30.4 C
Phnom Penh

នគរ​​​បាល​​​ម្នាក់ត្រូវបាន​ដោះលែង​បន្ទាប់​ពីជាប់​​​ចោទ​​​ចាប់​​​រំលោភ​សាច់ញាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសាច់ញាតិអាយុ១៦ឆ្នាំនោះ ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់អ្វីឡើយកាលពីម្សិលមិញ បន្ទាប់ពីថ្នាក់លើរបស់ខ្លួននៅក្នុងខេត្តកំពតបានកំណត់ថា ការរួមភេទនោះគឺជាការព្រមព្រៀងគ្នា។

ពីដំបូងបន្ទាប់ពីបដិសេធមិនលាតត្រដាងនូវព័ត៌មានអំពីករណីនេះ អាជ្ញាធរបានអះអាងកាលពីម្សិលមិញថា សួន សុភារ៉ា អាយុ២៨ឆ្នាំ ជាព្រឹន្ទបាលទោបម្រើការងារនៅក្នុងឃុំថ្មី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីរូបនេះកាលពីថ្ងៃសុក្រ ក្រោយពី បានបញ្ចុះបញ្ចូលនាងឱ្យទៅផ្ទះរបស់ខ្លួនដោយសុំឱ្យជួយកោសខ្យល់ឱ្យ។

សួន សុភារ៉ា មានសេរីភាពវិញនាពេលព្រលប់នោះ ត្រូវបានសាលាដំបូងខេត្តកំពតដោះលែងផ្អែកតាមការវាយតម្លៃរបស់លោក ពៅ សាមឿន ស្នងការរងនគរបាលខេត្តដែលបានសាកសួរជនសង្ស័យរូបនេះកាលពីថ្ងៃអាទិត្យ។

លោក ពៅ សាមឿន បានមានប្រសាសន៍ថា “និយាយដោយត្រង់ទៅ វាមិនមែនជាករណីរំលោភទេ។ ពួកគេបានព្រមព្រៀងដេកជាមួយគ្នា។ ប្រសិនបើវាពិតជាករណីរំលោភមែននោះ ជនរងគ្រោះប្រហែលជាស្រែកឱ្យគេជួយនៅពេលនោះទៅហើយ ប៉ុន្តែផ្ទុយទៅវិញជនរងគ្រោះជនរងគ្រោះបានដេកជាមួយជនសង្ស័យនៅក្នុងបន្ទប់របស់បុរសរូបនេះរហូតដល់ព្រឹកឯណោះ”។

លោក ពៅ សាមឿន បានថ្លែងថា លោកបានបញ្ជូន សួន សុភារ៉ា ទៅសាលាដំបូងខេត្តកាលពីម្សិលមិញ ដោយសារតែអាយុរបស់ក្មេងស្រីរូបនេះតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “បើទោះជាពួកគេព្រមព្រៀងក៏ដោយ ក៏ច្បាប់ចែងថា វាមិនមែនជាការត្រឹមត្រូវដែរ ពីព្រោះជនរងគ្រោះជាអនីតិជន”។ តាមពិត អាយុគ្រប់ការនៅក្នុងប្រទេសកម្ពុជាគឺ១៥ឆ្នាំ។

លោក ឯក សេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានដោះលែង សួន សុភារ៉ា ពីព្រោះថ្នាក់លើរបស់លោកជឿជាក់លើជននេះ ដោយជឿថា ជននេះគ្មានកំហុសទេ។

លោកបានថ្លែងថា “គ្មានមាត្រាណាត្រូវយកមកចោទប្រកាន់លើជនសង្ស័យរូបនេះទេ ពីព្រោះពួកគេបានព្រមព្រៀងដេកជាមួយគ្នា”។

លោក សំ អ៊ុក ស្នងការនគរបាលស្រុកទឹកឈូបានមានប្រសាសន៍ថា លោកបានកោះហៅ សួន សុភារ៉ា ឱ្យមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ហើយបានសាកសួរជនសង្ស័យរូបនេះរយៈពេលខ្លីមុនពេលចាប់ខ្លួន។

ដោយជជីកសួរពីការវាយតម្លៃរបស់លោកផ្ទាល់អំពីទោសកំហុសរបស់មន្ត្រីរូបនេះ លោក សំ អ៊ុក បានឆ្លើយតបដោយកំហឹងតែម្តង។

លោកបាននិយាយថា “ហេតុអ្វីបានជាអ្នកសួរខ្ញុំដូចនេះ? ប្រសិនបើអ្នកចង់ដឹងបន្ថែម ហេតុអ្វីក៏សួរជនសង្ស័យទៅ។ អ្វីដែលគាត់បានធ្វើគឺជាបញ្ហារបស់គាត់”។

លោក សំ អ៊ុក បានបដិសេធមិនផ្ដល់ព័ត៌មានសម្រាប់ទាក់ទងទៅ សួន សុភារ៉ា ឡើយ ហើយគេមិនអាចទាក់ទងមន្ត្រីរូបនេះបានទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស