមាជិកសភាសហរដ្ឋអាមេរិក ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ “កម្ពុជាគ្មានកាតព្វកិច្ចត្រូវគោរពតាមឡើយ”។

លោកបានលើកឡើងថា អ្វីដែលមនុស្សជាច្រើនកំពុងហៅថា ជាការគាបសង្កត់លើអ្នកនយោបាយគណបក្សប្រឆាំង គឺគ្រាន់តែជាការដាក់ទណ្ឌកម្មលើជនល្មើសប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានថ្លែងថា “ពួកគេមានសិទ្ធិ និងសេរីភាពពេញលេញនៅក្នុងការធ្វើនយោបាយនៅទីនេះ ប៉ុន្តែ យើងមានអ្នកនយោបាយមួយចំនួនតូចដែលរំលោភបំពានច្បាប់ ហេតុដូច្នេះពួកគេត្រូវតែមកអង្គុយនៅចំពោះមុខតុលាការ”។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនោះ បានលើកឡើងថា ទោះបីជាគណបក្សសង្គ្រោះជាតិបានបញ្ចុះបញ្ចូលសមាជិកសភាសហរដ្ឋអាមេរិកឲ្យចេញសេចក្តីសម្រេចនេះក៏ដោយក្តី តែសមាជិកសភាសហរដ្ឋអាមេរិកបាន “ធ្វើឡើងផ្អែកលើមនសិការរបស់ខ្លួន”។

ពេលសួរថា តើសមាជិកសភាសហរដ្ឋអាេមរិកដែលនៅពីក្រោយសេចក្តីសម្រេចេនះគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឬយ៉ាងណា លោកបានឆ្លើយតបថា “មិនមែនទេ សមាជិកសភាសហរដ្ឋអាមេរិកដែលពាក់ព័ន្ធទាំងអស់គាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

លោក អៀ សុផល សាស្ត្រចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អែនជឺឡេស បានគូសបញ្ជាក់ថា សេចក្តីសម្រេចថ្មីបំផុតនេះគ្មានឥទ្ធិពលទេ។

លោកបានលើកឡើងក្នុងអីុម៉េលមួយថា “វាជាការបន្តលើរបាយការណ៍ មានការបញ្ចុះបញ្ចុះផ្នែកនយោបាយបន្តិច ហើយមានការព្យាយាមដើម្បីជះឥទ្ធិពលលើកិច្ចការបរទេស។ ប៉ុន្តែ គ្មានការប្រើឥទ្ធិពលទេ។ តើពួកគេស្នើឲ្យធ្វើអ្វី?គ្មានទេ”។

សេចក្តីព្រាងច្បាប់ស្តីពីខ្ទង់ចំណាយដែលអនុម័តយល់ព្រមដោយគណៈកម្មាធិការគ្រប់គ្រងប្រាក់បម្រុងនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីខែកក្កដា ស្នើឲ្យសហរដ្ឋអាមេរិកផ្តល់ជំនួយមកកម្ពុជានៅឆ្នាំក្រោយដោយផ្អែកលើការបញ្ចប់ការយាយីរបស់រដ្ឋាភិបាលលើគណបក្សប្រឆាំង និងសង្គមស៊ីវិល។ សេចក្តីព្រាងច្បាប់នេះនៅមិនទាន់ឆ្លងព្រឹទ្ធសភានៅឡើយទេ។

លោក អៀ សុផល បានលើកឡើងទៀត

ថា វិធានការដាក់ចេញក្នុងសេចក្តីព្រៀងច្បាប់មួយទៀតដែលឥឡូវកំពុងត្រូវបានពិចារណាដោយសភាសហរដ្ឋអាមេរិកនិងដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិជនបរទេស និងហាមឃាត់មិនឲ្យមានការចេញ ទិដ្ឋាការសម្រាប់ពួកគេ ប្រសិនបើពួកគេប្រព្រឹត្តអំពើហិង្សារំលោភបំពានសិទ្ធិមនុស្សដោយមិនអាចទទួលយកបាននោះអាចនឹងងាយចូលជាធរមានជាង។

លោបានថ្លែងថា “លែងអាចទទួលបានទិដ្ឋាការសហរដ្ឋអាមេរិកដើម្បីអួតអាងនៅលើហ្វេសប៊ុក និងដើម្បីដើរផ្សារទិញកាបូបម៉ាក Birkin និងទំនិញប្រណីតៗទៀតហើយហើយក៏លែងមានដីសម្រាប់ទិញក្នុងទំហំហួសប្រមាណដើម្បីលាងលុយដែលទទួលបានដោយខុសច្បាប់ទៀតដែរ។ វាជាការផ្លាស់ប្តូរទាំងស្រុងយ៉ាងពិតប្រាកដ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស